ប្រវត្តិ​ខែមេសា ទំនាយ​តាម​ក្បួនហោ​រាប​ស្ចឹ​ម​លោក និង​ព្រឹត្តិការណ៍​

601
ចែករម្លែក
  • 1
    Share

ភ្នំពេញៈ គេ​អាច​ហៅ ខែមេសា ថា មេសរាសី (​មេសៈ – រាសី​) ក៏បាន ហើយ​កាលពីដើម ឡើយ​គេ​ហៅ​ខែ​នេះ​ថា ខែ​មេសៈ រីឯ​ពាក្យ​ថា មេសា នេះ គឺជា​ភាសាបាលី ឬ សំស្ក្រឹត ប្រែជា​ខេមរភាសា​ថា “​សត្វ​ពពែ​” ឬ “​សត្វ​ចៀម​” ។​មេសា ជា​ខែ​មួយ​ក្នុងចំណោម​ទាំង​បួន នៃ ប្រតិទិន​ហ្គ្រេ​ហ្កូ​រាន ដែលមាន​រយៈពេល​៣០​ថ្ងៃ ។​

​ខែមេសា ដែលជា​ភាសា​អង់គ្លេស ហៅថា April មកពី​ឈ្មោះ​ដើម នៅក្នុង​បដិទិន បុរាណ​រ៉ូ​ម៉ាំង​ឈ្មោះ រ៉ូ​មូ​លូ​ស​ថា Aprillis ។ ពុំមាន​អ្នកនិពន្ធ​ណា អះអាង ជាក់លាក់ អំពី​មូលហេតុ​ដែលនាំឱ្យ​ស្ថាបនិក​ប្រតិទិន​រ៉ូ​មូ​លូ​ស​ដាក់ឈ្មោះ ខែ​នេះ ថា Aprillis ឡើយ​។ ប៉ុន្តែ​គេ​ដឹងថា Aprillis នេះ​ជា​ភាសាឡាតាំង ប្រែជា​ភាសា ខ្មែរ ថា “ បើក​” ឬ “ ចាប់ផ្តើម “ ។​

​គេ​យល់ថា ស្ថាបនិក​ប្រតិទិន​រ៉ូ​មូ​លូ​ស​ដាក់ឈ្មោះ​ខែ​នេះ​យ៉ាង​ដូច្នេះ ដោយ​សំដៅទៅ លើ​ខែ​នេះ ជា​ពេលដែល​បុប្ផជាតិ​ទាំងឡាយ ចាប់ផ្តើម​បើក​ស្រទាប់​រីក​ឡើង​ស្គុះស្គាយ ពណ្ណរាយ​នៅ​គ្រប់ទិសទី (​រដូវ​ផ្កា​រីក​) ។ តាម​ធម្មតា ខែមេសា គឺជា​និ​ទាឃ​រដូវ គឺ​រដូវ ស្លឹកឈើ​សាល់ ឬ រដូវ​ផ្កា​រីក នៅ​អឌ្ឍគោល​ខាងជើង ប៉ុន្តែ វា​ស្ថិតនៅក្នុង​សរទរដូវ គឺ​រដូវ​ស្លឹកឈើ​ជ្រុះ នៅ​អឌ្ឍគោល​ខាងត្បូង​។​

​គេ​យល់​ម្យ៉ាង​ទៀតថា ខែមេសា ឬ April ដែល​មកពី​ពាក្យ​ថា Aprillis គឺ ស្ថាបនិក​បាន ដាក់​នាម​ឱ្យ​តាម​នាម ទេវតា វ៉េ​នើ​ស (Venus) ដែលជា​ទេវ​ស្នេហា ឬ​កាម​ទេព និង​សម្រស់​នៅក្នុង​ទេវ​កថា​ជនជាតិ​រ៉ូ​ម៉ាំង​។​

​មេសា ឬ មេសៈ ជា​ខែ​ទីមួយ​នៃ​សុរិយគតិ ប៉ុន្តែ​វា​ជា​ខែ​ទី​បួន នៅក្នុង​ប្រតិ ទិន​សកល បច្ចុប្បន្ននេះ គឺ​ប្រតិទិន​ហ្គ្រេ​ហ្កូ​រាន​។ ខែមេសា ត្រូវបាន​ផ្តល់កំណើត ឱ្យ​តាំងពី ៧៥៣ ឆ្នាំ មុន​គ្រិ​ស្ទ​សករាជ តាមរយៈ​ប្រតិទិន រ៉ូ​មូ​លូ​ស ហើយ​ប្រតិទិន រ៉ូ​មូ​លូ​ស​នោះ ក្នុង​មួយឆ្នាំ មានតែ ១០ ខែ​ប៉ុណ្ណោះ ដោយ​ចាប់ផ្តើម​ពី​ខែមីនា (​ត្រឹម ត្រូវ អាន​ថា មីណា គឺ​មិនមែន អាន​ថា មិនា ឬ មីនា ទេ ) ហើយ​កាលណោះ ខែមេសា ជា​ខែ​ទី​ពីរ ។ ដូច្នេះ​គិត​ត្រឹម​ឆ្នាំ ២០១៩ ខែមេសា មាន​អាយុកាល នៅ លើ​លោក​នេះ ២.៧៧២ ឆ្នាំ​ហើយ គឺ ១៣០ ឆ្នាំ ព្រះពុទ្ធ​ប្រសូត ឬ ២១០​ឆ្នាំ មុន ពុទ្ធសករាជ​។​

​លុះដល់​ឆ្នាំ​ទី​៧១៣ មុន​គ្រិស្តសករាជ ព្រះ​ចៅ នូ​ម៉ា ប៉ុ​ម​ពី​លី​យើ​ស ជា ក្សត្រ​ទី​ពីរ​ក្នុង ចំណោម​ក្សត្រ តាម​បវេណី​ទាំង ៧ អង្គ របស់​ទីក្រុង​រ៉ូម បាន​កែប្រែ ប្រតិទិន រ៉ូ​មូ​លូ​ស ឱ្យទៅជា​ប្រតិទិន នូ​ម៉ា ដោយ​ការបញ្ចូល​ខែ​ចំនួន​ពីរ​នៅ​ខាងដើម​គឺ​ខែមករា (January មកពី​ភាសាឡាតាំង​ថា​Janus , Ianuarius) និង​ខែកុម្ភៈ (February មកពី​ភាសា​ឡា តាំង​ថា februum) នាំឱ្យ​ប្រតិទិន​នេះ ក្នុង​មួយឆ្នាំ មាន ១២​ខែ ហើយ​ខែមេសា ក៏បាន​ក្លាយទៅជា​ខែ​ទី​បួន​តាំងពី​ពេលនោះ​មក​។​

​ប្រតិទិន​នូ​ម៉ា​នេះ ត្រូវបាន​កែប្រែ​ឱ្យទៅជា​ប្រតិទិន​ជូ​លាន ដោយ​លោក​ជូ​លី​យើ​ស សេ​ហ្សា នៅ​៤៦​ឆ្នាំ មុន​គ្រិស្តសករាជ​។ នៅ​ឆ្នាំ​១៥៨២ នៃ​គ្រិស្តសករាជ ប្រតិទិន​ជូ​លាន ក៏ត្រូវ​បាន​សម្តេច​ប៉ាប​ហ្គ្រេ​ហ្កូ​រី​ទី​១៣ កែប្រែ​ឱ្យទៅជា​ប្រតិទិន​ហ្ក្រេ​ហ្កូ​រាន​ដែលជា​ប្រតិទិន សកល​នាពេល​បច្ចុប្បន្ន​។​

​ទំនាយ​តាម​ក្បួន​ហោរា​
​តាម​ហោរាសាស្ត្រ​ប​ស្ចឹ​ម​លោក បុគ្គល​ដែល​ចាត់ទុកថា ជា​អ្នក​ស្ថិតក្នុង មេសរាសី គឺ​ជនានុជន​ទាំងឡាយណា កើត​នៅ​អំឡុង​ថ្ងៃទី​២១ ខែមេសា​-១៩ ខែ ឩ​សភា​។ ខែមេសា​ត្រូវ​គ្នា​នឹង​ឆ្នាំម្សាញ់​ខ្មែរ ឬ​ឆ្នាំ​ពស់ ក្នុង​ក្បួន​ហោរា​ចិន ឆុង​នឹង មនុស្ស​កើត ខែតុលា​។ និមិត្តសញ្ញា​នៃ​មនុស្ស​កើត​ខែមេសា គឺ​សត្វ​គោ​ឈ្មោល ធាតុភ្លើង ទទួល​ឥទ្ធិពល​ពី​ផ្កាយព្រះសុក្រ​។ ត្បូង​កំណើត​របស់​ខែមេសា គឺ​ត្បូង ពេជ្រ ឯត្បូង នាំ​សំណាង គឺ​ត្បូង​មរកត រីឯ​ពណ៌​ដែល​សក្តិសម​គឺ​ពណ៌​ផ្កាឈូក​។​

​អ្នក​កើត​ក្នុង​ខែមេសា តែងតែ​ចាប់​ផ្តើមធ្វើ​អ្វីមួយ ពោរពេញ​ដោយ​ភាព ស្វា ហាប់ និង រវៀសរវៃ ចូលចិត្ត​ធ្វើ​កិ​ច្ចា​នុ​កិច្ច​ទាំងឡាយណា​ដែល​អ្នកដទៃ​យល់ថា លំបាក​ធ្វើ ។ គេ​ជាម​នុស្ស​ដែលមាន​ភាព​ឈ្មុសឈ្មុល រហ័សរហួន ពោរពេញ​ដោយ​ថាមពល និង​ភាព​ប្រកួតប្រជែង​។ ធម្មជាតិ​របស់គេ គឺ​គេ​ចូលចិត្ត​ដឹកនាំ​អ្នកដទៃ ហើយ​មិនសូវ ខ្វល់​ថា​មាន​លាភសក្ការៈ​តិច ឬ​ច្រើន​ទេ សំខាន់​ឱ្យតែ​បានធ្វើ​ធំជាងគេ ។​

​ប៉ុន្តែ​ចំណុចខ្សោយ​របស់​មនុស្ស​កើត​ខែមេសា គឺជា​រឿយៗ​គេ​ឆេវឆាវ ចូល ចិត្ត​បង្ក ជម្លោះ រប៉ិលរប៉ូច និង ចូលចិត្ត​បណ្តោយ​ឲ្យ​ការភ័យខ្លាច​មក​កំណត់​ការ សម្រេចចិត្ត​របស់ខ្លួន​។​

​បុគ្គល​កើត​ក្នុង​មេសរាសី ពូកែ​ខាង​ចែចង់​ស្រី ឬ (​បើជា​ស្ត្រី​) ចែចង់​បុរស​ខ្លាំងណាស់ និង​ជាម​នុស្ស​ដែល​តែង​ចាប់ផ្តើម​ទាក់ទង​អ្នក​ដែល​ខ្លួន​ចាប់អារម្មណ៍​ជាមុន​។ នៅពេល ដែល​នរណាម្នាក់ ដែល​ខ្លួន​ឈ្លក់​វង្វេង​ហើយ​នោះ បុគ្គល​នេះ​មិនដែល បណ្តោយ​ឲ្យ អ្នកនោះ​របូត​ពី​ដៃ​គេ​ឡើយ​។ ប៉ុន្តែ​ដើម្បី​ឲ្យ​បុគ្គល​មេសរាសី​នៅតែ​ស្រឡាញ់​បាន លុះតែ​មនុស្ស​នោះ​មាន​ភាព​ស្ទុះស្ទា និង​ត្រេកត្រអាល​ដូច​បុគ្គល​មេសរាសី​ដែរ (​អាច​និយាយថា​មនុស្ស​កើត​ខែមេសា ឬ ឆ្នាំម្សាញ់ ចិត្តសាវ៉ា គ្រាន់បើ​) ។ នៅពេលដែល បុគ្គល​កើត​ក្នុង​មេសរាសី បាន​ជួប​អ្នក​ដែលមាន​ចំណាប់អារម្មណ៍​ដូច​ខ្លួន​ហើយ​នោះ ទំនាក់ទំនង​ស្នេហា​របស់​បុគ្គល​នេះ​នឹង​ថិ​ត​ថេរ​ជា​អមតៈ​។​

​មេសរាសី​បុគ្គល ជា​មនុស្ស​ងាយ​នឹង​រាប់អាន​ជា​មិត្ត ប៉ុន្តែ​បើ​ចង់​ធ្វើជា​មិត្ត ភក្តិ​យូរអង្វែង ជាមួយ​បុគ្គល​នេះ បាន​ទាល់តែ​មនុស្ស​នោះ មាន​ភាពស្វាហាប់ រវៀសរវៃ និង​អំណត់ អត់ធន់​។ ចំពោះ​រឿង​គ្រួសារ មេសរាសី​បុគ្គល តែងតែ​ទុក​ពួកគេ​ក្នុង​បេះដូង និង​តែង បង្ហាញ​ពី​ភាពស្មោះត្រង់​ជានិច្ច ចំពោះ​គ្រួសារ​របស់ ខ្លួន​។​

​ដោយសារ​កើតមក​មាន​ចរិត ជា​អ្នកដឹកនាំ​គេ បុគ្គល​កើត​ក្នុង​មេសរាសី តែងមាន​អនាគត ត្រចះ​ត្រង់ និង​លេចធ្លោរ​ជាងគេ ជាពិសេស​នៅ​កន្លែង​ការងារ​។ បុគ្គល​នេះ​ពោរពេញ ដោយ​ភាព​ច្នៃប្រឌិត មហិច្ឆតា និង ភាព​ប៉ិនប្រសប់​បំផុត​។ សមត្ថភាព​ក្នុង​ការមើល ឃើញ​ពី​ទស្សនវិស័យ ក្នុងពេល​អនាគត ដែល​អ្នកដទៃ មើលមិនឃើញ បានធ្វើ​ឲ្យ បុគ្គល​នេះ​បោះជំហាន​ទៅមុខ​មុនគេ​រហូត ។ បុគ្គល​នេះ មិនសូវ​ជា​ចូលចិត្ត​ធ្វើការ ក្រោមបង្គាប់ ឬ​ធ្វើ​អ្វីមួយ​តាម​គំនិត​អ្នកដទៃ​ឡើយ គឺ​ចូលចិត្ត​ធ្វើ​អ្វី​តាម​មនសិការ របស់ខ្លួន ។​

​និយាយ​រឿង​លុយកាក់​វិញ បុគ្គល​កើត​ក្នុង​មេសរាសី​មិនសូវ​ខ្វល់​ឡើយ សំខាន់ គឺ​ធ្វើឱ្យ​យ៉ាងណា​ឱ្យតែបាន​សម្រេច​គោលបំណង ។ បើ​និយាយ​រឿង​ចាយលុយ​វិញ បុគ្គល​នេះ​បើ​បានជា​មិន​ចាយ សូម្បី​តែមួយ​សេន ក៏​មិន​របូត​ផង ប៉ុន្តែ​បើ​បានជា​ចាយ​វិញ មាន​ប៉ុន្មាន​អស់​ប៉ុណ្ណោះ​។ និយាយ​ម្យ៉ាងទៀត បុគ្គល​នេះ​រកបាន​ក៏​ច្រើន​ចាយ​វិញ​ក៏ ច្រើន​ដែរ ហើយ​ជារឿយៗ ជំពាក់​បំណុល គេ ទៀតផង ។​

ព្រឹត្តិការណ៍​ជាតិ​-​អន្តរជាតិ​
​មេសា​គឺជា​ខែ​នៃ​ការយល់ដឹង​អំពី​ជំងឺ​អូ​ទី​ស្សឹម (​ប្រភេទ​ជំងឺ​ខ្សោយសតិ បញ្ញា​) ។ អំឡុង​សប្តាហ៍​ទី​១ គឹជា​រដូវ​កាល​ឆេង​ម៉េង​ឬ សែន​ផ្នូរ​របស់​ជនជាតិ ចិន​។​

​ថ្ងៃទី​១ ទិវា​ឯករាជ្យ​ជាតិ ស៊ី​ប , ថ្ងៃទី​៤ ទិវា​ឯករាជ្យ​ជាតិ សេ​ណេ​ហ្គា​ល់ ថ្ងៃ ទី​៧ គឹជា​ទិវា​សុខភាព​ពិភពលោក​, ឯកសារ​ខ្លះ​ថា​ព្រះពុទ្ធ​ប្រសូត​នៅ​ថ្ងៃទី​៨ ខែ មេសា (១៥​កាលណោះ​ត្រូវ​នឹង ១៥ កើត ខែ​ពិសាខ​) ។ ថ្ងៃទី​១៣ ឬ ១៤-១៥ និង ១៦ ជា​ថ្ងៃ ចូលឆ្នាំថ្មី​ប្រពៃណីជាតិ នៃ​បណ្តា​ប្រទេស ដែល​គោរព​ព្រះពុទ្ធសាសនា ថេរវាទ (​អ្នកខ្លះ​ច្រឡំ​ហៅថា​ពុទ្ធសាសនា​ហីណយាន​) ដូចជា​ប្រទេស​កម្ពុជា ថៃ ភូមា ឡាវ និង​ស្រីលង្កា ជាដើម ដ្បិត​ប្រតិទិន​ពុទ្ធសាសនិក ជា​ប្រតិទិន​ចន្ទគតិ ប្រពៃណី (​ឬ​ចន្ទ​-​សុរិយគតិ​)​។​ថ្ងៃទី ១៨ ទិវា​ឯករាជ្យ​ជាតិ ស៊ីម​បា​វ៉េ ថ្ងៃទី​២២ គឹជា ទិវា​ភពផែនដី ថ្ងៃទី​២៥​គឺជា​ទិវា​សេរីភាព​អ៊ីតាលី ហើយក៏​ជា​ទិវា​បដិវត្តន៍ ស៊ី​ជម្ពូ នៅ​ព័រទុយហ្កាល់​ថ្ងៃទី ២៦ ទិវា​សហភាព តង់​សានី ,​ថ្ងៃទី​២៧​គឺជា​ទិវា​សេរីភាព​នៃ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​៕ ដោយៈ មេសា​

#