ប្រវត្តិ និង អត្ថន័យ នៃ ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល​

1014
ចែករម្លែក

ភ្នំពេញៈ​ពិធី​ច្រត់ព្រះនង្គ័ល ជា​ព្រះ​រាជពិធី​មួយ ក្នុងចំណោម​ព្រះរាជ​ពិធី​ទ្វាទសមាស (​ព្រះរាជ​ពិធីបុណ្យ​ដែល​ធ្វើ​ក្នុង​មួយឆ្នាំ​ម្តង តាម​រាជ​បវេណី ) ។ តាម​ធម្មតា ព្រះរាជ​ពិធីនេះ​ត្រូវបានធ្វើ​នៅ​ខែ​ពិសា (​ឧសភា​) ជា​ពេល​ដើមរដូវ​បង្កបង្កើនផល​កសិកម្ម ហើយ​ជាទូទៅ​ត្រូវបាន​ប្រារព្ធ​នៅលើ​ទីលាន វាល​ព្រះមេរុ ខាងជើង​ព្រះបរមរាជវាំង ឬ​ព្រះ​ស្រែ ណាមួយ ។ ឆ្នាំនេះ​នឹង​ប្រារព្ធ​នៅ​ខេត្ត តាកែវ នៅ​ថ្ងៃទី២២ ខែឧសភា ត្រូវ​នឹង​ថ្ងៃ ៤ រោច ខែ ពិសាខ ។
​ ​
​របៀប​ប្រារព្ធ​
​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល ច្រើនតែ​ធ្វើ​នៅ​ថ្ងៃ ១​រោច ២​រោច និង ៣ រោច ខែ ពិសាខ ដោយ​ចាត់​ឱ្យមាន​ព្រាហ្មណ៍ ៥ នាក់ ធ្វើហោមពិធី​បូជា​ទេវតា ៥ កន្លែង នៅ​ទី​ព្រះ​ស្រែ ។ ពេលខ្លះ​ព្រះរាជា យាង​ច្រត់ព្រះនង្គ័លដោយផ្ទាល់ ប៉ុន្តែ​ពេលខ្លះ​តំណាង​ព្រះរាជា ជា​អ្នក​ច្រត់ព្រះនង្គ័ល ។ ថ្ងៃ ៤ រោច ខែ ពិសាខ គេ​ចាប់ផ្តើម​ហែ​មន្ត្រី​អ្នក​ច្រត់ព្រះនង្គ័ល តំណាង​ព្រះរាជា ហៅថា ស្តេចមាឃ និង ភរិយា ព្រះ​មេ​ហួរ តំណាង​ព្រះ​អគ្គមហេសី ចេញពី​ព្រះបរមរាជវាំង​ទៅកាន់​ទី​ព្រះ​ស្រែ ដោយនៅ​ទីនោះមានគោ ៣ នឹម ទឹម​រួចជាស្រេច​សម្រាប់​ច្រត់ព្រះនង្គ័ល ។ ​អ្នកចូលរួម​ទាំងប្រុស​ទាំងស្រី​ស្លៀកពាក់​តាម​លក្ខណៈ​ប្រពៃណី​ខ្មែរ​យ៉ាង​ល្អ​ឆើតឆាយ ។​

គោ នឹម ទី ១ ដែល​ទឹម​សម្រាប់ច្រត់ព្រះនង្គ័លនោះ គេ​ហៅថា “ ព្រះ​គោ “ ឬ “ គោ​ឧសភរាជ “ ( គោ​ឈ្មោល​របស់​ព្រះរាជា ) ។ តាម​រាជ​បវេណី “ ព្រះ​គោ “ ឬ “ គោ​ឧសភរាជ “ នេះ មានកំណត់​លក្ខណៈច្បាស់លាស់ គឺ​សម្បុរ​ខ្មៅ ស្នែង​រាង​ចំពាស់ ឈ្នក់ ឬ ប្រក់​នាគ គឺ​រាង​ខុប​ទៅមុខ​បន្ដិច ហើយ​វាត់​ចុង​ទៅលើ​បន្ដិច ។

​គោ​នឹម​ទី ២ ដែល​ប្រើ​សម្រាប់​ហែ​មុខ​ហែ​ក្រោយ ដូចជា​មិនទាន់​ឃើញថា​មានកំណត់លក្ខណៈ​នៅឡើយ ។ ទោះយ៉ាងណា តាម​ដែល​ធ្លាប់ប្រើ​មកហើយ​ឃើញ​ច្រើនតែ​សម្បុរក្រហម ។ ឯ​ព្រះ​នង្គ័ល​ទាំង ៣ នោះ គេ​លាបថ្នាំ​ពណ៌​ខ្មៅ កាត់​ខ្សែ​ក្រហម​ដោយ​អន្លើៗ ឯ​ចន្ទោល​ព្រះ​នង្គ័ល​សម្រាប់​អ្នកតំណាង​ព្រះរាជា មាន​លក្ខណៈពិសេស​ជាងគេ គឺ​ធ្វើជា​រូប​នាគ លាបថ្នាំ​ពណ៌​មាស នៅត្រង់ ក នាគ និង មាន​ភូ (​សរសៃ រំយោល​)​ធ្វើ​ពី​រោមសត្វ ។​

​គោលបំណង​សំខាន់បំផុត នៃព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល គឺធ្វើឡើង​ដើម្បី​ជាការ ព្យាករណ៍ ឬទស្សន៍ទាយ អំពី​ផលដំណាំ​កសិកម្ម និងហេតុភេទដែល​អាច​នឹង​កើត មាន​ឡើង​នៅក្នុង​រយៈពេល​ពេញ​មួយឆ្នាំ តាមរយៈ​ទង្វើ​របស់​គោ​នៅក្នុង​ព្រះរាជ​ពិធី​នោះ ។​

​ព្រះរាជា ឬ ស្តេច​មាឃ ដែលជា​តំណាង​ឲ្យ​ព្រះមហាក្សត្រ ជា​អ្នក​ភ្ជួរ​ព្រះមេរុ រីឯ​មហាក្សត្រិយានី ឬ ដែល​តំណាង​ដោយ​ព្រះ​មេ​ហួរ​ជា​អ្នក​ព្រោះ​គ្រាប់ពូជ​ពីក្រោយ​។ វាលព្រះមេរុ​ត្រូវបាន​ភ្ជួរ​ចំនួន​បី​ជុំ​នៅក្នុង​ពិធី​នោះ​។

​សូមបញ្ជាក់​ឡើងវិញ​ថា នៅក្នុង​បរិវេណ​ទីលាន​ព្រះ​ស្រែ ឬ វាល​ព្រះមេរុ នោះ មានសង់​ព្រះ​ពន្លា គឺរោងដ៏​ស្រស់ស្អាត ហើយ​នៅមុខ​ព្រះ​ពន្លា​នោះមាន តុ ចំនួន ៧ ហើយ​នៅលើតុ នីមួយៗ មាន​តម្កល់​ទៅដោយ​របស់​មួយ​មុខ​គឺ គឺ​គ្រាប់ស្រូវ ១ តុ គ្រាប់សណ្ដែក ១ តុ គ្រាប់ពោត ១ តុ គ្រាប់ល្ង ១ តុ ស្មៅ​ស្រស់ ១ តុ​​ ទឹក ១ តុ និង ស្រា ១ តុ ។​

​នៅក្នុង​ព្រះរាជ​ពិធី​នេះ បន្ទាប់ពី​បាន​ភ្ជួរ​ដូច​បាន​រៀបរាប់​ខាងលើ​មក គឺជា​ពិធី​ផ្សង​គោឧសភ​រាជ្យ ។ ពិធី​ផ្សង​គោ​ឧសភ​រាជ្យនេះ ព្រាហ្មណ៍​ដែលជា​ព្រះរាជ​គ្រូសូត្រ​ពាក្យ អធិដ្ឋាន​ផ្សង​គោ ដែល​ទឹម​ច្រត់ព្រះនង្គ័ល​នោះឱ្យ​បរិភោគ​អាហារ ៧ យ៉ាង ខាងលើនេះ ។ កាល​ព្រះ​គោ​បរិភោគ​អ្វីមួយ ព្រាហ្មណ៍ក៏​ព្យាករណ៍​នូវ​ព្រឹត្តិការណ៍ ឬ​ទស្សន៍ទាយតាម​ប្រផ្នូល​នោះ​សម្រាប់​រយៈពេល​ពេញ​មួយ​ឆ្នាំនេះ ដូចជា ជំងឺ​រាតត្បាត ទឹកជំនន់ ទិន្នផល​ល្អ និងមាន​ភ្លៀង​ធ្លាក់​ច្រើន ឬតិច ជាដើម​។​

​សាវតារ​
​ពួក​បុរាណ​វិទូ បាន​អះអាងថា ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល​នេះ ត្រូវបាន​ព្រះរាជា​ខ្មែរ ប្រារព្ធជា​បវេណី យ៉ាងហោចណាស់ក៏​តាំងពី​សម័យចេនឡា (​សតវត្ស​ទី​៦​ដល់​ដើមសតវត្ស​ទី ៩ ) ដែរ​ ដោយ​ពួកគេ​បាន​រកឃើញ​រូបចម្លាក់​ជាច្រើន​បញ្ជាក់​ពី វត្តមាននៃព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល​នេះ ។​

​ចំពោះ​ស្នាដៃ​អក្សរសិល្ប៍​វិញ គឺ​គេ​អាច​ឃើញ​មាន​វត្តមាន​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល​នេះ នៅក្នុង​រឿង រ៉ា​ម៉ា​យ​ណៈ របស់ឥណ្ឌា និង រឿងរាមកេរ្តិ៍ របស់​ខ្មែរ ។

​នៅក្នុង​រឿងរាមកេរ្តិ៍ របស់​ខ្មែរ មាន​តំណាល​ថា ព្រះ​នាង សីតា បានចាប់កំណើត​ក្នុងពេលដែល​ព្រះបាទ​ជនក កំពុង​ធ្វើ​ពិធី​ច្រត់ព្រះនង្គ័ល ហើយក៏​លេចចេញ​ព្រះ​នាងពី​ដី​អាចម៍បំណះ​ដែល​ព្រះអង្គ​កំពុង​ភ្ជួរ​ក្នុង​ព្រះ​រាជពិធី​នោះ​។​

​នៅក្នុង​ពុទ្ធប្បវត្តិ ក៏មាន​ឃើញ​រឿងនេះ​ដែរ គឺ​នៅពេលដែល​ព្រះបាទ សិ​ទ្ធោ​ទ​ន (​បិតា​របស់​ព្រះពុទ្ធ​) កំពុង​យាង​ច្រត់ព្រះនង្គ័លនោះ ព្រះរាជ​កុមារ សិទ្ធត្ថ បាន​ក្រោកអង្គុយ​ធ្វើ​សមាធិ​ក​ក្រោម​ដើមឈើ​បានសម្រេច​ធម៌​ដ៏​សំខាន់​មួយ ។​

​សន្និដ្ឋាន​
​តាម​រូបភាព ការ​ប្រារព្ធ​ពិធី​ច្រត់ព្រះនង្គ័លនេះ​គ្រាន់តែ​ជា​និមិត្តរូប​ប៉ុណ្ណោះ​ហើយក៏​គ្មានទទួលបាន​ភោគផល​អ្វី​ពិតប្រាកដ​ដែរ ដ្បិត​ការ​ភ្ជួរ និងសាបព្រោះ ក្នុង​ព្រះ​រាជពិធី​នេះ គ្រាន់តែ​ជា​តំណាង ពោលគឺ​ពុំមែន​ជាការ​ប​ង្កើ​បង្កើន​ផល​ពិតប្រាកដ​ឡើយ ។ ប៉ុន្តែ​ពិធីនេះ​បង្កប់​ទៅដោយ​អត្ថន័យ​ដ៏​សំខាន់​គឺ​បញ្ជាក់ថា ព្រះរាជា ( ឬ ប្រមុខ និងថ្នាក់ដឹកនាំ ប្រទេស ) យក​ព្រះទ័យ និងយកចិត្តទុកដាក់​លើ​វិស័យ​កសិកម្ម ឬការ​បង្កបង្កើនផល ដ្បិត​កម្ពុជាជា​ប្រទេស​ដែល​ពឹង​លើ​វិស័យ​កសិកម្ម​ជាសំខាន់ ។​

​មួយ​វិញ​សោត តាមរយៈ​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល​នេះ គឺជា​ការ​ក្រើនរំឭក​ដល់​ប្រជានុ​រាស្ត្រ និងអ្នកពាក់ព័ន្ធ​ទាំងអស់​ថា “ រដូវ​បង្កបង្កើនផល​បាន​ចូលមក​ដល់​ហើយ គប្បី​ប្រុងប្រៀប​រៀបចំ​កាយ​ចិត្ត និងឧបករណ៍​សម្រាប់​ប្រឡូក​ក្នុង​ការដាំដុះ ” ៕ ដោយៈ មេសា​/Ha

#