ប្រវត្តិ​របស់ នួន ជា ៖ ការជជែក​នៅក្រោយ​បន្ទប់​សវនាការ​

1125
ចែករម្លែក

តាំងពីដើម​ដំបូង​មក នួន ជា បាន​បញ្ជាក់ថា គាត់​មិនមាន​ការរំពឹងទុក​ក្នុង​ការតស៊ូ​ជាមួយ​តុលាការ​នេះ​ទេ​ប៉ុន្តែ​គាត់​តស៊ូ​ដើម្បី​ពន្យល់​ទៅកាន់​ប្រជាជន​អំពី​អ្វីដែល​បានកើត​ឡើង អំពី​មូល​ហេតុដែល​គាត់​ចូលរួម​ក្នុង​ចលនា​បដិវត្តន៍​និង​ពី​មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​សោកនាដកម្ម​នេះ​។​គាត់​បានផ្តល់​តម្លៃ​ការ​ចងក្រង​នូវ​ការជជែក​នេះ​ថា ៖
«​កេរ​មរតក​ហ្នឹង​អាហ្នឹង​ជា​កំណប់​កប់​សំខាន់​ណាស់​។ សរសេរ​សន្សំៗ​ទៅ បន្តិច​ទៅ​យើង​ជួយ​គ្នា​ទៅ​ខ្ញុំ​ជួយ​មើល​ហើយ​ជួយ​កែ។ មិនមែន​ជួយ​កែ​ពាក្យពេចន៍​អី​ទេ តែ​ជួយ​ជា​គំនិត​។ ខ្ញុំ​ខ្វះ​ត្រង់ណា​ស្រួល​ខ្ញុំ​គិត​។ ពិបាក​ណាស់​ក្មួយ គ្មាន​អី​លំបាក​ជាង​ធ្វើសង្គ្រាម​ទេ​។ គ្មាន​អី​លំបាក​ជាង​ធ្វើ​បដិវត្ត​ទេ ហើយ​គ្មាន​អី​លំបាក​ជាង​យកឈ្នះ​ចិត្ត​ឯង​ទេ ។​អាហ្នឹង​ពិបាក​បំផុត​ជាងគេ​។ យកឈ្នះ​គេ​ស្រួល​ទេ តែ​អា​យកឈ្នះ​ខ្លួនឯង​គឺថា​បុគ្គលនិយម​និង​រួម​និយម​វា​កំពុង​ប្រយុទ្ធ​គ្នា​។ សព្វថ្ងៃនេះ​បុគ្គលនិយម​វា​ឈ្នះ។ មានអី​និយាយ​ឲ្យ​អស់​មក ខ្ញុំ​ចេះតែ​គិតថា យី​បើ​ឯង​ងាប់​ទៅ​មិនដឹង​ជា​កប់​ចោល ព្រោះ​គ្មាន​អ្នកណា​មក​និយាយ​អី​»​។

នួន ជា និង ព្រំ ផល្លា នៅ​អំឡុងពេល​សវនាការ នៅ​ឆ្នាំ​២០១១​។ ផល្លា បាន​ធ្វើជា​អ្នកស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ជិត​មួយ​ទសវត្សរ៍ ដោយ​ផ្តោត​ទៅ​ព្រះពុទ្ធសាសនា​ក្រោម​របប​ខ្មែរក្រហម មុនពេល​ប្តូរ​ទៅធ្វើ​ការងារ​នៅ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ក្នុងតួនាទី​ជា​អ្នកគ្រប់គ្រង​សំណុំរឿង និង​អ្នកវិភាគ​ភ័ស្តុតាង​សម្រាប់​ក្រុម​មេធាវី​ការពារ​ក្តី នួន ជា​។​


.​កុមារ គ្នូ​ច​
​នួន ជា ដើមឡើយ​ឈ្មោះ ឡៅ គីម​រន ក្រោយមក​ឈ្មោះ ឡៅ​ឌី និង​ក្រោយមក​ត្រូវបាន​គេ​ស្គាល់​ថា នួន ជា ប៉ុន្តែ គ្នូ​ច គឺជា​ឈ្មោះ​ដែល​ម្តាយ​របស់គាត់​ស្រឡាញ់​ជាងគេ​។ គាត់​ជា​កូន​ទី​បី​ក្នុង​គ្រួសារ​កើត​នៅ​ថ្ងៃ ទី​៧ ខែ កក្កដា ឆ្នាំ ១៩២៦ នៅ​ភូមិ​វត្ត​គរ ឃុំ​វត្ត​គរ ស្រុក​សង្កែ ខេត្តបាត់ដំបង​។
​តាំងពី​កុមារដ្ឋាន​មក​គាត់​រៀន​មិនសូវ​ពូកែ​ទេ តែ​ក៏​រៀន​មិនដែល​ធ្លាក់​ដែរ​។ គាត់​មាន​ចរិត​ខ្លាច​គេ និង​មិនសូវ​ក្លាហាន​។ នៅ​សាលា​ខ្លាច​គ្រូ​វាយ​។ ឯ​ម្តាយ​គាត់​ច្រើន​ប្រដៅ​ឲ្យ​ខ្លាច​គេ ដូចជា​គាត់​តែង​ព្រមាន​ថា «​តែឯង​ឈ្លោះ​ជាមួយ​គេ អញ​វាយ​» ការ​ទូន្មាន​បែបនេះហើយ​ដែល​ធ្វើ​ឲ្យ​គាត់​ខ្លាច​គេ​។ ពេល​ដល់​សាលារៀន​គាត់​ខ្លាច​គេ​ណាស់ ជាពិសេស​ក្រុមសិស្ស​ពូកែ ដែល​ចូលចិត្ត​ធ្វើបាប​សិស្ស​រៀន​អន់​។​គាត់​ចូលចិត្ត​រាប់អាន​កូន​អ្នក​ជនបទ​ស្រុកស្រែ​ដូចគ្នា ហើយ​ស្អប់​ពួក​ទីក្រុង និង​កូនចៅ​អ្នកទីក្រុង​។

សៀវភៅ​ព្រះពុទ្ធសាសនា​ក្រោម​របប​ខ្មែរក្រហម​

.​បរិយាកាស​ដែល​ធ្វើ​ឲ្យ នួន ជា គិតពី​ការជិះជាន់​លើ​អ្នកក្រ​
​នេះ​ជាហេតុ​ការណ៍​សោកសង្រេង ដែល​ធ្វើ​ឲ្យ នួន ជា ដិតដាម​គិតដល់​ជីវិត​មនុស្ស​ដែល​ត្រូវគេ​ជិះជាន់​និង​ធ្វើបាប​។ នៅក្នុង​ភូមិ​របស់គាត់​មាន​អ្នកជិតខាង​ធ្វើ​ស្មៀនសាលា​ខេត្តបាត់ដំបង​ដែលជា​មនុស្ស​កាច​។ គាត់​ជួល​មនុ​ស្សមក​ស៊ីឈ្នួល​រត់​រ៉ឺម៉ក​។ ឈ្នួល​របស់គាត់​រត់​មិន​សង​ប្រាក់ គាត់​ក៏​បញ្ជា​ឲ្យ​ក្រុម​បម្រើ​ចាប់​ឈ្នួល​ឲ្យ​មកជួប​។ ឈ្នួល​បាន​អង្គុយបត់ជើង​សុំទោស​ចៅហ្វាយ​ថា ខុស​ហើយ​សូម​អត់​ទោស​ឲ្យ​ផង​។ ស្មៀន​បាន​យក​រំពាត់ក្តរគោ​មក​វ៉ៃ​ក្បាល​ឈ្នួល​នោះ​ហូរឈាម​ស្រោច​ខ្លួន បើ​ទោះ​គាត់​សុំទោស​យ៉ាងណាក៏ដោយ​។ គ្នូ​ច និង ក្មេង​ដទៃទៀត​នៅក្នុង​ភូមិ​បានឃើញ​ព្រឹត្តិការណ៍​នេះ ដែល​ធ្វើ​ឲ្យ​គាត់​ចាប់អារម្មណ៍​អ្នកក្រ​តាំងពី​នោះមក​។
.​បន្ត​ការសិក្សា​នៅ​ប្រទេស​ថៃ​
​នៅ​ឆ្នាំ​១៩៤១ ប្រទេស​ថៃ​នៅក្រោម​ការគ្រប់គ្រង​រប​ស់​នាយករដ្ឋមន្ត្រី ភិ​ប៊ុន សង្គ្រាម​។ ថៃ​បាន​គ្រប់គ្រង​ប្រទេស​កម្ពុជា ដែល​ពេលនោះ​ថៃ​មាន​ប្រជាធិបតេយ្យ​បន្តិចបន្តួច​ប៉ុណ្ណោះ ប៉ុន្តែ​វា​គឺជា​ប្រទេស​ឈ្លានពាន​វាតទី​ទឹកដី ប៉ុន្តែ​នៅ​គ្រាន់បើ​ជាង​បារាំង​បន្តិច​។ ដូចនេះ​អ្នកស្រុក​ខ្លះ​សប្បាយចិត្ត​ដែរ ព្រោះ​មាន​សិទ្ធិសេរីភាព​បន្តិចបន្តួច​។ នួន ជា បាន​ទៅ​បន្ត​រៀន​នៅ​ប្រទេស​ថៃ​ឆ្នាំ​១៩៤២ ដោយ​ស្នាក់អាស្រ័យ​នៅ​វត្ត​។ គាត់​ត្រូវបាន​ប្តូរ​ឈ្មោះ​ដែលមាន​នាមត្រកូល រុង​ឡឺត ឡៅ​ឌី​។ គាត់​ចេះតែ​ព្រួយ​ខ្លា​ចរៀន​មិនទាន់​គេ​។ ឡៅ​ឌី ចាប់ផ្តើម​រៀន​ថ្នាក់​ទី​៥ ដោយ​រៀន​ជា​ភាសា​ថៃ​។


​ ​បន្ទាប់មក ឡៅ​ឌី បាន​ប្រឡង​ចូល​ត្រៀម​មហាវិទ្យាល័យ​ធម្ម​សាធ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​។ គាត់​ត្រូវ​រៀន​នៅ​ថ្នាក់​ត្រៀម​រយៈពេល​ពីរ​ឆ្នាំ​សិន មុននឹង​ចូលរៀន​នៅ​មហាវិទ្យាល័យ ហើយក៏​ស្ថិតនៅ​ក្នុងអំឡុង​ពេលដែល​សង្គ្រាម​ចាប់​ផ្ទុះឡើង​ដែរ​។ នៅក្នុង​ថ្នាក់​មានតែ​គាត់​ម្នាក់​ទេ ដែលជា​ខ្មែរ​មកពី​ខេត្តបាត់ដំបង​។​កាលពីដើម​គាត់​ចង់​រៀន​ពេទ្យ​ព្រោះ​គាត់​គិតថា​រៀន​ពេទ្យ​ដើម្បី​បម្រើប្រជាជន ប៉ុន្តែ​គ្រួសារ​របស់គាត់​មិនមាន​ប្រាក់​គ្រប់គ្រាន់ ដូ​ចេះ្ន​គាត់​ក៏​ផ្លាស់ប្តូរ​ចិត្ត​វិញ​។ គាត់​គិតថា នៅពេល​គាត់​ចូល​ជា​និស្សិត​នៅ​សាកលវិទ្យាល័យ​ធម្ម​សាធ គាត់​អាច​ធ្វើការ​ផង និង​រៀន​ផង ដែល​អាច​ឲ្យ​គាត់​មាន​ប្រាក់​សម្រាប់​ផ្គត់ផ្គង់​ការរៀនសូត្រ​និង​ការរស់នៅ​។ ឡៅ​ឌី ចាប់ផ្តើម​មានគំនិត​ប​ដិ​វត្ត​ន៍​ពេល​រៀន​ត្រៀម​នេះ ព្រោះ​គាត់​មាន​មិត្តភក្តិ ហើយ​គាត់​បានចាប់ផ្តើម​អាន​កាសែត​ចម្រើន និង​កាសែត​កុម្មុយនីស្ត​ជាដើម​។

នួន ជា និង ព្រំ ផល្លា នៅ​អំឡុងពេល​សវនាការ​


​ ​ឡៅ​ឌី បាន​អាន​កាសែត​ក្រុម​ចម្រើន ហើយក៏​បានភ្ញាក់រឭក​យល់​អំពី​ការជិះជាន់​។ ក្នុងចំណោម​នោះ គាត់​បាន​ចាប់អារម្មណ៍​ទៅលើ​សៀវភៅ​ដែល​សរសេរ​ដោយ ប្រ​សឺត សាប់​ធឺ​ថន​។ ប៉ុន្តែ​គាត់​មាន​អារម្មណ៍​សោកស្តាយ​ដោយសារតែ​ក្រោយមក ប្រ​សឺត សាប់​ធឺ​ថន បានក្លាយ​ទៅជា​ជន​សេរីនិយម​។ ការអាន​ទាំងនេះ​ជា​មូល​ហេតុដែល​គាត់​មិនសូវ​បាន​រៀន​ប៉ុន្មាន​ទេ គឺ​គាត់​ច្រើនតែ​ដើរ​ស្តាប់​គេ​ធ្វើ​សុន្ទរកថា ជ្រើសរើស​តំណាងរាស្ត្រ​។ ចាប់ពីពេលនោះ​មក​បរិ​យា​កាស​នយោបាយ​បានចាប់ផ្តើម​ក្នុង​គំនិត​របស់គាត់​។


​ ​តាម​ដែល​គាត់​ចាំ ពេល​ប្រឡង​ចូល​មហាវិទ្យាល័យ មាន​ប្រឡង​តែងសេចក្តី​អំពី​ការវិវឌ្ឍ​នៃ​សង្គមមនុស្ស​។ គាត់​បាន​សរសេរ​អំពី​ការវិវឌ្ឍ​របស់​សង្គម​ពី​សម័យ​សង្គម​កុម្មុយនីស្ត​បុរាណ ដែល​បានក្លាយ​ទៅជា​សម័យ​សក្តិ​ភូមិ រួច​បន្តទៅ​សង្គម​នាយទុន និង​ទៅ​សង្គមនិយម ហើយ​ទីបំផុត​ទៅជា​សង្គម​កុម្មុយនីស្ត​។ គាត់​វិភាគ​របស់គាត់​គឺ​ផ្អែកទៅលើ​ការ​វិវឌ្ឍន៍​សង្គម​ទូទៅ​។ គាត់​បានសរសេរថា សង្គម​កុម្មុយនីស្ត​បុព្វកាល​គឺថា​អ្វីៗ​រួមទាំង​អស់ និង​គ្រប់គ្រង​ដោយ​មេកន្ទ្រាញ​ទាំងអស់​។ បើ​និយាយ​ពី​ជីវភាព​ប្រជាជន គឺ​សាហាវ​ណាស់​។ វា​ផ្តាច់ការ​ខ្លាំងណាស់​តែ​បាន​ម្ហូប​មក គឺ​ចែកគ្នា​ស៊ី​អស់ អត់​ចេះ​ទុកដាក់​ទេ​។ បន្ទាប់មក​បាន​មនុស្ស​វិវឌ្ឍន៍​ទៅ​ចេះ​ធ្វើ​ពលកម្ម​។ ដូចនេះ​ពលកម្ម​វា​ជា​មូលដ្ឋាន​នៃ​ការ​វិវឌ្ឍន៍​សង្គមមនុស្ស ដល់​មនុស្ស​ចេះ​ធ្វើ​ពលកម្ម​ធ្វើ​ឲ្យ​ការ​បង្កបង្កើនផល​រីកចម្រើន ដែល​នាំ​ឲ្យ​ចេះ​រក្សាទុក​ភោគផល និង​បន្ទាប់មក​ទៅជា​ឯកជន ដែល​បន្ត​មកវា​ជា​របប​សក្តិភូមិ​ដែល​វា​វិវឌ្ឍន៍​ទៅជា​របប​នាយទុន ដែលមាន​ការលក់ដូរ ដែល​បង្កើត​អ្នកមាន អ្នកក្រ ដែលជា​ហេតុ​នាំ​ឲ្យ​មាន​ការចែក​វណ្ណៈ​ដែរ គឺ​វណ្ណៈ​ទាសករ និង​វណ្ណៈ​សក្តិភូមិ​។ នៅពេល​សង្គម​នាយទុន​មាន​រោងចក្រ វា​នាំទៅដល់​សេរី​។ ដល់​រួច​ទៅ សង្គម​នាយទុន​វា​កាន់តែ​ចម្រើន​ឡើង​ទៅជា​សង្គមនិយម គឺ​រួម​ស្មើគ្នា អ្នកធ្វើ​តិច បាន​ហូប​តិច អ្នកធ្វើ​ច្រើន​បាន​ហូប​ច្រើន អ្នក​មិន​ធ្វើ​អត់​ហូប​។ រួច​ដល់​សង្គមនិយម​វា​ចម្រើន ទៅជា​សង្គម​កុម្មុយនីស្ត​ដែល​រួម​ទាំងអស់​។


​សង្គម​សង្គមនិយម​ប្រមូល​ដីស្រែ​ទាំងអស់​មក​ធ្វើ​រួមគ្នា​ជា​សហករណ៍ សង្គម​នេះ​ស្ទើរតែ​អស់​វណ្ណៈ​ទៅហើយ​។ វណ្ណៈ​ជិះជាន់​កាន់តែ​ទ្រោម ហើយ​រួច​បាន​ក្លាយជា​កុម្មុយនីស្ត​។ កុម្មុយនីស្ត​នេះ​គាត់​មិនដឹង​ទេ ព្រោះ​កាលពី​អំឡុងពេល​កម្ពុជា​ប្រជាធិបតេយ្យ​មានឈ្មោះ បក្ស​កុម្មុយនីស្ត​មែន ប៉ុន្តែ​ទៅ​មិនទាន់​ដល់​កុម្មុយនីស្ត​នៅឡើយ​ទេ ព្រោះ​មិនទាន់​សម្រេច​បដិវត្តន៍​ប្រជាជាតិ​ប្រជាធិបតេយ្យ ដូចនេះ​គេ​ហៅថា ជា​សង្គម​ប្រជាធិបតេយ្យ​ប្រជាជន​។ ចំពោះ​ប្រជាធិបតេយ្យ វា​មាន​ប្រជាធិបតេយ្យ​របស់​ប្រជាជន និង​ប្រជាធិបតេយ្យ​របស់​អភិជន ប៉ុន្តែ​សម័យ​របស់គាត់​មានតែ​ប្រជាធិបតេយ្យ​ប្រជាជន ដែលជា​សម័យ​នៅ​ចន្លោះ​សក្តិភូមិ និង​សង្គមនិយម​។


​នួន ជា បាន​ប្រឡង​ជាប់​ចូលរៀន​ផ្នែក​ច្បាប់​នៅ​មហាវិទ្យាល័យ​ធម្ម​សាធ ប៉ុន្តែ​គាត់​មិនបាន​បញ្ចប់​ការសិក្សា​របស់គាត់​សូម្បីតែ​ឆ្នាំ​ទី​១ ដោយសារតែ​គាត់​បានសម្រេច​ចិត្ត​ចូលរួម​ក្នុង​ចលនា​ក​ម្មុយ​នី​ស្ត​។​

នួន ជា (​រូប​ខាងឆ្វេង​) ជាមួយ​មេដឹកនាំ​ខែ្មរ​ក្រហម​


.​ចាប់ផ្តើម​ការងារ​
​នួន ជា បាន​ប្រាប់ថា ជីវិត​របស់គាត់​ធម្មតា ដូច​មិនមាន​មោទកភាព​អី​ច្រើន​ទេ តែ​ពេល​កំពុង​រៀន គាត់​ក៏​រក​ការងារ​បានធ្វើ​ភ្លាម ដូច្នេះហើយ​ក្នុងពេល​ដំណាលគ្នា​គាត់​រៀន​ផង ធ្វើការ​ផង​។
​ដំបូង​ឡើយ​គាត់​ធ្វើការ​ខាង​ធារាសាស្ត្រ ប៉ុន្តែ​គាត់​ពិនិត្យ​មើលទៅ​វា​មិន​ទាក់ទង​នឹង​មុខវិជ្ជា​ច្បាប់ ដូច្នេះហើយ​គាត់​ក៏​សម្រេចចិត្ត​លាឈប់​បន្ទាប់ពី​ធ្វើការ​បាន​រយៈពេល​តែមួយ​ខែ​។ ការងារ​ដំបូង​នោះ​ភាគច្រើន​គាត់​សរសេរ​សារាចរ លិខិតស្នាម​តិចតួច និង​ពិនិត្យ​កន្លែង​ណា​ត្រូវការ​ទឹកជា​ដើម​។ គាត់​ធ្វើការ​នេះ គឺ​គ្រាន់តែ​ចង់បាន​ប្រាក់ខែ​ប៉ុណ្ណោះ ព្រោះ​មិនត្រូវ​ជំនាញ​របស់គាត់​ដែលជា​និ​សិ​ត្ស​ច្បាប់​។ បន្ទាប់មកទៀត គាត់​ក៏​ប្រឡង​ចូលធ្វើការ​នៅ​ក្រសួង​ហិរញ្ញវត្ថុ​ខាង​ក្រុម​បញ្ជី​កណ្តាល​។ បន្តធ្វើ​ការ​នៅ​ទៅនោះ​បាន​បី​ខែ​គាត់​ក៏​ឈប់​ទៀត​។ គាត់​គ្រប់គ្រង​បញ្ជីចំណាយ​មកពី​គ្រប់​ខេត្ត​។ គាត់​ចាប់ផ្តើម​ហត់នឿយ​ជាមួយ​ការងារ​នេះ​ដែល​ទាក់ទង​នឹង​តួលេខ ហើយ​ដែល​មិន​ទាក់ទង​នឹង​មុខវិជ្ជា​ច្បាប់​របស់គាត់​។ នៅក្នុង​អំឡុង​ពេលនោះ គាត់​បាន​សិក្សា​នៅ​វត្ត​រយៈពេល​បី​ខែ​។ បន្ទាប់ពី​សិក្សា​នៅ​វត្ត និង​ធ្វើ​ការងារ ក៏មាន​សេចក្តីប្រកាស​ពី​ក្រសួងការបរទេស ដូច្នេះ​គាត់​ក៏​ឈប់​ពី​ការងារ​នៅ​ខាង​ក្រសួង​ហិរញ្ញវត្ថុ ហើយ​បាន​ប្រឡង​ទៅធ្វើ​ការ​នៅ​ក្រសួងការបរទេស​វិញ​។​


​ ​ពេលធ្វើការ​ចុងក្រោយ​គឺ​នៅ​ក្រសួងការបរទេស គេ​ចាត់​ឲ្យ​គាត់​រៀបចំ​ឯកសារ ដោយ​ទទួលខុសត្រូវ​ខាង​ផ្នែក​ឥណ្ឌូចិន បូករួម​មួយទៀត​។ ពេលនោះ​គាត់​បាន​យល់ដឹង​យ៉ាងច្រើន​ពី​គំនិត​ជាតិនិយម​តាមរយៈ​ការងារ​របស់គាត់​។ ថ្ងៃមួយ​គាត់​បាន​ជួប​ឯកសារ​មានការ​រាយការណ៍​ពី​ខាង​ទូត​ខ្មែរ​អំពី​បារាំង​បាញ់​ប្រជាជន​លាវ នៅ​ទន្លេមេគង្គ ហើយ​មក​បាញ់​ប្រជាជន​ខ្មែរ​ទៀត​។ គាត់​ឈឺចិត្ត និង​បាន​គិតថា ប្រទេស និង​ប្រជាជន​ខ្លួន​ត្រូវបាន​គេ​ធ្វើបាប ហេតុដូច្នេះ​ហើយ​គាត់​កើត​គំនិត​ថា​តើ​គាត់​ធ្វើការ​នៅទីនេះ​បម្រើ​អ្នកណា​? គឺ​បម្រើ​តែ​វណ្ណៈ​កាន់អំណាច​តែ​ដដែល​។ ដូច្នេះ​គំនិត​គាត់​បាន​ចែកចេញជា​ពីរ ទីមួយ គឺ​បួស​រហូត​។ ទី​ពី​របើ​បួស​ដោះស្រាយ​បានតែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​តែប៉ុណ្ណោះ ក៏ប៉ុន្តែ​បើ​ទៅ​តស៊ូ​រំដោះជាតិ គាត់​អាច​បម្រើប្រជាជន​បាន​ច្រើន​។ គួបផ្សំ​គាត់​មើល​កាសែត​ឃើញ​លទ្ធិកុម្មុយនីស្ត​ល្អ​នៅ​ឆ្នាំ​១៩៤៩ និង​ចិន​កុម្មុយនីស្ត​កំពុង​ឡើងកាន់​អំណាច​ផង គាត់​ក៏​សម្រេចចិត្ត​តែម្តង ប៉ុន្តែ​នៅ​ប្រទាញប្រទង់​គ្នា​រវាង​ប្រយោជន៍​ផ្ទាល់ខ្លួន ព្រោះ​គាត់​ធ្វើការ​នៅ​ក្រសួងការបរទេស​នោះ ទិសដៅ​របស់គាត់​គឺ​ចង់​ធ្វើ​ការងារ​ខាង​ទូត​។ គិត​យូរ​ទៅ​គាត់​បានសម្រេច​ចិត្ត​តែម្តង​គឺ​លាឈប់​ធ្វើការ​ពី​ក្រសួងការបរទេស ហើយ​ចេញ មក​ទាក់ទង​ជាមួយ​បក្ស​ថៃ ដើម្បី​ទៅ​តស៊ូ​រំដោះជាតិ​របស់គាត់​។ បន្ទាប់មក​បាន​បក្ស​ថៃ​បាន​ទាក់ទង​ជាមួយ​បក្ស​វៀតណាម​។ គាត់​ចូលមក​ស្រុក​ខ្មែរ​ដំបូង​នៅ​ឃុំ​តា​សាញ ស្រុក​សំឡូត នៃ​ខេត្តបាត់ដំបង​។


​គោលការណ៍​បក្ស​កុម្មុយនីស្ត​ថៃ​កាលនោះ គឺ​ប្រឆាំងនឹង​ប្រទេស​ណា​ដែល​ឈ្លានពាន និង​ប្រឆាំង​របប​សក្តិភូមិ ដើម្បី​កសាង​ប្រទេស​ពី​សង្គមនិយម​ទៅ​កុម្មុយនីស្តនិយម​។ បក្ស​នេះ​ធំ​ដែរ គឺ​តាំងពី​សម័យ​ជប៉ុន​ប៉ុន្តែ​បក្ស​នេះ​គ្មាន​មូលដ្ឋាន​តាម​ជនបទ មិនបាន​ចុះ​ជនបទ​។ ដល់ពេល​វណ្ណៈ​កាន់អំណាច មានការ​បង្ក្រាប​ចាប់​ខ្ទេចខ្ទី​អស់ ដូច​នៅ​ឥណ្ឌូនេស៊ី​អញ្ចឹង​ដែរ​។ នួន ជា បាន​ពិសោធន៍​នេះ​យកមក​គិតថា បើ​គ្មាន​កសិករ​គឺ​ទៅ​មិន​រួច​ទេ​។ គាត់​បាន​ប្រៀបធៀប​ស្ថានការណ៍​របស់​ថៃ និង​ស្រុក​ខ្មែរ ដើម្បី​បង្កើត​មាគ៌ា​រំដោះជាតិ​យ៉ាងម៉េច​?​។ នេះ​គឺជា​ទិសដៅ​របស់គាត់​។ គាត់​បាន​បន្ត​អាន​សៀវភៅ​កុម្មុយនីស្ត ដែល​ភាគច្រើន​និយាយ​អំពី​លទ្ធិ​ម៉ាក្ស​-​លេនីន និង ម៉ៅ សេទុង​។ សៀវភៅ​មួយ​ដែល​គាត់​ចាប់អារម្មណ៍ គឺ​ការបន្ទន់​សតិអារម្មណ៍​របស់​ជន​កុម្មុយនីស្ត​ដែល​និពន្ធ​ដោយ លីង សៅ​ស៊ី អតីត​ប្រធានាធិបតី​ចិន ដែល​ត្រូវបាន​គេ​ចាប់ខ្លួន​ដោយ​ចោទថា គាត់​សើរើ​និយម ប៉ុន្តែ​ក្រោយមក​បាន​ដោះលែង​គាត់​វិញ​។ ចំណុច​ដែល​ល្អ​ហើយ​គាត់​ចាប់អារម្មណ៍ គឺ​ការ​កម្ចាត់​ភាព​បុគ្គលនិយម ហើយ​គិតគូរ​រួម ប៉ុន្តែ​សៀវភៅ​គាត់​ត្រូវបាន​គេ​រិះគន់ថា មិន​និយាយ​ពី​វណ្ណៈ​។ កម្ចាត់​ធាតុ​បុគ្គលនិយម​មានន័យថា កម្ចាត់​ផលប្រយោជន៍​ផ្ទាល់ខ្លួន កុំ​ឃើញតែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន កុំ​មានតែ​អញ​។ បើ​មាន​អញ មានខ្លួន​អញ ។​បើ​មានខ្លួន​អញ​មានកម្ម​សិទ្ធិ អាហ្នឹង​គេ​ហៅថា អញ​និយម គិតតែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន មិន​គិតដល់​ផលប្រយោជន៍​ជាតិ​។ ស្អី​ក៏​អញ ដើម្បី​ផលប្រយោជន៍​អញ មុខមាត់​អញ កិត្តិយស​អញ​។ គេ​ថា​ឲ្យ​អញ គេ​សរសើរ​អញ​។ អាហ្នឹង​វា​ចូល​ខាង​សេរីនិយម មិន​គោរព​តាម​ការចាត់តាំង ហើយ​ការសើរើ​និយម​នេះ គឺ​សំដៅ​ដល់​ការមិន​ឈរលើ​កម្មករ​កសិករ ចង់​ឈរលើ​កម្លាំង​បញ្ញាជន ប៉ុន្តែ​លិ​ទ្ធិ​ម៉ាក្ស​-​លេនីន ផ្អែកលើ​កម្មករ​កសិក​រដាច់​ខាត ប៉ុន្តែ​យើង​មិន​ចោល​បញ្ញាជន​អនុ​ធន​ទេ ប៉ុន្តែ​ក្រុម​នេះ​គឺជា​កម្លាំង​រណសិរ្ស​។ ការអាន​សៀវភៅ​ទ្រឹស្តី​នេះ គឺ​គ្រាន់តែ​ជា​ពន្លឺ​ទេ ប៉ុន្តែ​ការអនុវត្ត​ជាក់ស្តែង គឺ​ទៅតាម​សភាព​ការ​ប្រទេស​។ បើ​យកតាម​សៀវភៅ​ម៉ាក្ស​-​លេនីន អាហ្នឹង​គេ​ហៅថា គម្ពីរ​និយម ប៉ុន្តែ​បើ​ចោល​ទាំងអស់​ទៅជា​សេរីនិយម​។ ដូច្នេះ​វា​គ្រាន់តែ​ជា​ពន្លឺ​ដើម្បី​យើង​ប្រៀបធៀប​សភាពការណ៍​ប្រទេស និង​វា​គ្រាន់តែ​ឲ្យ​បានជា​គំនិត​សម្រាប់​ពិចារណា​។ វា​ដូចជា​ទ្រឹស្តី​ព្រះពុទ្ធ​អញ្ចឹង ព្រះពុទ្ធ​គ្រាន់តែ​ឲ្យ​អ្នកឯង​ធ្វើ​ល្អ​អញ្ចឹង ប៉ុន្តែ​រឿង​ធ្វើ​មិនល្អ អាហ្នឹង​ជា​រឿង​របស់​អ្នកឯង​។ ពេលដែល​គាត់​កំពុង​អាន​នោះ គឺ​គាត់​បានឃើញ​ត្រូវ​ទៅនឹង​សភាពការណ៍​ប្រទេស​កម្ពុជា​។


​មាន​ទស្សនា​វ​ដ្តី​មួយ​សរសេរ​ដោយមាន​គូរ​ដើមឈើ​មួយ​មានៈ វៀតណាម លាវ ខ្មែរ ជួយ​គ្នា​ស្រោច​ដើមឈើ រក្សា​ឫស​ដើមឈើ រួច​បានសរសេរថា ទាល់តែ​សាមគ្គី ខ្មែរ វៀតណាម លាវ ទើប​រំដោះជាតិ​បាន​។ ពេលនោះ​គាត់​បានចាប់ផ្តើម​គិត​ហើយ រវាង​គាត់​ជាមួយ​វៀតណាម មិនមាន​ទំ​ទាស់​ទេរ​វាង​បុគ្គល​។ ប៉ុន្តែ​ដល់​ក្រោយមក​គាត់​ទៅ​វៀតណាម ឃើញ​សហព័ន្ធ​ឥណ្ឌូចិន គាត់​ថា មិនមែន​កុម្មុយនីស្ត​ពិតប្រាកដ​ទេ​។ វៀតណាម​តែងតែ​និយាយថា យើង​ធ្វើការ​គ្រាន់តែ​ចែក​បរិវេណ​គ្នា​ប៉ុណ្ណោះ ប៉ុន្តែ​បើតាម​ឥណ្ឌូចិន​យើង​មើលទៅ​គឺ​វា​តែមួយ​ទេ ដល់​អញ្ចឹង​យើង​ចាប់ផ្តើម​ដឹង​ពី​គំនិត​វៀតណាម​។

ប៉ុល ពត (​រូប​ខាងមុខ​) និង នួន ជា​


.​ការតស៊ូ​ដើម្បី​រំដោះប្រទេស​
​នួន ជា ចេញពី​ប្រទេស​ថៃ​នៅ​ឆ្នាំ​១៩៥០ ដោយ​មិនមាន​ភារៈកិច្ច​ជា​កម្មាភិបាល​អ្វី​ទេ គឺ​គ្រាន់តែ​ទទួលខុសត្រូវ​ខាង​ឃោសនា គេ​ហៅថា មន្ទីរ​ឃោសនា​ដែលមាន​ខ្មែរ និង​វៀតណាម ប៉ុន្តែ​វៀតណាម​ជា​អ្នកកាន់កាប់​គ្រប់គ្រង​។ ការងារ​ចម្បង​គឺ​ទៅ​បើក​សាលា​អប់រំ នៅតាម​ភូមិ​ឃុំ អប់រំ​សហគមន៍​នារី​ស្នេហា​ជាតិ អប់រំ​កម្មាភិបាល​ភូមិ​ឃុំ​។ ឯកសារ​អប់រំ​គឺ​អំពី​ការងារ​ប្រាំ​ជំហាន​គឺ ១. ស៊ើបការណ៍ ,២. ឃោសនា ,៣. អប់រំ​, ៤. ចាត់តាំង និង ៥.​ដឹកនាំ​តស៊ូ​។


​ ​ពេលនោះ​គាត់​សង្កេតឃើញថា ទំនាក់ទំនង​រវាង​វៀតណាម ដែល​ទៅជា​មួយ​ខ្មែរ​គឺ​នៅ​ល្អ​ទេ ប៉ុន្តែ​គ្រាន់តែ​វៀតណាម​ព្យាយាម​ធ្វើជា​មេ​លើ​ខ្មែរ​។ ដល់ពេល​ចូលធ្វើ​បដិវត្តន៍​នៅ​ព្រៃ ទើប​គាត់​បានដឹង​កាន់តែច្បាស់​ថា គំនិត​ពីរ​របស់គាត់​កាលពី​ដំបូង​បួស និង បដិវត្តន៍​វា ចែក​ច្បាស់ ហើយ​ដឹងថា​បដិវត្តន៍​គឺជា​គំនិត​ត្រឹមត្រូវ​។
​នៅ​ឆ្នាំ​១៩៥៣ ខាង​មជ្ឈិមបក្ស​វៀតណាម​បានជ្រើសរើស នួន ជា ទៅ​រៀន​នៅ​វៀតណាម​ខាងជើង​។ វៀតណាម​ជ្រើសរើស​គាត់​ដោយសារ​គាត់​មាន​កម្រិតវប្បធម៌​ខ្ពស់ និង​ស្អាតស្អំ លេចធ្លោ​ជាងគេ​។​ចលនា​បដិវត្តន៍​ក្នុងពេលនោះ​គឺ ប្រឆាំងនឹង​បារាំង​ច្រើនជាង​។ ចំណែកឯ​គណបក្ស​សង្គម​រាស្ត្រនិយម​មិនមែន​ជំទាស់​ច្រើន​ទេ ប៉ុន្តែ​គ្រាន់តែ​គិតថា ជា​បរិវារ​របស់​បារាំង​ដដែល ហើយ​បដិវត្តន៍​មិន​ទទួលស្គាល់​ឯករាជ្យ ឆ្នាំ​១៩៥៣ ទេ​។ ការរៀន​នោះ​គឺ​អំពី​ទស្សនៈ​សកលលោក​ចែកជា​ពីរ​កង​គឺ កុម្មុយនីស្ត និង ចក្រពត្តិ​។

ប៉ុល ពត និង នួន ជា អនុ​លេខា​បក្ស​កុម្មុយនីស្ត​កម្ពុជា និង​ប្រធានសភា​តំណាង​ប្រជាជន រងចាំ​ទទួល​គណៈប្រតិភូ​បរទេស នៅ​អាកាសយានដ្ឋានអន្តរជាតិ​ពោធិ៍ចិនតុង​។​


​ក្នុងពេល​កំពុង​រៀន​គាត់​បាន​មើល​លក្ខខណ្ឌ​ក្នុង​បក្ស​ឃើញថា ក្រោយពេល​រំដោះប្រទេស​ទាំងបី​ពី​អាណានិគមនិយម​បារាំង​ហើយ នឹងមាន​ចាត់ចែង​សហព័ន្ធ​ឥណ្ឌូចិន នួន​ជា ភ្ញាក់​ព្រឺ​ត​ពេល​ឃើញ​ដោយ​គិតថា វៀតណាម​ពិតជា​ដឹកនាំ​ជាមិនខាន​។ លេខា​បក្ស ទ្រឹង ជី​ង ឧស្សាហ៍​និយាយថា ខ្មែរ វៀតណាម លាវ ដូចជា​ផ្ទះ​មាន​បី​បន្ទប់​ក្រោម​ដំបូល​តែមួយ​។ ពេលនោះ​ហើយ​ដែល​គាត់​ចាប់ផ្តើម​សង្ស័យ​ពី​ឧបាយកល​របស់​វៀតណាម​។​
​នៅ​ឆ្នាំ​១៩៥៦ នួន ជា បានបញ្ចប់​ការរៀនសូត្រ​នៅ​វៀតណាម ហើយ​បាន​ចូលមក​ស្រុក​ខ្មែរ​។ គាត់​ត្រូវបាន​ណែនាំ​ឲ្យ​ស្គាល់ សា​ឡុ​ត ស ជា​លើកដំបូង​។ សា​ឡុ​ត​ស បាន​ពន្យល់​អំពី​សភាពការណ៍​នៅ​ភ្នំពេញ​។ នួន ជា ចាប់ពីពេលនោះ​មក​ទទួល​ខុសត្រូវ​ទាក់ទង​ខាង​ជនបទ​។ ការកសាង​បក្ស​បានចាប់ផ្តើម​ឡើងវិញ ដោយនៅ​ឆ្នាំ​១៩៦០ មហាសន្និបាត​បានសម្រេច​ជ្រើសរើស ទូ សាមុត ឡើង​ធ្វើជា​លេខា និង នួន ជា ជា​អនុ​លេខា​បក្ស​។
​នៅ​បន្ទាប់ពី​មាន​រដ្ឋប្រហារ​ទម្លាក់​ស​ម្តេច​ព្រះ នរោត្តម សីហនុ ឆ្នាំ​១៩៧០ សម្តេច​បាន​អំពាវនាវ​ឲ្យ​កូនចៅ​ចូល​ព្រៃម៉ាគី ដែល​នេះ​ជាការ​ជួយ​ដល់​ខ្មែរក្រហម​។ ពេលនោះ​ចលនា​បដិវត្តន៍​បាន​អប់រំ​មិត្តៗ​ឲ្យ​ចុះទៅ​មូលដ្ឋាន និង​ចាប់ផ្តើម​វាយយក​អាវុធ​តាម​ប៉ុស្តិ៍ប៉ូលីស​។ ពេលនោះ​ការតស៊ូ​ដោយ​អាវុធ​ចាប់ផ្តើម​ឡើង​ដោយ​ហិង្សា​។


​ ​ក្រោយ​រំដោះ ឆ្នាំ​១៩៧៥ នួន ជា នៅតែមាន​តួនាទី​ជា​អនុ​លេខា​ក្ស​កុម្មុយនីស្ត​កម្ពុជា​ដដែល និង​ត្រូវបានតែងតាំង​ជា​ប្រធានសភា​ប្រជាជន​សម្រាប់​រដ្ឋាភិបាល​កម្ពុជា​ប្រជាធិបតេយ្យ​ពី​ឆ្នាំ​១៩៧៥ ដល់ ឆ្នាំ​១៩៧៩ គឺជា​របប​មួយ​ដែល​ត្រូវបាន​ចោទប្រកាន់ថា បានធ្វើ​ឲ្យ​ប្រជាជន​ប្រមាណ​ជិត​ពីរលាន​នាក់​បាន​ស្លាប់បាត់​បង់ជីវិត​។


.​មូលហេតុ​របស់ នួន ជា
​ ​គាត់​បានលើកឡើង​អំពី​ការស្លាប់​របស់​ប្រជាជន​ថា វា​មាន​បញ្ហា​ពីរ​ដោយឡែក​ពីគ្នា​។ ទីមួយ​គឺ​ការស្លាប់​បាត់បង់​ជីវិត​ប្រជាជន​ស្លូតត្រង់ និង​មួយទៀត​គឺ​ការស្លាប់​របស់​ក្រុម​ក្បត់​នៅក្នុង​បក្ស ដោយសារតែ​ពួកគេ​មិន​ស្ថិតនៅក្នុង​បក្ស​ទៀត​ទេ ព្រោះ​ពួកគេ​បាន​ក្បត់ និង​ត្រូវបាន​ចាត់ទុកថា ជា​ភ្នាក់ងារ​បម្រើ​បរទេស ដែល​ត្រូវតែ​សម្លាប់ចោល​។ គាត់​ក៏​បន្ថែមទៀតថា ប៉ុល ពត ជា​អ្នកសម្រេចចិត្ត​ចុងក្រោយ​សម្រាប់​ការសម្លាប់​នេះ​។ គាត់​ក៏បាន​លើកឡើង​ដែរ​ថា ប៉ុល ពត និង គាត់ មិនដឹង​ច្រើន​ទេ​អំពី​ការសម្លាប់​ប្រជាជន​ស្លូតត្រង់ ក៏ប៉ុន្តែ​គាត់​ទទួលស្គាល់​ការសម្លាប់​កម្មាភិបាល​ក្បត់​។ នៅពេលដែល​ឆ្លើយ​នឹង​សំណួរ​ថា តើ​ជាការ​ត្រឹមត្រូវ​ទេ ក្នុងការ​សម្លាប់​ជន​ក្បត់​? គាត់​បាន​ឆ្លើយថា «​បើ​ថា​ទៅ វា​ថា​ឯង​ឃោរឃៅ ប៉ុន្តែ​យើង​មើល គិត​មើល​អីចេះ សម​មិន​សម មើល​គ្រោះថ្នាក់​ចំពោះ​ជាតិ​ប៉ុនណា​? កុំ​ឲ្យ​មើល​ជា​បុគ្គល​។ បើ​ពួក​អស់ហ្នឹង​នៅ គ្រោះ​ថា្នក់​របស់​ជាតិ​ប៉ុនណា​? ត្រូវ​មើល​អញ្ចឹង​បានឃើញ មើល​ទំហំ​វា អាហ្នឹង​នៅ​នឹង​ទស្សនៈ​។ ទំហំ​វា​ប៉ុនណា​? គ្រោះថ្នាក់​មិនតិច​ទេ​ណា​។ មិនមែន​តូចតាច​ទេ មិនមែន​រឿង​ធម្មតា​ទេ មិនមែន​រឿង​បាត់បង់​ទឹកដី​មួយ​ចំអាម ពីរ​ចំអាម​ឯណា រឿង​បាត់បង់​ទឹកដី​ប្រទេសមួយ​…​ជាតិ​កម្ពុ​ជាមួយ​ទាំងមូល ហើយ​បាត់បង់​រហូត​រាប់​សត​វត្សរ៍ មិន​ងាយ​រើ​ទេ បើ​ពួក​ហ្នឹង​នៅ​។ កូនចៅ​ជំនាន់​ក្រោយ វា​ទៅជា​ស្អី​? រូប​ភាពជា​ខ្មែរ ប៉ុន្តែ​ខ្លឹមសារ​ជា​ស្អី​? អាហ្នឹង​យើង​ត្រូវ​ថ្លឹង​មើល​អាហ្នឹង បាន​ហ៊ាន​វិនិច្ឆ័យ ថា​ការដោះស្រាយ​ហ្នឹង​ត្រូវ​។ ប៉ុន្តែ បើ​មិន​មើល​ឲ្យ​ទូលាយ មើល​ឃើញតែ​ចង្អៀត ឃើញ​ពី​រឿង​អាណិតអាសូរ​គ្នា អាហ្នឹង​អត់​ទេ ប្រទេសជាតិ​ទៅហើយ​» គឺ​មានន័យថា ធ្វើ​ខ្ញុំ​យួន​យូរអង្វែង​។ រហូត​គេ​ក្តាប់បាន​ហើយ ស្មោះត្រង់​នឹង​គេ​ហើយ​។ ដូច្នេះហើយ ដើម្បី​កសាង​សង្គម​មួយ​ថ្មី គឺត្រូវធ្វើ​បដិវត្តន៍ «​គឺ​លុបលាង​អាចាស់​ចោល​ទៅ អ្វីដែល​វា​អន់ថយ​កុំ​យកមក​ធ្វើ​ទៀត គឺ​អ្វីដែល​ថ្មី ដែល​ចម្រើន​យកមក​។ ឯ​ដឹកនាំ​ពីមុន​គឺថា យ៉ាងម៉េច​? របប​ចាស់ គឺ របប​សក្តិភូមិ ក្រាប​លុត ពុករលួយ ពាលា​អាវាសែ ស្រីសំផឹង ស្រី​ញី ស្រីខូច​អី​ពាសពេញ​សង្គម បោកប្រាស់​។ ល្អ​ទេ អាហ្នឹង​? ទៅយក​តាម​ហ្នឹង​បានទេ​? អត់​បានទេ ត្រូវ​ដោះស្រាយ​ឲ្យ​ស្អាត​។ នេះ​ត្រូវ​ដោះស្រាយ​ឲ្យ​ស្អាត មិនមែន​សម្លាប់​ទេ គឺ​កុំ​ឲ្យ​មាន​បញ្ហា​អញ្ចឹង​ទៀត​។ អានេះ​ហៅថា បដិវត្តន៍ គឺ​ប្រើ​ឲ្យ​ទៅ​ចម្រើន​ឡើង​។ ដូច្នេះ មិនមែន​ផ្លាស់​មនុស្ស​ឯណា គឺ ផ្លាស់​របប … មិនមែន​ផ្លាស់ប្តូរ​តែ​មេដឹកនាំ​ទេ គឺ​ផ្លាស់ប្តូរ​សង្គម​តែម្តង គឺ​ឲ្យ​សង្គម​ទៅជា​សង្គម​ចម្រើន សង្គម​ឈានទៅ​សង្គមនិយម គឺថា​រួមគ្នា​រស់ រួមគ្នា​បង្កបង្កើនផល មានអី​ជួយ​ឧបត្ថម្ភគ្នា​ទៅវិញទៅមក កុំ​ឲ្យ​ជិះជាន់​គ្នា គឺ​បានសេចក្តីថា កម្ចាត់​ការជិះជាន់​ក្នុងសង្គម កុំ​ឲ្យ​មាន​វណ្ណៈ​ជិះជាន់​មនុស្ស កុំ​ឲ្យ​មាន​វណ្ណៈ​ជិះជាន់​វណ្ណៈ​។ ទាំងអស់គ្នា​មាន​ហូប មាន​ចុក មាន​ស្លៀក​មាន​ពាក់​ស្មើគ្នា នេះ​បាន​គេ​ហៅថា របប​ស្អាតស្អំ របប​មួយ​ភ្លឺស្វាង របប​មួយ​ដែល​សុខសន្តិភាព​។ នេះ​ជា​ទិសដៅ ប៉ុន្តែ​ទៅ​វា​មិនបាន វា​បំផ្លាញ [​តាម​]​សង្គ្រាម​ចារកម្ម វា​បំផ្លាញ​យើង​ភ្លាម​»​។ ចំពោះ​ការ​កម្ចាត់​គឺ​មានន័យថា «​កម្ចាត់​ធាតុ កម្ចាត់​ចរិត​ដែល​ប្រើ​អំណាច​អាជ្ញា​។ ការកសាង​បក្ស គឺថា កុំ​ប្រើ​អាជ្ញា កុំ​ប្រើ​អំណាច ហើយ​កុំ​ខូច កាច​នឹង​ស្រី​ញី កុំ​វក់​នឹង​ស្រា កុំ​លុយកាក់​។ លុយកាក់​នេះ​ចង់​និយាយ​អំពី​សម្ភារ​។ បើ​សម្ភារ​វា​គ្របដណ្តប់​ហើយ វា​ទៅជា​បុគ្គលនិយម​។ ដូច្នេះ​ការកសាង​ប្រទេស​គឺ​កម្ចាត់​ធាតុ​បុគ្គលនិយម កម្ចាត់​ធាតុ មិនមែន​កម្ចាត់​មនុស្ស​ទេ កម្ចាត់​ធាតុ​បុគ្គលនិយម ធាតុ​អត្តនោម័តិ ធាតុ​អាត្មានិយម​។ ស្អី​ក៏​ខ្លួនឯង​ត្រូវ ស្អី​ក៏​ខ្លួនឯង​ពូកែ ស្អី​ក៏​ខ្លួនឯង​មិន​ខុស​។ អានេះ​ខ្ពស់​ណាស់ ផលប្រយោជន៍​គឺ​ផលប្រយោជន៍​បុគ្គល មិនមែន​គិត​ផលប្រយោជន៍​រួម​ឯណា​»​។ គាត់​បាន​និយាយទៀតថា «​បើ​ទុក​ពួក​ហ្នឹង​បាត់​ប្រទេសជាតិ បាត់​ប្រជាជន ស្លាប់​ប្រជាជន បាត់​ប្រទេស​កម្ពុជា គ្មាន​កម្ពុជា​សល់​ដល់​ឥឡូវ​ហ្នឹង​ទេ​។ អាហ្នឹង​សម្លាប់​ជាតិ​។ ផ្ទាល់ខ្លួន វា​តែងតែមាន​មនោសញ្ចេតនា​អី​ខ្លះ ក៏ប៉ុន្តែ​គាត់​បែងចែក​ផ្ទាល់ខ្លួន​ហើយនឹង​រួម​ច្បាស់​។ បើ​គិត​រួម យើង​យក​ផ្ទាល់ខ្លួន​ជា​មនោសញ្ចេតនា ធ្លាប់​រាប់អាន​គ្នា ធ្លាប់​អី​គ្នា ហើយ​ជាតិ​ទាំងមូល​ត្រូវយក​អ្នកណា​? គាត់​យកជាតិ​ហើយ ឯ​ផ្ទាល់ខ្លួន​ទុក​ដោយឡែក​សិន ដោះស្រាយ​សិន​ទៅ​»​។ គាត់ «​គ្មាន​ការសោកស្តាយ​អី​ទេ ចំពោះ​ការបាត់បង់​ពួក​ហ្នឹង​។ គាត់​សោកស្តាយ​ជាតិ​របស់គាត់​ជាង​។ ជាតិ​គាត់​ប្រឡាក់​ប្រឡូក​អញ្ចឹង​ទៅហើយ គាត់​សោកស្តាយ​ជាង​។ គាត់​ស្តាយ​មាគ៌ា ស្តាយ​គោលជំហរ​របស់​កម្ពុជា​ប្រជាធិបតេយ្យ គាត់​ស្តាយ​ដែល​ពួក​ហ្នឹង​វា​ធ្វើ​ខូច​អស់ហើយ​» ។​


.​នួន ជា តទល់​នឹង​តុលាការ​
​នៅ​ថ្ងៃ​ដំបូង​នៃ​សវនាការ នួន ជា បង្ហាញ​បំណង​ចង់​បំភ្លឺ​ការពិត​ដែល​កើតមានឡើង​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា​ដើម្បី​ប្រវត្តិសាស្ត្រ​មួយ​ដ៏​ត្រឹមត្រូវ​។ គាត់​ចាប់ផ្តើម​ដោយ​រិះគន់ថា តុលាការ​នេះ​មិនមាន​ភាពយុត្តិធម៌​សម្រាប់​គាត់​តាំង​ពីដំបូង​មកម្ល៉េះ ដោយហេតុថា យកតែ​បញ្ហា​មួយចំណែក​ប៉ុណ្ណោះ​មក​ជំនុំជម្រះ​។ គាត់​និយាយថា សត្វ​ក្រពើ​មួយ​ទាំងមូល គេ​យកតែ​ខ្លួន​មក​និយាយ តែ​មិន​យក​ក្បាល និង កន្ទុយ ដែលជា​ផ្នែក​សំខាន់​ក្នុង​ការបម្រើ​ដល់​សកម្មភាព​រាល់ថ្ងៃរ​ប​ស់វា ឬ​ក្នុងន័យ​ម្យ៉ាង​ទៀតថា ឫសគល់ និង​បច្ច័យ​របស់​វា គឺជា​អ្វីដែល​បានកើត​ឡើង​តាំង​ពីមុន​ឆ្នាំ​១៩៧៥ និង ក្រោយ​ឆ្នាំ​១៩៧៩ ដែល​តុលាការ​នេះ​មិន​យកមក​ពិចារណា ។


​តុលាការ​បានសម្រេច​មិន​យក​សំណុំរឿង​ទាំងមូល​មក​ដេញដោល ប៉ុន្តែ​ផ្ទុយទៅវិញ​ដោយ​គិតពី​វ័យ​របស់​ជនជាប់ចោទ តុលាការ​បាន​បំបែក​នីតិវិធី ដោយ​យកតែ​ផ្នែក​នៃ​ការជម្លៀស​ប្រជាជន​នៅ​ដំណាក់កាល​ទី​១ និង​ទី​២ មក​កាត់សេចក្តី​។ នៅពេល​សំណុំរឿង ០០២/០១ ត្រូវបាន​បញ្ចប់​ដោយ នួន ជា ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​អស់​មួយជីវិត តុលាការ​បានរៀបចំ​សំណុំរឿង​តូច​មួយ​ទី​ពីរ​មួយទៀត​គឺ​សំណុំរឿង ០០២/០២ ដែល​គ្រប ដណ្តប់​លើ​អង្គហេតុ ការផ្លាស់​ទីលំនៅ​ប្រជាជន​នៅ​ដំណាក់កាល​ទី​២ ដែល​កម្រិត​ត្រឹម​ការប្រព្រឹត្ត​លើ​ជនជាតិ​ចាម សហករណ៍​ត្រាំកក់ ការដ្ឋាន​ទំនប់​ត្រពាំងថ្ម ការដ្ឋាន​ទំនប់​១​មករា ការដ្ឋាន​សាងសង់​ព្រលានយន្តហោះ​កំពង់ឆ្នាំង មន្ទីរ​សន្តិសុខ​ស​-២១ មន្ទីរ​សន្តិសុខ​ក្រាំង​តា​ចាន់ មន្ទីរ​សន្តិសុខ​អូរ​កន្សែង មន្ទីរ​សន្តិសុខ​ភ្នំ​ក្រោល ការប្រព្រឹត្ត​លើ​ពុទ្ធសាសនិក ការប្រព្រឹត្ត​លើ​ជនជាតិ​ចាម ដោយ​មិន​រួមបញ្ចូល​មន្ទីរ​សន្តិសុខ​ក្រូចឆ្មារ ការប្រព្រឹត្ត​លើ​ជនជាតិ​វៀតណាម ដោយ​មិន​រួមបញ្ចូល​ឧក្រិដ្ឋកម្ម​ដែល​បាន​ប្រព្រឹត្ត​ដោយ​កងទ័ព​បដិវត្តន៍​កម្ពុជា​នៅលើ​ទឹកដី​វៀតណាម និង​ការដាក់​បទបញ្ជា​អំពី​ការ​រៀបការ​។ នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ ២០១៨ អង្គជំនុំជម្រះ​សាលាដំបូង​បានចេញ​សាលក្រម​សម្រាប់​សំណុំរឿង​ចុង​ក្រោយនេះ​ដោយបាន​ដាក់ទោស នួន ជា ឲ្យ​ជាប់ឃុំ​មួយជីវិត​ចំពោះ​រាល់​បទ​ចោទ​ទាំងអស់​។


​នួន ជា បាន​ឆ្លើយតប​ទៅនឹង​សាលក្រម​ដែល​ផ្តន្ទាទោស​គាត់​អស់​មួយជីវិត​ថា «​អត់​អី​ទេ ព្រោះ​ខ្ញុំ​វិភាគ​មុន​ហើយ​មុខជា​ទៅ​ផ្លូវ​ហ្នឹងហើយ​។ ខ្ញុំ​មិន​សោកស្តាយ​ទេ ប៉ុន្តែ​ខ្ញុំ​ឈឺចាប់​ចំពោះ​តុលាការ​នេះ ប៉ុន្តែ​ខ្ញុំ​មិន​អស់សង្ឃឹម​ទេ​។ ពីព្រោះ​ដូច​ខ្ញុំ​ជម្រាប​ប្រាប់​អញ្ចឹង អា​រឿង​ផ្ទាល់ខ្លួន​របស់ខ្ញុំ​មិន​អី​ទេ ប៉ុន្តែ​អា​រឿង​យុត្តិធម៌​ប្រជាជន​ទាំងមូល​នេះ​វា​សំខាន់​សម្រាប់​ប្រទេសជាតិ ព្រោះ​ខ្ញុំ​តែម្នាក់ឯង​មាន​ស្អី​។ ប៉ុន្តែ​តុលាការ​នេះ​វា​ប៉ះពាល់​ដល់​ប្រជាជន យុត្តិធម៌​របស់​ជាតិ​ទាំងមូល​។ យុត្តិធម៌​គ្មានទេ​ក្នុង​សកលលោក ។​យុត្តិធម៌​នៅលើ​អ្នកកាន់អំណាច​។ អ្នកណា​កាន់អំណាច​គេ​ថា​យុត្តិធម៌​។ យុត្តិធម៌​ដើម្បី​អ្នកកាន់អំណាច មិនមែន​យុត្តិធម៌​របស់​ប្រជាជន​ទេ​។ សច្ចធម៌​មាន វា​ជា​ធម៌​មិនចេះ​ស្លាប់​។ យុត្តិធម៌​ប្រែប្រួល​ទៅតាម​អ្នកកាន់អំណាច​។ ដូច្នេះ​ខ្ញុំ​នៅតែ​ថា ខ្លួន​ខ្ញុំ​ស្នេហា​ជាតិ ដឹងថា ខ្ញុំ​ត្រឹមត្រូវ​ព្រោះ​ខ្ញុំ​តស៊ូ​ដើម្បី​ជាតិ ប៉ុន្តែ​អ្នកឯង​អយុត្តិធម៌​មកលើ​ខ្ញុំ ព្រោះ​អ្នកឯង​មានអំណាច​។ អំណាច​របស់​អ្នក​អយុត្តិធម៌​។ ខ្ញុំ​មិន​បដិសេធ​អ្នក​ដែល​រងគ្រោះ​ទេ​។ ខ្ញុំ​និយាយ​តែ​មាគ៌ា​របស់​បក្ស​កុម្មុយនីស្ត​កម្ពុជា គឺ​ធ្វើ​ឲ្យ​អ្នកក្រ​មាន​ហូប មាន​ចុក មាន​ស្លៀក មាន​ពាក់ ឲ្យ​ផុតពី​ការជិះជាន់​។ ខ្ញុំ​ចូលរួម​មរណទុក្ខ​ខាង​ផ្លូវចិត្ត​ជាមួយ​អ្នករងគ្រោះ​។ ខ្ញុំ​មិន​សូម​អភ័យទោស​ទេ ព្រោះ​ខ្ញុំ​គ្មាន​ខុស​អ្វី​។ ខ្ញុំ​ចូលរួម​មរណទុក្ខ​សោកស្តាយ​»​។​


​ ​នួន ជា បាន​ស្លាប់​នៅ​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០១៩​។ សាកសព​របស់គាត់​ត្រូវបាន​បូជា​នៅ​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១៩៕
​កំណត់សម្គាល់ៈ​ព្រំ ផល្លា ចាប់ផ្តើម​បម្រើ​ការងារ​នៅ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ពី​ឆ្នាំ​២០០៣ ដល់ ឆ្នាំ​២០០៧​។ បន្ទាប់មក​បាន​បន្តការងា​រ​នៅ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ក្នុងតួនាទី​ជា​អ្នកគ្រប់គ្រង​សំណុំរឿង និង​អ្នកវិភាគ​ភ័ស្តុតាង​សម្រាប់​ក្រុម​មេធាវី​ការពារ​ក្តី នួន ជា​។​សរន

#