ប្រវត្តិ​ឈ្មោះ​ស្រុក​-​ភូមិ : ផ្សារ “​ចំតិត​” នៅតែមាន​ឈ្មោះ និង​លក់ដូរ​ដាច់ ទោះ​ជាមាន​ផ្សារ​ថ្មី ចាស់​ធំ​តូច​កើត​ច្រើន​នៅ​ប្រជុំជន​ស្រុក​ថ្មពួក​

601
ចែករម្លែក
  • 146
    Shares

ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: ផ្សារ “​ចំតិត​” នៅតែមាន​ឈ្មោះ និង​លក់ដូរ​ដាច់ ទោះ​ជាមាន​ផ្សារ​ថ្មី ចាស់​ធំ​តូច​កើត​ច្រើន​នៅ​ឃុំ​គំរូ និង​ឃុំ​ថ្មពួក​ប្រជុំជន​ស្រុក​ថ្មពួក នា​សម័យ​អភិវឌ្ឍន៍​បច្ចុប្បន្ននេះ​។​

​អ្នកស្រី យ៉ិ​ន គឹម​សន ម្ចាស់​ឈ្មោះ​ស្តង់​បន្លែ​សុវត្ថិភាព នៃ​គម្រោង​របស់​មន្ទីរ​កសិក​ម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តបន្ទាយមានជ័យ ក្រោម​ជំនួយ​របស់​មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍​កសិកម្ម (IFAD) ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB) នៅ​ភូមិ​អណ្តូង​ខ្លុង​ឃុំ​គំរូ​ស្រុក​ថ្មពួក ប្រាប់​កាសែត​រស្មី​កម្ពុជា​ថ្ងៃទី​១៤​កុម្ភៈ​ថា ដើមឡើយ​នៅ​ទសវត្សរ៍​ទី​៩០​និង​ដើមឆ្នាំ​២០០០​មក ផ្សារ​ចំតិត​ជា​រាន​និង​តូប​លក់ដូរ​មួយចំនួន​តូច នៅ​សងខាង​ផ្លូវជាតិ​លេខ​៥៦ កាល​ជា​ផ្លូវដី ភក់ជ្រាំ​ឬ​អ្នកខ្លះ​ហៅថា​ផ្សារ​បន្ទាយ​( អតីត​បន្ទាយ​មួយ​នៃ​កងពលតូច​ពល​តូច​ថ្មើរជើង​លេខ​៧ និង​ក្រោយ​មកជា​ផ្នែក​មួយ​នៃ​កងពលតូច​ថ្មើរជើង​លេខ​៥១ តែ​ត្រូវបាន​លក់​អោយ​ឯកជន​)​។ ហើយ​កាលណោះ នៅ​ប្រជុំជន​ថ្មពួក​ដែល​ផ្នែក​ខាងលិច​ផ្លូវជាតិ​លេខ​៥៦ ជា​ភូមិសាស្ត្រ​ឃុំ​គំរូ​និង​ខាងកើត​ផ្លូវជាតិ​៥៦​ជា​ភូមិសាស្ត្រ​ឃុំ​ថ្មពួក មាន​ផ្សារ​ថ្មី​គំរូ មួយ​ធំជាងគេ​។​និង​មាន​ផ្សារ​ភូមិ​អ្នកតា នៅ​ខាងកើត​កសិណ​ក្នុងភូមិ​អ្នកតា​ឃុំ​ថ្មពួក​និង​ផ្សារ​ចំតិត​នេះ​ប៉ុណ្ណោះ​។​

​អ្នកស្រី ក៏ដូចជា​អ្នកលក់ដូរ​ដទៃទៀត និង​ពលរដ្ឋ​នៅ​ម្តុំ​នោះ និយាយថា ទោះ​ឥឡូវនេះ គេ​បង្កើត​ផ្សារ​តូចធំ ថ្មី​ចាស់​ជាច្រើន​នៅ​ឃុំ​ទាំង​២ នៃ​ប្រជុំជន​ស្រុក ដែលមាន​មនុស្ស​មិន​ច្រើន​ប៉ុន្មាន​មួយ​នេះ ក៏​ផ្សារ​ចំតិត​នៅតែ​រក្សាបាន​ទាំង​ឈ្មោះ បាន​ទាំង​ការប្រកួតប្រជែង​លក់ដូរ​។ ហើយ​ផ្សារ​នេះ មាន​លក់​ភាគច្រើន​គឺ​គ្រឿង​ទ​រស​ក៏ ម្ហូបអាហារ បន្លែ ផ្លែឈើ​និង​របស់​ប្រើប្រាស់​ប្រចាំថ្ងៃ​។​

​ចំពោះ​ប្រវត្តិ​ផ្សារ​ចំតិត គឺ​មកពី​សភាព នៃ​អ្នកលក់​និង​អ្នកទិញ​នៅ​ចិញ្ចើមផ្លូវ​មាន​លក្ខណៈ​ចំ​ហិត​ជំ​ហ៊​ម ចំតិតចំតូង​គូថ ហើយ​អ្នកស្រុក​ក៏​នាំគ្នា​ហៅថា​ផ្សារ​ចំតិតៗ​រហូតដល់​សព្វថ្ងៃ​។​

​យោង​អភិបាលរង​ស្រុក​ថ្មពួក​ម្នាក់​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថ្ងៃទី​១៤​កុម្ភ​:​ថា :​នៅ​ស្រុក​ថ្មពួក​មាន​៦​ឃុំ ហើយ​គ្រប់​ឃុំ​សុទ្ធ​មាន​ផ្សារ​ដោយឡែកៗ គ្រាន់តែ​តូច​ឬ​ធំ​។ ហេតុនេះ គ្មាន​ផ្សា​រណា​ធំជាងគេ​ដាច់​ឡើយ​។ ហើយ​ភូមិ​ខ្លះ ជួនកាល​មាន​ផ្សារ​២-៣ ក៏មាន​ដូចជា​ភូមិ​បន្ទាយ​មាន​រឹទ្ធិ​ឬ​ហៅ​បឹង​ត្រកួន​ឃុំ​គោក​រមៀត ជិត​ច្រកព្រំដែន​តំបន់​បឹង​ត្រកួន ជាដើម​។ ពោលគឺ​វា​មិន​សមាមាត្រ​ទៅនឹង​ចំនួន​ពលរដ្ឋ និង​កម្លាំង​សេដ្ឋកិច្ច ឬ​ជីវភាព​ពលរដ្ឋ​ដែរ​។​

​ដោយឡែក នៅ​ប្រជុំជន​ស្រុក​ថ្មពួក ដែលមាន​ឃុំ​២ គឺ​ឃុំ​ថ្មពួក​និង​ឃុំ​គំរូ នោះ នាបច្ចុប្បន្ន នៅ​ខាង​ឃុំ​គំរូ មាន​ផ្សារ​ចាស់​និង​ធំជាងគេ​គឺ​ឈ្មោះ​ផ្សារ​ថ្មី​គំរូ​, ផ្សារ​ចំតិត​និង​ផ្សារ​ថ្មពួក​ថ្មី (​ស្ថិត​ត្រង់​អតីត​ដី​វិមាន​សព​វីរជន​ស្នេហា​ជាតិ ដែល​គេ​លក់​អោយ​ឯកជន​)​។ និង​ខាង​ឃុំ​ថ្មពួក មាន​ផ្សារ​ថ្មពួក ស្ថិត​ត្រង់​អតីត​ដី​បន្ទាយ​កងពលតូច​ថ្មើរជើង​លេខ​៧ (​ដែល​គេ​លក់​អោយ​ឯកជន​ដែរ​) មាន​ផ្សារ​ភូមិ​អ្នកតា​ ហើយក៏​មានការ​លក់​តា​ម​ផ្ទះ​តៀម ហាង​និង​ចល័ត​ជាច្រើន​ទៀត​៕ ល​

#