ដោយ: តារារិទ្ធ / ភ្នំពេញ: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា និស្សិតដែលបានបណ្តុះបណ្តាលនៅទីនេះមាន ៩០ភាគរយ មានការងារធ្វើ បានសេចក្តីថា សេដ្ឋកិច្ចរបស់យើងកំពុងមានការអភិវឌ្ឍ។
ប្រទេសនៅជិតខាងកម្ពុជាចំនួន២ កំពុងតែមានការរីកចម្រើន ដូចជានៅប្រទេសថៃ ក្នុងកិច្ចប្រជុំកំពូលអាស៊ានកន្លងមក យើងមិនអាចធ្វើបានដូចគេទេ គ្រាន់តែការរៀបចំម្ហូបក៏មានភាពរលូន។ ដូចនេះ ការបណ្តុះបណ្តាលធនធានមនុស្សសំខាន់ណាស់ មិនថាមុខវិជ្ជាណាទេ សុទ្ធតែមានតម្លៃទាំងអស់។
សម្ដេចតេជោបានថ្លែងថា “ថ្ងៃទី២៥ខែវិច្ឆិកា ខ្ញុំនឹងជូបជាមួយបងប្អូនកម្មករនៅកូរ៉េ ហើយយើងខិតខំណាស់ ទម្រាំទទួលបានកិច្ចព្រមព្រៀងឲ្យពលករខ្មែរបានធ្វើការស្របច្បាប់នៅកូរ៉េ វាជាការប្រឹងប្រែងរបស់រាជរដ្ឋាភិបាល មិនមែនជាការបញ្ជូនទៅធ្វើខ្ញុំគេនោះទេ។” សម្តេចបានលើកឡើងថា នៅកូរ៉េ សម្តេចនឹងជួបប្រធានាធិបតីកូរ៉េ ម៉ូន ជីអ៊ីន ៤៥នាទី ដូចនេះបើបងប្អូនកម្មករខ្មែរមិនពេញចិត្ត ចំពោះការខិតខំរបស់រដ្ឋាភិបាលទេ យើងអាចសុំឲ្យកូរ៉េ លុបចោលកិច្ចព្រមព្រៀង បញ្ជូនពលករទៅធ្វើការនៅកូរ៉េចោល ហើយកម្មករទាំងអស់នឹងត្រូវបញ្ជូនមកកម្ពុជាវិញ។ ហើយអ្នកមិនព្រមមក អាចនឹងត្រូវរដ្ឋាភិបាលកូរ៉េចាប់ខ្លួនបញ្ជូនត្រឡប់មកវិញ។ តែរាជរដ្ឋាភិបាលមិនធ្វើដូច្នេះទេ គឺចង់ឲ្យបងប្អូនមានការងារធ្វើ និងប្រាក់ចំណូលផ្ញើមកក្រុមគ្រួសារនៅក្នុងស្រុក ដែលមួយឆ្នាំៗមានប្រមាណ រាប់លានដុល្លារក្នុងមួយឆ្នាំៗ។ ដូចនេះ រាជរដ្ឋាភិបាលបានខិតខំខ្លាំងណាស់ ក្នុងការស្វែងរកការងារធ្វើ។
ពាក់ព័ន្ធនឹងនយោបាយ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា “ពិភពលោកត្រូវតែមានការប្រុងប្រយ័ត្នចំពោះ ហ៊ុន សែន ព្រមហ៊ុនសែន អាចចូលទៅកែឈ្មោះនៅក្នុងសំបុត្រយន្តហោះ ដូចនេះ ហ៊ុន សែន អាចហែកចូល ទៅហែកគ្រប់ទីកន្លែងបាន។ ដូចនេះ បើយកល្អសុំឲ្យក្រុមហ៊ុន ថៃអ៊ែវេ បញ្ជាក់ឲ្យបានច្បាស់។ វាជាកម្រិតអន្តរជាតិ ហ៊ុន សែន ពិតជាខ្លាំង ដូចនេះពិភពលោក ត្រូវតែប្រុងប្រយ័ត្ន ពិសេសស្ថានទូតនៅកម្ពុជា ត្រូវតែមានការប្រុងប្រយ័ត្នចំពោះ ហ៊ុន សែន។”
សម្ដេចបានបន្តថា “ឥឡូវនេះ មានអ្នកដើរនិយាយថា ពួកគេនឹងទទួលបានតំណែងមេឃុំមកវិញ ហើយគេបូកប្រាក់ខែឡើងវិញ។ គ្រាន់តែចង់ប្រាប់ថា បានឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ គឺនៅឆ្នាំ២០២២។”
ទំនងជាមានប្រសាសន៍ទៅកាន់ករណីលោក កឹម សុខា សម្តេចតេជោថា “ចំណែកបុគ្គលដែលត្រូវបានបន្ធូរបន្ថយ និងបញ្ចប់់ការស៊ើបអង្កេត មិនមែនមានន័យថា អាចធ្វើនយោបាយ ធ្វើអ្វីៗស្រេចតែចិត្តបានទេ។ មានអ្នកខ្លះថា ថ្ងៃនេះនឹងដោះលែងហើយ តែនីតិវិធីដោះលែងបែបនេះ មិនអាចទៅរួចទេ គឺមិនទាន់កាត់ទោសផងនោះ។”
ដោយឡែក ពិធីអកអំបុកកាលពីថ្ងៃ៩វិច្ឆិកា គឺអស់អំបុករហូតដល់ទៅ ២២៣តោន។ អកអំបុកថែជាតិ សាសនា ព្រះ មហាក្សត្រ ដោយសារកត្តាសន្តិភាពនេះហើយ បានធ្វើឲ្យយើងអាចធ្វើអ្វីបានដោយសេរី។ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច អត្រាប្តូរប្រាក់ នៅដដែល។ ទោះបីមានអ្នកខ្លះទិញអង្ករទុក អ្នកខ្លះទៅបើកលុយពីធនាគារ តែអ្នកមានលុយធំៗមិនដកទេ។ បងប្អូនខ្លះភ័យខ្លាចហៅកូនត្រឡប់ទៅផ្ទះ។ ថ្ងៃទី១ មានមនុស្សមិនច្រើនទេ ព្រោះបងប្អូនត្រូវទៅលេងស្រុក ហើយបានត្រឡប់មកវិញ នៅថ្ងៃទី២ និងទី៣។ ថ្ងៃបញ្ចប់ស្ទះផ្លូវដល់ម៉ោង២យប់។
សម្ដេចបានលើកឡើងថា កម្មករប្រាក់ខែបានឡើងដល់១៩២ដុល្លារ ទោះបីមិនច្រើន តែប្រសិនបើយើងឡើងខ្លាំងពេក វានិងបាត់ភាពប្រកួតប្រជែង។
ចំពោះរឿងរ៉ែប្រេង សម្ដេចបានបង្ហើបថា “យើងមិនចង់ប្រកាសអំពីតំណក់ប្រេងលើកដំបូងរបស់យើងថានឹងទទួលបាននៅពេលណានោះទេ ព្រោះខ្លាចមិនច្បាស់លាស់ តែតាមក្រសួងរ៉ែនឹងយកនៅឆ្នាំ២០២០។ ដូចនេះ ខ្ញុំសង្ឃឹមលើប្រេង ដោយសារតែប្រេងរបស់យើងមានច្រើនណាស់ សូម្បីស្វាយរៀងក៏មានដែរ។” សម្ដេចបន្តថា “រ៉ែមាសរបស់យើងក៏អាចនឹងធ្វើអាជីវកម្មបាននៅពេលខាងមុខ ដោយក្រុមហ៊ុនអូស្ត្រាលី។”
សម្ដេចបានរិះគន់ចំពោះមនុស្សមួយចំនួន ដែលយើងមិនទាន់ទទួលបានតំណក់ប្រេងផង គេបានលើកឡើងអំពីបណ្ដាសាប្រេងដែលបានធ្វើសិក្ខាសាលាអំពីការចាយថវិកាដែលបានមកពីធនធានប្រេងជាដើម។
រីឯចំណូលគយ សម្ដេចនាយករដ្ឋមន្ត្រី បានលើកឡើងថា ចំណូលគយអាចលើសផែនការពី ៧០០ ទៅ ៨០០លានដុល្លារ។ ចំណែកពន្ធដារអាចលើសផែនការ ១០៥ភាគរយ។ ដូចនេះឆ្នាំនេះ យើងចាយអស់ប្រមាណ ១ពាន់ដុល្លារ។ យើងត្រូវសន្សំ រកបាន ១០០ ចាយ ៨០ភាគរយ។ គ្មានអ្វីលំបាកជាងការធ្វើនាយករដ្ឋមន្ត្រីគ្មានសាច់ប្រាក់នោះទេ។ ដូចនេះទោះបីអត់ EBA ក៏មិនមានការប៉ះពាល់ដែរ។ ព្រោះចំណូលនេះមិនពាក់ព័ន្ធ EBA នោះទេ។
ពួកអឺរ៉ុប ចង់ឲ្យមានភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយអាស៊ាន តែពួកអាស៊ានថា នឹងខិតខំធ្វើឲ្យមានកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ។ យើងមិនធ្វើជាសត្រូវជាមួយអ្នកណាទេ តែយើងក៏មិនចង់ស្ថិតនៅក្រោមបង្គាប់របស់អ្នកណាដែរ៕ ល/Ha