ប្រលែង​, បន្លែង​, ពិពណ៌នា​, ពិព័រណ៍​, ព្រឹទ្ធាចារ្យ​, ព្រលឹត​, ឫស​, ស្នេហ៍​, ស្នែ​

432
ចែករម្លែក

ដោយៈ វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​

ប្រលែង –​ល៉ែ​ង ( កិ​. ) លូក​លេង​នឹង​គ្នា​ទៅវិញទៅមក (​ច្រើន​សរសេរ ប្រឡែង ជាង​) : ក្មេង​ប្រឡែង​គ្នា ។ ប្រឡែង​ប្រឡូក ឬ ប្រឡូក​ប្រឡែង ប្រឡែង​បូកឡូក​គ្នាច្រើន ។

បន្លែង បន់​-​ល៉ែ​ង ( កិ​. ) ធ្វើ​ឲ្យ​សប្បាយចិត្ត​ដោយ​កំដរ​នឹង​ល្បែង​, កម្សាន្ត​ចិត្ត​ដោយមាន​ល្បែង ជា​គ្រឿងផ្សំ​ឬ​ជា​ជំនួយ​ផង : លេងភ្លេង​ច្រៀង​បន្លែង​កុំ​ឲ្យ​អផ្សុក ។

ពិពណ៌នា –​ព័​រណៈ​នា សំ​. ក្ល​.; សំ​.; បា​. ( ន​. ) (​វិ​វណ៌​នា​; វិ​វណ្ណនា​) ការ​ពោល​សរសើរ ។ សេចក្ដីអធិប្បាយ​រៀបរាប់​ដោយ​សព្វគ្រប់ ការបរិយាយ​ពន្យល់​យ៉ាង​ពិស្ដារ​អំពី​រឿង​អ្វីមួយ​ដោយ មាត់ទទេ ឬ​ដោយ​ការសរសេរ : ចូរ​អ្នកធ្វើ​នូវ​ពិពណ៌នា អំពី​ដំណើរ​ដែល​អ្នក​បាន​ទៅ​មើល​ប្រសាទ នគរវត្ត ។ ខ្មែរ​យើង​ប្រើ​ជា កិ​. ក៏បាន (​បារ​. Description) ។

ពិព័រណ៍ –​ព័រ បា​. ក្ល​.; បា​. ( ន​. ) (​វិវរណ “​ការបើក​, ការបើក​បង្ហាញ​;…”) ការដាក់​តាំង​, ការបញ្ចេញ ឲ្យ​ឃើញ​នូវ​វត្ថុ​ផ្សេងៗ ដើម្បី​ឃោសនា​ផ្សាយ (​បារ​. Exposition) : រៀបចំ​ពិព័រណ៍​នៃ​ផលិតផល​ខាង កសិកម្ម ។ ពិព័រណ៍​អន្តរជាតិ ពិព័រណ៍​ដែល​ទាក់ទង​ដោយ​ជាតិ​បរទេស​, ដោយ​ជាតិ​នានា​, ដោយ​សាសន៍​ដទៃ ។

ព្រឹទ្ធាចារ្យ ព្រឹ​ត​-​ធា​ចា សំ​.; បា​. ( ន​. ) (< វ្ឫ​ទ្ធ + អាចា​យ៌​; វុ​ឌ្ឍ ឬ វុ​ទ្ធ + អាចរិយ​) អាចារ្យ​ដែលមាន អាយុ​ច្រើន​, អាចារ្យ​ចាស់ទុំ​; ច្រើន​សំដៅ​សេចក្ដី​ថា ចាស់​ស្រុក ឬ ចាស់ទុំ​, ដូចជា​ថា : អ្នក​ដែល គោរព​កោតក្រែង​ចាស់ព្រឹទ្ធាចារ្យ​ក្នុង​ត្រកូល​រៀមច្បង រមែង​បាន​ចម្រើន​ដោយ​ពរ ៤ ប្រការ​គឺ អាយុ​, វណ្ណៈ​, សុ​ខៈ​, ពលៈ ។

ព្រលឹត ( ន​. ) ឈ្មោះ​ឧប្បល​ពួក​មួយ​ដុះ​ក្នុង​ទឹក លូត​តាម​ទឹក​, មាន​ដើម​មូល​ត្រសូល​,​ប្រើ​ធ្វើជា​បន្លែ ឬ​អន្លក់​បាន​; ព្រលឹត​មាន​ច្រើន​ប្រភេទ ខ្លះ​ដើម​ស្រួយ​, ខ្លះ​ដើម​ស្វិត​, ខ្លះ​ផ្កា​-​ស​, ខ្លះ​ផ្កា​លឿង ។​ល​។ ឈ្មោះ​ពស់​ឥត​ពិស​មួយ​ប្រភេទ​កើត​នៅក្នុង​ទឹក : ពស់ព្រលឹត ។

​ឫស ( ន​. ) អវយវៈ​ចំណែក​មួយ​របស់​រុក្ខជាតិ​, តិណជាតិ​, វល្លិជាតិ ដែល​ដុះ​ចាក់​ចុះទៅ​ក្នុង​ដី សម្រាប់​ស្រូបយក​រសជាតិ​ដី ដូចជា​អាហារ​ឬ​ដែល​ដុះ​ស្រោប​ដើមឈើ​ជាដើម : ឫស​ឈើ​,​ឫសស្មៅ​, ឫសវល្លិ​, ឫសប្រទាល​ផ្ញើប្រាណ ។ ចុងគល់​ធ្មេញ​ដែល​ដុះ​ក្នុង​សាច់​អញ្ចាញធ្មេញ : ឫសធ្មេញ ។ ឫសកែវ ឫស​ដែល​ដុះ​ចាក់​ត្រង់​ទៅ​ក្រោម ជា​ឫស​សំខាន់​របស់​ឈើ (​ប៉ុន្តែ​ឈើ​ខ្លះ​ឥត​ឫសកែវ ក៏មាន​) ។ ព​. ប្រ​. ទី​ពំនាក់​យ៉ាង​មាំ​; មុខការ​យ៉ាងសំខាន់​; ដំណើរ​សម្រេចប្រយោជន៍​ស៊ប់ : អាង​មាន​ឫសកែវ​; ចាក់​ឫសកែវ ។​

​ស្នេហ៍ ស្នែ សំ​.; បា​. ( កិ​. ) (​ស្នេហ​; សិនេហ ឬ ស្នេហ ដូច សំ​. ដែរ​) ស្រឡាញ់​, ស្រឡាញ់ ជាប់ចិត្ត ស្អិតល្មួត​ដូចជា​ជ័រ : គេ​មិន​ស្នេហ៍​បន្តិចបន្តួច​មករក​ខ្ញុំ​ទេ ។ ស្នេហ៍ស្និទ្ធ​ស្រឡាញ់​ស្និទ្ធ​ស្អិត ល្មួត​ជាប់ចិត្ត​នឹក​ជានិច្ច ។​ល​។

​ស្នែ ( ន​. ) (​ដូចគ្នា​នឹង សិនេហ ដែរ​) ។ ឈ្មោះ​ទុព្វិជ្ជា​មួយ​ប្រភេទ​ជា​វិជ្ជា​លាមក ជា​វិជ្ជា​មិន ចេញមុខ​… ។ ស្នេហ៍មុខ ឈ្មោះ​ទុព្វិជ្ជា​នោះដែរ​ប៉ុន្តែ​មាន​លក្ខណៈផ្សេង (​មិនបាច់​បញ្ចេញ​អត្ថន័យ​) ។ ស្នេហ៍ស្នង សេចក្ដី​ជាប់ចិត្ត​ស្អិត​ក្រៃពេក​ដោយ​អាច​នឹង​ចេញ​ខ្លួន​ស្នង​គេ​បាន ។ (​ច្រើនតែ​ប្រើ ក្នុង​កាព្យ​) : ឱ​មាស​ស្នេហ៍ស្នង ម្ដេចក៏​ឲ្យ​បង ទទួលរង​ទុក្ខ ចំណង់​បើ​ដល់ ទៅ​ពេលខាងមុខ សម​នឹង​ផ្ដល់​ទុក្ខ ជាង​នេះ​ទេ​ដឹង​? … ។ ព​. ទ​. បុ​. ថា : ស្នេហ៍​ពុំ​ស្មើ​ស្និទ្ធ ស្រឡាញ់​ផ្តេកផ្តិត ពុំ​ស្មើ​សង្គ្រោះ មាន​អត្ថន័យ​ថា ការដាក់​ស្នេហ៍ ពុំ​ស្មើនឹង​សេចក្ដី​ស្និទ្ធស្នាល​ត្រអាល​រកគ្នា​ទេ​, ការស្រឡាញ់​ផ្តេកផ្តិត ប៉ុន្តែ​ពុំ​សង្គ្រោះ​គ្នា​សោះ​ក៏​ពុំ​រាប់​ថា​ជាការ​ស្រឡាញ់គ្នា​ឡើយ ៕ ដកស្រង់ៈ សម្បត្តិ​កញ្ញា