ប្រវត្តិ និង អត្ថន័យ រឿង​នាំឱ្យមាន​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​

2113
ចែករម្លែក
  • 14
    Shares

​ដោយៈ មេសា​/​ភ្ន​ពេញៈ ពុំមាន​ការបញ្ជាក់​អំពី​កាលបរិច្ឆេទ​ច្បាស់លាស់​ឡើយ ប៉ុន្តែ​ឯកសារ​ជាច្រើន​អះអាងថា កាលពី​បុ​រា​ណ្យ ខ្មែរ ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​របស់ខ្លួន​នៅ​អំឡុងពេល​ប្រហាក់ប្រហែល​នឹង​បុណ្យចូលឆ្នាំ​សកល​ដែរ គឺ​អំឡុងពេល​ដាច់​ខែធ្នូ នៃ ប្រតិទិន​សុរិយគតិ ។ ប៉ុន្តែ​ក្រោយមក បាន​ប្តូរ​មក​ធ្វើ​នៅ​ពាក់​កណ្តាលខែ មេសា វិញ គឺ​ពី​ចន្លោះ​ថ្ងៃទី ១៣ ឬ ទី ១៤ ដល់​ថ្ងៃទី ១៦ ខែ មេសា វិញ ព្រោះ​ពេលនេះ​ជា​ពេលដែល​ប្រជាពលរដ្ឋ​ខ្មែរ​ប្រមូល​ភោគផល​រួចរាល់ ស័ក្តិសម​នឹង​ពេល​សប្បាយរីករាយ ។​

​ព្រេង​និទាន​នាំឱ្យមាន​បុណ្យចូលឆ្នាំ​

​នៅក្នុង​គម្ពីរ​ព្រះពុទ្ធសាសនា មាន​តំណាល​ថា នៅ​ដើម​ភទ្ទកប្ប​នេះ ព្រះ​បរម​ពោធិសត្វ (​សត្វ​ដែល​នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ ពោលគឺ​ព្រះ​ពុទ្ធកាល​កើត​ក្នុង​កំណើត​ផ្សេងៗ កាល​មិនទាន់បាន​ត្រាស់ដឹង​ជា​ព្រះពុទ្ធ ) បាន​យោនយកកំណើត ឈ្មោះ ធម្មបាល​កុមារ ជា​បុត្រ​របស់​សេដ្ឋី​ម្នាក់ ។ ធម្មបាល​កុមារ មាន​ប្រាជ្ញា​លើស​អស់​មនុស្ស​ទាំងពួង សិក្សា​ចេះ​ចប់​ត្រៃវេទ (​គម្ពីរ​ពិសិដ្ឋ​របស់​ព្រហ្មញ្ញសាសនា ដូចជា​គម្ពីរ​ព្រះ​ត្រៃបិដក​ក្នុង​ព្រះពុទ្ធសាសនា គម្ពីរ បាយ​ប​ល នៃ គ្រិស្តសាសនា ឬ គម្ពីរ កូ​រ៉ា​ន់ នៃ អ៊ិ​ស្លាម​សាសនា ) តាំងពី​អាយុ ៧ ឆ្នាំ ។ ធម្មបាល​កុមារ ចេះ​ស្តាប់​ទាំង​ភាសា​បក្សី និង ភាសាសត្វ​នានា ។ សេដ្ឋី​ជា​បិតា បាន​សាង​ប្រាសាទ​មួយ​នៅ​ទៀប​នឹង​ដើម​ជ្រៃ​ធំ​មួយ​ដើម ដែល​ជាទី​ស្នាក់នៅ នៃ បក្សាបក្សី សម្រាប់​ឱ្យ​ធម្មបាល​កុមារ​រស់នៅ ហើយ​ប្រាសាទ​នោះ ក៏​ជាទី​ដែល​ធម្មបាល​កុមារ ដោះស្រាយ​នូវ​រាល់​ប្រស្នា​បញ្ហា​ទាំងឡាយ និង បង្រៀន​ប្រៀនប្រដៅ​ដល់​ជនានុជន​អំពី​ហេតុដែល​នាំឱ្យ​បាន​សុខ ឬ ទុក្ខ​ផងដែរ ។​

​​កិត្តិនាម​របស់​ធម្មបាល​កុមារ កាន់តែ​រន្ទឺ​ខ្លាំង​ទៅៗ សូម្បីតែ​ទេវតា ក៏​ពោល​សរសើរ​ដល់​ប្រាជ្ញា ធម្មបាល​កុមា​រដែរ ។​ ​អស់​រាប់ពាន់​ឆ្នាំ​មកហើយ មនុស្ស និង ទេវតា តែងតែ​គោរពបូជា តែ​កបិល​មហាព្រហ្ម​មួយអង្គ​ប៉ុណ្ណោះ ។ ប៉ុន្តែ​ពេលនេះ បែរ​ជាមាន​មនុស្ស និង ទេវតា ច្រើន​ទៅៗ ងាក​ទៅ​គោរព​ធម្មបាល​កុមារ​ទៅវិញ ។ ប្រការនេះ ធ្វើឱ្យ​កបិល​មហាព្រហ្ម កើត​ទោមនស្ស​យ៉ាង​ក្រៃលែង ក៏​គិតថា “ ត្រូវតែ​បង្ក្រាប ឬ បំបាក់​ធម្មបាល​កុមារ​នេះ​ចេញ​ទើប មនុស្ស និង ទេវតា ងាក​មក​គោរ​បូជា​អាត្មាអញ្ញ​វិញ “ ។

​​ថ្ងៃមួយ​កបិល​មហាព្រហ្ម ក៏បាន​ប្រកាស​ចុះទៅ​ភ្នាល់​ប្រាជ្ញា​ជាមួយ​ធម្មបាល​កុមារ ដោយ​ដាក់​ប្រស្នា​ដល់​ធម្មបាល​កុមា​រថា “ តើ​សិរី ៣ ប្រការ ឋិត​នៅត្រង់ណា “ ដោយ​ទុក​ពេលវេលា ៧ ថ្ងៃ​ឱ្យ​ធម្មបាល​កុមារ សម្រាប់​ស្វែងរក​ចម្លើយ ។​ ​ជាមួយនឹង​សំណួរ​ដែល​មនុស្ស និង ទេវតា មិនដែល​ធ្លាប់បាន ដឹង ឬ ឮ ពីមុន​មកនេះ កបិល​មហាព្រហ្ម​ក៏បាន​ភ្នាល់​ផងដែរ​ថា “ ប្រសិនបើ​ធម្មបាល​កុមារ ឆ្លើយ​នឹង​សំណួរ​នេះ មិន​រួច​ទេនោះ នឹងត្រូវ​ប្រគល់​ក្បាល់ (​របស់​ធម្មបាល​កុមារ​) ទៅឱ្យ​កបិល​មហាព្រហ្ម ។ ផ្ទុយទៅវិញ បើ​ធម្មបាល​កុមារ អាច​ដោះប្រស្នា​នេះ​រួច​នោះ កបិល​មហាព្រហ្ម នឹង​កាត់​ក្បាល​របស់ខ្លួន ប្រគល់​ទៅឱ្យ​ធម្មបាល​កុមារ​វិញ “ ។​

​​ធម្មបាល​កុមារ មិន​ចង់​ភ្នាល់​ដ៏​ធំ​បែបនេះ​ជាមួយ​កបិល​មហាព្រហ្ម​ដ៏​មហិមា ដែល​មនុស្ស និង ទេវតា សូម្បីតែ​ធម្មបាល​កុមារ​ខ្លួនឯង​ក៏​គោរព​កោតសរសើរ​ដែរ​ដូច្នេះ​ឡើយ ប៉ុន្តែ​បញ្ជា​របស់​កបិល​មហាព្រហ្ម ពិតជា​មិនអាច​ប្រកែក​បានឡើយ ទើប​ទទួលយក​ការ​ភ្នាល់​នេះ​ទាំង​ទើសទាល់ ។ ​ចាប់តាំងពី​ពេលនោះ​មក ធម្មបាល​កុមារ តែងតែ​ខំប្រឹងប្រែង​គិតពិចារណា​យ៉ាង​អស់ពី​លទ្ធភាព អស់​រយៈពេល ៦ យប់ ៦ ថ្ងៃ ក៏​នៅតែ​រក​មិនឃើញ​ពន្លឺ នៃ ចម្លើយ​ចំពោះ​ប្រស្នា​របស់​កបិល​មហាព្រហ្ម ។​

​នៅ​ពេលយប់​ស្ងាត់ នៃ រាត្រី​ថ្ងៃទី ៦ ធម្មបាល​កុមារ​នៅតែ​មិនអាច​រក​ចម្លើយ​ចំពោះ​ប្រស្នា​នោះបាន​ទៀត ដែល​បានសេចក្តីថា សេចក្តីស្លាប់​កំពុង​រង់ចាំ​ធម្មបាល​កុមារ​នៅ​ព្រឹកស្អែក​នេះហើយ ។​ ​នៅ​រាត្រី​នោះ ធម្ម​កុមារ​កុមារ បរម​ពោធិសត្វ បាន​ចុះ​ចាក​ប្រាសាទ ទៅ​អង្គុយ​ក្រោម​ដើមត្នោត (​ឯកសារ​ជាទូទៅ​និយាយថា ធម្មបាល​កុមារ អស់សង្ឃឹម ទើប​ចង់ទៅ​សម្លាប់ខ្លួន ឬ នឹង​រត់ចោល​ប្រាសាទ សុខចិត្ត​ទៅ​ស្លាប់​ឱ្យ​ផុតពី​ភ្នែក​គេ កុំឱ្យ​មហាព្រហ្ម​សម្លាប់ នាំ​ខ្មាស​គេ ។ ប៉ុន្តែ​ខ្ញុំ​យល់ថា នេះ​គឺជា​ការបរិយាយ​មួយ​មិន​សមរម្យ​ចំពោះ​សារជាតិ នៃ ព្រះ​ពោធិសត្វ​ទាំងឡាយ​ឡើយ ) ទៅ​សញ្ជប់សញ្ជឹង​រំពឹងគិត​អំពី​ចម្លើយ​ចំពោះ​ប្រស្នា​របស់​មហាព្រហ្ម ។

​ពេលនោះ មាន​សត្វ​ឥន្ទ្រី​យ៍ ញី ឈ្មោល មួយគូ សន្ទនា​គ្នា​អំពី​អត្ថន័យ នៃ សិរី​សួស្តី ៣ ប្រកា​រថា ៖ ទី ១. ពេលព្រឹក​សិរី​សួស្តី​ឋិត​នៅលើ​មុខ ( ទើប​មនុស្ស​យក​ទឹក​លាងមុខ ) , ទី ២. ពេល​ថ្ងៃ​សិរី​សួស្តី​ឋិត​នៅ​ទ្រូង (​ទើប​មនុស្ស​យក​ទឹក​លាង​ទ្រូង ) ចំណែក​ទី ៣. ពេល​ល្ងាច​សិរី​សួស្តី​ឋិត​នៅត្រង់​ជើង ( ទើប​មនុស្ស​យក​ទឹក​លាង​ជើង ) ។​

​​ពេល​បានដឹង​ចម្លើយ​ដូច្នេះហើយ ធម្មបាល​កុមារ ក៏បាន​ត្រឡប់​ទៅ​ប្រាសាទ​របស់ខ្លួន​វិញ ។ លុះ​ស្អែក​ឡើង​ក៏​យក​ចម្លើយ​ដែល​ខ្លួន​បាន​ចេះ​កាលពី​យប់ ទៅ​ឆ្លើយ​ប្រាប់​កបិល​មហាព្រហ្ម ។ កបិល​មហាព្រហ្ម ក៏​សុខចិត្ត​ព្រម​ចុះចាញ់ ធម្មបាល​កុមារ មហាពោធិ​សត្វ ហើយ​បាន​ធ្វើតាម​ការសន្យា គឺ​បាន​កាត់​ព្រះ​សិរសា (​ក្បាល​) របស់ខ្លួន​ប្រគល់​ទៅឱ្យ​ធម្មបាល ។​

គំនូរបរិយាយអំពីរឿង ធម្មបាលកុមារពោធិសត្វ និង កបិលមហាព្រហ្មភ្នាល់គ្នា ដែលជាហេតុនាំឱ្យមានបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ( រូបៈ ឯកសារ)

​ប៉ុន្តែ​ធម្មបាល​កុមារ ក៏បាន​ប្រគល់​សិរ​សាក បិ​ល​មហាព្រហ្ម​ទៅឱ្យ​ប​ត្រី​ទាំង ១២ របស់​កបិល​មហាព្រហ្ម​វិញ ព្រោះថា ប្រសិនបើ​រក្សាទុក​នៅ​ឋានមនុស្ស នឹង​បោះចោល​ទៅក្នុង​ចក្រ​វា​ឡ នឹង​បោះ​ទៅក្នុង​មហាសមុទ្ទ ឬ កប់​ក្នុង​ដី​ជាដើម​នោះ ទី ឬ ឋាន​ទាំងនោះ នឹង​ដល់​នូវ​ក្តី​វិនាស​អន្តរាយ ព្រោះតែ​កំដៅ​កើតចេញពី​ព្រះ​សិរសា កបិល​មហាព្រហ្ម​នោះឯង ។ ​ដោយហេតុនេះ ព្រះ​បុត្រី​ទាំង ១២ អង្គ​របស់​កបិល​មហា​ព្រហ្ម ក៏បាន​ទទួលយក​ព្រះ​សិរសា របស់​កបិល​មហាព្រហ្ម ទៅ​ដា​ក់លើ​ជើងពាន​មាស តម្កល់ទុក​នៅឯ​ភ្នំ​កៃលាស ដោយ​ផ្លាស​វេន​គ្នា​យាម​ការពារ​មួយអង្គ មួយអន្លើ​ដោយ​ពពួក​ទេ​តារា​ប់កោដិ​អង្គ ក្នុង​មួយឆ្នាំ​ម្តង​វិលជុំ ។​

​​ក្នុងពេលដែល​ទេពធីតា​ផ្លាស់​វេន​គ្នា​ក្នុងការ​មើលថែ​ព្រះ​សិរសា កបិល​មហាព្រហ្ម​នោះឯង គឺជា​ពេល​ឆ្លង​ឆ្នាំ​ចាស់ ផ្លាស់​ចូលឆ្នាំថ្មី ឬ ថា​ជា​ពេល​ចូលឆ្នាំថ្មី​នោះឯង​ហោង ។ ​ធម្មបាល​កុមារ លុះ​ក្រោយមក​បានក្លាយ​ជា​ព្រះសម្មាសម្ពុទ្ធ​សមណៈ​គោត្ត​ម បរម​សាស្តា នៃ យើង​នេះ​ហោង ។​

​ ​ពិភាក្សា​អត្ថន័យ នៃ សាច់រឿង​

​​នៅក្នុង​សាច់រឿង​ដូចដែល​លើកឡើង​ខាងលើ​មកនេះ គឺ​និយាយថា ធម្មបាល​កុមារ ព្រះមហា​ពោធិសត្វ មាន​ប្រាជ្ញា ដ៏​អស្ចារ្យ សូម្បីតែ​ទេវតា ក៏​កោតសរសើរ​ដែរ ។ ប៉ុន្តែ​នៅពេលដែល​ត្រូវ​ទទួល​ការ​ភ្នាល់​ដាក់​ក្បាល​របស់ខ្លួន ជាមួយ​កបិល​មហាព្រហ្ម បែរជា​រក​ចម្លើយ​មិនឃើញ ហើយក៏​ស្រាប់តែ​ទៅ​ចេះ​ដោយសារ​ការសន្ទនា​គ្នា​រវាង​សត្វ​ឥន្ទ្រី​យ៍ ញី និង ឈ្មោល មួយគូ​ទៅវិញ ។ ចំណុច​នេះ​បានសេចក្តីថា ព្រះ​បរម​ពោធិសត្វ​មួយអង្គ បែរជា​កំសាក​ខ្លាច​ស្លាប់ ហើយ​ប្រាជ្ញា​អន់​ជាង​ឥន្ទ្រី​យ៍​ដែលជា​សត្វ​តិរច្ឆាន​ទៅវិញ ។​

​​តាមពិត​មិនមែន​ដូច្នោះ​ទេ ! លោកអ្នក​ប្រាជ្ញា​បាន​ពន្យល់​ចំណុច​នេះ​ថា ឥន្ទ្រី​មួយគូ នៅពេលនេះ​មិនមែនជា​សត្វ​ឥន្ទ្រី​យ៍ មែនទែន​ឡើយ គឺ​គ្រាន់តែ​ជាការ​ប្រៀបធៀប​ប៉ុណ្ណោះ ។ ឥន្ទ្រី​យ៍​ញី លោក​ប្រៀបដូចជា​សេចក្តី​ព្យាយាម​របស់​ព្រះ​ធម្មបាល​កុមារ បរម​ពោធិសត្វ (​វិ​រិ​យិ​ន្ទ្រិ​យ​= ឥន្ទ្រី​យ៍ គឺ​សេចក្តី​ព្យាយាម ) ចំ​ណែ​ឥន្ទ្រី​យ៍ ឈ្មោល គឺជា​បញ្ញា​របស់​ព្រះ​ធម្មបាល​កុមារ​មហាពោធិ​សត្វ (​ប​ញ្ញិ​ន្ទ្រី​យ​= ឥន្ទ្រី​យ៍ គឺ​ប្រាជ្ញា ) ។ ជា​សរុបទៅ​ការរកឃើញ​ចម្លើយ​ចំពោះ​សិរី​សួស្តី​ទាំង ៣ ប្រការ​នោះ គឺ​មិនមែន​ធម្មបាល​កុមារ​ចេះ​ពីស​ត្វ​ឥន្ទ្រី​យ៍​ទេ ប៉ុន្តែ​បាន​ចេះដឹង​ដោយសារ​ការព្យាយាម និង ប្រាជ្ញា​របស់​ព្រះ​ពោធ​សត្វ​ផ្ទាល់​តែម្តង ។

​​ទោះយ៉ាងណា នៅក្នុង​សាច់រឿង​ខាងលើនេះ គឺ​រំលេច​ថា ព្រះ​ពោធិសត្វ​ស្តាប់​ការសន្ទនា​របស់​សត្វ​ឥន្ទ្រី​យ៍​ញី​ឈ្មោល​មួយគូ ។ ចំណុច​នេះ​លោកអ្នក​និពន្ធ​ចង់​ប្រៀនប្រដៅ​ដល់​ជានុ​ជន​ឱ្យ​ចេះ​ស្តាប់​អ្នកដទៃ​ផង បើទោះជា​ខ្លួនឯង​ជា​អ្នក​កំពូល​លើ​មនុស្ស​ទាំងពួង​ដោយ​ប្រាជ្ញា ( ឬ ដោយ​អ្វី​ផ្សេងទៀត​ក៏ដោយ ) ។

​ចំណុច​ដែល​ធម្មបាល​កុមារ ខំប្រឹង​ស្រាវជ្រាវ​រក​ចម្លើយ​ចំពោះ​ប្រស្នា​នោះ បានសេចក្តីថា ទោះជា​ខ្លួនឯង​សិក្សា​រៀន​សូ​ត្រូ​ចេះដឹង​ច្រើន​លើស​មនុស្ស​ទាំងពួង​ហើយ​ក្តី ក៏​ត្រូវតែ​សិក្សា​ថ្មីៗ​បន្ថែមទៀត គឺ​សិក្សា​ទាំងពី​មនុស្ស ទាំងពី​សាស្ត្រ​នានា ទាំងពី​ធម្មជាតិ ( សត្វ​ឥន្ទ្រី​យ៍ ក៏​សំដៅ​ដល់​ថា ធម្មជាតិ​ផងដែរ ) ។​

​ ​ព្រះ​សិរសា​កបិល​មហាព្រហ្ម​

​ចំពោះ ព្រះ​សិរសា កបិល​មហាព្រហ្ម ដែល​កាត់​ប្រគល់​ទៅ ធម្មបាល​កុមារ បានសេចក្តីថា មេដឹកនាំ ព្រហ្មញ្ញសាសនា ព្រម​ប្រគល់​ភាពជា​អ្នកដឹកនាំ​សាសនា​ក្នុង​លោក​ទៅឱ្យ​ព្រះពុទ្ធសាសនា​វិញ ព្រោះ​ធម្មបាល​កុមារ​តំណាងឱ្យ​ព្រះពុទ្ធ ។​

​ហេតុអ្វី​បានជា ព្រះ​រិ​សា កបិល​មហាព្រហ្ម ប្រសិនបើ​គេ​យកទៅ​ចោល​នៅ​ទីឋាន​ណា ធ្វើឱ្យ​ទី ឬ ឋាន​នោះ​ដល់​នូវ​ក្តី​ក្តៅក្រហាយ​ឆេះ​អន្តរាយ ហើយ​ចុះ​ពេល​តម្កល់​នៅ​ទី​ភ្នំ​កៃលាស ទើប​មិន​វិនាស​ផង ?

​ចម្លើយ​ព្រោះថា ព្រះ​សិរសា កបិល​មហាព្រហ្ម ជា​តំណាងឱ្យ​សាសនា និង មេដឹកនាំ​សាសនា​ព្រហ្មញ្ញ ដែលជា​សាសនា​ធំជាងគេ​បំផុត​នា​សម័យកាល​មុនពេល​ព្រះពុទ្ធ​មិនទាន់បាន​ត្រាស់ដឹង ។ បើ​យក​ព្រះ​សិ​សា​កបិល​មា​ហ​ព្រហ្ម ទៅ​ចោល​ផ្តេសផ្តាស បានសេចក្តីថា អ្នក​ក្រោយ គឺ​ព្រះពុទ្ធសាសនា បោះបង់ចោល​អ្នក​ចាស់ មិន​គោរព​អ្នក​ចាស់ គឺ​សាសនា និង អ្នកដឹកនាំ​ព្រហ្មញ្ញសាសនា ។ ការធ្វើ​បែប​នោះ អាច​នឹង​នាំឱ្យមាន​ជម្លោះ​រវាង​អ្នក​អ​ភ​រិ​ក្ស​និយម (​ពួក​អ្នក​ដែល​ធ្លាប់​កាន់​ព្រហ្មញ្ញសាសនា ) និង ក្រុម​អ្នក​នវ​និយម ( ថ្មី​និយម គឺ​អ្នក​និយម​ព្រះពុទ្ធសាសនា ) នាំឱ្យ​កើត​កោ​ល​ហល​ក្តៅ​ក្រ​ហៅ​សង្គម​មិនបាន​សុខសាន្ត ។​

​ការដែល​យក​ព្រះ​សិរសា​កបិល​មហាព្រហ្ម ទៅ​តម្កល់​នៅ​ភ្នំ​កៃលាស បានសេចក្តីថា ព្រហ្មញ្ញសាសនា និង វប្បធម៌​ព្រហ្មញ្ញ​និយម បើទោះជា​លែង​សកម្ម​នៅក្នុង​ជីវភាព ឬ ក្នុងសង្គម​ដូច​ពីមុន​ក្តី ក៏​គេ​មិន​គប្បី​បោះបង់ចោល​ដោយ​មិន​អើពើ​ដែរ ប៉ុន្តែ​គេ​ត្រូវ​អភិរក្ស​ថែរក្សា ។ ព្រោះថា តាំងពី​កបិល​មហាព្រហ្ម​កាត់​សិរសា​របស់ខ្លួន​ប្រគល់​ទៅ​ធម្មបាល​កុមារ​មក បានសេចក្តីថា វប្បធម៌​ព្រហ្មញ្ញសាសនា ឬ ព្រា​ហ្ម​និយម បានក្លាយ​ទៅជា​រឿង​អតីតកាល ឬ ក្លាយទៅជា​ប្រវត្តិសាស្ត្រ និង ជា​ប្រពៃណី​ទំនៀមទម្លាប់​បុរាណ ។​

​ប្រវត្តិសាស្ត្រ គេ​ត្រូវតែ​ចងចាំ​ទុក សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​យកទៅ​សិក្សា​ស្វែងយល់ និង ជ្រើសរើស​កុំឱ្យ​មាន​កំហុស​ដូច​ពី​អតីតកាល ដើម្បី ជ្រើសរើស​ផ្លូវត្រូវ ផ្លូវ​ចម្រើន​សម្រាប់​បច្ចុប្បន្ន និង ទៅ​អនាគត ។​

​ជា​សរុបទៅ បានសេចក្តីថា ត្រូវ​រស់នៅ និង ប្រ​ត្តិ​ប​ត្តិ​តាមរបៀប​របប​ថ្មី បង្កើត​ទស្សនៈ និង ច្នៃប្រឌិត​ថ្មី ស្រាវជ្រាវ​រាវរក​វិធី​ថ្មីៗ ប៉ុន្តែ​រឿង​ចាស់ ឬ ប្រវត្តិសាស្ត្រ គេ​មិនត្រូវ​បំភ្លេចចោល គេ​មិនត្រូវ​បោះបង់ ត្រូវ​រៀនសូត្រ​ពី​ប្រវត្តិសាស្ត្រ និង ប្រពៃណី​វប្បធម៌​របស់ខ្លួន​ផង ៕ Kh