ប្រវត្តិ និង​អត្ថន័យ​រឿង​នាំឱ្យមាន​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​

1610

(​ភ្នំពេញ​)៖ ពុំមាន​ការបញ្ជាក់ អំពី​កាលបរិច្ឆេទ​ច្បាស់លាស់​ឡើយ ប៉ុន្តែ ឯកសារ​ជាច្រើន អះអាងថា កាលពី បុរាណ​ខ្មែរ​ប្រារឰ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិ​របស់ខ្លួន​នៅ​អំឡុងពេល ប្រហាក់ប្រហែល​នឹង​បុណ្យចូលឆ្នាំ សកល​ដែរ គឺ​អំឡុងពេល​ដាច់​ខែធ្នូ​នៃ ប្រតិទិន​សុរិយគតិ ។ ប៉ុន្តែ​ក្រោយមក បាន​ប្តូរ​មក​ធ្វើ​នៅ​ពាក់កណ្តាល​ខែមេសា វិញ គឺ​ពី​ចន្លោះ​ថ្ងៃទី​១៣ ឬ ទី​១៤ ដល់​ថ្ងៃទី​១៦ ខែមេសា​វិញ ព្រោះ​ពេល នេះ​ជា​ពេលដែល​ប្រជាពលរដ្ឋ​ខ្មែរ ប្រមូល​ភោគផល រួចរាល់ ស័ក្តិសម​នឹង​ពេល​សប្បាយរីករាយ ។​
​ ​
​ព្រេង​និទាន​នាំឱ្យមាន បុណ្យចូលឆ្នាំ​
​នៅក្នុង​គម្ពីរ​ព្រះពុទ្ធសាសនា មាន​ដំណាល​ថា នៅ​ដើម​ភទ្ទកប្ប​នេះ ព្រះ​បរម​ពោធិសត្វ (​សត្វ​ដែល​នឹង​បាន ត្រាស់​ជា​ព្រះពុទ្ធ ពោលគឺ​ព្រះ​ពុទ្ធកាល កើត​ក្នុង​កំណើត​ផ្សេងៗ កាល​មិនទាន់ បាន​ត្រាស់ដឹង​ជា​ព្រះពុទ្ធ​) បាន​យោន យកកំណើត​ឈ្មោះ ធម្មបាល​កុមារ​ជា បុត្រ​របស់​សេដ្ឋី​ម្នាក់ ។ ធម្មបាល​កុមារ មាន​ប្រាជ្ញា​លើស​អស់​មនុស្ស​ទាំងពួង សិក្សា​ចេះ​ចប់​ត្រៃវេទ (​គម្ពីរ​ពិសិដ្ឋ របស់​ព្រហ្មញ្ញសាសនា ដូចជា​គម្ពីរ ព្រះ​ត្រៃបិដក​ក្នុង​ព្រះពុទ្ធសាសនា គម្ពីរ​បាយ​ប​ល​នៃ គ្រិស្តសាសនា ឬ​គម្ពីរ កូ​រ៉ា​ន់ នៃ​អ៊ិ​ស្លាម​សាសនា ) តាំងពី​អាយុ​៧​ឆ្នាំ ។ ធម្មបាល​កុមារ ចេះ​ស្តាប់​ទាំង​ភាសា​បក្សី និង​ភាសាសត្វ​នានា ។ សេដ្ឋី​ជា​បិតា​បាន​សាង​ប្រាសាទ​មួយ នៅ​ទៀប​នឹង​ដើម ជ្រៃ​ធំ​មួយ​ដើម ដែល​ជាទី​ស្នាក់នៅ​នៃ បក្សាបក្សី​សម្រាប់​ឱ្យ​ធម្មបាល​កុមារ រស់នៅ ហើយ​ប្រាសាទ​នោះ​ក៏​ជាទី​ដែល ធម្មបាល​កុមារ ដោះស្រាយ​នូវ​រាល់​ប្រស្នា​បញ្ហា ទាំងឡាយ និង​បង្រៀន ប្រៀនប្រដៅ​ដល់​ជនានុជន​អំពី​ហេតុ ដែលនាំឱ្យ​បាន​សុខ ឬ ទុក្ខ​ផងដែរ ។​
​ ​
​កិត្តិនាម​របស់​ធម្មបាល​កុមារ កាន់តែ​រន្ទឺ​ខ្លាំង​ទៅៗ សូម្បីតែ​ទេវតា ក៏​ពោល​សរសើរ​ដល់ ប្រាជ្ញា​ធម្មបាល កុមា​រដែរ ។​
​ ​
​អស់​រាប់ពាន់​ឆ្នាំ​មកហើយ មនុស្ស និង ទេវតា តែងតែ​គោរពបូជា តែ​កបិល​មហាព្រហ្ម មួយអង្គ​ប៉ុណ្ណោះ ។ ប៉ុន្តែ​ពេលនេះ បែរ​ជាមាន​មនុស្ស និង ទេវតា​ច្រើន​ទៅៗ ងាក​ទៅ​គោរព ធម្មបាល​កុមារ​ទៅវិញ ។ ប្រការនេះ ធ្វើឱ្យ​កបិល​មហាព្រហ្ម កើត​ទោមនស្ស យ៉ាង​ក្រៃលែង ក៏​គិតថា “​ត្រូវតែ​បង្ក្រាប ឬ បំបាក់​ធម្មបាល​កុមារ​នេះ​ចេញ​ទើប មនុស្ស និង ទេវតា ងាក​មក​គោរ​បូជា អាត្មាអញ្ញ​វិញ​“ ។​
​ ​
​ថ្ងៃមួយ​កបិល​មហាព្រហ្ម​ក៏ បានប្រកាស​ចុះទៅ​ភ្នាល់​ប្រាជ្ញា​ជាមួយ ធម្មបាល​កុមារ​ដោយ​ដាក់ ប្រស្នា​ដល់ ធម្មបាល​កុមា​រថា “​តើ​សិរី ៣ ប្រការ ស្ថិតនៅ​ត្រង់ណា​“ ដោយ​ទុក​ពេលវេលា ប្រាំពីរ​ថ្ងៃ​ឱ្យ​ធម្មបាល​កុមារ​សម្រាប់ ស្វែងរក​ចម្លើយ ។​
​ ​
​ជាមួយនឹង​សំណួរ​ដែល មនុស្ស និង​ទេវតា មិនដែល​ធ្លាប់បាន ដឹង ឬឮ​ពីមុន​មកនេះ កបិល មហាព្រហ្ម ក៏បាន​ភ្នាល់​ផងដែរ​ថា “​ប្រសិនបើ ធម្មបាល​កុមារ ឆ្លើយ​នឹង​សំណួរ​នេះ​មិន​រួច​ទេ នោះ នឹងត្រូវ​ប្រគល់​ក្បាល (​របស់​ធម្មបាល​កុមារ​) ទៅឱ្យ​កបិល មហាព្រហ្ម ។ ផ្ទុយទៅវិញ បើ​ធម្មបាល កុមារ​អាច​ដោះប្រស្នា​នេះ​រួច​នោះ កបិល​មហាព្រហ្ម​នឹង​កាត់​ក្បាល របស់ ខ្លួន​ប្រគល់​ទៅឱ្យ​ធម្មបាល​កុមារ​វិញ​“ ។​
​ ​
​ធម្មបាល​កុមារ មិន​ចង់​ភ្នាល់ ដ៏​ធំ​បែបនេះ​ជាមួយ​កបិល​មហាព្រហ្ម ដ៏​មហិមា ដែល​មនុស្ស និង ទេវតា សូម្បីតែ​ធម្មបាល​កុមារ​ខ្លួនឯង​ក៏​គោរព កោតសរសើរ​ដែរ​ដូច្នេះ​ឡើយ ប៉ុន្តែ​បញ្ជា​របស់ កបិល​មហាព្រហ្ម ពិតជា​មិន អាច​ប្រកែក​បានឡើយ ទើប​ទទួលយក​ការ​ភ្នាល់​នេះ​ទាំង ទើសទាល់ ។
​ ​
​ចាប់តាំងពី​ពេលនោះ​មក ធម្មបាល​កុមារ តែងតែ​ខំប្រឹងប្រែង គិតពិចារណា​យ៉ាង​អស់ពី​លទ្ធភាព អស់​រយៈពេល​៦​យប់ ប្រាំ​មួយថ្ងៃ ក៏​នៅ តែ​រក​មិនឃើញ​ពន្លឺ​នៃ​ចម្លើយ​ចំពោះ​ប្រស្នា​របស់​កបិល មហាព្រហ្ម ។​
​ ​
​នៅ​ពេលយប់​ស្ងាត់​នៃ​រាត្រី​ថ្ងៃ ទី​៦ ធម្មបាល​កុមារ​នៅតែ​មិនអាច​រក ចម្លើយ​ចំពោះ​ប្រស្នា​នោះ បាន​ទៀត ដែល​បានសេចក្តីថា សេចក្តីស្លាប់​កំពុង រង់ចាំ​ធម្មបាល​កុមារ​នៅ​ព្រឹកស្អែក​នេះ ហើយ ។​
​ ​
​នៅ​រាត្រី​នោះ ធម្ម​កុមារ​កុមារ បរម​ពោធិសត្វ បាន​ចុះ​ចាក​ប្រាសាទ ទៅ​អង្គុយ​ក្រោម​ដើមត្នោត (​ឯកសារ​ជា ទូទៅ​និយាយថា ធម្មបាល​កុមារ​អស់ សង្ឃឹម ទើប​ចង់ទៅ​សម្លាប់ខ្លួន ឬ​នឹង រត់ចោល​ប្រាសាទ សុខចិត្ត​ទៅ​ស្លាប់​ឱ្យ ផុតពី​ភ្នែក​គេ កុំឱ្យ​មហាព្រហ្ម​សម្លាប់ នាំ​ខ្មាស​គេ ។ ប៉ុន្តែ​ខ្ញុំ​យល់ថា នេះ​គឺជា ការបរិយាយ​មួយ​មិន​សមរម្យ​ចំពោះ​សារជាតិ​នៃ​ព្រះ​ពោធិសត្វ ទាំងឡាយ​ឡើយ ) ទៅ​សញ្ជប់សញ្ជឹង​រំពឹងគិត អំពី​ចម្លើយ​ចំពោះ​ប្រស្នា​របស់​មហាព្រហ្ម ។​
​ ​
​ពេលនោះ មាន​សត្វ​ឥន្ទ្រី ញី ឈ្មោល មួយគូ សន្ទនា​គ្នា​អំពី​អត្ថន័យ​នៃ សិរី​សួស្តី បី​ប្រកា​រថា​៖ ទី​១. ពេលព្រឹក សិរី​សួស្តី​ស្ថិតនៅលើ​មុខ ( ទើប​មនុស្ស យក​ទឹក​លាងមុខ ) , ទី​២. ពេល​ថ្ងៃ សិរី​សួស្តី​ស្ថិតនៅ​ទ្រូង (​ទើប​មនុស្ស​យក ទឹក​លាង​ទ្រូង ) ចំណែក​ទី​៣. ពេល​ល្ងាច​សិរី​សួស្តី ស្ថិតនៅត្រង់​ជើង ( ទើប មនុស្ស​យក​ទឹក​លាង​ជើង ) ។​
​ ​
​ពេល​បានដឹង​ចម្លើយ​ដូច្នេះ ហើយ​ធម្មបាល​កុមារ​ក៏បាន​ត្រឡប់​ទៅ ប្រាសាទ​របស់ខ្លួន​វិញ ។ លុះ​ស្អែក​ឡើង ក៏​យក​ចម្លើយ​ដែល​ខ្លួន​បាន​ចេះ​កាលពី យប់​ទៅ​ឆ្លើយ​ប្រាប់​កបិល​មហាព្រហ្ម ។ កបិល​មហាព្រហ្ម ក៏​សុខចិត្ត​ព្រម​ចុះចាញ់ ធម្មបាល​កុមារ មហាពោធិ​សត្វ ហើយ​បាន​ធ្វើតាម ការសន្យា គឺ​បាន​កាត់ ព្រះ​សិរសា (​ក្បាល​) របស់ខ្លួន​ប្រគល់ ទៅឱ្យ​ធម្មបាល ។​
​ ​
​ប៉ុន្តែ​ធម្មបាល​កុមារ​ក៏បាន ប្រគល់​សិរសា​កបិល​មហាព្រហ្ម​ទៅឱ្យ​បុត្រី​ទាំង​១២​របស់​កបិល មហាព្រហ្ម វិញ ព្រោះថា​ប្រសិនបើ​រក្សាទុក​នៅ ឋានមនុស្ស នឹង​បោះចោល​ទៅក្នុង​ចក្រវាល នឹង​បោះ​ទៅក្នុង​មហាសមុទ្រ ឬ កប់​ក្នុង​ដី​ជាដើម​នោះ ទី ឬ ឋាន​ទាំងនោះ​នឹង​ដល់​នូវ​ក្តី វិនាស​អន្តរាយ ព្រោះតែ កម្តៅ​កើតចេញពី​ព្រះ​សិរសា កបិល មហាព្រហ្ម​នោះឯង ។​
​ ​
​ដោយហេតុនេះ ព្រះ​បុត្រី​ទាំង ១២​អង្គ​របស់​កបិល​មហា​ព្រហ្ម ក៏បាន ទទួលយក​ព្រះ​សិរសា របស់​កបិល មហាព្រហ្ម ទៅ​ដា​ក់លើ​ជើងពាន​មាស តម្កល់ទុក​នៅឯ​ភ្នំ​កៃលាស ដោយ ផ្លាស់​វេន​គ្នា​យាម​ការពារ​មួយអង្គ មួយអន្លើ​ដោយ​ពពួក​ទេវតា​រាប់​កោដិ អង្គ​ក្នុង​មួយឆ្នាំ​ម្តង វិលជុំ ។​
​ ​
​ក្នុងពេលដែល​ទេពធីតា ផ្លាស់​វេន​គ្នា​ក្នុងការ​មើលថែ​ព្រះ​សិរសា កបិល​មហាព្រហ្ម​នោះឯង គឺជា​ពេល ឆ្លង​ឆ្នាំ​ចាស់ ផ្លាស់​ចូលឆ្នាំថ្មី ឬថា​ជា ពេល​ចូលឆ្នាំថ្មី​នោះឯង​ហោង ។ ធម្មបាល​កុមារ លុះ​ក្រោយមក បាន​ក្លាយជា​ព្រះសម្មាសម្ពុទ្ធ​សមណៈ​គោត្ត​ម​បរម​សាស្តា នៃ​យើង​នេះ​ហោង​។​
​ ​
​ពិភាក្សា​អត្ថន័យ​នៃ​សាច់រឿង​
​នៅក្នុង​សាច់រឿង​ដូចដែល លើកឡើង​ខាងលើ​មកនេះ គឺ​និយាយថា ធម្មបាល​កុមារ ព្រះមហា ពោធិសត្វ មាន​ប្រាជ្ញា​ដ៏​អស្ចារ្យ សូម្បីតែ​ទេវតា ក៏​កោតសរសើរ​ដែរ ។ ប៉ុន្តែ​នៅពេលដែល​ត្រូវ ទទួល​ការ​ភ្នាល់​ដាក់​ក្បាល របស់ខ្លួន​ជាមួយ​កបិល​មហាព្រហ្ម បែរជា​រក​ចម្លើយ មិនឃើញ ហើយក៏ ស្រាប់តែ​ទៅ​ចេះ​ដោយសារ​ការសន្ទនា គ្នា​រវាង​សត្វ​ឥន្ទ្រី ញី និង ឈ្មោល មួយគូ​ទៅវិញ ។ ចំណុច​នេះ​បាន​សេចក្តី ថា ព្រះ​បរម​ពោធិសត្វ​មួយអង្គ បែរជា កំសាក​ខ្លាច​ស្លាប់ ហើយ​ប្រាជ្ញា​អន់​ជាង ឥន្ទ្រី​ដែលជា​សត្វ​តិរច្ឆាន​ទៅវិញ ។​
​ ​
​តាមពិត​មិនមែន​ដូច្នោះ​ទេ​! លោកអ្នក​ប្រាជ្ញា​បាន​ពន្យល់​ចំណុច​នេះ ថា ឥន្ទ្រី​មួយគូ​នៅពេលនេះ មិនមែន ជា​សត្វ​ឥន្ទ្រី​មែនទែន​ឡើយ គឺ​គ្រាន់ តែ​ជាការ​ប្រៀបធៀប​ប៉ុណ្ណោះ ។ ឥន្ទ្រី ញី លោក​ប្រៀបដូចជា​សេចក្តី​ព្យាយាម របស់​ព្រះ​ធម្មបាល​កុមារ បរម​ពោធិសត្វ (​វិ​រិ​យិ​ន្ទ្រិ​យ =​ឥន្ទ្រី​យ៍ គឺ​សេចក្តី​ព្យាយាម​) ចំ​ណែ​ឥន្ទ្រី ឈ្មោល គឺជា​បញ្ញា​របស់ ព្រះ​ធម្មបាល​កុមារ មហាពោធិ​សត្វ (​ប​ញ្ញិ​ន្ទ្រី​យ​= ឥន្ទ្រី គឺ​ប្រាជ្ញា ) ។ ជា​សរុបទៅ​ការរកឃើញ​ចម្លើយ​ចំពោះ សិរី​សួស្តី​ទាំងបី​ប្រការ​នោះ គឺ​មិនមែន ធម្មបាល​កុមារ​ចេះ​ពីស​ត្វ​ឥន្ទ្រី​ទេ ប៉ុន្តែ​បាន​ចេះដឹង ដោយសារ​ការព្យាយាម និង​ប្រាជ្ញា​របស់​ព្រះ​ពោធិសត្វ​ផ្ទាល់​តែ ម្តង ។​
​ ​
​ទោះយ៉ាងណា នៅក្នុង​សាច់រឿង​ខាងលើនេះ គឺ​រំលេច​ថា ព្រះ​ពោធិសត្វ​ស្តាប់​ការសន្ទនា​របស់ សត្វ​ឥន្ទ្រី ញី​ឈ្មោល​មួយគូ ។ ចំណុច​នេះ​លោក អ្នកនិពន្ធ​ចង់​ប្រៀនប្រដៅ​ដល់​ជានុ​ជន ឱ្យ​ចេះ​ស្តាប់​អ្នកដទៃ​ផង បើទោះជា​ខ្លួន ឯង​ជា​អ្នក​កំពូល​លើ​មនុស្ស​ទាំងពួង ដោយ​ប្រាជ្ញា ( ឬ ដោយ​អ្វី​ផ្សេងទៀត ក៏ដោយ )​។
​ ​
​ចំណុច​ដែល​ធម្មបាល​កុមារ ខំប្រឹង​ស្រាវជ្រាវ​រក​ចម្លើយ​ចំពោះ ប្រស្នា​នោះ បានសេចក្តីថា ទោះជា​ខ្លួន ឯង​សិក្សា​រៀនសូត្រ​ចេះដឹង​ច្រើន​លើស មនុស្ស​ទាំងពួង​ហើយ​ក្តី ក៏​ត្រូវតែ​សិក្សា ថ្មីៗ​បន្ថែមទៀត គឺ​សិក្សា​ទាំងពី​មនុស្ស ទាំងពី​សាស្ត្រ​នានា ទាំងពី​ធម្មជាតិ (​សត្វ​ឥន្ទ្រី ក៏​សំដៅ​ដល់​ថា​ធម្មជាតិ ផងដែរ ) ។​
​ ​
​ព្រះ​សិរសា​កបិល​មហាព្រហ្ម​
​ចំពោះ​ព្រះ​សិរសា​កបិល មហាព្រហ្ម​ដែល​កាត់​ប្រគល់​ទៅ​ធម្មបាល កុមារ​បានសេចក្តីថា មេដឹកនាំ​ព្រហ្មញ្ញ សាសនា ព្រម​ប្រគល់​ភាពជា​អ្នកដឹកនាំ សាសនា​ក្នុង​លោក​ទៅឱ្យ​ព្រះពុទ្ធ សាសនា​វិញ ព្រោះ​ធម្មបាល​កុមារ តំណាងឱ្យ​ព្រះពុទ្ធ ។​
​ ​
​ហេតុអ្វី​បានជា ព្រះ​រិ​សា កបិល មហាព្រហ្ម ប្រសិនបើ​គេ​យកទៅ​ចោល នៅ​ទីឋាន​ណា​ធ្វើឱ្យ​ទី ឬ ឋាន​នោះ ដល់​នូវ​ក្តី​ក្តៅក្រហាយ​ឆេះ​អន្តរាយ ហើយ​ចុះ​ពេល​តម្កល់​នៅ​ទី​ភ្នំ​កៃលាស ទើប​មិន​វិនាស​ផង ?
​ ​
​ចម្លើយ​ព្រោះថា ព្រះ​សិរសា កបិល​មហាព្រហ្ម​ជា​តំណាងឱ្យ​សាសនា និង​មេដឹកនាំ​សាសនា ព្រហ្មញ្ញ ដែលជា សាសនា​ធំជាងគេ​បំផុត​នា​សម័យកាល មុនពេល​ព្រះពុទ្ធ​មិនទាន់បាន​ត្រាស់ដឹង ។ បើ​យក​ព្រះ​សិ​សា​កបិល​មហា ព្រហ្ម​ទៅ​ចោល​ផ្តេសផ្តាស​បានសេចក្តីថា អ្នក​ក្រោយ គឺ​ព្រះពុទ្ធសាសនា​បោះបង់ ចោល​អ្នក​ចាស់​មិន​គោរព​អ្នក​ចាស់ គឺ​សាសនា និង​អ្នកដឹកនាំ​ព្រហ្មញ្ញ សាសនា ។ ការធ្វើ​បែប​នោះ អាច​នឹង​នាំ ឱ្យមាន​ជម្លោះ​រវាង​អ្នក​អភិរក្សនិយម (​ពួក​អ្នក​ដែល ធ្លាប់​កាន់​ព្រហ្មញ្ញសាសនា​) និង​ក្រុម​អ្នក​នវ​និយម ( ថ្មី​និយម គឺ​អ្នក និយម​ព្រះពុទ្ធសាសនា ) នាំឱ្យ​កើត កោលាហល​ក្តៅ​ក្រ​ហៅ​សង្គម​មិនបាន សុខសាន្ត ។​
​ ​
​ការដែល​យក​ព្រះ​សិរសា កបិល​មហាព្រហ្ម​ទៅ​តម្កល់​នៅ​ភ្នំ​កៃលាស​បានសេចក្តីថា ព្រហ្មញ្ញសាសនា និង វប្បធម៌​ព្រហ្មញ្ញ​និយម បើទោះជា លែង​សកម្ម​នៅក្នុង​ជីវភាព ឬ ក្នុងសង្គម ដូច​ពីមុន​ក្តី ក៏​គេ​មិន​គប្បី​បោះបង់ចោល ដោយ​មិន​អើពើ​ដែរ ប៉ុន្តែ​គេ​ត្រូវ​អភិរក្ស ថែរក្សា ។ ព្រោះថា តាំងពី​កបិល​មហា​-​ព្រហ្ម​កាត់​សិរសា​របស់ខ្លួន​ប្រគល់​ទៅ​ធម្មបាល កុមារ​មក បានសេចក្តីថា វប្បធម៌ ព្រហ្មញ្ញសាសនា ឬ ព្រា​ហ្ម​និយម​បាន​ក្លាយទៅជា​រឿង អតីតកាល ឬ ក្លាយ​ទៅ ជា​ប្រវត្តិសាស្ត្រ និង ជា​ប្រពៃណី​ទំនៀមទម្លាប់​បុរាណ ។​
​ ​
​ប្រវត្តិសាស្ត្រ គេ​ត្រូវតែ​ចងចាំ ទុក​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​យក ទៅ​សិក្សា​ស្វែងយល់ និង​ជ្រើសរើស កុំ​ឱ្យមាន​កំហុស​ដូច​ពី​អតីតកាល ដើម្បី ជ្រើសរើស​ផ្លូវត្រូវ ផ្លូវ​ចម្រើន​សម្រាប់ បច្ចុប្បន្ន និង​ទៅ​អនាគត ។​
​ ​
​ជា​សរុបទៅ​បានសេចក្តីថា ត្រូវ រស់នៅ និង​ប្រ​ត្តិ​ប​ត្តិ​តាម​របៀបរបប​ថ្មី បង្កើត​ទស្សនៈ​និង​ច្នៃ ប្រឌិត​ថ្មី ស្រាវជ្រាវ រាវរក​វិធី​ថ្មីៗ ប៉ុន្តែ​រឿង​ចាស់ ឬ ប្រវត្តិ​-​សាស្ត្រ គេ​មិនត្រូវ​បំភ្លេចចោល គេ​មិន ត្រូវ​បោះបង់ ត្រូវ​រៀនសូត្រ​ពី​ប្រវត្តិ​-​សាស្ត្រ និង​ប្រពៃណី​វប្បធម៌​របស់ខ្លួន​ផង ៕ ដោយ​: មេសា​

គំនូរ​បរិយាយ​អំពី​រឿង​ធម្មបាល​កុមារ​ភ្នាល់​គ្នា​ជាមួយ​កបិល​មហាព្រហ្ម (​ចូលឆ្នាំ​)