ប្រវត្តិ និង​ទំនាយ ខែឧសភា​

1200
ចែករម្លែក

​ភ្នំពេញៈ ពាក្យ​ថា “ ឧសភា “ មកពី​ភាសាបាលី​ថា “ ឩ​ស​ភ “ ប្រែ​ថា “ គោ​ឈ្មោល , គោឡើងក , គោបា ,​គោ​ជល់ “​។​
​ ​
ឧសភ ដែល​ត្រូវបាន​ហៅ​ជាទូទៅ​ថា ឧសភា គឺជា​ឈ្មោះ​ខែ​ទី​២ នៃ​សុរិយគតិ ប៉ុន្តែ​វា ជា​ខែ​ទី​៥ នៅក្នុង​ប្រតិទិន​ហ្ក្រេ​ហ្កូ​រាន ដែលជា​ប្រតិទិន​សកល ហើយ​នៅ​អឌ្ឍគោល ខាងត្បូង ខែឧសភា ស្ថិតនៅក្នុង​សរទរដូវ ឬ សរទកាល គឺ​រដូវ​មាន​ចុះ​អ័ព្ទ ប៉ុន្តែ​នៅ អឌ្ឍគោល​ខាងជើង វា​ស្ថិតនៅក្នុង​និ​ទាឃ​រដូវ ឬ និ​ទាឃ​សម័យ គឺ​រដូវ​ផ្កា​រីក ។ ឧសភា គឺជា​ខែ​មួយ ក្នុងចំណោម​ខែ​ទាំង​ប្រាំពីរ ដែល​ក្នុង​មួយខែ មាន ៣១ ថ្ងៃ​។

ឧសភា ត្រូវបាន​ផ្តល់កំណើត​ឱ្យ តាំងពី ៧៥៣ ឆ្នាំ មុន​គ្រិស្តសករាជ តាមរយៈ​ប្រតិទិន រ៉ូ​មូ​លូ​ស ហើយ​កាលណោះ ឧសភា ជា​ខែ​ទី​៣ ដោយ​ប្រតិទិន​នេះ ចាប់ផ្តើម​ពី​ខែមីនា​(​អាន​ថា មីណា​) ហើយ​ក្នុង​មួយឆ្នាំ មានតែ ១០ ខែ​ប៉ុណ្ណោះ ។ ឧសភា ដែល​ភាសា​អង់គ្លេស​ថា May មកពី​ឈ្មោះ​ដើម ជា​ភាសាឡាតាំង​ថា Maius ជា​ពាក្យ​ដែល​គេ​ដាក់​តាម​នាម ទេវតា Maia ក្នុង​ទេវ​កថា​ក្រិ​ក ដែល​ត្រូវបាន​គេ​ស្គាល់ ក្នុង​ទេវ​កថា រ៉ូ​ម៉ាំង​ថា Era ។​

​លុះដល់​ឆ្នាំ​ទី​៧១៣ មុន​គ្រិស្តសករាជ ព្រះ​ចៅ នូ​ម៉ា ប៉ុ​ម​ពី​លី​យើ​ស (​ជា​ក្សត្រ​ទី​ពីរ​ក្នុង ចំណោម​ក្សត្រ តាម​បវេណី​ទាំង​ប្រាំពីរ​អង្គ របស់​ទីក្រុង​រ៉ូម ) បាន​កែប្រែ​ប្រតិទិន រ៉ូ​មូ​លូ​ស ឱ្យទៅជា​ប្រតិទិន នូ​ម៉ា ដោយ​ការបញ្ចូល​ខែ​ចំនួន​ពីរ នៅ​ខាងដើម គឺ​ខែមករា និង​ខែកុម្ភៈ នាំឱ្យ​ប្រតិទិន​នេះ ក្នុង​មួយឆ្នាំ មាន ១២ ខែ តាំងពី​ពេលនោះ ហើយ​ខែ ឧសភា ក៏បាន​ក្លាយទៅជា​ខែ​ទី​៥ តាំងពី​ពេលនោះ​មក​ដែរ​។ ដូច្នេះ​នៅ​ឆ្នាំ​២០១៨ ខែឧសភា មាន​អាយុកាល នៅលើ​លោក​នេះ ២.៧៧២ ឆ្នាំ​ហើយ ។​

​ប្រតិទិន​នូ​ម៉ា​នេះ ត្រូវបាន​កែប្រែ​ឱ្យទៅជា​ប្រតិទិន ជូ​លាន ដោយ​លោក​ជូ​លី​យើ​ស សេ​ហ្សា នៅ​៤៦​ឆ្នាំ មុន​គ្រិស្តសករាជ​។ នៅ​ឆ្នាំ​១៥៨២ នៃ​គ្រិស្តសករាជ ប្រតិទិន ជូ​លាន ក៏ត្រូវ​បាន​សម្តេច​ប៉ាប​ហ្គ្រេ​ហ្កូ​រី​ទី​១៣ កែប្រែ​ឱ្យទៅជា​ប្រតិទិន​ហ្ក្រេ​ហ្កូ​រាន ដែលជា​ប្រតិទិន​សកល​នាពេល​បច្ចុប្បន្ន​។​

ទំនាយ​តាម​ក្បួនហោ​រាប​ស្ចឹ​ម​លោក​
​តាម​ក្បួនហោ​រាប​ស្ចឹ​ម​លោក បុគ្គល​ដែល​ចាត់ទុកថា ស្ថិតក្នុង​ខែឧសភា ឬ ឧសភ រាសី​បុគ្គល គឺ​ជនានុជន ដែល​កើត​នៅ​ចន្លោះ ពីថ្ងៃ​ទី​២០ ខែមេសា ដល់​ថ្ងៃទី ២០ ខែឧសភា ។ និមិត្តសញ្ញា នៃ​មនុស្ស​កើត​ក្នុង​ខែឧសភា គឺ​គោ​ឡើង ក ធាតុដី ទទួល​ឥទ្ធិពល​ពី​ភព​ព្រះ​សុក្រ ជា​ភព​ទេពធីតា​ស្នេហា ដែល​អ្នកខ្លះ​ហៅថា ព្រះ​នាង កាម​ទេព ។ ឧសភរាសី បុគ្គល គឺជា​ជំពូក​មនុស្ស​ចូលចិត្ត​ប្រើ​អារម្មណ៍ ពណ៌​ដែល ស័ក្តិសម គឺ​ពណ៌​ផ្កាឈូក ត្បូង​នាំ​សំណាង គឺ​ត្បូង​មរកត ឆុង​នឹង​មនុស្ស​កើត​ខែវិច្ឆិកា​។ ពួក​អ្នក​កើត​ក្នុង​ឧសភរាសី ស្មើនឹង​អ្នក​កើត​ឆ្នាំម្សាញ់ ឬ ឆ្នាំ​ពស់ ក្នុង​ក្បួន​ហោរា​ចិន​។​

​ឧសភរាសី បុគ្គល​គឺជា​មនុស្ស​ខ្លាំងក្លា និង​គួរ​ឲ្យ​ពឹង​ពាក់បាន​។ គេ​ជា​មិត្ត​ដ៏​ស្មោះត្រង់ តែង​ជួយ​មិត្តភក្តិ​គ្រប់ពេលវេលា តែងតែ​ចាត់ទុក​ទំនាក់ទំនង​មិត្ត​ភាពជា​រឿង​សំខាន់ ។ ជួនកាល ត្រូវបាន​គេ​ចាត់ទុកថា ជាម​នុស្ស វាយឫក​មានះ ប៉ុន្តែ​តាមពិតទៅ​មនុស្ស​នេះ ទទួលយក​ការ​ទូន្មាន ពី​មិត្តភក្តិ​ណាស់ ពូកែ​អត់ធ្មត់ តែងតែ​បញ្ចប់​រាល់​កិ​ច្ចា​នុ​កិច្ច មិន​ទុកចោល​កណ្តាល​ទី ។ គេ​គឺជា​មនុស្ស​ដែល​ពូកែ​ច្នៃប្រឌិត​ខ្ពស់ និង​ចូលចិត្ត​បង្កើត អ្វីៗ​ដែល​ថ្មី ចូលចិត្ត​អនុវត្ត​ជាក់ស្តែង ជាជាង​ផ្អែកលើ​ទ្រឹស្តី​។​

​បុគ្គល​នេះ តែង​រួសរាន់​កើប​យក​ប្រយោជន៍ ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន ស្រឡាញ់ តែ​អ្វីៗ​ដែល​ស្រស់ស្អាត និង​ល្អ​ឯក​ប៉ុណ្ណោះ​។ ឧសភរាសី​ជន មិន​ងាយ​នឹងត្រូវ​បាន ពង្វក់ ឲ្យ​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​ឡើយ​។ ដូច្នេះ​ប្រសិនបើ​អ្នក ជា​មិត្តភក្តិ​ជិតស្និទ្ធ​ហើយ​ចង់ សុំ​ស្នេហ៍​ពី​បុគ្គល​នេះ អ្នកត្រូវការ​ពេលវេលា​ច្រើន ព្រោះ​បុគ្គល​នេះ​មិន​ចូលចិត្ត​ស្នេហ៍ បែប​ឆក់កណ្ដៀត​ឬ​បែប​ផ្លេកបន្ទោរ​ឡើយ គេ​ចង់​បានតែ​គូស្នេហ៍ ដែលមាន​វណ្ណៈ និង​ឋានៈ​ប្រហាក់ប្រហែលគ្នា​។​
​ ​
បុគ្គល​នេះ មាន​ចា​រិត​ពី​ធម្មជាតិ​មក គឺ​ចូលចិត្ត និង​អាណិត​ស្រឡាញ់​កូនៗ ជាង​ប្រពន្ធ ឬ​ស្វាមី​របស់ខ្លួន​។ គេ​ស្រឡាញ់​លុយ​ខ្លាំងណាស់ ពុះពារ​ធ្វើ​គ្រប់​ការងារ ឲ្យ​តែ​រកលុយ បាន​ច្រើន​ពូកែ​ចាត់ចែង​រឿង​លុយ កាក់ ប៉ុន្តែ​ដើម្បី​ផ្គាប់ចិត្ត​គ្រួសារ និង​មនុស្ស​ជាទី ស្រឡាញ់​របស់ខ្លួន បុគ្គល​នេះ ហ៊ាន​ចំណាយ​ធំ​ណាស់ ។​

ព្រឹត្តិការណ៍​
ថ្ងៃទី​១ ឧសភា ជា​ទិវា​ពលកម្ម​អន្តរជាតិ​, ថ្ងៃទី​៣ ឧសភា ទិវា​សេរីភាព​សារព័ត៌មាន , ថ្ងៃទី​៨ ជា​ទិវា​ជោគជ័យ​លើ​សង្គ្រាមលោកលើកទី ២ របស់​អឺរ៉ុប​, ថ្ងៃទី​៩ ទិវា អឺរ៉ុប , ថ្ងៃទី ១២ ទិវា​ឯករាជ្យ​អ៊ីស្រាអែល​, ថ្ងៃទី​១៥ ទិវា​គ្រួសារ​អន្តរជាតិ , ថ្ងៃទី​១៧ ទិវា​រដ្ឋធម្មនុញ្ញ ន័​រ​វ៉េ​ស៍ , ថ្ងៃទី​២២ ទិវា​រួបរួម​យ​ម៉ែន​, ថ្ងៃទី​២៥ ទិវា​ជាតិ​អា​ហ្ស​ង់​ទីន , ថ្ងៃទី​៣១ ទិវា ពិភពលោក​គ្មាន​ថ្នាំជក់​៕ ដោយៈ មេសា​