ប្រវត្តិ​សង្ខេប អ្នក​សច្ចំ​ភ្នំ​ត្បែង និង​ការសាងសង់​បុស្បុក​សម្រាប់​តម្កល់​រូបសំណាក

1313
ចែករម្លែក
  • 1
    Share

​ព្រះវិហារ​៖ ការតម្កល់​រូប សំណាក​និង​បុស្សបុក​លោកតា​សួង (​អ្នក សច្ចំ​ភ្នំ​ត្បែង​) នៅ​រង្វង់​មូល ស្រុក​គូលែន អាជ្ញាធរខេត្ត​ព្រះវិហារ​ធ្វើឡើង​ក្នុង គោលបំណង ដើម្បី​ទាក់ទាញ​ភ្ញៀវ ទេសចរ និង​ម្យ៉ាងទៀត គឺ​ដើម្បីឱ្យ វិញ្ញាណក្ខន្ធ​លោកតា​មក​សណ្ឋិត​នៅ​ជា មួយ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប ដើម្បី​រស់ នៅ​ជា​ខ្មែរ​តែមួយ​ក្រោម​ម្លប់​សន្តិភាព វឌ្ឍនភាព​ដូច​សម័យ​មហានគរ ។​
​ ​
​មន្ត្រី​រដ្ឋបាលខេត្ត​បានឱ្យដឹងថា ការសាងសង់​បុស្បុក និង​រូបសំណាក លោកតា សួង នេះ​ឡើងជា​គំនិត​ផ្តួចផ្តើម របស់លោក អ៊ុន ចាន់​ដា អភិបាលខេត្ត ព្រះវិហារ ។ ចំណែក​ការ សាងសង់ លោក​បានប្រគល់​ជូន​លោក សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក ជញ្ជូន​ខេត្តព្រះវិហារ​ដឹកនាំ​ការ សាងសង់​ដោយផ្ទាល់​។ ចំពោះ​ថវិកា​នៃ ការសាងសង់ គឺ​បានមកពី​ជំនួយ របស់ លោក អ៊ុន ចាន់​ដា អភិបាលខេត្ត សប្បុរសជន​នានា​នៅក្នុង​ខេត្ត និង​នៅ ជិត​ឆ្ងាយ​ផងដែរ​។​
​ ​
​អ្នក​ខេត្តព្រះវិហារ​ម្នាក់ បានឱ្យដឹងថា​  ៖​កន្លងមកនេះ​មានការ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក និង​យូ​ធូប​មួយ ចំនួន​ដោយ បាន​លើក​ពី​ប្រវត្តិ​របស់​លោកតា​សួង​តែ​ហាក់ដូចជា​មិន​ត្រឹមត្រូវ នោះទេ ។ ប៉ុន្តែ​ក្រោយពី​អ្នក​ខេត្តព្រះវិហារ​ផ្ទាល់ ចងក្រង​និង​ស្រាវជ្រាវ​យ៉ាង​ម៉ត់ចត់ ទើប​ប្រវត្តិ​របស់​លោកតា​សួង ត្រូវបាន លាតត្រដាង​យ៉ាងច្បាស់​និង​ត្រឹមត្រូវ ។

​តើ​លោកតា​សួង ឬ​អ្នក​សច្ចំ​ភ្នំ​ត្បែង មាន​ប្រវត្តិ​និង​ភាព​ល្បី​ល្បា​ញ្ញែ​បប ណា នោះ លោក សំ លាង​ទ្រី ប្រធាន​មន្ទីរ សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះ វិហារ បានឱ្យដឹង​នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា នេះ​ថា លោកតា សួង ព្រះនាម​ដើម ជុក សួង កើត​ថ្ងៃ​អង្គារ ១៥​កើត ខែកត្តិក ឆ្នាំជូត ឆស័ក ពុទ្ធសករាជ ២៤៦៨ ត្រូវ​នឹង​ថ្ងៃទី​១១​ខែវិច្ឆិកា គ្រិស្តសករាជ ១៩២៤​ក្នុង​ត្រកូល​កសិករ នៅ​ភូមិ គូលែន​ជើង ឃុំ​គូលែន​ជើង ស្រុក គូលែន ខេត្តព្រះវិហារ​។ ឪពុក​ឈ្មោះ ពួត ជុក ម្តាយ​ឈ្មោះ អ៊ិន ផាន់ មាន​បង ប្អូន​ប្រាំ​បីនាក់ ។​
​ ​
​នៅក្នុង​គ្រិស្តសករាជ​១៩៤០ ឪពុកម្តាយ​បាន​បញ្ជូន​លោក​ឱ្យទៅ ស្នាក់នៅ​រៀនសូត្រ​ក្នុង​វត្ត គូលែន​ជើង​។ នៅពេល​មាន​អាយុ​១៨​ឆ្នាំ លោក​បាន បួស​ជា​សាមណេរ និង​បាន​បំពេញ​ជា ព្រះ​ភិក្ខុ​ក្នុង​ព្រះជន្ម ២០​ព្រះវស្សា​។ គ្រិស្តសករាជ​១៩៤៥ លោក​បាន​លាចាក​សិក្ខាបទ​មក​ប្រកប របរ​ស្រែចម្ការ ជាមួយ​គ្រួសារ​មួយរយៈ​ក៏​ថ្វាយបង្គំ​លា ឪពុកម្តាយ​ទៅ​បួស​រៀន ជា​អ្នក​សច្ចំ​នៅ លើ​ខ្នងភ្នំ​ត្បែង ចេះ​នូវ​ក្បួន​ហោរាសាស្ត្រ ក្បួន​វេជ្ជសាស្ត្រ​បុរាណ និង​មន្ត អាគម​គាថា ដ៏​ពូកែ​ស័ក្តិសិទ្ធិ​។
​ ​
​ក្នុង​គ្រិស្តសករាជ​១៩៧០ លោក តា សួង បាន​និមន្ត​ចុះ​ពី​ភ្នំ​ត្បែង មក​ផ្សព្វផ្សាយ​ព្រះធម៌ អប់រំ​អ្នកស្រុក​ឱ្យធ្វើ​អំពើ​ល្អ កតញ្ញូ​ចំពោះ​អ្នកមានគុណ ជួយសង្គ្រោះ អ្នកមាន​ទុក្ខភ័យ និង​ជួយ​ព្យាបាល​អ្នក ជំងឺ​។ តាំងពី​ពេលនោះ គុណធម៌​របស់ អ្នក​សច្ចំ​ភ្នំ​ត្បែង បាន​ល្បី​សុស សាយ​គ្រប់ ទិស​ទី រហូតដល់​ព្រះរាជាណាចក្រ​ថៃ​។ លោកតា សួង សុគត​នៅ​ថ្ងៃ​សុក្រ ១០ កើត ខែភទ្របទ ឆ្នាំរោង ទោស័ក ពុទ្ធសករាជ​. ២៥៤៤ ត្រូវ​នឹង​ថ្ងៃទី​៨ ខែកញ្ញា​គ្រិស្តសករាជ​២០០០ នៅ​វត្ត ព្រៃ​ផា​ថា​ណា ស្រុក​ភូ​សិញ ខេត្ត​ស៊ី សាកេ​ត (​ព្រះរាជាណាចក្រ​ថៃ​) ក្នុង​ព្រះ ជន្ម ៧៦​ព្រះវស្សា​។​
​ ​
​ការបាត់បង់​អ្នក​សច្ចំ​ភ្នំ​ត្បែង មហាជន​ប្រុស​ស្រី​មានការ​សោកស្តាយ ជាទីបំផុត​។ ឯ​ការកសាង បដិមា​លោក តា សួង នៅទីនេះ គឺ​ដើម្បី​ឧទ្ទិស ដល់ បុណ្យ​បារមី​របស់​អ្នក​សច្ចំ​ដទៃទៀត ដែល​លោក​តែងតែ​ជួយ​អប់រំ និង​ជួយ សង្គ្រោះ​មនុស្ស​ទូទៅ​ជា​បុព្វហេតុ នាំមក​នូវ​សុខសន្តិភាព យូរអង្វែង​ដល់​សង្គម ជាតិ​កម្ពុជា ៕ ដោយ​: រ៉ា​ម៉ន​