ប្រវត្តិ និង​អត្ថន័យ រឿង​នាំឱ្យមាន បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ​

192
ចែករម្លែក
  • 10
    Shares

ភ្នំពេញ​៖ ពុំមាន​ការបញ្ជាក់ អំពី​កាលបរិច្ឆេទ​ច្បាស់លាស់​ឡើយ ប៉ុន្តែ​ឯកសារ​ជាច្រើន អះអាងថា កាលពី​បុរាណ ជនជាតិខ្មែរ ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិ​របស់ខ្លួន នៅ​អំឡុងពេល​ប្រហាក់ប្រហែល​នឹង​បុណ្យចូលឆ្នាំ​សកល​ដែរ គឺ​អំឡុងពេល​ដាច់​ខែធ្នូ នៃ​ប្រតិទិន​សុរិយគតិ ។ ប៉ុន្តែ​ក្រោយមក បាន​ប្តូរ​មក​ធ្វើ​នៅ​ពាក់កណ្តាល​ខែមេសា​វិញ គឺ​ពី​ចន្លោះ​ថ្ងៃទី ១៣ ឬ​ទី​១៤ ដល់​ថ្ងៃទី​១៦ ខែមេសា​វិញ ព្រោះ​ពេលនេះ ជា​ពេលដែល ប្រជាពលរដ្ឋ​ខ្មែរ​ប្រមូល​ភោគផល​រួចរាល់ ស័ក្តិសម​នឹង​ពេល​សប្បាយរីករាយ ។​
​ ​
​ព្រេង​និទាន​នាំឱ្យមាន​បុណ្យចូលឆ្នាំ​
​នៅក្នុង​គម្ពីរ​ព្រះពុទ្ធសាសនា មាន​តំណាល​ថា នៅ​ដើម​ភទ្ទកប្ប​នេះ ព្រះ​បរម​ពោធិសត្វ (​សត្វ​ដែល​នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ ពោលគឺ​ព្រះ​ពុទ្ធកាល កើត​ក្នុង​កំណើត​ផ្សេងៗ កាល​មិនទាន់បាន​ត្រាស់ដឹង​ជា​ព្រះពុទ្ធ​) បាន​យោនយកកំណើត ឈ្មោះ ធម្មបាល​កុមារ ជា​បុត្រ​របស់​សេដ្ឋី​ម្នាក់​។ ធម្មបាល​កុមារ មាន​ប្រាជ្ញា​លើស​អស់​មនុស្ស​ទាំងពួង សិក្សា​ចេះ​ចប់​ត្រៃវេទ (​គម្ពីរ​ពិសិដ្ឋ​របស់​ព្រហ្មញ្ញសាសនា ដូចជា​គម្ពីរ​ព្រះ​ត្រៃបិដក ក្នុង​ព្រះពុទ្ធសាសនា គម្ពីរ​បាយ​ប​ល នៃ​គ្រិស្តសាសនា ឬ​គម្ពីរ​កូ​រ៉ា​ន់ នៃ​អ៊ិ​ស្លាម​សាសនា​) តាំងពី​អាយុ ៧ ឆ្នាំ ។ ធម្មបាល​កុមារ ចេះ​ស្តាប់​ទាំង​ភាសា​បក្សី និង​ភាសាសត្វ​នានា​។ សេដ្ឋី ជា​បិតា បាន​សាង​ប្រាសាទ​មួយ​នៅ​ទៀប​នឹង​ដើម​ជ្រៃ​ធំ​មួយ​ដើម ដែល​ជាទី​ស្នាក់ នៅ​នៃ​បក្សាបក្សី សម្រាប់​ឱ្យ​ធម្មបាល​កុមារ រស់នៅ ហើយ​ប្រាសាទ​នោះ ក៏​ជាទី​ដែល ធម្មបាល​កុមារ ដោះស្រាយ​នូវ​រាល់​ប្រស្នា​បញ្ហា​ទាំងឡាយ និង​បង្រៀន​ប្រៀនប្រដៅ ដល់​ជនានុជន អំពី​ហេតុដែល​នាំឱ្យ​បាន​សុខ ឬ​ទុក្ខ​ផងដែរ​។​
​ ​
​កិត្តិនាម​របស់​ធម្មបាល​កុមារ កាន់តែ​រន្ទឺ​ខ្លាំង​ទៅៗ សូម្បីតែ​ទេវតា​ក៏​ពោល​សរសើរ​ដល់ ប្រាជ្ញា ធម្មបាល​កុមា​រដែរ ។​
​ ​
​អស់​រាប់ពាន់​ឆ្នាំ​មកហើយ មនុស្ស និង​ទេវតា តែងតែ​គោរពបូជា តែ​កបិល​មហាព្រហ្ម មួយអង្គ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ពេលនេះ បែរ​ជាមាន​មនុស្ស និង​ទេវតា ច្រើន​ទៅៗ ងាក​ទៅ គោរព​ធម្មបាល​កុមារ​ទៅវិញ​។ ប្រការនេះ ធ្វើឱ្យ​កបិល​មហាព្រហ្ម កើត​ទោម​នុស្ស យ៉ាង​ក្រៃលែង ក៏​គិតថា “​ត្រូវតែ​បង្ក្រាប ឬ​បំបាក់​ធម្មបាល​កុមារ​នេះ​ចេញ ទើប​មនុស្ស​និង​ទេវតា ងាក​មក​គោរពបូជា​អាត្មាអញ​វិញ “ ។​
​ ​
​ថ្ងៃមួយ កបិល​មហាព្រហ្ម ក៏បាន​ប្រកាស​ចុះទៅ​ភ្នាល់​ប្រាជ្ញា ជាមួយ​ធម្មបាល​កុមារ ដោយ​ដាក់​ប្រស្នា​ដល់​ធម្មបាល​កុមា​រថា “ តើ​សិរី ៣ ប្រការ ឋិត​នៅត្រង់ណា “ ដោយ​ទុក​ពេលវេលា ៧ ថ្ងៃ ឱ្យ​ធម្មបាល​កុមារ សម្រាប់​ស្វែងរក​ចម្លើយ ។​
​ ​
​ជាមួយនឹង​សំណួរ ដែល​មនុស្ស និង​ទេវតា មិនដែល​ធ្លាប់​បានដឹង ឬ ឮ ពីមុន​មកនេះ កបិល​មហាព្រហ្ម ក៏បាន​ភ្នាល់​ផងដែរ​ថា “ ប្រសិនបើ​ធម្មបាល​កុមារ ឆ្លើយ​នឹង​សំណួរ​នេះ មិន​រួច​ទេនោះ នឹងត្រូវ​ប្រគល់​ក្បាល (​របស់​ធម្មបាល​កុមារ​) ទៅឱ្យ​កបិល​មហាព្រហ្ម​។ ផ្ទុយទៅវិញ បើ​ធម្មបាល​កុមារ អាច​ដោះប្រស្នា​នេះ​រួច​នោះ កបិល​មហាព្រហ្ម នឹង​កាត់​ក្បាល​របស់ខ្លួន ប្រគល់​ទៅឱ្យ​ធម្មបាល​កុមារ​វិញ “ ។​
​ ​
​ធម្មបាល​កុមារ មិន​ចង់​ភ្នាល់​ដ៏​ធំ​បែបនេះ ជាមួយ​កបិល​មហាព្រហ្ម​ដ៏​មហិមា ដែល​មនុស្ស និង​ទេវតា សូម្បីតែ​ធម្មបាល​កុមារ​ខ្លួនឯង ក៏​គោរព​កោតសរសើរ​ដែរនោះ​ឡើយ ប៉ុន្តែ បញ្ជា របស់​កបិល​មហាព្រហ្ម ពិតជា​មិនអាច​ប្រកែក​បានឡើយ ទើប​ទទួលយក​ការ ភ្នាល់​នេះ​ទាំង​ទើសទាល់ ។
​ ​
​ចាប់តាំងពី​ពេលនោះ​មក ធម្មបាល​កុមារ តែងតែ​ខំប្រឹងប្រែង​គិតពិចារណា​យ៉ាង​អស់ ពី​លទ្ធភាព អស់​រយៈពេល ៦ យប់ ៦ ថ្ងៃ ក៏​នៅតែ​រក​មិនឃើញ​ពន្លឺ​នៃ​ចម្លើយ​ចំពោះ ប្រស្នា​របស់​កបិល​មហា​ព្រហ្ម ។​
​ ​
​នៅ​ពេលយប់​ស្ងាត់ នៃ​រាត្រី​ថ្ងៃទី​៦ ធម្មបាល​កុមារ នៅតែ​មិនអាច​រក​ចម្លើយ ចំពោះ ប្រស្នា​នោះបាន​ទៀត ដែល​បានសេចក្តីថា សេចក្តីស្លាប់ កំពុង​រង់ចាំ​ធម្មបាល​កុមារ នៅ​ព្រឹកស្អែក​នេះហើយ ។​
​ ​
​នៅ​រាត្រី​នោះ ធម្ម​កុមារ​កុមារ បរម​ពោធិសត្វ បាន​ចុះ​ចាក​ប្រាសាទ ទៅ​អង្គុយ​ក្រោម ដើមត្នោត (​ឯកសារ​ជាទូទៅ និយាយថា ធម្មបាល​កុមារ អស់សង្ឃឹម ទើប​ចង់ទៅ សម្លាប់ខ្លួន ឬ​នឹង​រត់ចោល​ប្រាសាទ សុខចិត្ត​ទៅ​ស្លាប់ ឱ្យ​ផុតពី​ភ្នែក​គេ កុំឱ្យ​មហា ព្រហ្ម​សម្លាប់ នាំ​ខ្មាស​គេ​។ ប៉ុន្តែ​ខ្ញុំ​យល់ថា នេះ​គឺជា​ការបរិយាយ​មួយ មិន​សមរម្យ ចំពោះ​សារជាតិ​នៃ​ព្រះ​ពោធិសត្វ​ទាំងឡាយ​ឡើយ ) ទៅ​សញ្ជប់សញ្ជឹង​រំពឹងគិត អំពី​ចម្លើយ​ចំពោះ​ប្រស្នា​របស់​មហាព្រហ្ម ។​
​ ​
​ពេលនោះ មាន​សត្វ​ឥន្ទ្រី​យ៍ ញី ឈ្មោល មួយគូ សន្ទនា​គ្នា អំពី​អត្ថន័យ នៃ​សិរី​សួស្តី ៣ ប្រកា​រថា​៖ ទី​១. ពេលព្រឹក​សិរី​សួស្តី ឋិត​នៅលើ​មុខ (​ទើប​មនុស្ស​យក​ទឹក​លាងមុខ​), ទី​២. ពេល​ថ្ងៃ សិរី​សួស្តី ឋិត​នៅ​ទ្រូង (​ទើប​មនុស្ស​យក​ទឹក​លាង​ទ្រូង​) ចំណែក​ទី​៣.​ពេល​ល្ងាច សិរី​សួស្តី ឋិត​នៅត្រង់​ជើង (​ទើប​មនុស្ស​យក​ទឹក​លាង​ជើង​) ។​
​ ​
​ពេល​បានដឹង​ចម្លើយ​ដូច្នេះហើយ ធម្មបាល​កុមារ ក៏បាន​ត្រឡប់​ទៅ​ប្រាសាទ​របស់ ខ្លួន​វិញ​។ លុះ​ស្អែក​ឡើង ក៏​យក​ចម្លើយ​ដែល​ខ្លួន​បាន​ចេះ កាលពី​យប់​ទៅ​ឆ្លើយ​ប្រាប់ កបិល​មហាព្រហ្ម​។ កបិល​មហាព្រហ្ម ក៏​សុខចិត្ត​ព្រម​ចុះចាញ់ ធម្មបាល​កុមារ មហាពោធិ​សត្វ ហើយ​បាន​ធ្វើតាម​ការសន្យា គឺ​បាន​កាត់​ព្រះ​សិរសា (​ក្បាល​) របស់ខ្លួន​ប្រគល់​ទៅឱ្យ​ធម្មបាល ។​
​ ​
​ប៉ុន្តែ​ធម្មបាល​កុមារ ក៏បាន​ប្រគល់​សិរសា​កបិល​មហាព្រហ្ម​ទៅឱ្យ​បុត្រី​ទាំង ១២ របស់​កបិល​មហាព្រហ្ម​វិញ ព្រោះថា ប្រសិនបើ​រក្សាទុក​នៅ​ឋានមនុស្ស នឹង​បោះ ចោល​ទៅក្នុង​ចក្រ​វា​ឡ នឹង​បោះ​ទៅក្នុង​មហាសមុទ្ទ ឬ​កប់​ក្នុង​ដី​ជាដើម​នោះ​ទី​ឬ​ឋាន ទាំងនោះ នឹង​ដល់​នូវ​ក្តី​វិនាស​អន្តរាយ ព្រោះតែ​កំដៅ​កើតចេញពី​ព្រះ​សិរសា កបិល​មហាព្រហ្ម​នោះឯង ។​
​ ​
​ដោយហេតុនេះ ព្រះ​បុត្រី​ទាំង ១២ អង្គ របស់​កបិល​មហាព្រហ្ម ក៏បាន​ទទួលយក​ព្រះ សិរសា​របស់​កបិល​ម​ហា​ព្រហ្ម ទៅ​ដា​ក់លើ​ជើងពាន​មាស តម្កល់ទុក​នៅឯ​ភ្នំ​កៃលាស ដោយ​ផ្លាស់​វេន​គ្នា​យាម​ការពារ​មួយអង្គ មួយអន្លើ ដោយ​ពពួក​ទេពតា​រាប់​កោដិ​អង្គ ក្នុង​មួយឆ្នាំ​ម្តង​វិលជុំ ។​
​ ​
​ក្នុងពេលដែល​ទេពធីតា ផ្លាស់​វេន​គ្នា ក្នុងការ​មើលថែ​ព្រះ​សិរសា​កបិល​មហា ព្រហ្ម​នោះឯង គឺជា​ពេល​ឆ្លង​ឆ្នាំ​ចាស់ ផ្លាស់​ចូលឆ្នាំថ្មី ឬថា​ជា​ពេល​ចូលឆ្នាំថ្មី នោះឯង​ហោង ។
​ ​
​ធម្មបាល​កុមារ លុះ​ក្រោយមក បាន​ក្លាយជា​ព្រះសម្មាសម្ពុទ្ធ​សមណៈ​គោត្ត​ម បរម​សាស្តា នៃ​យើង​នេះ​ហោង ។​
​ ​
​ពិភាក្សា​អត្ថន័យ នៃ សាច់រឿង​
​នៅក្នុង​សាច់រឿង ដូចដែល​លើកឡើង​ខាងលើ​មកនេះ គឺ​និយាយថា ធម្មបាល​កុមារ ព្រះមហា​ពោធិសត្វ មាន​ប្រាជ្ញា​ដ៏​អស្ចារ្យ សូម្បីតែ​ទេវតា ក៏​កោតសរសើរ​ដែរ ។ ប៉ុន្តែ​នៅពេលដែល​ត្រូវ​ទទួល​ការ​ភ្នាល់​ដាក់​ក្បាល​របស់ខ្លួន ជាមួយ​កបិល​មហាព្រហ្ម បែរជា​រក​ចម្លើយ​មិនឃើញ ហើយក៏​ស្រាប់តែ​ទៅ​ចេះ ដោយសារ​ការសន្ទនា​គ្នា រវាង​សត្វ​ឥន្ទ្រី​យ៍ ញី និង​ឈ្មោល មួយគូ​ទៅវិញ​។ ចំណុច​នេះ​បានសេចក្តីថា ព្រះ​បរម​ពោធិសត្វ​មួយអង្គ បែរជា​កំសាក​ខ្លាច​ស្លាប់ ហើយ​ប្រាជ្ញា​អន់​ជាង​ឥន្ទ្រី​យ៍ ដែលជា​សត្វ​តិរច្ឆាន​ទៅវិញ ។​
​ ​
​តាមពិត មិនមែន​ដូច្នោះ​ទេ​! លោកអ្នក​ប្រាជ្ញា បាន​ពន្យល់​ចំណុច​នេះ​ថា ឥន្ទ្រី​មួយគូ នៅពេលនេះ មិនមែនជា​សត្វ​ឥន្ទ្រី​យ៍ មែនទែន​ឡើយ គឺ​គ្រាន់តែ​ជាការ​ប្រៀបធៀប ប៉ុណ្ណោះ​។ ឥន្ទ្រី​យ៍​ញី លោក​ប្រៀបដូចជា​សេចក្តី ព្យាយាម​របស់​ព្រះ​ធម្មបាល​កុមារ បរម​ពោធិសត្វ (​វិ​រិ​យិ​ន្ទ្រិ​យ​= ឥន្ទ្រី​យ៍ គឺ​សេចក្តី​ព្យាយាម​) ចំ​ណែ​ឥន្ទ្រី​យ៍​ឈ្មោល គឺជា​បញ្ញា​របស់​ព្រះ​ធម្មបាល​កុមារ​មហាពោធិ​សត្វ (​ប​ញ្ញិ​ន្ទ្រី​យ​= ឥន្ទ្រី​យ៍ គឺ​ប្រាជ្ញា​)​។ ជា​សរុបទៅ​ការរកឃើញ​ចម្លើយ​ចំពោះ​សិរី​សួស្តី​ទាំង ៣ ប្រការ​នោះ គឺ​មិនមែន ធម្មបាល​កុមារ ចេះ​ពីស​ត្វ​ឥន្ទ្រី​យ៍​ទេ ប៉ុន្តែ​បាន​ចេះដឹង ដោយសារ​ការព្យាយាម និង​ប្រាជ្ញា​របស់​ព្រះ​ពោធិសត្វ ផ្ទាល់​តែម្តង ។​
​ ​
​ទោះយ៉ាងណា នៅក្នុង​សាច់រឿង ខាងលើនេះ គឺ​រំលេច​ថា ព្រះ​ពោធិសត្វ ស្តាប់​ការ សន្ទនា​របស់​សត្វ​ឥន្ទ្រី​យ៍​ញី​ឈ្មោល​មួយគូ​។ ចំណុច​នេះ​លោកអ្នក​និពន្ធ​ចង់​ប្រៀន ប្រដៅ​ដល់​ជានុ​ជន ឱ្យ​ចេះ​ស្តាប់​អ្នកដទៃ​ផង បើទោះជា​ខ្លួនឯង ជា​អ្នក​កំពូល​លើ មនុស្ស​ទាំងពួង​ដោយ​ប្រាជ្ញា ( ឬ​ដោយ​អ្វី​ផ្សេងទៀត​ក៏ដោយ )​។ ចំណុច​ដែល ធម្មបាល​កុមារ ខំប្រឹង​ស្រាវជ្រាវ​រក​ចម្លើយ ចំពោះ​ប្រស្នា​នោះ បានសេចក្តីថា ទោះជា​ខ្លួនឯង សិក្សា​រៀន​សូ​ត្រូ ចេះដឹង​ច្រើន​លើស​មនុស្ស​ទាំងពួង ហើយ​ក្តី ក៏​ត្រូវតែ​សិក្សា​ថ្មីៗ​បន្ថែមទៀត គឺ​សិក្សា​ទាំងពី​មនុស្ស ទាំងពី​សាស្ត្រា​នានា ទាំងពី​ធម្មជាតិ (​សត្វ​ឥន្ទ្រី​យ៍ ក៏​សំដៅ​ដល់​ថា ធម្មជាតិ​ផងដែរ ) ។​
​ ​
​ព្រះ​សិរសា​កបិល​មហាព្រហ្ម​
​ចំពោះ ព្រះ​សិរសា កបិល​មហាព្រហ្ម ដែល​កាត់​ប្រគល់​ទៅ ធម្មបាល​កុមារ បាន​សេចក្តី ថា មេដឹកនាំ​ព្រហ្មញ្ញសាសនា ព្រម​ប្រគល់​ភាពជា​អ្នកដឹកនាំ​សាសនា ក្នុង​លោក ទៅឱ្យ​ព្រះពុទ្ធសាសនា​វិញ ព្រោះ​ធម្មបាល​កុមារ តំណាងឱ្យ​ព្រះពុទ្ធ ។ ហេតុអ្វី​បានជា ព្រះ​សិរសា កបិល​មហាព្រហ្ម ប្រសិនបើ​គេ​យកទៅ​ចោល​នៅ​ទីឋាន​ណា ធ្វើឱ្យ​ទី ឬ​ឋាន​នោះ ដល់​នូវ​ក្តី​ក្តៅក្រហាយ ឆេះ​អន្តរាយ ហើយ​ចុះ​ពេល​តម្កល់ នៅ​ទី​ភ្នំ​កៃលាស ទើប​មិន​វិនាស​ផង ?​។​

​ចម្លើយ ព្រោះថា ព្រះ​សិរសា កបិល​មហាព្រហ្ម ជា​តំណាងឱ្យ​សាសនា និង​មេដឹកនាំ សាសនា​ព្រហ្មញ្ញ ដែលជា​សាសនា​ធំជាងគេ​បំផុត នា​សម័យកាល មុនពេល​ព្រះពុទ្ធ មិនទាន់បាន​ត្រាស់ដឹង​។ បើ​យក​ព្រះ​សិរសា​កបិល​មហាព្រហ្ម ទៅ​ចោល​ផ្តេសផ្តាស បានសេចក្តីថា អ្នក​ក្រោយ គឺ​ព្រះពុទ្ធសាសនា បោះបង់ចោល​អ្នក​ចាស់ មិន​គោរព អ្នក​ចាស់ គឺ​សាសនា និង អ្នកដឹកនាំ​ព្រហ្មញ្ញសាសនា​។ ការធ្វើ​បែប​នោះ​អាច​នឹង​នាំ ឱ្យមាន​ជម្លោះ រវាង​អ្នក​អ​ភ​រិ​ក្ស​និយម (​ពួក​អ្នក​ដែល​ធ្លាប់​កាន់​ព្រហ្មញ្ញសាសនា​) និង​ក្រុម​អ្នក​នវ​និយម (​ថ្មី​និយម គឺ​អ្នក​និយម​ព្រះពុទ្ធសាសនា​) នាំឱ្យ​កើត​កោ​ល​ហល ក្តៅ​ក្រ​ហៅ​សង្គម មិនបាន​សុខសាន្ត ។​

​ការដែល​យក​ព្រះ​សិរសា កបិល​មហាព្រហ្ម ទៅ​តម្កល់​នៅ​ភ្នំ​កៃលាស បានសេចក្តីថា ព្រហ្មញ្ញសាសនា និង​វប្បធម៌​ព្រហ្មញ្ញ​និយម បើទោះជា​លែង​សកម្ម នៅក្នុង​ជីវភាព ឬ ក្នុងសង្គម​ដូច​ពីមុន​ក្តី ក៏​គេ​មិន​គប្បី​បោះបង់ចោល​ដោយ​មិន​អើពើ​ដែរ ប៉ុន្តែ​គេ​ត្រូវ អភិរក្ស​ថែរក្សា ។ ព្រោះថា តាំងពី​កបិល​មហាព្រហ្ម កាត់​សិរសា​របស់ខ្លួន​ប្រគល់​ទៅ ធម្មបាល​កុមារ មក បានសេចក្តីថា វប្បធម៌​ព្រហ្មញ្ញសាសនា ឬ ព្រា​ហ្ម​និយម បានក្លាយ​ទៅជា​រឿង​អតីតកាល ឬ ក្លាយទៅជា​ប្រវត្តិសាស្ត្រ និង​ជា​ប្រពៃណី ទំនៀមទម្លាប់​បុរាណ ។​

​ប្រវត្តិសាស្ត្រ គេ​ត្រូវតែ​ចងចាំ​ទុក សម្រាប់​មនុស្ស​ជំនាន់​ក្រោយ យកទៅ​សិក្សា​ស្វែង យល់ និង​ជ្រើសរើស​កុំ​ឱ្យមាន​កំហុស ដូច​ពី​អតីតកាល ដើម្បី​ជ្រើសរើស​ផ្លូវត្រូវ ផ្លូវ​ចម្រើន​សម្រាប់​បច្ចុប្បន្ន និង ទៅ​អនាគត ។​

​ជា​សរុបទៅ បានសេចក្តីថា ត្រូវ​រស់នៅ និង​ប្រតិបត្តិ​តាមរបៀប​របប​ថ្មី បង្កើត​ទស្សនៈ និង​ច្នៃប្រឌិត​ថ្មី ស្រាវជ្រាវ​រាវរក​វិធី​ថ្មីៗ ប៉ុន្តែ​រឿង​ចាស់ ឬ​ប្រវត្តិសាស្ត្រ គេ​មិនត្រូវ បំភ្លេចចោល គេ​មិនត្រូវ​បោះបង់ ត្រូវ​រៀនសូត្រ​ពី​ប្រវត្តិសាស្ត្រ និង​ប្រពៃណី​វប្បធម៌ របស់ខ្លួន​ផង​។​

​ចំពោះ​អត្ថន័យ សេរី ៣ ប្រការ ស្តាប់ទៅ​ហាក់ដូចជា​សាមញ្ញ​ណាស់ មិន​សមជា​បញ្ហា ធំដុំ រហូត​យក​ជា​រឿង​ភ្នាល់ ដាក់​ក្បាល​បែបនេះ​ឡើយ ។ តាមពិត ៣ ប្រការ គឺ លាងមុខ លាង​ទ្រូង និង​លាង​ជើង​នោះ គ្រាន់តែ​ជាការ​ប្រៀបធៀប​ប៉ុណ្ណោះ​។ សេចក្តី​នៃ​សេរី ៣ ប្រការនេះ ត្រូវបាន​លោកអ្នក​ប្រាជ្ញា បកស្រាយ​ដោយ​ជ្រាលជ្រៅ ទូលំទូលាយ​ណាស់ ដែល​សូម​មិនទាន់​លើក​មក​បរិយាយ​នៅទីនេះ​ឡើយ​៕ ដោយ: មេសា