ប្រវត្តិ ម៉ុង​សាយ គោម​ក្រហម និង ការអុជ​ផាវ​ក្នុង​ថ្ងៃ​ចូលឆ្នាំ ចិន​

186
ចែករម្លែក

ភ្នំពេញៈ នៅ​អំឡុង មុន និង ក្រោយ បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ចិន ប្រជាជន​ចិន ឬ​អ្នក​ជាប់​សែ ស្រ​ឡាយ​ចិន តែងតែ​ដាក់តាំង​លម្អ​ក្រដាស និង គោម​ពណ៌​ក្រហម នៅមុខ​គេហដ្ឋាន អុជ​ផាវ ហើយ​ការសម្តែង ម៉ុង​សាយ គឺជា​កិច្ច​មួយ​ដ៏​ពេញនិយម ។ តើ​ហេតុអ្វី បាន ជា​ប្រជាជន​ចិន មាន​ប្រពៃណី​បែបនេះ ?
​ ​
ស្រដៀង​គ្នា​ទៅនឹង​ប្រពៃណី​វប្បធម៌​ខ្មែរ​ដែរ ជនជាតិ ចិន បង្កើត​ពិធី​ចូលឆ្នាំថ្មី​របស់ខ្លួន​ដោយភ្ជាប់​ទៅនឹង​រឿងព្រេង​និទាន​ទេវ​កថា​មួយ ។ ដូច្នេះ​យើង​ត្រូវ​សិក្សា​រឿង​ទេវ​កថា ចិន មួយដែល​និយាយ​ពី​រយៈពេល​ប៉ុន្មាន​រយ​ឆ្នាំ បន្ទាប់ពី​ព្រះ​ម៉ែ លី​វ៉ា បង្កើត​ឋានសួគ៌ និង ឋានមនុស្ស ( កាលណោះ​មិនទាន់​បង្កើត​ឋាននរក នៅឡើយ ) ។​
​ ​
ព្រេង​និទាន​ទេវ​កថា ចិន
​សម័យមួយ​នោះ ទេពធីតា ១ អង្គ​ដែលជា​ប្អូនស្រី​របស់​ព្រះឥន្ទ ព្រះនាម ទេពធីតា “ ផ្កា “ បាន​នាំ​ទេពធីតា​ប្រាំ​មួយអង្គ​ផ្សេងទៀត ចុះមក​ឋានមនុស្ស ដើម្បី ជួយ​មនុស្ស លោក​ស្វែង រក​ថ្នាំ​ព្យាបាល​ជំងឺ​អាសន្នរោគ ។​
​ ​
ទៅដល់​ភូមិ​មួយ បាន​ជួបនឹង​សត្វ​ចម្លែក​មួយ​ក្បាល​ដែល​គេ​ពុំ​ដឹង ឬ ពុំទាន់​ស្គាល់​ឈ្មោះថា ជា​សត្វ​អ្វី​នៅឡើយ ចូលទៅ​អុកឡុក ឬ ស៊ី​មនុស្ស​សត្វ​ក្នុងភូមិ​នោះ ។ ទេពធីតា​ទាំង​ប្រាំពីរ អង្គ រួមគ្នា​ជាមួយ​មនុស្ស​អ្នក​ដើររក​ថ្នាំ បាន​ព្រួត​គ្នា​ប្រយុទ្ធ​នឹង​សត្វ​ចម្លែក​នោះ ។ ប៉ុន្តែ​សត្វ​នោះ​ខ្លាំង ពូកែ​ណាស់ ទើប​អ្នក​ទាំងនោះ ប្រយុទ្ធ​មិន​ឈ្នះ​សត្វ​នោះឡើយ ។​
​ ​
​ពេល​កំពុង​ប្រយុទ្ធ ទេពធីតា​មួយអង្គ បាន​ប្រើ​កណ្តឹង​ខ្យល់​ទិព្វ​ដើម្បី​បង្ក្រាប​សត្វ​នោះ ។ ម​ហិ​ទ្ធិ​ឬ​ទ្ធិ នៃ កណ្តឹង​ខ្យល់​នេះ មិនអាច​បង្ក្រាប​សត្វ​ចម្លែក​នោះបានទេ ប៉ុន្តែ​ពេល​សត្វ​នោះ បានឮ​សំឡេង​កណ្តឹង​ខ្យល់​នោះ ក៏​ភ័យ ហើយក៏​ផ្អើល​ទៅ​បាត់ ។​
​ ​
​ពេល​សត្វ​កំណាច​ដ៏​ខ្លាំងពូកែ​នោះរ​ត់ទៅ​បាត់ ពួក​ទេពធីតា និង​មនុស្ស​ពិភាក្សាគ្នា​អំពី​វិធី ទប់ទល់​សត្វ​ចម្លែក​នោះ ព្រោះ​ពួកគេ​ជឿថា សត្វ​នោះ​ប្រាកដជា​នឹង​ត្រឡប់​មកទៀត ។ ពិភាក្សា​ចុះឡើង ក៏​នឹក​ឆ្ងល់​ថា ហេតុអ្វី​បានជា​ពេល​ពួកគេ​ប្រើ​វត្ថុ​ទិព្វ​ដទៃៗ​ដូចជា​ដាវ​ទិព្វ​ជាដើម ប្រហារ ក៏​សត្វ​នោះ​មិន​ខ្លាច លុះ​ពេល​ប្រើ​កណ្តឹង​ខ្យល់​ទើប​សត្វ​នោះ​ផ្អើលរ​ត់ទៅ​បាត់ ។
​ ​
យក​កណ្តឹង​នោះមក​ពិនិត្យ ឃើញថា​កណ្តឹង​ខ្យល់​ទិព្វ​នោះ​មាន​ចង​រំយោល​ពណ៌​ក្រហម ទើប​ពួកគេ ជឿថា សត្វ​នោះ​ខ្លាច​សំឡេង​កណ្តឹង​ផង និង ខ្លាច​ពណ៌​ក្រហម នៃ រំយោល កណ្តឹង​ទិព្វ​នោះ​ផង ។ កន្លងទៅ​ច្រើន​ថ្ងៃ ពួកគេ​ក៏​ដឹងថា សត្វ​កំណាច​នោះ​ក៏​ខ្លាច​សំឡឹង ផូង​ផាំង និង ខ្លាច​ភ្លើង​ផង ។​
​ ​
​សត្វ​នោះ​មាន​កម្លាំង​ខ្លាំងក្លា ពួកគេ​មិនអាច​សម្លាប់​បានឡើយ​ប៉ុន្តែ​នៅពេល​ពួកគេ​ដឹង​ពី ចំណុចខ្សោយ​របស់​សត្វ​នោះ​ដូច្នោះ ពួកគេ​បានរៀបចំ​ក្រណាត់​ពណ៌​ក្រហម​ចង​ព័ទ្ធជុំវិញ​ភូមិ ហើ​ដាក់​រំសេវ​ក្នុង​បំពង់​ឬ​ស្សី ត្រៀម​អុជ​បំផ្ទុះ​បង្កើតជា​សំឡេង ។

​មិនយូរប៉ុន្មាន​សត្វ​កំណាច​នោះបាន​ត្រឡប់មក​ម្តងទៀត ដើម្បី ស៊ីម​នុស្ស និង សត្វ​នៅក្នុង​ភូមិ ពួក​ទេពធីតា និង អ្នកភូមិ​នាំគ្នា​បញ្ចេញ​ក្រណាត់​ពណ៌​ក្រហម​ព្រោងព្រាត​ហើយ​អុជ​ភ្លើង ព្រោងព្រាត អុជ​ភ្លើង​បំផ្ទុះ​រំសេវ​ក្នុង​បំពង់​ឬ​ស្សី លាន់ឮ​ផូង​ផាំង​កងរំពង​ឡើង ។ សត្វ​នោះ​ក៏​ភ័យ ហើយ​រត់​ប្រាស​ទៅ​បាត់ស្រមោល ។ លុះ​ក្រោយមក​ពួកគេ​បាន​អោយឈ្មោះ​សត្វ​ចម្លែក នោះ​ថា “ សត្វ នា​ន “ (​ពាក្យ​ថា នា​ន ជា​ភាសា ចិន ប្រែជា​ខេមរភាសា​ថា ឆ្នាំ ) ដោយ​ពួក គេ​ដឹងថា សត្វ​កំណាច​នោះ​នឹង​ត្រឡប់​ទៅ​អុកឡុក​មនុស្ស​ក្នុង​មួយឆ្នាំ​ម្តង ។​
​ ​
​សត្វ នា​ន តែងតែ​ត្រឡប់មក​អុក​ឡុង​ស៊ីម​នុស្ស និង សត្វ​ក្នុងភូមិ​រៀងរាល់​មួយឆ្នាំ​ម្តង ។ ដូច្នេះ​ទើប​ឱ្យតែ​ដល់​រដូវ​កាល​តាម​ចំណាំ​ដែល សត្វ នា​ន ចូលមក​អុកឡុក​ភូមិ​ស្រុក​នោះ ពួក​អ្នកស្រុក​តែងតែ​រៀបចំ​ចង និង បិទ​ក្រដាស និង ក្រណាត់​ពណ៌​ក្រហម​នៅ​ពីមុខ​ផ្ទះ មួយអន្លើ ដោយ​សម្ភារ​ណា​ដែល​អាចធ្វើឱ្យ​ផ្ទុះ​បង្កើតជា​សំឡេង​ផូង​ផាំង និង​ភ្លើង​សម្រាប់ បណ្តេញ​សត្វ​នា​ន​កំណាច​នោះ ។​

​ផ្លាស់​ប្រែជា​វប្បធម៌​
ពេលវេលា​ចេះតែ​កន្លងផុតទៅ អរិយធម៌ ចេះតែ​លូតលាស់ ប្រជាជន​ចិន​បាន​ច្នៃ​បង្កើតបាន ជា​របាំ​មួយ​វង់ ដែល​សព្វថ្ងៃ​ហៅថា “ ម៉ុង​សាយ “ ។ សត្វ នា​ន នា​សម័យ​កាលណោះ គឺជា សត្វចតុបាទ​ដែល​ស្រដៀង​នឹង​សត្វ​សឹង្ហ ឬ តោ នៅក្នុង​ហ្វូង ម៉ុង​សាយ បច្ចុប្បន្ន​នេះឯង ។ ចំណែង​បំពង់​ឬ​ស្សី​ដាក់​រំសេវ​សម្រាប់​ដុត​បង្កើតជា​សំឡេង​នា​គ្រានោះ បានក្លាយ​មកជា ផាវ នា​សម័យ​បច្ចុប្បន្ន​នេះឯង ។ រីឯ​ក្រណាត់​ក្រហម និង ភ្លើង នា​គ្រានោះ​ត្រូវបាន​គេ​ច្នៃ​ទៅជា គោម​ក្រហម ក្រដាស​ពណ៌​ក្រហម ដែលមាន​សរសេរ​ជា​អក្សរ​ជូនពរ និង គ្រឿង​តុបតែង​នានា បិទ​នៅមុខ​ផ្ទះ​នាពេល​ប​ច្ច​ប្បន្ន​នេះដែរ ។ ដោយសារ​កណ្តឹង​ខ្យល់​ទិព្វ នា​គ្រានោះ​មាន​តួនាទី សំខាន់​ក្នុងការ​បណ្តេញ​សត្វ នា​ន ទើប​គេ​ឃើញ​មាន​វត្តមាន​កណ្តឹង​ភ្ជាប់​នៅ​ជាមួយ​គោម​ក្រហ ឬ នៅ​ម្ខាង​ក្បែរ​នឹង​គោម​ក្រហម​នាពេល​បច្ចុប្បន្ន ។​
​ ​
​ដូច​បាន​ពោល​ខាងលើ​រួចមកហើយ​ថា ក្នុ​សម័យកាល នៃ ទេវ​កថា​នោះ ពិធី​រៀបចំ​ចង​ក្រណាត់ និង ក្រដាស​ពណ៌​ក្រហម​លាយឡំ​ដោយ​ការបង្កើត​សំឡេង​ផូង​ផាំង និង​ការដុត​ភ្លើង​សម្រាប់ ដេញ​សត្វ នា​ន នោះ ត្រូវបានធ្វើ​រៀងរាល់​មួយឆ្នាំ​ម្តង ។ លុះ​ក្រោយៗ​មក​ពិធី​នោះបាន​ក្លាយ ទៅជា​ពិធី​រៀបចំ​តុបតែង​លម្អ​គេហដ្ឋាន និង ការជួបជុំ​សាច់ញាតិ​ប្រចាំឆ្នាំ ។ យូរៗ​ទៅ​ពិធី​នេះ ក៏បាន​ប្រែ​ក្លាយទៅជា “ ពិធី​ចូលឆ្នាំថ្មី​ប្រពៃណី​ចិន “ រហូតមក ។​
​ ​
នៅក្នុង​វង់ ម៉ុង​សាយ គេ​ក៏​ឃើញ​មាន​វត្តមាន​សត្វ​នាគ​ផងដែរ ហើយ​ឯកសារ​សំណេរ​ក៏​ដូច ជាការ​និទាន​របស់​ម​នុស្ស​ដូចជា​មិនសូវ​ចុះសម្រុង​គ្នា​អំពី​ថា​មាន​វត្តមាន​សត្វ​នាគ នៅក្នុង​វង់ម៉ុង​សាយ តាំងពី​ឆ្នាំ​ណា ឬ រជ្ជកាល​ណា​នៅឡើយ ។​
​ ​
ប៉ុន្តែ​អ្វី​ដែលជា​ភាពស្របគ្នា​ជាទូទៅ​នៅក្នុង​វប្បធម៌ ចិន គឺថា សត្វ​នាគ​នោះ គឺជា​សត្វ​នាគ នៅ​មហាសមុទ្រ​ទាំង​បួន ។ សត្វ​នាគ​តំណាងឱ្យ​ទឹក ។ ​រីឯ​ទឹក​តំណាងឱ្យ​ភាព ត្រជាក់ត្រជុំ សុខដុមរមនា លូតលាស់​ចម្រុងចម្រើន​គ្រប់ប្រការ និង ក៏​ជា​តំណាងឱ្យ​អំណាច និង ភាពទន់ភ្លន់​ផងដែរ ៕ ដោយៈ​មេសា​

​គោម​ក្រហម និង ផាវ បាន​ក្លាយជា​អាជីវកម្ម​ដ៏​គគ្រឹកគគ្រេង
​គោម​ក្រហម និង ផាវ បាន​ក្លាយជា​អាជីវកម្ម​ដ៏​គគ្រឹកគគ្រេង
​វង់​ម៉ុង​សាយ ក្លាយ​ពី​រឿង​ទេវ​កថា​ដ៏​យូរលង់​មួយ​របស់​ចិន
​វង់​ម៉ុង​សាយ ក្លាយ​ពី​រឿង​ទេវ​កថា​ដ៏​យូរលង់​មួយ​របស់​ចិន