ប្រលែង​, ប្រយោល​, ប្រយ័ត្ន​, ប្រយោជន៍​, ប្រមើល​, ប្រមាថ​, ប្រមាទ​, ប្រមា​, ប្រសើរ​, ប្រចណ្ឌ​, បំណាក់​, បំណាច់​, ដំណាច់​, ដោយសារ​, ដោះសា​, ដំណក​, ដំណាល​

1041
ចែករម្លែក
  • 1
    Share

ប្រលែង –​ល៉ែ​ង ( កិ​. ) លូក​លេង​នឹង​គ្នា​ទៅវិញទៅមក (​ច្រើន​សរសេរ ប្រឡែង ជាង​) : ក្មេង​ប្រឡែង​គ្នា ។ ប្រឡែង​ប្រឡូក ឬ ប្រឡូក​ប្រឡែង ប្រឡែង​បូកឡូក​គ្នាច្រើន ។ ប្រឡែង​

​ប្រយោល ប្រ​យ៉ោ​ល ( កិ​. ) ចង​ដុំ​អ្វីមួយ​នឹង​ខ្សែ​សំយុង​ស្ទង់​មើល​ឲ្យ​ដឹង​ជំហរ​វៀច​ត្រង់ ឬ​សាច់​ខ្ពស់​ទាប​, ផត​ខូង​ឬ​ស្មើ : មិនទាន់​ដឹង​ជា​វៀច​ឬ​ត្រង់​នៅឡើយ​ទេ ចាំ​ប្រយោល​មើល សិន ។ ន​. ខ្សែ​ដែល​ចង​ដុំ​អ្វីមួយ​សម្រាប់​សំយុង​ស្ទង់​ជំហរ : យក​ប្រយោល​មក​ស្ទង់ មើល​សិន (​ហៅថា ខ្សែ​ប្រយោល ឬ កូនប្រយោល ក៏បាន​) ។ ( គុ​. ឬ កិ​. វិ​. ) ដែល​រយាល​, ដែល​ឆ្ងាយ​ពី​ដៃ : កុំ​ឈរ​ប្រយោល​ពេក ខិតចូល​ឲ្យ​កៀក​បន្តិច​មក ។

​ប្រយ័ត្ន ប្រ​យ៉ា​ត់ សំ​.; បា​. ( ន​. ) (​ប្រ​យ​ត្ន​; ប​យ​តន​) ការលាង​, ជម្រះ​, សម្អាត ។ ព្យាយាម​, ការ​ខំប្រឹង​ថែទាំ​; ការ​ប្រុង​ដោយ​មិន​ធ្វេសប្រហែស ។ ខ្មែរ​ច្រើន​ប្រើ​ជា កិ​. ប្រយ័ត្ន​មិន​ឲ្យ​ធ្លាក់​, ប្រយ័ត្ន​ខ្លួន ។

​ប្រយោជន៍ ប្រ​យ៉ោ​ច សំ​.; បា​. ( ន​. ) (​ប្រយោជន​; ប​យោជន​) ដំណើរ​ដែល​គួរ​ប្រកប​, អ្វីៗ​ដែល​គេ​ត្រូវការ​, ដែល​គេ​ប្រកប​ទៅ​កើតការ​, ផល​ដែល​សម្រេច​អំពី​ការប្រកប : ប្រយោជន៍​ក្នុង​លោក​នេះ​, ប្រយោជន៍​ក្នុង​បរលោក​; បុគ្គល​គួរ​កុំ​ធ្វើអំពើ​ឥតប្រយោជន៍ គួរ​ធ្វើ​តែ​អំពើ​ណា​ដែលមាន​ប្រយោជន៍ ។

​ប្រមើល –​ម៉ើ​ល ( កិ​. ) ថ្កោលមើល​ពី​ចម្ងាយ​, មើល​ប្រយោល​ពី​ទី​ខ្ព​ស់មក​ទី​ទាប​; រំពឹង​, គ្នេរ​, ស្ទង់​មើល​ពី​ចម្ងាយ : ប្រមើល​ឃើញថា​…​។

​ប្រមាថ –​ម៉ា​ត សំ​. ( ន​. ) ការ​បៀតបៀន​គេ​, ការ​ញាំញី​គេ​, ការ​ធ្វើទុក្ខបុកម្នេញ​ឲ្យ​គេ លំបាក​; ការមើល​ងាយ​គេ ។ ប្រើ​ជា កិ​. ក៏បាន : មនុស្ស​ប្រមាថ​សត្វ គឺ​មនុស្ស​បៀតបៀន សត្វ ។ មនុស្ស​ប្រមាថ​ចាស់ មនុស្ស​មើលងាយ​ចាស់ ។ ប្រមាថកាតទាន មើលងាយ បៀតបៀន​គេ​ឲ្យ​ខាត​លាភ​ខាត​ប្រយោជន៍ ។

​ប្រមាទ –​ម៉ា​ត សំ​.; បា​. ( ន​. ) (​ប​មាទ​) ការ​ភ្លេច​ស្មារតី​, ធ្វេសស្មារតី​, សេចក្ដី ប្រហែស​, ការ​ប្រហែសធ្វេស ។ កិ​. ភ្លេច​, ធ្វេស​, ប្រហែស ស្មារតី : ជន​ណា​ប្រមាទ ប្រព្រឹត្ត​ឃ្លៀងឃ្លាត ចាក​ធម៌​សុចរិត ជន​នោះ​ទោះបី នៅមាន​ជីវិត តាម​ដោយ​ការណ៍​ពិត ថា​ស្លាប់​ស្រេច​ហើយ ។ (​ត្រូវ​ត្រង់​គ្នា​នឹង​ព្រះពុទ្ធ​ភាសិត​ថា : ជន​ណា​ប្រមាទ ជន​នោះ​ទុកដូចជា​បុគ្គល​ស្លាប់ គឺ​ស្លាប់ប្រយោជន៍​ក្នុង​លោក​នេះ​និង​ក្នុង​បរលោក​) ។

​ប្រមា –​ម៉ា សំ​.; បា​. ( ន​. ) (​ប​មា​) ការរាប់ ។ (​សំ​.) ញាណ​, ប្រាជ្ញា​, សេចក្ដី ដឹង​ច្បាស់ ។ ភាន់​ប្រមា ឬ ស្លុត​ប្រមា គឺ​ភាន់​ឬ​ស្លុត​ការរាប់ ឬ​ភាន់​ស្លុត​សេចក្ដី​ដឹង​, ភាន់​ស្លុត​ប្រាជ្ញា ។

( ន​. ) ឈ្មោះ​សត្វចតុប្បាទ​មួយ​ប្រភេទ​មាន​កាំ​រឹងៗ​ស្រួចៗ ជា​ជំនួស​រោម​បរិភោគ​ផ្លែឈើ ជា​អាហារ : កាំប្រមា ។ ឈ្មោះ​ត្រី​មួយ​ប្រភេទ​គេ​ច្រើន​ប្រើ​ប្រឡាក់​អំបិល​ផ្អាប់​ឲ្យ​ហើម សាច់​បន្តិច​ហើយ​ហាលថ្ងៃ​ឲ្យ​ស្ងួត ទុក​សម្រាប់​ប្រើការ​បានយូរ : ត្រី​ប្រមា ។

​ប្រសើរ សំ​.; បា​. ( គុ​. ) (​ប្រ​ឝ​ស្ដ​; បស​ត្ថ​) ល្អ​កន្លង​, ប្រពៃ​ពេក​, ត្រកាល​, ថ្លៃថ្លា​, ដែល​គួរ​សរសើរ​, គួរ​ស្ងើច : ទ្រព្យ​ប្រសើរ​, ចំណី​ប្រសើរ​, មនុស្ស​ប្រសើរ ។

​ប្រចណ្ឌ ប្រ​ច័ន សំ​. ( គុ​. ) (​ប្រចណ្ឌ​) ដែល​ក្ដៅក្រហាយ​, អន្ទះអន្ទែង​, ច្រណែន ព្រោះ​កាមរាគ : ស្រី​ប្រចណ្ឌ​ប្ដី​, ប្រុស​ប្រចណ្ឌ​ប្រពន្ធ ។ ខ្មែរ​យើង​ប្រើ​ជា កិ​. ឬ ន​. ក៏មាន : កុំ​ប្រចណ្ឌ​នឹង​គ្នា​; ឈ្លោះ​ព្រោះ​ប្រចណ្ឌ​, មាន​ប្រចណ្ឌ​ចិត្ត ។

​បំណាក់ ព​. ថ​. ( ន​. ) ការបាក់​; កន្លែង​ឬ​ស្នាម​ដែល​បាក់ : ផ្លាន​បាក់​៣​បំណាក់​, កុំ​យក​សាច់​ឈើត្រង់​ដែលមាន​បំណាក់ ។

​បំណាច់ ( ន​. ) ថ្វីដៃ​, ស្នាដៃ​, ផលប្រយោជន៍ : ការ​នុ៎ះ​ជា​បំណាច់​ដៃ​របស់​មា​ខ្ញុំ ។ រង្វាន់​ដែល​គេ​ឲ្យ​តប​ថ្វីដៃ​អ្នកធ្វើការ​, ថ្លៃ​នឿយហត់​, រង្វាន់​ឲ្យ​ដោយឡែក​ផ្សេង​, សគុណ : ប្រាក់ ៦០ រៀល​នេះ​ជា​ថ្លៃឈ្នួល​, ១០ រៀល​នេះ​ខ្ញុំ​ឲ្យ​ជា​បំណាច់​… (​បុ​. សរ​. បំ​ណេ​ច ក៏មាន​) ។ ( និ​. )​ដ្បិត​, បានជា​, ដោយហេតុ​ដែល : លក់​ឲ្យ​គាត់​ខ្លះទៅ​បំណាច់​គាត់​មក កុំ​ឲ្យ​គាត់ ទៅវិញ​ទទេ !; បំណាច់​ហៅ​គ្នា​មក គួរតែ​ឲ្យ​អ្វី​ដល់​គ្នា​ខ្លះទៅ​អេះ !

​ដំណាច់ ( ន​. ) ការ​ដាច់​, ដំណើរ​ដាច់​, អ្វីៗ​ដែល​ដាច់ : ដំណាច់ឆ្នាំ​ចាស់​, ដំណាច់ខែ ។

​ដោយសារ ( កិ​. ) អាស្រ័យ​ផង : ដោយសារ​ទូក​គេ​, ដោយសារ​រទេះ​គេ ។ អា​. និ​. ព្រោះតែ​, អាស្រ័យ​នឹង : រស់​ដោយសារ​គេ​ចិញ្ចឹម ។​ល​។

​ដោះសា ( កិ​. ) រ៉ាយរ៉ាប់​, រៀបរាប់​, បូរបាច់​, សា​ដំណើរ​, សាទុក្ខ​, សាទោស : វា​បានមក​ដោះសា​រួចហើយ​, និយាយ​ដោះសា ។

​ដំណក ព​. ថ​. ( ន​. ) ការដក​អ្វីៗ : ដំណក​ស្មៅ​, ដំណ​កូន​ស្ពៃ​, កូន​ថ្នាំ​នេះ​ល្មម​ដល់ ដំណក​ហើយ ។

​ដំណាល ( គុ​. ) ដែល​ស្មើ​អាយុ​គ្នា​, ស្មើ​ឆ្នាំ​គ្នា​, ស្មើ​កាល​គ្នា : អ្នកនឹង​ខ្ញុំ​កើត​ឆ្នាំ​ដំណាលគ្នា​; ចេញទៅ​ក្នុងពេល​ដំណាលគ្នា ។ កិ​. វិ​. ព្រម​គ្នា​, ជាមួយគ្នា : ទៅ​ដំណាលគ្នា​, មកដល់​ដំណាលគ្នា ៕ ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​