ភ្នំពេញ: ទិវាបុណ្យបុរសអន្តរជាតិ ( International Men’s Day ) ដែលមានអក្សរកាត់ជាភាសា អង់គ្លេសថា IMD ជាបុណ្យអន្តរជាតិ ដែលប្រារព្ធឡើងនៅថ្ងៃទី១៩ ខែវិច្ឆិកា ចាប់ផ្តើមឡើង ដំបូងនៅឆ្នាំ១៩៩៩ នៅប្រទេសទ្រីនីដាដ និង តូបាហ្គោ ដោយមានការគាំទ្រពីប្រទេសនៅ អាមេរិកខាងជើង អាស៊ី អឺរ៉ុប អាហ្វ្រិក និងអង្គការសហប្រជាជាតិ ក្នុងបំណងឱ្យបុរសពង្រឹង តួនាទីវិជ្ជមានរបស់ខ្លួនសម្រាប់គ្រួសារ សហគមន៍ សង្គម និង ដើម្បីលើកកម្ពស់សុខភាពបុរស និងកុមារា ហើយកាលនោះ កាលបរិច្ឆេទនៃការប្រាព្ធទិវានេះពុំទាន់ចុះសម្រុងគ្នានៅឡើយ ។
ខណៈបុរសខ្លះប្រើប្រាស់ពេលវេលានិងធនធានធ្វើនូវរឿងភ្លើតភ្លើននានានាំមកនូវផលអវិជ្ជមាន ផ្សេងៗដល់សុវត្ថិភាព សុខភាព និង ភាពសាន្តត្រាណខ្លួនឯង គ្រួសារ សហគមន៍ និងសង្គម នៅផ្នែកផ្សេងទៀត នៃ ពិភពលោកបុរសក៏រងការប្រកាន់រើសអើង និង ត្រូវគេធ្វើទុក្ខបុកម្នេញដែរ ។
ម្យ៉ាងទៀតបុរសខ្លះនៅតែប្រកាន់មាំថា ការមើលថែទាំកូនៗ និង ការងារផ្ទះដូចជាចម្អិនអាហារ សម្អាតផ្ទះ និង បោក អ៊ុតសម្លៀកបំពាក់ជាដើម មិនមែនជាកាតព្វកិច្ចរបស់ពួកគាត់ឡើយ សូម្បី តែក្នុងពេលភរិយាមិននៅផ្ទះ ពេលភរិយាមានផ្ទៃពោះ ឬពេលទើបសម្រាលកូន ។ ពិភពលោក ប្រែប្រួល ញ៉ាំងឱ្យទិដ្ឋភាពទាំងនេះក្លាយជារឿងដែលពិភពលោកលែងទទួលយកបានទៀត ។ គេចង់ឱ្យបុរសងាកមកពង្រឹងនូវតួនាទីវិជ្ជមានរបស់ខ្លួននៅក្នុង សង្គម គ្រួសារ និងសហគមន៍វិញ ។
គោលបំណងសំខាន់នៃទិវាបុរសអន្តរជាតិ គឺផ្តោតទៅលើសុខភាពបុរស និងកុមារា លើកកម្ពស់ យេនឌើ (gender) ឬ លើកកម្ពស់សមភាពភេទ ផ្សព្វផ្សាយពីតួនាទីវិជ្ជមានរបស់បុរស និងផ្តល់ ឱកាសឱ្យបុរសទ្រោលបំភ្លឺនូវការប្រកាន់រើសអើងចំពោះពួកគេ ។
ទិវាបុរសអន្តរជាតិ ដើមឡើយគេធ្វើនៅខែកុម្ភៈ ប៉ុន្តែបច្ចុប្បន្ននេះគេសម្រេចយកថ្ងៃទី១៩ ខែវិច្ឆិកា វិញ ។ ទិវាបុរសអន្តរជាតិនៅថ្ងៃទី១៩ខែវិច្ឆិកា នេះ ប្រជាពលរដ្ឋនៃប្រទេសទ្រីនីដាដ និង តូបាហ្គោ ធ្វើឡើងមុនគេ គឺនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ១៩៩៩ ។ ទោះយ៉ាងណាគេបានកំណត់ ឆ្នាំ២០០៩ ថាជាឆ្នាំនៃការចាប់ផ្តើមទិវាបុរសអន្តរជាតិជាលើកដំបូង ។ ទិវាបុរសអន្តរជាតិ សព្វថ្ងៃនេះត្រូវបានធ្វើនៅក្នុងប្រទេសជាង៥០ មានទាំងប្រទេសនៅអាមេរិកខាងជើង អាស៊ី អឺរ៉ុប អាហ្វ្រិក និង ទទួលបានការគាំទ្រពីអង្គការសហប្រជាជាតិផងដែរ ។
ការអំពាវនាវឱ្យមានទិវាបុរសអន្តរជាតិនេះ ត្រូវបានកត់ចំណាំថា មានតាំងពីអំឡុងទសវត្សរ៍ ឆ្នាំ១៩៦០មកម្ល៉េះ ។ កាលណោះគឺនៅឆ្នាំ១៩៦៨ អ្នកសារព័ត៌មានអាមេរិកម្នាក់ឈ្មោះ ចន ផ. ហារីស យល់ឃើញថា តាំងពីមានទិវាសិទ្ធិនារីអន្តរជាតិ (International Women’s Day) មក បុរសជាច្រើនមិនទទួលបានសមភាពទៅនឹងនារីឡើយ ទើបគាត់តែងតែអំពាវនាវឱ្យមាន ទិវាបុរសអន្តរជាតិ ។ ទោះយ៉ាងណា ការអំពាវនាវនេះពុំទទួលបានការឆ្លើយតបឡើយ។
ព្រឹត្តិការណ៍សម្រាប់បុរសអន្តរជាតិ បានចាប់ផ្តើមមានពន្លឺនៅឆ្នាំ១៩៩៤ ដោយមានអង្គការមួយ ចំនួននៅសហរដ្ឋអាមេរិក អូស្ត្រាលី និង ម៉ាល់ត៍ បានប្រារព្ធពិធីតូចៗនៅខែកុម្ភៈ តាមការ អញ្ជើញរបស់សាស្ត្រាចារ្យ Thomas Oaster ដែលបានដឹកនាំមជ្ឈមណ្ឌល Missouri Center សម្រាប់ការសិក្សារបស់បុរសនៅឯសកលវិទ្យាល័យ Missouri–Kansas City ។
ឆ្នាំ១៩៩៤នោះ លោក អូអាស្ទ័រ បានផ្សព្វផ្សាយព្រឹត្តិការណ៍នេះដោយជោគជ័យ ប៉ុន្តែចាប់ពី ឆ្នាំ១៩៩៥ មក ការដឹកនាំរបស់គាត់ទទួលបានការចូលរួមយ៉ាងខ្សោះខ្សោយ ទើបគាត់បាន បោះបង់គម្រោងនោះចោលទៅវិញ ។ ពេលនោះប្រទេសអូស្ត្រាលីក៏បានបោះបង់ចោល គម្រោងនៃការបង្កើតឱ្យមានទិវាបុរសអន្តរជាតិនេះដែរ ។ មានតែសមាគមសិទ្ធិបុរស នៃ ប្រទេសម៉ាល់ត៍ (AMR) មួយគត់ ដែលនៅបន្តប្រារព្ធ ទិវាបុរសអន្តរជាតិ ហើយប្រារព្ធនៅខែកុម្ភៈ រៀងរាល់ឆ្នាំ ។
បណ្ឌិត ចេរ៉ូម ទីលុកស៊ីង មកពីសកលវិទ្យាល័យមួយនៅភាគខាងលិចនៃប្រទេសឥណ្ឌា ជាអ្នក ដឹកនាំការប្រារព្ធទិវាបុរសអន្តរជាតិ នៅប្រទេស ទ្រីនីដាដ និង តូបាហ្គោ បានថ្លែងថា “ក្នុងលោក នេះ ពុំទាន់មានថ្ងៃសម្រាប់បុរសនៅឡើយ ។ អ្នកខ្លះនិយាយថា ថ្ងៃបុណ្យឪពុក( Father’s Day ) ជាទិវាសម្រាប់បុរស ប៉ុន្តែចុះចំពោះកុមារា បុរសជំទង់ និងពួកបុរសទាំងឡាយដែលពុំទាន់ មានកូន តើទៅជាយ៉ាងណា ? “ ។
ដោយហេតុនេះ ទិវាបុរសអន្តរជាតិ ឬ IMD ត្រូវបានធ្វើនៅទីនោះ ចាប់ពីឆ្នាំ១៩៩៩ ប៉ុន្តែមិន មែនធ្វើនៅខែកុម្ភៈ ទៀតឡើយ គឺនៅថ្ងៃទី១៩ ខែវិច្ឆិកាវិញ ។ ប្រទេសដទៃទៀតក៏បានចាប់ផ្តើម ប្រារព្ធ IMD ជាបន្តបន្ទាប់ ប៉ុន្តែកាលបរិច្ឆេទនៃការប្រារព្ធនៅពុំទាន់ស្របគ្នានៅឡើយបណ្តាល មកពីកត្តាកាលទេសៈនៃប្រទេសនីមួយៗ ។ ទោះយ៉ាងណា គេបានកំណត់យកថ្ងៃទី១៩ ខែវិច្ឆិកា ថាជាកាលបរិច្ឆេទសកលសម្រាប់ធ្វើទិវាបុរសអន្តរជាតិ ។
ប្រទេសអូស្ត្រាលី បានចាប់ផ្តើមប្រារព្ធទិវាបុរសអន្តរជាតិឡើងវិញនៅឆ្នាំ២០០០ ដោយបានធ្វើ ឡើងនៅថ្ងៃទី១៩ខែវិច្ឆិកា ។ ឥណ្ឌា ចាប់ផ្តើមប្រារព្ធនៅថ្ងៃទី១៩ ខែវិច្ឆិកា ចាប់ពីឆ្នាំ២០០៧ ។ ប្រទេសចិន ទស្សនាវដ្តីសុខភាពបុរស បានប្រារព្ធទិវាបុរសអន្តរជាតិ នៅខែធ្នូ ចាប់ពីឆ្នាំ២០០៣ ។ នៅហុងកុង ទិវាបុរសអន្តរជាតិ បានត្រូវធ្វើឡើងនៅថ្ងៃទី១៩ខែវិច្ឆិកា ចាប់ពីឆ្នាំ២០១០ ។ នៅសហរដ្ឋអាមេរិក ទិវានេះត្រូវបានធ្វើឡើងនៅថ្ងៃទី១៩ ខែវិច្ឆិកា ចាប់ពីឆ្នាំ២០០៨ ប៉ុន្តែរដ្ឋខ្លះ មិនបានធ្វើឡើយ ។ បច្ចុប្បន្ន មានរដ្ឋកាន់តែច្រើនឡើងៗប្រារព្ធទិវានេះ ។ ប្រទេសអង់គ្លេស អ្នកដែលបានប្រារព្ធទិវាបុរសអន្តរជាតិមុនគេ គឺពួកនិស្សិត នៃសកលវិទ្យាល័យUniversity of Kent នៅថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ២០០៨ ។ ប្រទេសស្កុតឡែន បានប្រារព្ធទិវាបុរសអន្តរជាតិនៅ ឆ្នាំ២០១០ ។ ចំណែកនៅសឹង្ហបុរី ទិវាបុរសអន្តរជាតិ ត្រូវបានធ្វើដំបូងនៅថ្ងៃទី១៩-២១ ខែវិច្ឆិកា ២០០៨ ។
នៅឆ្នាំ២០០៩ គណៈកម្មការ AMR ម៉ាល់ត៍ បានបោះឆ្នោតផ្លាស់ប្តូរមកធ្វើពិធី ទិវាបុរសអន្តរជាតិ នៅថ្ងៃទី១៩ខែវិច្ឆិកាវិញ ដើម្បីឱ្យស្របនឹងបណ្តាប្រទេសដទៃទៀតក្នុងលោក ។
ពួកអ្នកត្រួសត្រាយនៃទិវា IMD តែងតែបានរំឭកថា ទិវានេះពុំមែនជាការប្រឆាំង ឬប្រកួតប្រជែង ជាមួយ ទិវាសិទ្ធិនារីអន្តរជាតិ ឡើយ ប៉ុន្តែក្នុងបំណងដើម្បីបង្ហាញនូវបទពិសោធរបស់បុរស ។ ខាងក្រោមនេះជា គោលបំណងនៃទិវាបុរសអន្តរជាតិ ឬ ទិវាបុរសអន្តរជាតិ ៖
•ដើម្បីផ្សព្វផ្សាយនូវគំរូតួនាទីវិជ្ជមានរបស់បុរស មិនមែនគ្រាន់តែសម្រាប់ពួកតារាភាពយន្ត និងកីឡាករឡើយ ប៉ុន្តែសម្រាប់បុរសទូទៅនៅក្នុងសកម្មភាព ជីវភាព និងការងារប្រចាំថ្ងៃ ។
•ដើម្បីប្រារព្ធនូវការចូលរួមចំណែកជាវិជ្ជមានរបស់បុរសនៅក្នុង គ្រួសារ អាពាហ៍ពិពាហ៍ ការថែទាំកូនៗ សង្គម សហគមន៍ និងបរិស្ថាន ។
•ដើម្បីយកចិត្តទុកដាក់ទៅលើសុខភាព និង សុខុមាលភាពបុរសដែលក្នុងនោះមានផ្នែកសង្គម ការលើកទឹកចិត្ត ផ្នែកកាយសម្បទា និងផ្នែកស្មារតី ។
•ដើម្បីទ្រោលបំភ្លឺនូវការប្រកាន់រើសអើងចំពោះបុរសនៅក្នុងវិស្ស័យ សេវាសង្គម ឥរិយាបថ សង្គម និងក្តីរំពឹងនិងច្បាប់។
•ដើម្បីលើកកម្ពស់ទំនាក់ទំនងផ្នែកភេទ និងលើកកម្ពស់សមភាពភេទ ។
•ដើម្បីបង្កើតនូវពិភពលោកមួយដែលមានសុវត្ថិភាពនិងប្រសើរជាងមុន ជាទីដែលមនុស្សអាច ទទួលបាននូវសុវត្ថិភាពនិង បានសម្រេចដល់ចំណុចសក្តានុពលរបស់ពួកគេ៕ ដោយ: មេសា