ប្រវត្តិ និង អត្ថន័យ​ខែវិច្ឆិកា ដែលមាន​អាយុ​ជិត ៣ ពាន់​ឆ្នាំ​ហើយ

241
ចែករម្លែក

ភ្នំពេញ​:​ពាក្យ​ថា វិច្ឆិកា មកពី​ភាសាបាលី និង​ភាសាសំស្ក្រឹត ថា “ វិច្ឆិកៈ​” បកប្រែ ជា​ខេមរភាសា ថា​សត្វ​ខ្ទួយ​ឬ សត្វ​ខ្យាដំរី ភាសា​អង់គ្លេស​ថា scorpion ។ វា​ជា​ឈ្មោះ ខែ​ទី​៨ នៃ សុរិយគតិ ប៉ុន្តែ​វា​ជា​ខែ​ទី​១១ នៃ ប្រតិទិន​សកល ត្រូវ​នឹង​ខែអស្សុជ​-​កត្តិក នៅក្នុង​ចន្ទគតិកាល ដែលជា​ដើម នៃ​ហេមន្តរដូវ គឺ​រដូវ​មាន​ទឹកសន្សើម ឬ​រដូវរងា ។ គេ​អាច​ហៅ​ខែវិច្ឆិកា ថា វិច្ឆិក (​វិច្ឆិកៈ​) រាសី ក៏បាន ។​

​វិច្ឆិកា​គឺជា​ខែ​មួយ ក្នុងចំណោម​ខែ​ទាំង ៥​នៃ​ប្រតិទិន​សកល ដែលមាន​រយៈពេល​៣០ ថ្ងៃ ហើយ វា​ជា​និ​ទាឃ​រដូវ នៅ​តំបន់​អ​ឌ្ឃ​គោល​ខាងត្បូង ប៉ុន្តែ​ជា​សរទរដូវ នៅ​អឌ្ឍ គោល​ខាងជើង​។​

១៣០ មុន​ឆ្នាំ​ព្រះពុទ្ធ​ប្រសូត្រ ឬ ២១០ មុន​ពុទ្ធសករាជ ត្រូវជា ៧៥៣ ឆ្នាំមុន​គ្រិស្ត សករាជ ខែវិច្ឆិកា ត្រូវបាន​ផ្តល់កំណើត​ឱ្យ តាមរយៈ​ប្រតិទិន រ៉ូ​មូ​លូ​ស ដែល​ប្រតិ​ទិ​នេះ ក្នុង ១ ឆ្នាំ មានតែ ១០​ខែ ប៉ុណ្ណោះ ដោយ​ចាប់ផ្តើម​ពី​ខែមីនា (​អាន​ថា មីណា​) ។ ដូច្នេះ មកដល់​ឆ្នាំ​២០១៩ នេះ ខែ តុលា មាន​អាយុកាល ២.៧៧២ ឆ្នាំ​ហើយ​។​

​ខែវិច្ឆិកា ដែលជា​ភាសា​អង់គ្លេស​ថា November មកពី​ភាសាឡាតាំង​ថា novem​មានន័យថា ៩ ដ្បិត វិច្ឆិកា ជា​ខែ​ទី​៩ ក្នុង​ប្រតិទិន រ៉ូ​មូ​លូ​ស ដែលជា​បុ​ព្វា​ធិ​ការី​ដំបូង​របស់ ប្រតិទិន ហ្ក្រេ​ហ្គោ​រាន ដែលជា​ប្រតិទិន​សក​លប​ច្ចប្ប​ន្ន​នេះ ។​

​ឆ្នាំ​ទី​៧១៣ មុន​គ្រិស្តសករាជ ព្រះ​ចៅ នូ​ម៉ា ប៉ុ​ម​ពី​លី​យើ​ស​ជា​ក្សត្រ​ទី​២​ក្នុងចំណោម​ក្សត្រ​តាម បវេណី​ទាំង ៧​អង្គ​របស់​ទីក្រុង​រ៉ូម បាន​កែប្រែ​ប្រតិទិន រ៉ូ​មូ​លូ​ស ឱ្យទៅជា​ប្រតិទិន នូ​ម៉ា​។ ប្រតិទិន នូ​ម៉ា នេះ​បាន​បន្ថែម​ខែ​ចំនួន ២ នៅ​ខាងដើម​គឺ​ខែមករា និង​ខែកុម្ភៈ​ដែល​នាំឱ្យមាន​ប្រតិទិន​ក្នុង មួយឆ្នាំ​មាន​១២​ខែ​តាំងពី​ពេលនោះ​មកហើយ​ខែ វិច្ឆិកា​ក៏បាន​ក្លាយទៅជា​ខែ​ទី​១១​តាំងពី​ពេល នោះមក​ដែរ​។​

​ប្រតិទិន​នូ​ម៉ា​នេះ ត្រូវបាន​កែប្រែ​ឱ្យទៅជា​ប្រតិទិន ជូ​លាន ដោយ​ព្រះ​ចៅ​អ​ធិ​រាជ្យ ជូ​លី​យើ​ស សេ​ហ្សា នៃ​ចក្រភព​រ៉ូ​ម៉ាំង នៅ​៤៦ ឆ្នាំមុន​គ្រិស្តសករាជ​។ លុះដល់​ឆ្នាំ​១៥៨២ នៃ គ្រិស្តសករាជ ក៏ត្រូវ​បាន​សម្តេច ប៉ាប ហ្គ្រេ​ហ្កូ​រី ទី​១៣ កែប្រែ​ប្រតិទិន ជូ​លាន នេះ​ឱ្យទៅជា ប្រតិទិន​ហ្ក្រេ​ហ្កូ​រាន ដែលជា​ប្រតិទិន​សកល​នាពេល​បច្ចុប្បន្ន ។​

​ឯកសារ​មួយចំនួន បាន​អះអាងថា ខែ វិច្ឆិកា ជា​ខែ​ទី​១១ ក្នុង​ប្រតិទិន ជូ​លាន និង ប្រតិទិន​ហ្ក្រេ ហ្កូ​រាន ដែល​បានសេចក្តីថា ខែ វិច្ឆិកា បានក្លាយ​ជា​ខែ​ទី​១១ ក្នុង​ប្រតិទិន នៅត្រឹម​ចាប់តាំងពី មាន​ប្រតិទិន ជូ​លាន នៅ​៤៦​ឆ្នាំមុន​គ្រិស្តសករាជ ។ ប្រការនេះ​បានសេចក្តីថា អ្នកនិពន្ធ​អត្ថបទ ទាំងនោះ មើលរំលង ឬ ភ្លេច​គិតថា ខែ វិច្ឆិកា បានក្លាយ​ជា​ខែ​ទី​១១ តាំងពី​ប្រតិទិន នូ​ម៉ា ត្រូវបាន ប្រសូត្រ​ឡើង កាលពី​ឆ្នាំ​ទី ៧១៣ មុន​គ្រិស្តសករាជ​មកម្ល៉េះ ។​

​ព្រឹត្តិការណ៍​
នៅក្នុង​បណ្តា​ប្រទេស​ដែល​ប្រតិ​ប​តិ្ត​តាម​ព្រះពុទ្ធសាសនា​ថេរវាទ ( អ្នកខ្លះ​ហៅថា ហីនយាន​) ដើមខែ​វិច្ឆិកា គឺជា​រយៈពេល​នៃ​កឋិន​កាល​។ រីឯ​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ ធ្វើ​នៅក្នុង​អំឡុង​ខែវិច្ឆិកា​នេះដែរ​។ ប៉ុន្តែ​ចាប់ ពី​ឆ្នាំ​២០១១ រហូតដល់​ឆ្នាំ​២០១៣ ព្រះរាជ​ពិធីបុណ្យ​នេះ ត្រូវបាន​រាជរដ្ឋាភិបាល​ប្រកាស​ផ្អាក ដោយសារ​ឆ្នាំ​២០១១ និង​ឆ្នាំ​២០១៣ មាន​ទឹកជំនន់​ធំ​ពេក ចំណែក​ឆ្នាំ​២០១២ ព្រះករុណា ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ យាង​ចូល​ព្រះ​ទិវង្គត​។ បី​ថ្ងៃ​នៃ រយៈ ពេល ដែល​ធ្លាប់​ប្រារព្ធ​ធ្វើ​ពិធីបុណ្យ​អុំទូក​នោះ នៅតែ​ជា ថ្ងៃ​សម្រាក​សាធារណៈ ដដែល​។ ឆ្នាំ​២០១៤ ព្រះរាជ​ពិធី​នេះ ត្រូវបាន​ប្រារព្ធ​ឡើងវិញ​។ ឆ្នាំ​២០១៥ ព្រះរាជ​ពិធី នេះ ត្រូវបាន​ផ្អាក​ទៀត នៅ​រាជធានី​ភ្នំពេញ ដោយ​រដ្ឋា​បាល​លើក​ហេតុផល​ថា ទឹកទន្លេ​តូច និង​មាន​គ្រោះរាំងស្ងួត ។ ប៉ុន្តែ​តាម​បណ្តា​ខេត្ត​នានា អាចធ្វើ​បាន ហើយ​ថ្ងៃ​សម្រាក ៣ ថ្ងៃ នៅតែ​រក្សា​ដដែល ។ ឆ្នាំ​២០១៦ រហូតដល់​ឆ្នាំ​២០១៩ នេះ ព្រះរាជ​ពិធី​នេះ ត្រូវបាន​រៀបចំឡើងវិញ ។​

​នៅ​ប្រទេស​កម្ពុជា ថ្ងៃទី​៩ ខែវិច្ឆិកា (១៩៥៣) ជា​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ​។ នៅក្នុង​អំឡុង​បុណ្យ អុំទូក កាលពី​ឆ្នាំ​២០១០ មាន​មនុស្ស​ស្លាប់​រាប់រយ​នាក់ ដោយសារ​ការកកស្ទះ នៅលើ​ស្ពាន​ពេជ្រ (​កោះ​ពេជ្រ​) ។ នៅ​កម្ពុជា ខែវិច្ឆិកា ជា​ពេលដែល​ចាប់ផ្តើម​រដូវ​កាល នៃ​អាពាហ៍ពិពាហ៍​ហើយ​ជា ដើមរដូវ នៃ​ការដាំដុះ សម្រាប់​ប្រជាពលរដ្ឋ នៅ​ស្រុកចម្ការ និង​តំបន់​ធ្វើស្រែ​ប្រាំង​។​

​ពិធីបុណ្យ​នៃ​“​ក្តី​អំណរ​”​ត្រូវបាន​ប្រារព្ធ​នៅ​ខែវិច្ឆិកា​។​បុណ្យ All Saints’ Day (​ពី​ដើម​ហៅថា​បុណ្យ All Hallows Day) ជា​ពិធីបុណ្យ​របស់​គ្រិស្តបរិស័ទ​ធ្វើឡើង​នៅ​ថ្ងៃទី​១​ខែវិច្ឆិកា​។ ប្រតិទិន​រ៉ូ​ម៉ាំង កាតូលិក​ថ្ងៃទី​២​ខែវិច្ឆិកា​គឺជា​ថ្ងៃបុណ្យ All Souls Day ដែល​មានន័យថា “ ថ្ងៃ​នៃ​សេចក្តីស្លាប់​” ហើយ​ពេញ​មួយខែ​នេះ​គេ​ឧទ្ទិស​ជាពិសេស​សម្រាប់​ដល់​ព្រលឹង​បុគ្គល​ដែល​បាន​លាចាក​លោក​នេះ​ទៅ​។​

​ថ្ងៃទី​១០​វិច្ឆិកា​ឆ្នាំ​១៧៧៥​ជា​ថ្ងៃកំណើត​កង​ម៉ា​រី​ន​អាមេរិក​ហើយ​ថ្ងៃទី​១១​វិច្ឆិកា​ក៏​ជា​ថ្ងៃបុណ្យ “​ទិវា​ចងចាំ “​នៅ​អឺរ៉ុប​និង​បណ្តា​ក្រុម​រដ្ឋ​សហ​ធន ដើម្បី​រំឭក​ដល់​ថ្ងៃ​បញ្ចប់​សង្គ្រាមលោកលើកទី​១ និង​យុទ្ធជន​ដែល​បាន​ពលី ក្នុង​សង្គ្រាម​នេះ​។ បុណ្យ​នេះ នៅ​អាមេរិក ហៅថា Veterans’ Day គឺ​បុណ្យ​រំឭក​អតីតយុទ្ធជន​។​
​ ​
ថ្ងៃបុណ្យ​បុរស​អន្តរជាតិ និង​ទិវា​ទស្សនវិជ្ជា​អន្តរជាតិ ត្រូវបាន​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃទី​១៩​វិច្ឆិកា​។​

​សម្រាប់​ប្រជាជន​អាមេរិក ខែវិច្ឆិកា គឺជា​ខែម​រតក ដ្បិត​ជា​ខែ​នៃ​ការយល់ដឹង​សំខាន់ៗ​យ៉ាងច្រើន ដូចជា​ការយល់ដឹង អំពី​ការវះកាត់​មហារីក​លំពែង និង​យុវជន​អនាថា​ជាតិ​ជាដើម​។ អ្វីដែល​ជន ជាតិ​អាមេរិក និង​ពិភពលោក មិនអាច​បំភ្លេចបាន​នោះ​ការរកឃើញ​ទឹកដី​បស្ចិម​លោក​ដោយ លោក​គ្រីស្តូហ្វ័រ ខូ​ឡុ​ម​បឺស (Christopher Columbus) នៅ​ថ្ងៃទី​១៩ វិច្ឆិកា ឆ្នាំ​១៤៩៣​។​

​ជំនឿ​ហោរា​ប​ច្ចឹ​ម​លោក​
គេ​អាច​ហៅ​អ្នក​កើត​ក្នុង​ខែវិច្ឆិកា ថា វិច្ឆិករាសី​បុគ្គល ក៏បាន ។ ហោរាសាស្ដ្រ​លោក ខាងលិច ចាត់ទុកថា វិច្ឆិករាសី​បុគ្គល គឺជា​អ្នក​ទាំងឡាយណា​កើត​ក្នុង​ចន្លោះ​ថ្ងៃទី​២៣ ខែតុលា​ដល់​ថ្ងៃទី ២១​វិច្ឆិកា ។ មនុស្ស​កើត​ខែវិច្ឆិកា ស្មើនឹង​មនុស្ស​កើត​ឆ្នាំ​ជ្រូក នៃ ក្បួន​ហោរា​ចិន ឬ ឆ្នាំកុរ នៃ ក្បួន​ហោរា​ខ្មែរ ។​
​ ​
និម្មិត​តំណាង​នៃ​មនុស្ស​កើត​ក្នុង ខែវិច្ឆិកា គឺ​សត្វ​ខ្ទួយ ឬ ខ្យាដំរី ធាតុទឹក​ទទួល​ឥទ្ធិពល​ពី​ភព​ភ្លូ​តូ និង​ភព​ម៉ាស៍​ជា​ប្រភេទ​មនុស្ស​ឆ្លាត​វាងវៃ ពណ៌​ដែល​សក្តិសម​គឺ​ពណ៌​ក្រហម​ចាស់ និង ពណ៌​ខ្មៅ ។ ត្បូង​នាំ​សំណាង​គឺ​ត្បូង រតនា​បោល​ឆុង​នឹង​ជន​ដែល​កើត​នៅក្នុង​ខែ មេសា និង​មនុស្ស​កើត ខែ​ឩ​សភា ។

​បុគ្គល​កើត​ក្នុង​វិច្ឆិករាសី​គឺជា​មនុស្ស​ប្រកបដោយ​ក្តី​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​មោះមុត​និង​ប្តេជ្ញា តស៊ូ​ជានិច្ច​និង​ជា​មិត្ត​ពិតប្រាកដ ។ គេ​ចូលចិត្ត​តែ​អ្វី​ដែលជា​ការពិត​និង​ត្រឹមត្រូវ​។ មុននឹង​ជឿ​អ្វី មួយ​បុគ្គល​នេះ​តែងតែ​ឈ្វេងយល់​ឲ្យ​ដឹង​ពី​ការពិត​ច្បាស់លាស់​។​

​បុគ្គល​នេះ​មិន​ងាយ​បង្ហាញ​អារម្មណ៍​ឬ​ទឹកមុខ​របស់ខ្លួន​ឲ្យ​គេ​ដឹង​ឡើយនិង​ជា​មនុស្ស​ពុំ​សូវ​និយាយ​ច្រើន​ទេ​ប៉ុន្តែ​ក៏​ពូកែ​ប្រច័ណ្ឌ​។​បុគ្គល​នេះ​តែង​អនុវត្តន៍​ជាក់ស្តែង​ជាជាង​សន្យា​ចោល​។​មនុស្ស​នេះ​តែង​ចេះ​លៃលក​និង​ទុកដាក់​ទ្រព្យ​និង​ធនធាន​បានល្អ​ណាស់​តែងតែ​ចេះ​ចាត់ចែង​ក្នុង​គ្រួ​សារបាន​យ៉ាង​ល្អ​និង​លះបង់​គ្រប់យ៉ាង​ឲ្យ​តែ​គ្រួ​សារបាន​សុខសាន្ត​។​

​បុគ្គល​កើត​ក្នុង​វិច្ឆិករាសី​គឺជា​មនុស្ស​ដែលមាន​កាមតណ្ហា​ខ្ពស់​ជាងគេ​ក្នុងចំណោម​អ្នក​កើត​ក្នុង​ខែ​សុ​រយ​គតិ​ទាំង​១២​។​បុគ្គល​កើត​ក្នុង​វិច្ឆិករាសី​ចាត់ទុក​រឿង​ទំនាក់ទំនង​ប្រុស​ស្រី​ជា​រឿង​សំខាន់បំផុត​។​ការបង្កើត​ទំនាក់ទំនង​ស្នេហា​ត្រូវបាន​ធ្វើឡើង​ដោយ​ត្រូវ​ប្រើពេល​យូរ​បន្តិច​ប៉ុន្តែ​នៅពេលដែល​បុគ្គល​កើត​ក្នុង​វិច្ឆិក​រា​នេះ​រកបាន​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​ហើយ​នោះ​បុគ្គល​នេះ​នឹង​ស្មោះត្រង់​និង​លះបង់​គ្រប់យ៉ាង​ដើម្បី​អ្នក​ដែល​ខ្លួន​ស្រឡាញ់​រហូតដល់​ថ្ងៃ​ស្លាប់​។​

​បុគ្គល​កើត​ក្នុង​វិច្ឆិករាសី​គឺជា​មនុស្ស​ហ្មត់ចត់​រឿង​ការងារ​និង​ជាម​នុស្ស​ពូកែ​ច្នៃប្រឌិត​ហើយ​ប៉ិនប្រសប់​ក្នុងការ​ដោះស្រាយ​បញ្ហា​។​បុគ្គល​នេះ​មាន​សមត្ថភាព​អាច​ចាត់ចែង​ការងារ​បាន​ច្រើន​ក្នុងពេល​តែមួយ​និង​ជា​បុគ្គល​ដែល​សម្លឹង​ឃើញ​ភាពជោគជ័យ​ជានិច្ច​។​បុគ្គល​នេះ​មិន​ខ្វល់ខ្វាយ​ក្នុង​រឿង​ស្វែងរក​មិត្តភក្តិ​នៅ​កន្លែង​ការងារ​ឡើយ​គេ​គិត​ធ្វើយ៉ាងណា​ឲ្យ​តែ​ការងារ​របស់គេ​បានសម្រេច​ប៉ុណ្ណោះ​៕ ដោយៈ មេសា​

គំនូរ​រូប​ខ្ទួយ​ដែលជា​និមិត្តរូប នៃ ជន​កើត​ខែវិច្ឆិកា
ត្បូង​រតនា​បោល ដែលជា​ត្បូង​នាំ​សំណាង​សម្រាប់​វិច្ឆិករាសី​បុគ្គល