ប្រវត្តិ គុណសម្បត្តិ និង គុណវិបត្តិ​ជុំវិញ​ពិធី ឆេង​ម៉េង​

2687
ចែករម្លែក
  • 79
    Shares

​ដោយៈ មេសា​/​ភ្នំពេញៈ ឆេង​ម៉េង ភាសា​ចិន​ហៅថា ឈី​ង​មីង (QingMing) ឬ​ភាសា​អង់គ្លេស​ថា Tomb Sweeping Day” សំដៅ​ទៅលើ​ពិធី​សែន​ផ្នូរ ពិធី​ជម្រះចិត្ត​ឲ្យ​ជ្រះថ្លា ឬ​ទិវា​សម្អាត​ផ្នូរ​ជូន​ដូនតា ឬ​ឪពុកម្ដាយ ដែល​បាន​ចែក​ឋាន​ទៅ គឺ​ប្រហាក់ប្រហែល​ទៅនឹង​ប្រពៃណី​ខ្មែរ​បង្សុកូល​ចេតិយ ឬ បង្សុកូល​ផ្នូរ ឬ ធាតុ​ជីដូន​ជីតា ឪពុកម្តាយ និង សាច់ញាតិ​ដែល​បាន​ស្លាប់​ទៅហើយ​ដូច្នេះ​ដែរ ។ ឆេង​ម៉េង ឬ សែន​ផ្នូរ គឺជា​ពិធី​ប្រពៃណី មិនមែនជា បុណ្យ ឡើយ ។​

​ឆេង​ម៉េង ឬ សែន​ផ្នូរ មាន​ប្រវត្តិ​ដ៏​យូរលង់​ណាស់​មកហើយ​ក្នុងប្រទេស​ចិន គឺ​ប្រមាណ​ជាជាង​ពីរពាន់​ឆ្នាំ​មកហើយ នៅក្នុង​រជ្ជកាល ចូ​វ និង​ត្រូវបាន​នាំចូល​កាន់​ប្រទេស​កម្ពុជា​តាមរយៈ​ចិន​មក​រស់នៅ ស្រុក​ខ្មែរ ។ ជនជាតិ ចិន ឬ អ្នក​ជាប់​ស្រ​ឡាយ​ចិ និយម​សែន​នៅ​ផ្នូរ​អ្នកមានគុណ ដែល​ចែក​ឋាន​ទៅ ក្នុង​គោលបំណង បួងសួង​សុំ​សេចក្ដីសុខ​ចម្រើន រកស៊ី​មានបាន និង ឡើងបុណ្យស័ក្ដិ​។​

រូប​ឯកសារ

​ប្រវត្តិ​ពិធី​ឆេង​ម៉េង ឬ ពិធី​សែន​ផ្នូរ​

​មានរឿង​ដំណាល​ថា មានព្រះអង្គ​ម្ចាស់​មួយអង្គ​ព្រះនាម វិ​ន (Wen) នៃ រាជវង្ស ចូ​វ និង​អ្នកបម្រើ​ឈ្មោះ ជី ហ្សី​ទួ​យ (Jie Zitui) បាន​រត់គេច​ពី​សង្គ្រាម វង្វេង​ចូលទៅ​ក្នុងព្រៃ ។ ដោយ​គ្មាន​អាហារ​បរិភោគ​អស់​ជាច្រើន​ថ្ងៃ និង​បារម្ភ​ខ្លាច​ចៅហ្វាយ​ខ្លួន​ឃ្លាន ជី ហ្សី​ទួ​យ ក៏​ចៀរ​សាច់​ភ្លៅ​របស់ខ្លួន​មក​ធ្វើ​ម្ហូប ។ ព្រះអង្គម្ចាស់ វិ​ន សន្យាថា​នឹង​ផ្ដល់​រង្វាន់​ដល់ ជី ។

​ក្រោយមក​ព្រះអង្គម្ចាស់ វិ​ន បាន​ធ្វើជា​ស្តេច ក៏​ហៅ ជី ឱ្យទៅ​រស់នៅក្នុង​រាជវាំង ឬ ក៏​នឹង​ផ្តល់​ទ្រព្យសម្បត្តិ​ឋានៈ​ឱ្យ ។ ប៉ុន្តែ ជី ដឹងថា ជីវ​ភា​ក្នុង​រាជវាំង​មាន​ភាពស្មុគស្មាញ​ណាស់ ហើយ​បើ​ទទួលយក​ទ្រព្យ​សម​ប្ប​ត្តិ​អ្វី​ពី​ព្រះរាជា វិ​ន នោះ គាត់​មុខជា​នឹង​ជំពាក់​គុណ​ព្រះរាជា ។ ម្យ៉ាង​គាត់​ក៏​ចង់​ផ្តល់​ជា​គំរូ​ដល់​ជនានុជន​ទាំងឡាយ​ថា ការជួយ​យកអាសា​ព្រះរាជា​គឺជា​កាតព្វកិច្ច​របស់​ម​នុស្ស​គ្រប់រូប មិនមែន​ជួយ​ក្នុង​បំណង​យក​អ្វី​មកវិញ​ឡើយ ។​
​ដោយហេតុ​នោះ ជី បាន​នាំ​ម្ដាយ​ទៅ​រស់នៅក្នុង​ព្រៃភ្នំ ។ ព្រះរាជា វិ​ន បាន​ឱ្យគេ​ទៅតាម​ហៅ ជី ជាច្រើន​ដង ប៉ុន្តែ ជី នៅតែ​មិន​ព្រម​ចេញពី​ព្រៃ ។ ព្រះរាជា រិត​តែ​សព្វព្រះទ័យ​នឹង​ភាពមិន​លោភលន់​របស់ ជី ចង់បាន​មនុស្ស​ដូចជា ជី មក​នៅ​ជិត​ព្រះអង្គ​ផង នឹក​ខ្ញាល់​ខ្លះ​ផង ក៏បាន​បញ្ជា​អោយគេ​ដុត​ព្រៃ​ដែល ជី សំងំ​លាក់ខ្លួន ក្នុង​គោលបំណង​ឲ្យ ជី បង្ហាញខ្លួន​។ ប៉ុន្តែ​ជា​អកុសល ព្រៃ​បាន​ឆេះ​សន្ធោសន្ធៅ រហូត ជី ចេញ​មិន​រួច ក៏​ស្លាប់​ក្នុង​ភ្នក់ភ្លើង​នោះ​តែម្ដងទៅ​។​

 

​ព្រះរាជា វិ​ន មាន​វិប្បដិសារី​យ៉ាងខ្លាំង​ចំពោះ​រឿង​នោះ ក៏​ចេញ​បញ្ជា​ឱ្យគេ​ពូន​ផ្នូរ ជី នៅ​ទីនោះ ហើយ​ហាម​មិន​ឲ្យ​អ្នកភូមិ​ប្រើប្រាស់​ភ្លើង និង​បរិភោគ​តែ​អាហារ​ត្រជាក់​ចំនួន​បី​ថ្ងៃ ដើម្បី​កាន់ទុក្ខ​ដល់​វិញ្ញាណក្ខន្ធ ជី ។ មិនតែប៉ុណ្ណោះ ព្រះអង្គ បានចេញ​បញ្ជា​ឱ្យគេ ទៅ​បោសសម្អាត​ផ្នូរ និង សែនព្រេន​ដល់​ផ្នូរ​របស់​ជី ជា​ហូ​ហែ ជាពិសេស​ដល់​ខួប​មរណៈ​របស់ ជី ។ តាំងពី​ពេលនោះ​មក ប្រពៃណី​សែន​ផ្នូរ​គោរព​ដូនតា​ក៏​ចាប់កំណើត​ឡើង​រហូតដល់​សព្វថ្ងៃ ។


​របៀប​ធ្វើ​ពិធី​ឆេង​ម៉េង


​ពិធី​សែន​ផ្នូរ ឬ ឆេង​ម៉េង នេះ តាម​ប្រពៃណី​ចិន គេ​ធ្វើ​រយៈពេល​មួយ​សប្តាហ៍ ដោយ​ចាប់ពី​ថ្ងៃទី ០១ ខែ មេសា ។ ទោះយ៉ាងណា មាន​អ្នកខ្លះ​ធ្វើ​នៅមុននេះ ហើយ​ជាទូទៅ ពិធី​សែន​ធំ​គឺ​នៅ​ថ្ងៃទី ០៤ ឬ ទី ០៥ ខែមេសា ជា​រៀងរាល់ឆ្នាំ ។​
​នៅពេល​រដូវ​កាល​សែន​ផ្នូរ​ជិត​ចូល​មកដល់ ឬ ជិត​ដល់​ថ្ងៃ​សែន​ផ្នូរ ជនជាតិ ចិន ឬ អ្នក​ជាប់​ស្រ​ឡាយ​ចិន តែង​តែងតែ​នាំគ្នា​បោសសម្អាត​ផ្នូរ ដោយ​មុនដំបូង​គេ​សម្អាត​ស្មៅ ឬ ព្រៃ ឱ្យ​ស្អាត រួច​ពូន​ជា​ដី​ឱ្យ​ខ្ពស់​ជា​ដី​ធម្មតា គឺ​ពួកគេ​បារម្ភ​ខ្លាច ឫស​ឈើ​ចាក់​ទម្លុះ​មឈូស​ដល់​ខួរក្បាល​របស់​អ្នកស្លាប់ ដែល​ប្រសិនបើ​មាន​បញ្ហា​នោះ​មែន​នោះ ពួកគេ​ជឿថា នឹង​នាំមក​នូវ​គ្រោះកាច​ជំងឺ​តម្កាត់​នានា​ដល់​អ្នក​នៅរស់ ។ បន្ទាប់​គេ​យក​ក្រដាស​ពណ៌​ឆើតឆាយ​ប្រក់​ពី​ផ្នូរ យក​ដី​រោយ​ពីលើ រួច​ស្រោច​ទឹក ដើម្បី​ភាពត្រជាក់ត្រជុំ​ដល់​អ្នក​នៅរស់ ។ បន្ទាប់មកទៀត គេ​សែន​ម្ហូបអាហារ​ទៅតាម​លទ្ធភាព​។​

​តាមពិតទៅ គេ​គប្បី​ដឹង​ច្បាស់​ថា ប្រពៃណី​ជនជាតិ​ចិន​មាន​វប្បធម៌​ប្រហាក់ប្រហែល​នឹង​ប្រពៃណី​ខ្មែរ​ដែរ គឺ​គេ​គោរព​បុព្វបុរស ឬ បុព្វការី​ជន ពោលគឺ​ជីដូន ជីតា និង ឪពុកម្តាយ មីងមា ឬ អ្នកមានគុណ​ជាដើម ហើយ​គោរព​តាំងពី​នៅរស់ រហូតដល់​ស្លាប់ទៅ ក៏​នៅតែ​គោរព ។ ពិធី​សែន​ផ្នូរ ឬ ឆេង​ម៉េង គឺជា​ពិធី​គោរព​បុព្វបុរស​ដែល​បាន​ស្លាប់​ទៅហើយ ។​

​មួយ​វិញ​សោត គេ​ក៏ត្រូវ​ដឹងផង​ដែរ​ថា ប្រពៃណី​របស់​ជនជាតិ ចិន គឺ​គ្រួសារនិយម​ណាស់ ដូច្នេះ​ត្រកូល​របស់គេ​មួយៗ​គឺ​ត្រូវបាន​លើកតម្កើង ពិសេស​ផ្នូរ​បុព្វបុរស គឺ​ត្រូវបាន​ជ្រើសរើស​ទីតាំង​ល្អ មាន​ហុងស៊ុយ សម្រាប់​បញ្ចុះ ដោយ​មានជំនឿថា ដូនតា​របស់គេ​នឹង​ជួយ​ដល់​កូនចៅ​ឲ្យ​រកស៊ី​មានបាន​។

​ ​គុណសម្បត្តិ​

​ ​ដូចដែល​បានដឹង​មកហើយ​ថា ពិធី​សែន​ផ្នូរ ឬ ពិធី​ឆេង​ម៉េង នេះ គឺធ្វើឡើង​រៀងរាល់​មួយឆ្នាំ​ម្តង ។ អំឡុង​រដូវ​កាល​នេះ ទោះ​ពួកគេ​ទៅ​រស់នៅ ឬ ធ្វើការ​នៅទីណា ក៏​ពួកគេ​ស្កាត់​ទៅធ្វើ​ពិធី​សែន​ផ្នូរ​ជាមួយ​គ្រួសារ​របស់​ពួកគេ​ដែរ ។ តាមរយៈ​ប្រពៃណី​នេះ បាន​នាំ​ពួកគេ​ឱ្យបាន​ជួបជុំ​គ្រួសារ កុំឱ្យ​ឃ្លាតឆ្ងាយ​គ្នា​រហូតដល់​ភ្លេច​រាប់អាន​គ្នា និង លែង​ដឹង​អំពី​សុខ​ទុក​គ្នា​ទៅវិញទៅមក ។ ចំណុច​នេះ គឺមាន​លក្ខណៈ​ប្រហាក់ប្រហែល​ទៅនឹង​ប្រពៃណី​បុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌ​របស់​ខ្មែរ​ដែរ ។​

រូប​ឯកសារ

​ ​មួយសោត ដូចដែល​បានឃើញ​មកហើយ​ថា ជាទូទៅ​ជនជាតិ ចិន ច្រើនតែ​ធ្វើ​ផ្នូរ​នៅ​ជា​ក្រុម ពោលគឺ​តំបន់​ណា​មាន​ផ្នូរ​គឺ​រមែង​មាន​ផ្នូរ​ជាច្រើន អាច​ដល់​រាបរយ​រាប់ពាន់​ផ្នូរ ។ បន្ទាប់ពី​ធ្វើ​ពិធីសែនព្រេន​រួច​ទៅ ពួកគេ​ក៏​នាំគ្នា​ទទួលទាន​អាហារ​ជុំគ្នា​នៅក្បែរ​ផ្នូរ​ទាំងនោះ ។ ប្រការនេះ ក៏​បង្កើតបានជា​ភាព​ស្និទ​ស្នាល​មួយកម្រិត​ទៀត​សម្រាប់​គ្រួសារ​នីមួយៗ ដែល​មើលទៅ​ហាក់ដូចជា​ពិធីជប់លៀង​មួយ ។ លើសពីនេះ​ទៅ តាមរយៈ​ទទួលទាន​អាហារ​នៅក្បែរ​ផ្នូរ​នោះ ក៏​បង្កើតបាន​ជាការ​រាប់អាន​ទំនាក់ទំនង​រវាង​គ្រួសារ​ផ្នូរ​នៅ​ជិតខាង​គ្នា​នោះ​ទៀតផង ។​
​ ​បច្ចុប្បន្ននេះ គ្រួសារ​ដែលជា​ម្ចាស់​ផ្នូរ​មិនសូវ​បាន​ទៅ​បោសសម្អាត ឬ ពូន​ផ្នូ​ដោយ​ខ្លួនគេ​ឡើយ ដោយសារ​ពួកគេ​រវល់ ទើប​ពួកគេ​ជួល​អ្នកដទៃ​ឱ្យ​បោសសម្អាត និង ពូនដី​ជំនួស​ពួកគេ ។ ប្រការនេះ បង្កើតបានជា​មុខរបរ និង ប្រាក់ចំណូល​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​មួយ សម្រាប់​អ្នករស់នៅ​ជិតខាង ដោយ​ផ្នូរ​មួយ​អាចមាន​តម្លៃ​ចាប់ពី​ពីរម៉ឺន​ទៅ​ម្ភៃ​ម៉ឺន​រៀល​តាម​ប្រភេទ​ផ្នូរ​តូច ឬ ធំ ។ អ្នកខ្លះ​ក្នុង​មួយ​រដូវ​កាល​ពូន​បាន​រាប់រយ​ផ្នូរ ដែល​អាច​រកប្រាក់​ចំណូល​បាន​រាប់លាន​រៀល ។ លើសពីនេះ​ទៅ​មាន​អ្នកខ្លះ​បាន​ធ្វើជា​ឈ្មួញកណ្តាល នៃ ការ​ពូន​ផ្នូរ​ទៀតផង ។​
​ ​រដូវ​កាល​សែន​ផ្នូរ ឬ រដូវ​កាល​ឆេង​ម៉េង ក៏​ជា​រដូវ​កាល​ដ៏​កាក់កប​សម្រាប់​អាជីវករ​ដូចជា​លក់​ក្រដាស់សែន ផ្លែឈើ សាច់ ភេសជ្ជៈ និង នំចំណី​ជាដើម​ផងដែរ ។​

​ ​គុណវិបត្តិ​

​ ​ទន្ទឹម​គុណប្រយោជន៍​ដូចដែល​បានលើកឡើង​ត្រួសៗ​ខាងលើនេះ​ទៅ ពិធី​សែន​ផ្នូរ ឬ ឆេង​ម៉េង ក៏មាន​គុណវិបត្តិ​ច្រើនណាស់​ដែរ ។ ​ពេល​សែន​ផ្នូរ​រមែង​ប្រក់ផ្នូរ​ដោយ​ក្រដាស់​យ៉ាងច្រើន ។ ក្រដាស់​ទាំងនោះ មើលទៅ​ហាក់ដូចជា​រឿង​ស្រស់ស្អាត​គួរឱ្យ​ទាក់ទាញ ។ ប៉ុន្តែ​មិនបាន​ប៉ុន្មាន​ថ្ងៃ​ឡើយ ក្រដាស​ទាំងនោះ ក៏​ចាប់ផ្តើម​ប្រែ​ទៅជា​សម្រាម​ស្អេកស្កះ​ពាសពេញ​តំបន់​ផ្នូរ ហើយ​ពេលខ្លះ​ត្រូវ​ខ្យល់​ផាត់​រសាត់​ប៉ើង​ទៅ​ពាសពេញ​វាល​ទៀតផង គឺ​ប៉ះពាល់​ដល់​បរិស្ថាន ។​

​ ​ការ​ស្កាត់​ពី​ទី​ឆ្ងាយ​ទៅ​សែន​ផ្នូរ ឬ ឆេង​ម៉េង នោះ​ក៏​អាច​ប្រឈម​នឹង​ហានិភ័យ​ចរាចរណ៍​កម្រិត​ខ្ពស់​ផងដែរ ព្រោះ​មនុស្ស​ជាច្រើន​នាំគ្នា​សម្រុក​ទៅ​ចូលរួម​ពិធី​នោះ ។ ការ​សែនព្រេន​ដោយ​ការអុជ​ទៀនធូប ដុត​ផាវ​ជាដើម ក៏​ជា​ប្រការ​អាច​បង្កបញ្ហា​ច្រើន​ណាស់ដែរ ។ ការនាំគ្នា​ទៅ​សែន​ផ្នូរ ដោយ​បិទ​ទ្វារផ្ទះ​ទុកចោល ក៏​អាច​នឹងមាន​បញ្ហា​ចោរកម្ម ដូចជា​ការ​គាស់​ផ្ទះ​ជាដើម ឬ បញ្ហា​ទុស្សេ​ខ្សែភ្លើង ឬ បែក​ទុយោ​ទឹក ជាដើម​ផងដែរ ។​

​ ​ជនជាតិ​ចិន ក៏​និយម​ចូលចិត្ត​ប្រើ​សាច់​មួយអន្លើ​ដោយ​ភេសជ្ជៈ មាន​គ្រឿង​ស្រវឹង​ជាដើម​ផងដែរ ។ បន្ទាប់ពី​សែន​រួច​ពួកគេ​ចូលចិត្ត​បរិភោគ​សាច់ និង គ្រឿង​ស្រវឹង​ទាំងនោះ​នៅក្បែរ​ផ្នូរ ។ ប្រការនេះ ក៏​អាច​នឹង​ប្រឈម​នឹង​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ដែរ ខណៈ​មនុស្ស​ជាច្រើន​កុះករ​នាំគ្នា​សម្រុក​ទៅធ្វើ​ពិធីសែនព្រេន​នេះ ។​

រូបៈ មេសា

​ ​បញ្ហា​ធំ​បំផុត គឺ​ផ្នូរ ឬ ម៉ុង ! ផ្នូរ ឬ ម៉ុង​ខ្លះ​មាន​ទំហំ​ធំ​ស្ទើរតែ​ស្មើនឹង​ភូមិគ្រឹះ​ដ៏​ស្កឹមស្កៃ​មួយ ។ ផ្នូរ ឬ ម៉ុង ទាំងនោះ មិន​ត្រូវបាន​លប់បំបាត់​ឡើយ គឺ​ឋិត​នៅ​អស់​រយៈកាល​រាប់​រាយ​ឆ្នាំ និង ជាច្រើន​ជំនាន់ ។ មនុស្ស​ស្លាប់ទៅ​ក៏ត្រូវ​ធ្វើ​ផ្នូរ ឬ ម៉ុង​ថែមទៀត លុះ​យូរ​ទៅ​ដីស្រែ​ចម្ការ ឬ ទីទួល ទី​ព្រៃ បានក្លាយ​ទៅជា​តំបន់​កាប់​ខ្មោច​យ៉ាង​ធំ​ល្វឹងល្វើយ ហើយ​កាន់តែ​រីក​ធំ​ទៅៗ ជា​រៀងរាល់ឆ្នាំ ។ យូរៗ​ទៅ តើ​បរិវេណ​កប់ខ្មោច ឬ ផ្នូរ ឬ ម៉ុង នោះ​រីក​ធំ​ដល់​កម្រិតណា ? តើ​ផ្ទៃដី​សម្រាប់​មនុស្ស​នៅរស់​ប្រើប្រាស់ ឬ សម្រាប់​អ្នកស្លាប់ ?៕

រូបៈ មេសា
#