ប្រវត្តិ​សង្ខេប នៃ​កិច្ចព្រមព្រៀង​សន្តិភាព ក្រុងប៉ារីស ២៣ តុលា​

12496
ចែករម្លែក
  • 1
    Share

​ភ្នំពេញ​៖ កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ១៩៩១ គឺជា​កិច្ច ព្រមព្រៀងគ្នា ដែលមាន​ភាគី​ជម្លោះ​កម្ពុជា ចំនួន ៤ បាន​ចុះហត្ថលេខា នៅ​ទី​ក្រុ ង​ប៉ារីស ប្រទេស​បា​រ៉ាង ដើម្បី​បញ្ចប់​សង្គ្រាមស៊ីវិល ដ៏​រុំ​ា​រៃ​នៅ​កម្ពុជា ដែល​បានអូសបន្លាយ អស់​រយៈពេល​ជាង ២ ទសវត្សរ៍​មក ។​

​កិច្ចព្រមព្រៀង ២៣ តុលា នោះឯង​ហើយ ទើប​កម្ពុជា​មានលទ្ធភាព​កសាង​នូវ​របប​មួយ​ថ្មី តាមរយៈ​ការបោះឆ្នោត មាន​រដ្ឋធម្មនុញ្ញ និង​បញ្ចប់​វត្តមាន​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម លើ​ទឹកដី​កម្ពុជា ជាពិសេស​បាន​យាង​ព្រះមហាក្សត្រ​ខ្មែរ ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ចូល​មាតុ​កម្ពុជា​វិញ និង បង្កើត​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២ គឺជា​របប រាជាធិបតេយ្យ អាស្រ័យ​រដ្ឋធម្មនុញ្ញ រហូតមកដល់​សព្វថ្ងៃ ។ ស្មារតី​នៃ​កិច្ចព្រមព្រៀង ២៣ តុលា ត្រូវបាន​បញ្ចូល​ក្នុង​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​កំពុង​ប្រើប្រាស់ សព្វថ្ងៃ​នេះដែរ ។ កិច្ចព្រមព្រៀង ២៣ តុលា បានផ្តល់​ឱកាស​ឲ្យ​កម្ពុជា ស្គាល់​ការវិវឌ្ឍ​ដូច​សព្វថ្ងៃ ។​

​ដោយ​ត្រូវបាន​ទទួលស្គាល់​ជាទូទៅ​ថា ប្រទេស​កម្ពុជា ទទួលបាន​ផលប្រយោជន៍​យ៉ាងច្រើន អនេក​ពី​កិច្ចព្រមព្រៀង​សន្តិភាព ទីក្រុង​ប៉ារីស ប៉ុន្តែ​ក្រុម​អ្នកនយោបាយ​ប្រឆាំង លើកឡើង ជា​ញឹកញាប់​ថា ស្មារតី នៃ​កិច្ចព្រមព្រៀង ២៣ តុលា មិនទាន់​ត្រូវបាន​អនុវត្ត​ឱ្យបាន​ល្អ នៅឡើយ ជាពិសេស​ក្នុង​វិស័យ​នយោបាយ និង​សិទ្ធិសេរីភាព ក្នុងការ​បញ្ចេញមតិ ។​

​ប្រភព​សង្គ្រាម​នៅ​កម្ពុជា​៖
​ជាការ​ពិតណាស់ ជម្លោះ ឬ​សង្គ្រាម​នៅ​កម្ពុជា គឺជា​ការជះឥទ្ធិពល​ពី​សង្គ្រាម​នៅ​ឥណ្ឌូចិន ដែលមាន​មេ​លទ្ធិ​កុ​ម្មុយ​និ​ស្ត និង​លទ្ធិ​សេរី ពោលគឺ​មហាអំណាច​ពិភពលោក និង​ប្រទេស​សម្ព័ន្ធមិត្ត​របស់​ពួកគេ ជា​ប្រភព ។​

​រដ្ឋប្រហារ ដឹកនាំ​ដោយ​លោក​សេនាប្រមុខ លន់ នល់ ទម្លាក់​ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ពី​ព្រះប្រមុខរដ្ឋ កាលពី​ថ្ងៃ​ពុធ ទី​១៨ ខែ មីនា ឆ្នាំ​១៩៧០ បាន​បញ្ឆេះ​ភ្លើង សង្គ្រាមស៊ីវិល ឱ្យ​ឆាបឆេះ​យ៉ាង​រាលដាល​ពាសពេញ​ប្រទេស​កម្ពុជា​។ ដោយមាន​សម្តេច​ឳ នរោត្តម សីហនុ ជា​ព្រះ​ប្រមុខ របប​កម្ពុជា​ប្រជាធិបតេយ្យ ខ្មែរក្រហម បាន​ចូល​កាន់កាប់ ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ។ រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា បាន​ចាប់បដិសន្ធិ​ឡើង នៅ​ថ្ងៃទី​២ ខែ ធ្នូ ឆ្នាំ​១៩៧៨ ហើយ​រណសិរ្ស ២ ធ្នូ បាន​ផ្តួលរំលំ របប​ខ្មែរក្រហម នៅ​ថ្ងៃទី​៧ ខែ មករា ឆ្នាំ​១៩៧៩ ដោយមាន​ការគាំទ្រ​ពី​កងទ័ព​ស្ម័គ្រចិត្ត វៀតណាម ។​

ចាប់ពីពេលនោះ​ទៅ សង្គ្រាម​នៅ​កម្ពុជា ហាក់​ដើរ​ដល់​របត់ ឬ​ដោយសារ ហេតុផល​ថ្មី​មួយទៀត គឺ​សង្គ្រាម​ពេលនោះ ដោយសារ​ជម្លោះ​របស់​ភាគី​ធំៗ​ចំនួន ៤ គឺ​ទី​១. ភាគី​រដ្ឋ​កម្ពុជា ឬ​របប​ក្រុងភ្នំពេញ របស់រ​ណ​សិ​រ្យ ២ ធ្នូ ដែល​មានការ​ជ្រោមជ្រែង​ពី កងទ័ព​វៀតណាម​, ២.​ភាគី​ចលនា​អ្នកតស៊ូ​ខ្មែរ​រាជានិយម​ហ្វ៊ុន​ស៊ុន​ប៉ិច​របស់​សម្តេច សីហនុ​, ៣.​ភាគីរ​ណ​ស្សិ​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ របស់លោក សឺ​ន សាន និង ៤. ភាគី​កម្ពុជា ប្រជាធិបតេយ្យ ខ្មែរក្រហម ។ ភាគី​ទាំង ៣ ឬ​ត្រីភាគី ហាក់​ឈរ​នៅលើ​ទស្សនៈ​ស្របគ្នា ដោយ​ពួកគេ លើក​ហេតុផល​ថា ពួកគេ​ធ្វើសង្គ្រាម​ប្រឆាំង​របប​ក្រុងភ្នំពេញ​គឺ​ដើម្បី​បណ្តេញ កងទ័ព​វៀតណាម ចេញពី​កម្ពុជា​។ ចំណែក​របប​ក្រុងភ្នំពេញ លើក​ហេតុផល​ថា ធ្វើសង្គ្រាម​ប្រឆាំង​ភាគី​ទាំង ៣ ដើម្បី​ទប់ស្កាត់​ការវិល​ត្រឡប់មកវិញ​នៃ​របប​ប្រល័យ ពូជសាសន៍ ។​

គ្រាប់ពូជ នៃសន្តិភាព​៖
​ដោយ​នឿយណាយ​នឹង​សង្គ្រាម ដែល​បាន​បំផ្លិចបំផ្លាញ និង​នាំមក​នូវ​ទុក្ខសោក​វិនាស ព្រាត់ប្រាស់ ហិនហោចខ្លោចផ្សារ ដល់​ប្រជាពលរដ្ឋ អស់​រយៈពេល​ជិត ២០ ឆ្នាំ​មក ក៏មាន​ជំនួប​រវាង​សម្តេចឪ នរោត្តម សីហនុ តំណាង​ឲ្យ​រដ្ឋាភិបាល​ត្រីភាគី និង​សម្តេច ហ៊ុន សែន តំណាង​ភាគី​ភ្នំពេញ នៅ​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ ១៩៨៧ នៅ​ទីក្រុង ហ្វែ​រ​អង់​តា​ដឺ​ន័​រ ប្រទេស​បារាំង ។

​ជំនួប​លើក​ទី​១ នោះ បាន​បើកផ្លូវ​ឱ្យមាន​ជំនួប​ជា​បន្តបន្ទាប់​ទៀត រវាង​ភាគី​ជម្លោះ​ទាំង ៤ ជាពិសេស​រវាង​សម្តេច ហ៊ុន សែន ដែល​កាលណោះ​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​ផង និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស នៃ​រដ្ឋ​កម្ពុជា​ផង និង សម្តេច​ឳ នរោត្តម សីហនុ ។
​តួអង្គ​ដ៏​សំខាន់​មួយទៀត ដែល​គេ​មិនអាច​បំភ្លេចបាន​ក្នុងការ​សម្របសម្រួល​ដំណើរ​ស្វែង រក​សន្តិភាព​ជូន​កម្ពុជា​នេះ គឺ​សម្តេច​ព្រះមហា​ឃោស​ន​ន្ទ គឺជា​ភិក្ខុ​បណ្ឌិត​សង្ឃ​ពុទ្ធសាសនា ដែលមាន​ព្រះនាម​ដើម​ថា វ៉ យ៉ាវ ។​

​ក្រោយពី​ជួបគ្នា​លើក​ទី​១ នៅ​ទីក្រុង ហ្វែ​រ​អង់​តា​ដឺ​ន័​រ នោះមក កិច្ចចរចា​រវាង សម្តេច ហ៊ុន សែន ដែលជា​អ្នកដឹកនាំ​វ័យក្មេង​ជាងគេ ប៉ុន្តែ​ត្រូវបានគេទទួលស្គាល់​ថា ជា​មនុស្ស​វាងវៃ និង​សម្តេច​ឳ នរោត្តម សីហនុ ដែលជា​អ្នកដឹកនាំ​ដ៏​មានបទពិសោធន៍ ត្រូវបាន​ធ្វើឡើង ជា​បន្តបន្ទាប់ រហូត​ឈានដល់​កិច្ចចរចា​រក​សន្តិភាព​ទីក្រុង​ប៉ារីស លើកដំបូង ចាប់ផ្តើម​ជា​ផ្លូវការ នៅក្នុង​ខែសីហា ឆ្នាំ​១៩៨៩ ។

​មួយខែ​ក្រោយមក គឺ​នៅ​ខែកញ្ញា ឆ្នាំ​១៩៨៩ ដដែល​នោះ ការដក​កងទ័ព​វៀតណាម​ចេញពី កម្ពុជា ត្រូវបាន​ធ្វើឡើង ដែល​បានសេចក្តីថា ខាង​ត្រីភាគី គួរតែ​អស់​ហេតុផល​អ្វី ដើម្បី​ធ្វើសង្គ្រាម​ទៀតហើយ ពោលគឺ​សង្គ្រាម​នៅ​កម្ពុជា គួរតែ​ត្រូវ​បានបញ្ចប់​នាពេលនោះ ។
​ពេលនោះ ភាគី​ក្រុងភ្នំពេញ អះអាងថា កងទ័ព​វៀតណាម ដក​ចេញពី​កម្ពុជា អស់ហើយ ប៉ុន្តែ​ភាគី ៣ ផ្សេងទៀត បាន​ទទូចថា កាលរ​លើកឡើង​របស់​របប​ក្រុងភ្នំពេញ គឺជា​ភាព មិ​ស្មោះត្រង់ ពោលគឺ​ពួកគេ​អះអាងថា នៅតែមាន​វត្តមាន​កង​ទ័ព និង​អ្នកជំនាញ ការ​របស់​វៀតណាម នៅ​លើក​ទឹកដី​កម្ពុជា នៅឡើយ ។​

​ហេតុនេះ ទើប​ខាង​ត្រីភាគី មិនបាន​បញ្ឈប់​សង្គ្រាម​ប្រឆាំង​របប​ក្រុងភ្នំពេញ​ឡើយ ទើប​សង្គ្រាម​នៅ​កម្ពុជា នៅតែ​បន្ត ហើយ​ខាង​ភាគី​ក្រុងភ្នំពេញ លើកឡើងថា ខាង​ត្រីភាគី ធ្វើសង្គ្រាម​ប្រឆាំងនឹង​ប្រជាជន​កម្ពុជា​ខ្លួនឯង ហើយ​ថា ខាង​ត្រីភាគី​ប៉ុនប៉ង​នាំយក​របប ប្រល័យពូជសាសន៍ មក​កម្ពុជា​វិញ ។

កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស ២៣ តុលា​៖
​បន្ទាប់ពី​ការធ្វើ​សង្គ្រាម​ប្រឆាំង​គ្នា ទៅវិញទៅមក មិន​ឈ្នះ​មិន​ចាញ់​មួយរយៈ​ទៀត​មក ភាគី​ជម្លោះ​ទាំង ៤ បាន​ព្រម​គ្នា វិល​ចូល​តុ​ចរចា​រក​សន្តិភាព​ម្តងទៀត​នៅ​ឆ្នាំ​១៩៩១ ដោយមាន​ការជំរុញ​ពី​មហាអំណាច​ទាំង ៥ និង មាន​ប្រទេស​ផ្សេងៗ ជា​សាក្សី ។ ទីបំផុត ភាគី​ជម្លោះ​ទាំង ៤ បាន​ឈានដល់​ការចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​សន្តិភាព​មួយ នៅ​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​១៩៩១ ដោយមាន​អគ្គលេខាធិការ នៃ​អង្គការសហប្រជាជាតិ រួម​នឹង​តំណាង​ប្រទេស​ហត្ថលេខី​ចំនួន ១៧ ផ្សេងទៀត ធ្វើជា​សាក្សី ក្នុងនោះ​ប្រទេស​បារាំង និង ឥណ្ឌូនេស៊ី ធ្វើជា​សហប្រធាន នៃ​សន្និសីទ​នោះ​។​

​ជាការ​ពិតណាស់ ការសម្រេចបាន​នូវ​ដំណោះស្រាយ​ជម្លោះ នៅ​កម្ពុជា នាពេលនោះ ត្រូវបាន​គេ​ពណ៌នា​ថា មានការ​លំបាក​យ៉ាងខ្លាំង និង បាន​ចំណាយ​ពេលវេលា​ជាច្រើន​ឆ្នាំ ហើយ​ការសម្រេចបាន​ពេលនោះ គឺ​ដោយសារ​កត្តា​ប្រែប្រួល​ក្នុង​បរិបទ​អន្តរជាតិ ។ អ្វី​ដែលជា​កត្តា​សំខាន់​ជាងគេ​មួយទៀត​នោះ គឺ​ដោយសារ​កិច្ចខិតខំ​ប្រឹងប្រែង ប្រកបដោយ​ទេពកោសល្យ​នយោបាយ របស់​សម្តេចឪ នរោត្តម សីហនុ និង សម្តេច ហ៊ុន សែន ។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ដង្ហែ​សម្តេចព្រះ នរោត្តម សីហនុ ចូល​មាតុប្រទេស​វិញ នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​១៩៩១ ហើយ​កម្ពុជា បានរៀបចំ​ការបោះឆ្នោត​នៅ​ឆ្នាំ​១៩៩៣ រៀបចំ​ដោយ​អង្គការសហប្រជាជាតិ បើទោះបីជា​ភាគី​កម្ពុជា​ប្រជាធិបតេយ្យ ខ្មែរក្រហម មិនបាន​ចូលរួម​ក៏ដោយ ។​

​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ជាការ​ត្រួសត្រាយ​ផ្លូវ​ថ្មី សម្រាប់​កម្ពុជា បញ្ចប់​ទាំង ស្រុង​នូវ​អង្គការ​ចាត់តាំង​នយោបាយ និង​យោធា​របស់​ខ្មែរក្រហម និង​នាំ​សន្តិភាព​ពេញលេញ និង​គ្មាន​ការបែងចែក​ទឹកដី​កម្ពុជា ជា​ពីរ ចាប់តាំងពី​ចុងឆ្នាំ​១៩៩៨ មក តាមរយៈ​នយោបាយ ឈ្នះ​-​ឈ្នះ របស់​សម្តេច ហ៊ុន សែន ។​

​ខ្លឹមសារ​សំខាន់ៗ នៃ កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​៖
​ស្មារតី ឬ​ខ្លឹម​សារសំខាន់ៗ នៃ​កិច្ចព្រមព្រៀង​សន្តិភាព ទីក្រុង ប៉ារីស ២៣ តុលា ១៩៩១ មាន​ជាអាទិ៍ កិច្ចព្រមព្រៀង​លើ​ដំណោះស្រាយ​នយោបាយ​រួម​លើ​ជម្លោះ​ប្រដាប់អាវុធ​នៅ ក្នុងប្រទេស​កម្ពុជា តាមរយៈ​ការអនុវត្ត​កិច្ច​ឈប់​បាញ់​គ្នា និង​ការរំសាយ​អាវុធ នៅក្នុង​ជួរ ទ័ព​នៃ​ភាគី​ជម្លោះ​ទាំងអស់ មាន​អាណត្តិ​របស់​អាជ្ញាធរ​ប​ណ្តោះ​អាសន្ន​របស់​អង្គការ សហប្រជាជាតិ នៅ​កម្ពុជា (​អ៊ុនតាក់ = UNTAC)​រៀបចំ​ការបោះឆ្នោត សកល​មួយ រៀបចំ​បញ្ចូល​មកវិញ​ជនភៀសខ្លួន និង​រៀបចំ​រដ្ឋធម្មនុញ្ញ​ថ្មី​មួយ សម្រាប់​ប្រទេស​កម្ពុជា​។​

​លើសពីនេះ​ទៅ គឺ​ការពារ​ប្រទេស​កម្ពុជា ក្នុងនាម​ជា​ប្រទេស​ពេញសិទ្ធិ​មួយ​តាមរយៈ ការធានា​នូវ​អធិបតេយ្យភាព ឯករាជ្យភាព បូរណភាព​ដែនដី និង​ភាព​ពុំ​អាច​រំលោភ បំពាន​បានឡើយ នូវ​ទឹកដី​អព្យាក្រឹតភាព និង​ឯកភាព​ជាតិ នៃ ប្រទេស​កម្ពុជា ៕ ដោយ​: មេសា​

​សម្តេច​ព្រះមហា​ឃោស​ន​ន្ទ ព្រះនាម​ដើម វ៉ យ៉ាវ គឺជា​តួអង្គ​ដ៏​សំខាន់ ១ ទៀត​ក្នុង​ដំណើរ​ស្វែងរក​សន្តិភាព​ជូន​កម្ពុជា ( ឃោស​ន​ន្ទ )
​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង ប៉ារីស ២៣ តុលា ១៩៩១
​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង ប៉ារីស ២៣ តុលា ១៩៩១
​សម្តេច ហ៊ុន សែន អមដំណើរ​ព្រះករុណា នរោត្តម សីហនុ យាង​ចូល​កម្ពុជា​វិញ ( យាង​ចូល )