ប្រវត្តិ ទិវា​ពលកម្ម​អន្តរជាតិ ឬ ទិវា​កម្មករ​អន្តរជាតិ​

2236
ចែករម្លែក
  • 8
    Shares

(​ភ្នំពេញ)​៖ ទិវា​ពលកម្ម​អន្តរជាតិ ( International Labor Day) នៅ​ប្រទេស​ខ្លះ​ហៅថា ទិវា​កម្មករ​អន្តរជាតិ (International Workers’ Day ) ចំណែក​ប្រទេស​ខ្លះ​ជាពិសេស នៅ​អឺរ៉ុប​ហៅថា ទិវា នៃ ខែ​ឩ​ភា (May Day ) ត្រូវបាន​ពង្រីក​ដោយ​ពួក​សង្គមនិយម កុ​ម្មុយ​និ​ស្ត​និយម និង ពួក​វណ្ណៈ​កម្មករ ដើម្បី​រំលឹក​ដល់​ព្រឹត្តិការណ៍​នៅ​ទីលាន Haymarket Affair កាលពី​ឆ្នាំ​១៨៨៦ ។ គេ​ចាប់​ផ្តើមដំបូង​នៅ​ឆ្នាំ​១៨៨៧ ប៉ុន្តែ​កាលណោះ​ធ្វើ​នៅ​ខែកញ្ញា លុះដល់​ឆ្នាំ​១៩០៤ ទើប​ទិវា​នេះ​ត្រូវបាន ធ្វើ​នៅ​ថ្ងៃទី​០១ ខែ ឩ​សភា រហូតមក ។​

​ថ្ងៃ​សៅរ៍​ទី ០១ ខែ​ឩ​សភា ឆ្នាំ ១៨៨៦ ពួកកម្មករ​ប្រមាណ​ជា​បី​សែន​-​ប្រាំ​សែន​នាក់​បាន ជួបជុំគ្នា​ធ្វើបាតុកម្ម​ទូទាំងប្រទេស​អាមេរិក ដើម្បី​ទាមទារ​ឱ្យ​កំណត់​ម៉ោង​ធ្វើការ​ប្រាំបី ម៉ោង​ក្នុង​មួយថ្ងៃ ។ ចូលដល់​ថ្ងៃទី​ចន្ទ​ទី ០៣ ខែ និង ឆ្នាំ ដដែល មាន​កម្មករ ប្រមាណ ជា​ប្រាំមួយ នាក់​ត្រូវបាន​ពួក​នគរបាល​បាញ់សម្លាប់ ។​

​ស្អែក​ឡើង គឺ​នៅ​ថ្ងៃ​អង្គារ ទី ០៤ ខែ និង ឆ្នាំ ដដែល​នោះ នាទី​លាន Haymarket Square នៃ ទីក្រុង​ស៊ីកា​គោ ពួកកម្មករ និង សង្គម​ស៊ីវិល​បាន​ជួបជុំគ្នា​ជា​ផែន ជា​ក្រុម​ធ្វើបាតុកម្ម​ដើម្បី ទាមទារ​ឱ្យមាន​ម៉ោង​ធ្វើការ ០៨ ម៉ោង​ក្នុង ០១ ថ្ងៃ និង​ទាមទារ​រក​យុត្តិធម៌​ឱ្យ​កម្មករ ដែល​ត្រូវបាន សម្លាប់​កាលពី​ថ្ងៃទី ០៣ ម្សិល​ម៉ិ​ញ ។​

​ខណៈ​ប៉ូលិស​កំពុង​ព្យាយាម​បំបែក​ការជួប​ជុំនោះ ជនអនាមិក​បាន​គប់​គ្រាប់បែក​មួយគ្រា​ប់ សំដៅទៅ​ពួក​ប៉ូលិស និង បាញ់រះ​ទៅលើ​ហ្វូងមនុស្ស បណ្តាលឱ្យ​ប៉ូលិស ០៧ នាក់ ស្លាប់ ។ ប៉ូលិស​ក៏បាន​បើក​ការបង្ក្រាប​ដោយ​ហិង្សា​ជាការ​សងសឹក​លើ​ពួក​បាតុករ បណ្តាល ឱ្យស្លាប់​ជន​ស៊ីវិល ០៤​នាក់ និង រងរបួស​មួយចំនួន ។​

​នៅ​ចុង​សត្ត​វត្ស៍​ទី​១៩ ជា​យុគ​រីកសាយ នៃ សហជីព និង ចលនា​ពលកម្ម ។ អម្លុង​សម័យកាល នោះ មាន​ថ្ងៃជា​ច្រើន​ត្រូវបាន​ពួក​សហជីព​ជ្រើសរើស​សម្រាប់​ប្រារព្ធ​ទិវា​ពលកម្ម (Labor Day) ។ ឆ្នាំ​១៨៨៧ រដ្ឋ Oregon នៃ​សហរដ្ឋអាមេរិក​បានសម្រេច​ដាក់​ទិវា​ពលកម្ម​ថា​ជា​ថ្ងៃ សម្រាក​សាធារណៈ ។ គិត​ត្រឹម​ឆ្នាំ​១៨៩៤ ទិវា​ពលកម្ម​ក៏បាន​ក្លាយជា​ថ្ងៃ​សម្រាក​សាធារណៈ របស់​រដ្ឋ​ចំនួន​៣០ ប៉ុន្តែ​វា​ត្រូវបាន​គេ​កំណត់​យក​នៅ​ខែកញ្ញា ពោលគឺ​ពុំមែន​ធ្វើ​នៅ​ខែ ឩ​សភា ដូច​បច្ចុប្បន្ន​នេះឡើយ ។

​ឆ្នាំ​១៨៨៩ សមាជ​មួយ​ត្រូវបានធ្វើ​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ។ សមាជ​នេះ​បានសម្រេច យក​ថ្ងៃ នៃ ខែ ឩ​សភា (May Day) ថា​ជា​ថ្ងៃ​សម្រាក​ប្រចាំឆ្នាំ​ដើម្បី​រំលឹក​ដល់​ព្រឹត្តិការណ៍ ថ្ងៃទី ០៤ ខែ ឩ​សភា ឆ្នាំ ១៨៨៦ នាទី​លា Haymarket Affair នាទី​ក្រុង​ស៊ីកា​គោ ដោយ​ចាប់ ផ្តើម​អនុវត្ត​ពី​ត្រឹម​ឆ្នាំ​១៨៩១ ។​

​នៅ​ឆ្នាំ​១៩០៤ សន្និសីទ​ពួក​សង្គមនិយម​អន្តរជាតិ បានធ្វើ​នៅ​ទីក្រុង អាំ​ស្ទែ​រ៍​ដាំ ប្រទេស​ហុ​ល្លង់​ដ៍ ហើយ​បាន​អំពាវនាវ​ឱ្យ​គណបក្ស ប្រជាធិបតេយ្យ​សង្គម , អង្គការក្រៅរដ្ឋាភិបាល និង សហជីព​ពាណិជ្ជកម្ម នៅ​គ្រប់​បណ្តា ប្រទេស​ធ្វើបាតុកម្ម ឱ្យ​យ៉ាង​ស្វាហាប់ និង ស្របគ្នា នៅ​ថ្ងៃទី ០១ ខែ ឩ​សភា ដើម្បីឱ្យ​ច្បាប់​ចែង​កំណត់​ម៉ោង​ធ្វើការ ប្រាំបី​ម៉ោង​ក្នុង​មួយថ្ងៃ ។

​ចាប់ពីពេលនោះ​មក ថ្ងៃទី ០១ ខែ ឩ​សភា ក៏ត្រូវ​បាន​ពួក​សង្គមនិយម ពួក​កុ​ម្មុយ​និ​ស្ត និង ពួក​វណ្ណៈ​កម្មករ ( ពួក​អភិជន​ហៅ​ពួកកម្មករ​ទាំងនោះ​ថា​ពួក​អនាធិបតេយ្យ ) ពង្រីក​ឱ្យ ទៅជា​ទិវា​សម្រាក​សាធារណៈ​អន្តរជាតិ ។ ទិវា​សម្រាក​អន្តរជាតិ ០១ ឩ​សភា នេះ មាន​ប្រជាប្រិយ​បំផុត​នៅ​ប្រទេស​ចិន , កូរ៉េខាងជើង , គុយបារ និង សហភាពសូវៀត ហើយ​ពួកគេ​ប្រារព្ធ​ជាមួយនឹង​ក្បួន​ព្យុះ​ហយា​ត្រា​យោធា​យ៉ាង​គគ្រឹកគគ្រេង ។​

​ស្របគ្នា​នេះ បណ្តា​ប្រទេស​មួយចំនួន​នៅ​អឺរ៉ុប ដើមខែ​ឩ​សភា​ជា​ថ្ងៃ​សម្រាក​ប្រពៃណី របស់​ពួកគេ ដែលមាន​ឈ្មោះថា ទិវា នៃ ខែ ឩ​សភា ឬ May Day ។ ដោយហេតុនេះ​ពួកគេ ក៏បាន​ទទួលយក​ថ្ងៃទី​១ ខែ​ឩ​សភា ថា​ជា​ទិវា​ពលកម្ម​របស់​ពួកគេ​ជា​បន្តបន្ទាប់ ។​

​នៅ​ឆ្នាំ​១៩៥៥ វិហារ​កាតូលិក បាន​ឩ​ទ្ទិស​ថ្ងៃទី ០១ ខែ ឩ​សភា ដល់​បព្វជិត Joseph សម្រាប់​ពួក​វិហារ​ដែលជា​ម្ចាស់​រោងចក្រ ឩ​ស្សា​ហក​ម្ម និង អ្នកធ្វើការ​ហត្ថកម្ម​នា​នា ៕ ដោយ​: មេសា​

ផែន នៃ ក្បួន​បាតុកម្ម កាលពី​ថ្ងៃទី ០៤ ខែ ឩ​សភា ឆ្នាំ ១៨៨៦ នាទី​លា Haymarket Affair នាទី​ក្រុង​ស៊ីកា​គោ (worker 1)