ប្រវត្តិ​នំ​បញ្ចុក​ខ្មែរ​

237
ចែករម្លែក

ភ្នំពេញៈ​នំ​បញ្ចុក​ខ្មែរ​មានឈ្មោះ​ដើម​ហៅថា (​នំ​ប៉ែន​ចុក​) គឺជា​នំ​ដែល​គេ​យក​ម្សៅ ស្រស់​ទៅ​ស្ងោរ​ហើយ​បុក​លាយ​ទឹក​រួច​យកទៅដាក់​ក្នុង​ប៉ែន ទើប​យក​ឈើ​ស្នូល ទៅ​សង្កត់ ដើម្បី​រោយ​ទំលាក់​ជាស​សៃ​រ​ក្នុង​ទឹក​ពុះ​ឲ្យ​ឆ្អិន​។ ក្រោយមក​គេ​ស្រង់​ចាប់ ជា​ចង្វាយៗ​ដាក់​ជៀល ឬ​ក​ញ្រែ្ច​ង​ហើយ​ទុក​ឲ្យ​ស្រស់ទឹក ធ្វើ​ដូច​នោះ​ហើយ​ទើប ក្លាយជា​នំ​បញ្ចុក​។ មិន​ខុសពី​ពា​ក្ស​ខ្មែរ​ជាច្រើន​ដែលមាន​ទម្លាប់​ហៅ​កាត់​ដូចជា ជើងក្រាន ក្លាយជា​ចង្ក្រាន ជាន់​ដើរ​ក្លាយជា​ជ​ណើ្ត​រ កាន់​ជ្រែង ក្លាយជា កញ្ច្រែង កាន់​ត្រក​ក្លាយជា​កន្ត្រក ពីរ​ថែម​ដប់​ក្លាយជា​ពីរ​ដណ្ដប់​។

​ខាងក្រោម​នេះ​គឺជា​រឿងព្រេង​និទាន​ទាក់ទង​ទៅនឹង​ប្រវត្តិ​នំ​បញ្ចុក​របស់​ខ្មែរ​ដែល មាន​តំណាល​ដូចតទៅ​៖

​តាំងពី​យូរលង់​ណាស់​មកហើយ មាន​សេចក្តី​តំណាល​ថា នៅ​នគរ​ធា​រា​ធិបតី មាន​កសិករ​ពីរ​នាក់​ប្ដី​ប្រព​ន្ឋ​ប្រកប​របរ​ធ្វើស្រែ​ស្រូវ​វារ ដើម្បី​ចិញ្ចឹមជីវិត​ព្រោះ​ពួក គាត់​រស់នៅ​តំបន់​ទឹក​លិច​មិនអាច​ដាំ​ដំណាំ​ស្រូវ​ល្អ​ដូច​គេ​បាន​ទ្បើ​យ​។ ស្រូវ​វារ ជា​ប្រភេទ​ស្រូវ​អង្ក​របាយ​រឹង មាន​ពណ៌​ក្រហម​លាយ​ផ្កាឈូក​បន្តិច​ពេល​បុក​ស​ម្រឹត រួចហើយ​។ ដោយសារតែ​អង្ករ​នេះ​បាយ​រឹង​ពេក​ស៊ី​មិនសូវ​ឆ្ងាញ់​កសិករ​នោះ​ក៏​បែក គំនិត​ធ្វើជា​នំ​អោយមាន​ជាតិ​ទន់​បន្តិច ដើម្បី​បរិភោគ​ស្រួល​ទំពារ​។ ម្យ៉ាងទៀត​នៅ​តំបន់ ពួកគាត់​រស់នៅ​សម្បូរ​ត្រី​ផង​នោះ ទាំងពីរ​អ្នក​ប្ដី​ប្រព​ន្ឋ​ក៏​នាំគ្នា​នេសាទ​ត្រី​ធ្វើជា​ប្រហុក និង​ត្រីឆ្អើរ សម្រាប់​ទុក​ទទួលទាន​បានយូរ​។ ជាការ​ពិតណាស់​អង្ករ​ស្រូវ​វារ​អ្នកស្រែ អាច​យកមក​ធ្វើជា​នំ​បញ្ចុក​បាន​យ៉ាង​ល្អ ហើយ​បាន​ចំនួន​ច្រើនជាង​អង្ករ​ធម្មតា​ទៀតផង ។ ថ្ងៃមួយ​នារ​រដូវប្រាំង​ទំនេរ​ពី​ការងារ​នៅ​ស្រែ​អ្នកស្រែ​ជា​ប្រព​ន្ឋ បាន​បុក​អង្ករ​ស្រូវ​វារ នេះ​ធ្វើជា​នំ​ស​សៃ​ចាប់​ជា​ចង្វាយ រួច​ក៏​ស្រូប​ជាមួយ​ជាមួយ​ទឹក សម្លប្រហើរ​ត្រីឆ្អើរ ដាក់​ប្រហុក​ខ្ទិះដូង ថែម​ល្បោយ​បន្លែ​ដែល​គាត់​ដាំ​ក្បែរ​ផ្ទះ​។ ចៃដន្យ​អី​អ្នកស្រែ​ជា​ប្ដី នោះ​ពិសា​រហើយ ក៏​កើត​ជំងឺរាគ​រូស​ដោយ​នំ​បញ្ចុក​នោះ​ធ្វើ​ពី​ម្សៅ​ត្រាំ​ទឹក​យូរ​។ មួយវិញទៀត​ដោយសារ​បន្លែស្រស់​បេះ​ផ្សំ​ពី​ព្រៃ​មាន​ជីវជាតិ ជូរ​ឬ​ត្រជាក់​ដូចជា ល្ហុង ត្រួយ​ត្រកួន​ស្រស់ ផ្កាស្នោ ត្រួយ​រាំង ផ្កា​កំ​ផ្លោក ជាដើម ប៉ុន្តែ​ដោយ​ការច្នៃប្រឌិត​របស់ ប្រពន្ធ បាន​បន្ថែមល្បោយ​ត្រយូងចេក​ជា​ជំនួយ​ទើប​ពិសា​លើក​ក្រោយ​លែង​រាករូស ហើយ រស់ជាតិ​កាន់តែ​ឆ្ងាញ​។​

​តាំងពី​ពេលនោះ​មក​ពួកគាត់​ទាំងពីរ​នាក់​ប្ដី​ប្រព​ន្ឋ​ក៏បាន​ប្រសិទ្ធ​នាម​អោយឈ្មោះ​នំ​នោះ​ថា នំ ស​សៃ​ស្រូវ​វារ​។ ក្រោយមក​ពួក​អ្នកស្រុក​ពេលដែល​ទទួលទាន​នំ​នោះ​ម្ដងៗ ពួកគាត់​តែង​យក​ម្រាមដៃ​ច្បាមចាប់​នំ​នោះមក​ស៊ី​ជំនួស​ច​ង្កះ​បញ្ចុក​ដាក់​ទៅក្នុង​មាត់​ជា​ទម្លាប់​ធម្មតា​តាម​ជីវភាព​រស់នៅ​បែប​អ្នកស្រែ​។ ចំនែក​ពួក​អ្នកភូមិ​ទាំងអស់​ក្រោយពី បាន​ភ្លក្ស​រសជាតិ​នំ​នោះ​ហើយ ពួកគេ​ក៏​មកសុំ​រៀនសូត្រ​ពី​ក្បួន​ធ្វើ​នំ​និង​ធ្វើ​ទឹកស​ម្ល ស្រូប​ពី​គាត់ ហើយ​អ្នកស្រុក​ក៏​ចេះ​ធ្វើជា​ទម្លាប់​ត​គ្នា​រៀងមក​។​

​លុះ​អ្នកស្រែ​ទាំងពីរ​អ្នក​ប្ដី​ប្រព​ន្ឋ​ចាស់ជរា​បន្តិច​ទៅ​ពួកគាត់​មិនអាច​ធ្វើស្រែ​ចំការ​បន្ត ទៀត​បាន ក៏​បែកគំនិត​រែក​នំ​បញ្ចុក​នេះ​លក់​តាម​ភូមិ ដើម្បី​ដោះស្រាយ​ជីវភាព ប្រចាំថ្ងៃ​។​

​ថ្ងៃមួយ​រាជកុមារ មួយអង្គ​មាន​វ័យ​ប្រហែល ៧​ព្រះវស្សា​នាំ​ពល​សេនា​ជិះសេះ​កំសាន្ត តាម​ភូមិ​អ្នកស្រុក ក៏បាន​ប្រទះឃើញ​អ្នកស្រុក​ចោមរោម​ធ្វើ​នំ​ស​សៃ​ស្រូវ​វារ​នោះ ក៏​លាន់មាត់​ថា ឆ្ងាញ់​ណាស់ៗ​គ្រប់ៗ​គ្នា​។ ពេលនោះ​រាជកុមារ​ក៏​ចង់​សោយ​សាកមើល នឹង​គេ​ដែរ ដោយ​ឃើញ​ពួក​អ្នកស្រុក​ធ្វើ​នំ​នោះ​នឹង​ដៃ​រាជកុមារ​ក៏​រារែក​ក្នុង​ចិត្ត​ដោយ ខ្លាច​ប្រឡាក់​ដៃ​។ រីឯ​អ្នកស្រែ​ទាំងពីរ​នាក់​ប្ដី​ប្រពន្ធ​ដឹងថា​រាជកុមារ​ចង់​សោយ​នំ​របស់ ខ្លួន ក៏​មូល​ទៅកាន់​ស្នំ​ឯក​ដែលជា​មេដោះ​របស់​រាជកុមារ​ឲ្យ​យកដៃ​ចាប់​ស​សៃ​នំ​នោះ មក​បញ្ចុក​រាជកុមារ​ដោយ​ផ្ទាល់ដៃ​។​រាជកុមារ​ដោយសារ​ចង់​សាក​រសជាតិ​នំ​នោះ​ក៏ យល់ព្រម​ឲ្យ​ស្នំ​ជា​មេដោះ​នោះ​បញ្ចុក​ទ្រង់​។ បន្ទាប់ពី​សោយ​រួចហើយ​រាជកុមារ​ក៏​ពេញ ព្រះទ័យ​យ៉ាងខ្លាំង ហើយក៏​ប្រទាន​រង្វាន់​យ៉ាងច្រើន​ដល់​អ្នកស្រែ​ទាំងពីរ​នាក់​ប្ដី​ប្រពន្ធ ទៀតផង​។ ដោយសារ​មិន​ចង់​ប្រើ​ស្នំ​ឲ្យ​ទៅ​ទិញ​នំ​នោះ​ជា​ញឹកញាប់​ព្រះ​មាតា​នៃ​រាជ កុមារ ក៏បាន​ហៅ​អ្នកស្រែ​ទាំងពីរ​នាក់​ប្ដី​ប្រព​ន្ឋ​នោះមក​ធ្វើ​នំ​ថ្វាយ​ព្រះរាជ​កុមារ​នៅ ក្នុង​រាជវាំង​រហូត​ទៅ​។

​ចំណេរ​កាល​ក្រោយមក​ឈ្មោះ​នំ​ស​សៃ​ស្រូវ​វារ ក៏​លែងមាន​នរណា​ហៅ​ទៀត​ដែរ គេ​ទម្លាប់​ហៅ​នំ​នោះ​ថា នំ​ស្នំ​បញ្ចុក ក្រោយមកទៀត​នំ​ស្នំ​បញ្ចុក​ក៏​ក្លាយជា​ឈ្មោះថា «​នំ​បញ្ចុក​» រហូតមកដល់​សព្វថ្ងៃ​នេះឯង ៕ ស្រាវជ្រាវ​ដោយៈ​សុខ សុធន​