ប្រវត្តិព្រះរាជពិធីបុណ្យអុំទូក និង អុំទូកក្នុងព្រះរាជាណាចក្រទី ២

1208
ចែករម្លែក

ដោយៈមេសា/ភ្នំពេញ ៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និង អកអំបុក គឺជាពិធីបុណ្យប្រពៃណី ដ៏សំខាន់មួយ មានជាប់ពាក់ព័ន្ធប្រវត្តិសាស្ត្រដែលកងទ័ពខ្មែរធ្វើសង្គ្រាមបណ្តេញចាមផង របៀបដែលកងទ័ពខ្មែររៀបចំឡើងដើម្បីការពារប្រទេសជាតិផង ជាប់ពាក់ព័ន្ធនឹងប្រពៃណីដឹងគុណទឹក និង ដីផង ក៏ជាប់ពាក់ព័ន្ធនឹងព្រះពុទ្ធសាសនាផង ។ ប៉ុន្តែជាការកត់សម្គាល់ ព្រះរាជពិធីបុណ្យអុំទូក ត្រូវបានធ្វើឡើងច្រើនបំផុតតែ នៅក្នុងរបបរាជានិយម ហើយសម័យកាលខ្លះ ព្រះរាជពិធីនេះ មិនត្រូវបានប្រារព្ធឡើយ អាចមកពីប្រទេសជាតិមានសន្តិភាព ឬ យ៉ាងណា ។

ជាក់ស្តែងចាប់តាំងពីរដ្ឋប្រហារដឹកនាំដោយឧត្តមសេនីយ លន់ នល់ នាថ្ងៃទី ១៨ មីនា ឆ្នាំ ១៩៧០ មក ប្រទេសកម្ពុជា បានធ្លាក់ក្នុងភ្លើងសង្គ្រាមឥឈប់ឈរ ហេតុនោះ ព្រះរាជពិធីបុណ្យអុំទូក ក៏មិនត្រូវបានប្រារព្ធធ្វើដែរ ។

ថ្ងៃទី ៧ មករា ឆ្នាំ ១៩៧៩ របបខ្មែរក្រហមត្រូវបានបណ្តេញចេញពីអំណាច ក៏ពិតមែន ប៉ុន្តែព្រះរាជពិធីបុណ្យអុំទូក ក៏នៅតែមិនទាន់ត្រូវបានធ្វើឡើងវិញដែរ ដោយសារពេលនោះ ប្រទេសជាតិ ក៏នៅតែញាំញីដោយសង្គ្រាមនៅឡើយ។ ម្យ៉ាងទៀត ក្រោយពីការដួល​រលំរបបខ្មែរក្រហម ទៅ ប្រទេសកម្ពុជា ស្ថិតក្នុងសភាពក្រខ្សត់ខ្ទេចខ្ទាំយ៉ាខ្លាំង ហេតុនេះ ទាំងរដ្ឋាភិបាល ទាំងប្រជាពលរដ្ឋ ទីទៃពីតទល់នឹងសង្គ្រាមស៊ីវិលទៅ ក៏ត្រូវប្រឹងត្រដររស់រៀងៗខ្លួន ពោលគឺគ្មានលទ្ធភាពរៀបចំពិធីបុណ្យអុំទូកឡើយ។

ព្រះពិធីបុណ្យអុំទូកក្នុងព្រះរាជាណាចក្រទី ២បន្ទាប់ពីសង្គ្រាមស៊ីវិលយ៉ាងរ៉ាំរ៉ៃមក ឆ្នាំ ១៩៩៣ ប្រទេសកម្ពុជា បានរៀបចំការបោះឆ្នោតរបស់ខ្លួន ហើយបង្កើតបានជារបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ ឬ ព្រះរាជាណាចក្រទី២ ។ សន្តិភាព ក៏បានចាប់ផ្តើមបង្កើត​ជារូបរាងពិតប្រាកដបន្តិចម្តងៗនៅលើយទឹកដីកម្ពុជា ទើបព្រះរាជពិធីបុណ្យអុំទូក ត្រូវបានរៀបចំធ្វើឡើងវិញ។

គេមិនអាចភ្លេចបានឡើយនូវឧបទ្ទវហេតុមនុស្សផ្អើលរត់ជាន់គ្នានៅលើស្ពានពេជ្រ កាលពីយប់ថ្ងៃ ច័ន្ទទី ២២ ខែ វិច្ឆិកា ដែលជាយប់ចុងក្រោយ នៃពិធីបុណ្យអុំទូក ឆ្នាំ ២០១០ បណ្តាលឱ្យអ្នកដើរកម្សាន្តបុណ្យអុំទូកនារាត្រីនោះ ស្លាប់ចំនួន៣៥១នាក់ និងរងរបួស ៣៩៥ នាក់ ហើយព្រឹត្តិការណ៍នោះ ត្រូវបានចាត់ទុកថា ជាសោកនាដកម្មដ៏ធំធេងមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជាបន្ទាប់ពីរបបខ្មែរក្រហមមក។

ឆ្នាំ ២០១១ ព្រះរាជពិធីនេះ មិនត្រូវបានធ្វើឡើយ ដោយសារទឹកជំនន់ធំពេក។ ចំណែកឆ្នាំ ២០១២ ពិធីបុណ្យអុំទូក ក៏មិនត្រូវបានធ្វើដែរ ដោយសារព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ យាងសោយព្រះទិវង្គត កាលថ្ងៃទី១៥ ខែតុលា ប៉ុន្តែបណ្តាខេត្ត នានាអាចប្រារព្ធបានទៅតាមលទ្ធភាព ហើយ៣ថ្ងៃ ដែលធ្លាប់ធ្វើបុណ្យអុំទូកនៅតែជាថ្ងៃសម្រាកសាធារណៈដដែល។ ឆ្នាំ២០១៣ ពិធីបុណ្យអុំទូក ត្រូវបានផ្អាកដោយសារទឹកជំនន់ធំពេកម្តងទៀត។ រីឯ ៣ថ្ងៃ នៃរយៈពេលដែលធ្លាប់ប្រារព្ធធ្វើពិធីបុណ្យអុំទូកនោះ នៅតែជាថ្ងៃសម្រាកសាធារណៈ ដដែលទៀត។ ឆ្នាំ២០១៤ ព្រះរាជពិធីនេះត្រូវបានប្រារព្ធឡើងវិញ ។ ឆ្នាំ ២០១៥ ព្រះរាជពិធីនេះ ត្រូវបានផ្អាកទៀតនៅរាជធានីភ្នំពេញ ដោយរដ្ឋាបាលលើកហេតុផលថាទឹកទន្លេតូចពេក និង មានគ្រោះរាំងស្ងួតស្ទើរពាសពេញផ្ទៃប្រទេស។ ប៉ុន្តែតាមបណ្តាខេត្តនានា អាចធ្វើបាន ហើយថ្ងៃសម្រាក ៣ ថ្ងៃនៅតែរក្សាដដែល។ លុះឆ្នាំ ២០១៦ , ២០១៧ និង ២០១៨ ពិធីនេះត្រូវបានរៀបចំឡើងវិញ។

ចំពោះប្រភេទទូកប្រណាំងវិញ ដើមឡើយ មានទូកតែ ៣ ប្រភេទប៉ុណ្ណោះ គឺទូកប៉ុកចាយ ទូកអុំ និងទូកចែវ ដោយមានទូកបុរស និង ទូកនារីដាច់ដោយឡែកពីគ្នា។ ប៉ុន្ដែប៉ុន្មាន​ឆ្នាំចុងក្រោយនេះ គណៈកម្មការរៀបចំបុណ្យជាតិ បានអនុញ្ញាតឲ្យទូកបរទេសចូលរួមប្រណាំងដែរ ។

រីឯចំនួន កីឡាករចំណុះទូកវិញ គឺទូកខ្លីមានចំនួនពី២០ ទៅ៣០នាក់ ទូកវែងមានចំនួនពី៤០ ទៅ៥០នាក់។ ប៉ុន្តែ ចំណុះទូកនេះ សព្វថ្ងៃមានការប្រែប្រួល គឺទូកវែងខ្លះមាន ចំនួនកីឡាកររហូតដល់ទៅ៧០នាក់ឯណោះ ។ទូកដែលប្រកួតឈ្នះទាំង៣ថ្ងៃ ជាប់ក្នុងផែនលេខ១, ទូកណាប្រកួតឈ្នះ២ថ្ងៃ ជាប់ក្នុងផែនទី២ , ប្រកួតឈ្នះ១ថ្ងៃ ជាប់ក្នុងផែនទី៣ , ទូកដែលមិនបានឈ្នះទាំង៣ថ្ងៃ ស្ថិតក្នុងផែនទី៤ ។ ការផ្ដល់ជ័យលាភី ក៏រួមបញ្ចូលទាំងសោភ័ណភាព ដូចជាការរចនាទូក ក្បាច់ ពណ៌ និង សម្លៀកបំពាក់របស់កីឡាករជាដើមផងដែរ។

ខ្មែរលេខ ១ លើលោកខាងទូក ង
អ្វីដែលជាមោទនភាពជាខ្មែរមួយទៀត ពាក់ព័ន្ធនឹងវិស័យទូក ង គឺនៅព្រឹក ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ទូក ង ខ្មែរ មានឈ្មោះថា កម្ពោជិកបុត្តាខេមរាតរី ( ទូកងរបស់កូនខ្មែររស់នៅក្នុងដែនដីកម្ពុជា ) បានបំបែកឯតទ្ទគ្គកម្ម ជាទូក ង វែងជាងគេក្នុងលោក ដោយសារទូក ង ដែលស្ថាបនាក្នុងខេត្តព្រៃវែង នេះមានបណ្តោយ ៨៧.៣ម៉ែត្រ, ទទឹង១.៩៤ ម៉ែត្រ ជម្រៅ ០.៨០ ម៉ែត្រ ផ្ទុកទៅដោយចំណុះ ១៧៩ នាក់ តំណាងឱ្យឆ្នាំ ១៩៧៩ គឺជាពេលដែលរបបខ្មែរក្រហម ត្រូវបានបណ្តេញចេញពីអំណាច ។

មូលហេតុនាំឱ្យមានបុណ្យអុំទូក
ចំពោះរឿងរ៉ាវនាំឱ្យកើតព្រះរាជពិធីបុណ្យអុំទូកនេះ គឺឯកសារប្រវត្តិសាស្ត្រខ្មែរ បានចែងថា ខណៈដែលប្រទេសខ្មែរកំពុងបែកបាក់ជា ៣ ភាគីធំៗនោះ ឆ្នាំ ១១៧៧ ពួកចាមបានលើកទ័ពមកលុកលុយ និង ត្រួតត្រាប្រទេសកម្ពុជាអស់រយៈពេលជិត៤ឆ្នាំ។ គ្រានោះព្រះបាទជ័យវរ្ម័នទី ៧ បានបង្រួបបង្រួមជាតិ និង រៀបចំយុទ្ធសាស្ត្រកងទ័ព ដើម្បីប្រយុទ្ធប្រឆាំងកងទ័ពចាមទាំងនោះ រហូតបង្ក្រាប និង បណ្តេញពួកចាមទាំងនោះចេញពីនគរខ្មែរ បានដោយជោគជ័យ។ រឿងចំបាំងគ្រានោះមានឆ្លាក់នៅជញ្ជាំងប្រាសាទបាយ័ន្ត និង ប្រាសាទបន្ទាយឆ្មារ នៅដល់សព្វថ្ងៃ។

ទីទៃពីនេះទៅគឺ ពញាតាត ជាស្តេចត្រាញ់ នៅស្រុកបាសាក់ កម្ពុជាក្រោម មានសិទ្ធិលើមន្ត្រី៤ទិស បានរៀបចំការពារ ស្រុកដោយមានកងទ័ពជា ៣ ផែន។ ស្តេចត្រាញ់ រូបនោះ បានបង្គាប់ឱ្យមន្ត្រីទាំង៤ទិស កេណ្ឌទាហានជើងទឹក និង ជើងគោក ទៅជួបជុំគ្នា ធ្វើសមយុទ្ធ រយៈពេលមួយថ្ងៃមួយយប់ នៅថ្ងៃពេញបូរមី ខែកក្តិក រៀងរាល់ឆ្នាំ។ ចំណែកទាហានជើងទឹក ត្រូវប្រឡងឫទ្ធិគ្នានៅឯទន្លេពាមកន្ថោរក្នុងខេត្តឃ្លាំងកម្ពុជាក្រោមនោះ ។ហេតុការណ៍ទាំង ២ នេះ គឺជាប្ញសគល់សំខាន់នាំឱ្យមានការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក។

មូលហេតុផ្សេងទៀត

ព្រះរាជពិធីបុណ្យអុំទូក ក៏ត្រូវបានធ្វើឡើង ដើម្បីដឹងគុណដល់ព្រះគង្គានិងព្រះធរណីផងដែរ ។ ក្នុងន័យនេះ ព្រះរាជពិធីបុណ្យអុំទូករំឭកមនុស្សឱ្យចេះថែរក្សាការពារគុណភាពទឹក និង ដីឱ្យបានល្អ ពោលគឺឱ្យថែបរិស្ថាន។

ពិធីបុណ្យអុំទូក ក៏មានអមដោយពិធីបណ្តែតប្រទីប សំពះព្រះខែ និង អកអំបុក ដែរ ដែលមានជាប់ទាក់ទងនឹងព្រះពុទ្ធសាសនា គឺដើម្បីគោរពបូជាចំពោះព្រះចង្កូមកែវរបស់ព្រះសម្មាសម្ពុទ្ធនៅឋានភុជង្គនាគផង និងដើម្បីរំឭកដល់ទន្សាយព្រះពោធិសត្វផង៕B/