ប្រសិនបើ​គ្មាន​របប​ខ្មែរក្រហម យើង​នឹង​រស់នៅ​ជុំគ្នា​

1662
ចែករម្លែក
រូប​ពាក់អាវ​ផ្កា​ខាងឆ្វេង ៖ អ្នកគ្រូ ហ៊ឹម ណា​ឡា កំពុង​គ្រង​ពិ​លី សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី​ដើម្បី​សម្តែង​ល្ខោន នៅ​សារមន្ទីរ​ជាតិ (​រូប​៖ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

សាវតារ និង​ការរៀនសូត្រ​
​ហ៊ឹម ណា​ឡា ជា​គ្រូរបាំ​កើត​នៅ​ឆ្នាំ​១៩៥៦ នៅ​សង្កាត់​លេខ​៦ រាជធានី​ភ្នំពេញ នៅ ក្នុង​គ្រួសារ​មួយ​ដែលមាន​ឪពុកម្តាយ​ប្រកប​របរ​រកស៊ី​បើកហាង​លក់​គុយទាវ ឈ្មោះ “​គុយទាវ​កំពង់ត្រាំ​”​នៅ​ម្តុំ​ពេទ្យរុស្ស៊ី​។ ណា​ឡា ជា​កូនស្រី​ទី​ប្រាំ នៅក្នុង​ចំណោម​បងប្អូន​ចំនួន​៨​នាក់​។ ណា​ឡា មាន​ជីតា​ឈ្មោះ ប្រាជ្ញ ហ៊ឹម ជា​អាចារ្យ​នៅ​វត្ត​ថា​ន់​។ ជីតា​របស់គាត់​បានទទួល​គោរមងារ​ពីស​ម្តេច​ព្រះបាទ​នរោត្តម សីហនុ ជា​អាចារ្យ​វរៈ​វោហារ ប្រាជ្ញ ហ៊ឹម​។ សព្វថ្ងៃ​ជីតា​របស់គាត់​រស់នៅ​ជិត​សាលាបឋមសិក្សា​ចៅពញា​ហុក​។​

អ្នកគ្រូ ហ៊ឹម ណា​ឡា (​រូប​៖ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​ណា​ឡា បាន​ចូលរៀន​ថ្នាក់បឋមសិក្សា​នៅ​សាលាបឋមសិក្សា​ចៅពញា​ហុក​។ នៅ​ទល់មុខ​សាលា​របស់ ណា​ឡា មាន​វត្ត​មួយ​ឈ្មោះ​វត្ត​ថា​ន់ ហៅ វត្ត​នួន​មុន្នី​រាម​។ វត្ត​នេះ មាន​ក្រុម​ល្ខោន​ហ្លួង​មួយក្រុម ចេញពី​ក្រុម​ល្ខោន​ហ្លួង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ ឃុន ថា​ន់ កាលពី​សម័យ​សង្គមរាស្ត្រនិយម​។ ឃុន ថា​ន់ បាន​បង្កើត​ថ្នាក់​របាំ​តូច​មួយ​នៅក្នុង​សាលាបឋមសិក្សា​ចៅពញា​ហុក​។ ដោយសារតែ​ទីតាំង​វត្ត និង​សាលា​របស់គាត់​នៅ​ជិតគ្នា ដូច្នេះ​ក្រៅពី​សិក្សា​មុខវិជ្ជា គេហ​វិជ្ជា កីឡា និង​មុខវិជ្ជា​ផ្សេងៗ​ទៀត​នៅក្នុង​ថ្នាក់ ណា​ឡា បាន​ចំណាយពេល​សិក្សា​មុខវិជ្ជា​របាំ​ច្រើនជាងគេ ដោយសារ​ចំណង់​ចំណូលចិត្ត​របស់គាត់ ទោះបី​ក្រុមគ្រួសារ​គាត់​មិនមែនជា​អ្នកសិល្បៈ​ក៏ដោយ​។​

​នៅពេល​រៀន​ដល់​ថ្នាក់​ទី​៧ ជីតា​របស់ ណា​ឡា បានស្នើ​សុំ​ឪពុកម្តាយ​របស់ ណា​ឡា យក ណា​ឡា ទៅ​ហាត់​របាំ​នៅក្នុង​ព្រះបរមរាជវាំង ដោយសារតែ​ជីតា​របស់គាត់​យល់ឃើញ​ថា គាត់​មាន​ទេពកោសល្យ និង​មាន​រូបរាង​សមជា​អ្នករបាំ​។ ណា​ឡា បាន​រំឭកថា នៅ​សម័យ​នោះ​កម្រ​មាន​មនុ​ស្សបាន​ចូល​ហាត់​សិល្បៈ​នៅក្នុង​ព្រះបរមរាជវាំង​ណាស់ ព្រោះ​ការជ្រើសរើស​តឹងរ៉ឹង​។ កាលដែល​គាត់​អាច​ចូល​ហាត់​របាំ​បាន ព្រោះតែ​ជីតា​របស់គាត់​ស្គាល់​ហ្លួង​សម្តេចព្រះមហាក្សត្រិយានី ស៊ីសុវត្ថិ កុ​សមៈ​នារីរ័ត្ន​។ មុននឹង ណា​ឡា ចូលគាល់​សម្តេចព្រះមហាក្សត្រិយានី ជីតា​របស់គាត់​បា​នប​ង្ហា​ត់​បង្រៀន និង​ណែនាំ​គាត់​អំពី​របៀបរបប និង ឥរិយាបថ​ដែល​គាត់​ត្រូវ​ប្រណិប័តន៍ នៅក្នុង​ព្រះបរមរាជវាំង​។ នៅពេល​ចូលទៅ​ដល់​ក្នុង​ព្រះបរមរាជវាំង ហ្លួង​សម្តេច ព្រះមហា​ក្សត្រិយានី ទ្រង់​សព្វព្រះរាជហឫទ័យ​ទទួលយក ណា​ឡា ឲ្យ​ចូល​ហាត់​សិល្បៈ​។ មិនតែប៉ុណ្ណោះ ទ្រង់​បាន​ព្រះរាជ​ប្រទាន​ខ្សែក្រវ៉ាត់​ប្រាក់​មួយ​ខ្សែ​ដល់​គាត់​ជា​ព្រះ​រាជអំណោយ​អនុស្សាវរីយ៍​។ ចាប់តាំងពី​ពេលនោះ​មក ណា​ឡា បាន​ចូល​ព្រះបរមរាជវាំង ហាត់​ល្ខោន​ហ្លួង​រៀងរាល់ថ្ងៃ​ព្រហស្បតិ៍​។ កាលពី​ដំបូង ណា​ឡា បាន​ហាត់​សម្តែង​ជា​តួ​នាយ​រោង បន្ទាប់មក គាត់​ហាត់​សម្តែង​តួ​នាង ជាមួយ​អ្នកគ្រូ ប៊ុណ្ណា​ត​។ ក្រោយមក ណា​ឡា បាន​ហាត់​សម្តែង​ជា​តួយក្ស​។ អ្នកគ្រូ ប៊ុណ្ណា​ត គឺជា​អ្នក​សម្តែង​តួឯក ជា​តួ​មុនី​មេខឡា​។​

​ណា​ឡា តែងតែ​អង្គុយ​សញ្ជឹង​គិតក្នុងចិត្ត​ចង់​ចេញទៅ​សម្តែង​នៅ​ខាងក្រៅ ដោយសារតែ​គាត់​ចង់​ពាក់​ម្កុដ​រាំ​ដូច​សិស្ស​ដទៃ​។ ថ្ងៃមួយ​អ្នកគ្រូ ប៊ុណ្ណា​ត បាន​ហៅ​គាត់​មក​សួរថា​តើ​គាត់​បាន​រៀន​ចេះ​អ្វីខ្លះ​។ បន្ទាប់មក​អ្នកគ្រូ ប៊ុណ្ណា​ត បាន​ប្រឹង​បង្ហាត់បង្រៀន ណា​ឡា រហូត ណា​ឡា បាន​ចូលរួម​សម្តែង​របាំ​លើកដំបូង​នៅ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង នៅពេលដែល​គណៈប្រតិភូ​បរទេស​មក​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​។ ណា​ឡា បាន​រំឭកថា នៅពេលនោះ​ខ្យល់​បក់​មក​យ៉ាងខ្លាំង ម្យ៉ាងទៀត​គាត់​មាន​អារម្មណ៍​ភិតភ័យ ព្រោះ​នោះ​ជាការ​សម្តែង​លើកទីមួយ​។ បន្ទាប់ពី​សម្តែង​ចប់ ណា​ឡា បាន​នៅ​ហាត់រៀន​ជាមួយ​អ្នកគ្រូ ប៊ុណ្ណា​ត បន្តទៀត​។ ពេលនោះ ណា​ឡា ទទួលបាន​ប្រាក់​ឧ​ប​ត្ត​ម្ភ​១០​រៀល ក្នុង​មួយខែ ក្នុងការ​ហាត់រៀន​សិល្បៈ​នៅក្នុង​ព្រះបរមរាជវាំង​។​

​ក្រៅពី​ហាត់​របាំ ណា​ឡា បាន​បន្ត​ការសិក្សា​រហូត​ប្រឡង​ជាប់ និង​បាន​ចូលរៀន​នៅ​វិទ្យាល័យ​អនុវត្ត​។ នៅពេលនោះ បងប្រុស​របស់គាត់​បា​ន​ទិញ​កង់​មួយ​ឲ្យ​គាត់​ជាការ​លើកទឹកចិត្ត​ដែល​បាន​ប្រឡង​ចូលរៀន​ដោយ​មិន​បង់ប្រាក់​។ ប៉ុន្តែ បងប្រុស​របស់គាត់​បា​ន ជំរុញ​ឲ្យ​គាត់​បោះបង់​ការហាត់​សិល្បៈ ដើម្បី​មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុងការ​សិក្សា​។ ផ្ទុយទៅវិញ ជីតា និង​ឪពុក​របស់គាត់​មិន​យល់ស្រប​នឹង​គំនិត​បងប្រុស​របស់គាត់​ទេ​។ ជីតា និង​ឪពុក​របស់ ណា​ឡា បាន​បន្ត​លើកទឹកចិត្ត ណា​ឡា ឲ្យ​ខិតខំ​ប្រឹងប្រែង​ហាត់​សិល្បៈ​ថែមទៀត​ពីព្រោះ​អ្នក​ទាំងពីរ​ចង់ឃើញ ណា​ឡា ចេញទៅ​សម្តែង​សិល្បៈ​នៅ​បរទេស​។ ហេតុដូច្នេះ ណា​ឡា បាន​បន្ត​ហាត់រៀន​របាំ​នៅក្នុង​ព្រះបរមរាជវាំង​រហូត​ដល់​ព្រឹត្តិការណ៍​រដ្ឋប្រហារ​ទម្លាក់​សម្តេច​ព្រះបាទ​នរោត្តម សីហនុ​។​

ក្រោយ​ព្រឹត្តិការណ៍​រដ្ឋប្រហារ ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​១៩៧០
​បន្ទាប់ពី​រដ្ឋប្រហារ​ឆ្នាំ​១៩៧០ កិច្ចប្រជុំ​មួយ​ត្រូវបាន​រៀបចំឡើង​ជាមួយ​សិស្ស ដែល​ធ្លាប់​ហាត់រៀន​សិល្បៈ​នៅក្នុង​ព្រះបរមរាជវាំង ដោយ​តម្រូវ​ឲ្យ​សិស្ស​ទាំងអស់​ទៅ​ចុះឈ្មោះ​ចូលរៀន​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ដែលមាន​ទីតាំងនៅ​ជិត​ក្រសួង​អភិវឌ្ឍន៍ជនបទ​បច្ចុប្បន្ន​។ នៅពេលនោះ ណា​ឡា បានសម្រេច​ចិត្ត​ឈប់​ពី​វិទ្យាល័យ​អនុវត្ត ដើម្បី បន្ត​ការសិក្សា​ផ្នែក​សិល្បៈ​។ មុននឹង​អាច​ចូល​សិក្សា​បាន ណា​ឡា ត្រូវ​ឆ្លងកាត់​ការប្រឡង​ជាមុនសិន​។ វិញ្ញាសារ​ប្រឡង រួមមាន ការសម្តែង​សមត្ថភាព​រាំ និង សំណេរ​។ ណា​ឡា បាន​ប្រឡង​ជាប់ និង​ចូលរៀន​ឆ្នាំ​ទី​២​។ នៅ​ឆ្នាំ​១៩៧៣ ណា​ឡា បាន​ស្នើសុំ​អ្នកគ្រូ ជា សា​ម៊ី ដែលជា​គ្រូធំ​ខាង​សិល្បៈ​ជួយ​ដឹកនាំ​ការប្រលង​បញ្ចប់​ថ្នាក់​របស់គាត់​។ ណា​ឡា បានជ្រើសរើស​យក​ការសម្តែង​រឿង «​ព្រះ​សមុទ្រ ប៊ុត សុ​ម៉ាលី​»​។ បន្ទាប់ពី ណា​ឡា បញ្ចប់​ការសិក្សា គាត់​ក៏បាន​រៀបការ​ជាមួយ​អតីត​និស្សិត​ផ្នែក​គំនូរ​បុរាណ ឈ្មោះ អ៊ិន ស៊ី​យ៉ុ​ន្ថា នៅ​ថ្ងៃទី​៥ ខែ​វិ​ច្ឆ​កា ឆ្នាំ​១៩៧៤ ។​

​របប​ខ្មែរក្រហម និង​ការជម្លៀស​ដោយ​បង្ខំ​
​ណា​ឡា រៀបការ​មិនបាន​ប៉ុន្មាន​ផង យោធា​ខ្មែរក្រហម​ចូលមក​ដល់ទី​ក្រុងភ្នំពេញ​នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥​។ ខ្មែរក្រហម​បាន​បញ្ជា​ឲ្យ​គាត់ និង​ក្រុមគ្រួសារ​ចាក​ចេញពី​លំនៅដ្ឋាន​ចំនួន​បី​ថ្ងៃ​។ ពេលនោះ ឪពុក​របស់គាត់​បាន​បដិសេធ មិន​ព្រម​ចាកចេញ​ទេរ​ហូត​ដល់ពេល​យោធា​ខ្មែរក្រហម​បានមក​ដល់ផ្ទះ និង​យក​កាំភ្លើង​មក​គំរាម ទើប​ឪពុក និង​ក្រុមគ្រួសារ​សម្រេចចិត្ត​ចេញ​តាម​ការបញ្ជា​។ នៅ​ខណៈនោះ ប្តី​របស់ ណា​ឡា ក៏បាន​សុំ​ចេញ​ទៅរក​ម្តាយ និង​បងប្អូន​នៅ​ម្តុំ​គិរី​រម្យ ប៉ុន្តែ ណា​ឡា បាន​អង្វរ​ប្តី​របស់គាត់​ឲ្យ​នៅ​រួម​ដំណើរ​ជាមួយគ្នា​។​

​នៅតាម​ផ្លូវ​ជម្លៀសចេញ​ពី​ផ្ទះ ណា​ឡា បានធ្វើ​ដំណើរ​ជាមួយ​ឪពុកម្តាយ ប្តី ប្អូនស្រី​ពីរ​នាក់ និង​ក្មួយ​ពីរ​នាក់​។ ក្រុមគ្រួសារ​របស់ ណា​ឡា បានធ្វើ​ដំណើរ​កាត់​តាម​អតីត ផ្ទះ​របស់ លន់ នល់ សំដៅទៅ​ក្បាលថ្នល់​។ ណា​ឡា បាន​វង្វេង​បាត់​ប្តី​របស់គាត់​នៅ​ម្តុំ​វត្ត​ចម្ប៉ា នៅពេលដែល​ប្តី​របស់​អ្នកគ្រូ​ដើរទៅ​រក​ទឹក​ផឹក​។ ដូច្នេះ ណា​ឡា និង​ក្រុមគ្រួសារ​ក៏បាន​ឈប់សម្រាក​នៅ​វត្ត​ចម្ប៉ា​មួយ​យប់​ដើម្បី​រង់ចាំ​ជួប​ប្តី​របស់គាត់ មុននឹង​បន្តដំណើរ​ទៅមុខទៀត​។ នៅ​យប់នោះ ណា​ឡា បាន​ឈរ​ចាំមើល​ផ្លូវ​ប្តី​របស់គាត់​នៅ​ខាងក្រៅ​វត្ត​នៅពេលដែល​មេឃ​កំពុង​ភ្លៀង​។ មួយសន្ទុះ​ក្រោយមក ឡា​ណា បានឃើញ​ប្តី ហើយ​គាត់​ក៏បាន​ស្រែកហៅ​ឲ្យ​ចូលមក​សម្រាក​នៅក្នុង​វត្ត​ជុំគ្នា​។ នៅពេលនោះ ណា​ឡា ក៏បាន​ជួប បងប្រុស​ទី​ពីរ​ឈ្មោះ ហ៊ឹម ណា​នី​ម ជា​ទាហានជើងទឹក ព្រមទាំង​ប្រពន្ធ​កូន​របស់គាត់​នៅ វត្ត​ចម្ប៉ា​ដែរ​។ ប៉ុន្តែ បងប្រុស​ទី​ពីរ​របស់ ណា​ឡា បាន​សុំ​លា​ឪពុក​ត្រឡប់​ចូលមក​ទីក្រុង​ភ្នំពេញ​វិញ​តាម​ការកោះហៅ​របស់​ខ្មែរក្រហម ព្រោះ​បងប្រុស​គាត់​គិតថា​នឹង​បាន​ចូល​បម្រើ​ការងារ​វិញ​។ ចាប់តាំងពី​ពេលនោះ​មក ណា​ឡា មិនឃើញ​បងប្រុស​ទី​ពីរ​របស់គាត់​វិល​មក​ទេ​។ មិនតែប៉ុណ្ណោះ ណា​ឡា ក៏​បាត់​ដំណឹង​បងស្រី​ទី​បី​របស់គាត់​ឈ្មោះ ហ៊ឹម ណា​លីន ដែល​បាន​រៀបការ​ជាមួយ​ទាហាន លន់ នល់ ប្រចាំការ​នៅ​វិហារ​សួគ៌ ខេត្តកណ្តាល និង​បងស្រី​ទី​បួន​ឈ្មោះ ហ៊ឹម វណ្ណ​ថា​រ៉ា ដែលជា​ពេទ្យឆ្មប ព្រមទាំង​ប្អូនស្រី​ទី​ប្រាំមួយ​ឈ្មោះ ហ៊ឹម ណា​លី​ស ជា​សិស្ស​ដែល​បាន​បែក​គ្នា​ពេល​គាត់​កំពុង​រៀន​ដែរ​។​

​លុះដល់​ថ្ងៃ​បន្ទាប់ ក្រុមគ្រួសារ​របស់ ណា​ឡា បាន​បន្តដំណើរ​តាម​វត្ត​កោះក្របី ជា ទី​ដែល​ក្មួយ​ស្រី​ម្នាក់​របស់គាត់​បាន​ស្លាប់បាត់​បង់ជីវិត​។ បន្ទាប់ពី​បញ្ចុះសព​ក្មួយ​ស្រី​នៅ​វត្ត កោះក្របី​រួចរាល់ ណា​ឡា បាន​បន្តដំណើរ​ឆ្លងទៅ​ត្រើយម្ខាង​។ ក្រុមគ្រួសារ​របស់ ណា​ឡា​បាន​យក​កង់​ដែល​យកមក​ជាមួយ​ទៅ​ឲ្យ​ម្ចាស់​ទូក​ជា​ថ្នូរ​នឹង​ការជួយ​ជួយ​ចម្លង​ទឹក​។ បន្ទាប់ពី​ឆ្លង​ទឹក​រួច គ្រួសារ ណា​ឡា បានធ្វើ​ដំណើរ​បន្ត​ដោយ​ថ្មើរជើង​។ ពេលទៅដល់​ម្តុំ​សៀមរាប​កន្ទួត ឪពុក​របស់គាត់​ចាប់ផ្តើម​កើត​ជំងឺ​រាករូស​។ ដូច្នេះ ណា​ឡា ក៏បាន​សុំ​អ្នក​បររទេះ​ម្នាក់​ឲ្យ​ជួយ​ដឹក​ឪពុក​របស់គាត់ ដោយ​គាត់​បានដាក់​ចានឆ្នាំង និង​អង្ករ​មួយចំនួន​នៅលើ​រទេះ​ទុក​សម្រាប់​ឪពុក​របស់គាត់​ដាំបាយហូប​តាមផ្លូវ​។ តាំងពី​ពេលនោះ​មក គាត់​បាន​បែក និង​បាត់​ដំណឹង​ឪពុក​របស់គាត់​រហូត​។ មកដល់​សព្វថ្ងៃ ណា​ឡា មិនដឹងថា ឪពុក​របស់គាត់​ស្លាប់​នៅ​កន្លែង​ណា​ទេ​។​

​ក្រុមគ្រួសារ ណា​ឡា បាន​បន្តដំណើរ​ទៅមុខ​រហូតដល់​បត់រ​កា ខេត្តតាកែវ​។ អង្គការ​បាន​ចាត់តាំង​ឲ្យ​គាត់​ធ្វើស្រែ ចំណែក​ប្តី​គាត់​លើកភ្លឺស្រែ ដែលជា​ការងារ​ដែល​គាត់​ទាំងពីរ​នាក់​មិន​ធ្លាប់ធ្វើ​ពីមុនមក​។ ក្រុមគ្រួសារ​របស់ ណា​ឡា តែង​ស្ថិតនៅក្រោម​ការតាមដាន​របស់​អង្គការ​ជាប្រចាំ​។ ជារឿយៗ ម្តាយ​របស់ ណា​ឡា តែង​លួចខ្សឹប​ប្រាប់ ណា​ឡា និង​ប្តី​របស់គាត់​ឲ្យ​ប្រយ័ត្នប្រយែង​ក្នុងការ​និយាយស្តី ព្រោះ​ប្តី​របស់ ណា​ឡា មាន​ប្រវត្តិ​ជា​ទាហាន លន់ នល់​។ មិនយូរប៉ុន្មាន ក្មួយប្រុស​របស់ ណា​ឡា ដែល​រួម​ដំណើរ​ជាមួយ​គាត់​បាន​ស្លាប់​បន្តទៀត​។​

​ថ្ងៃមួយ ម្តាយ​របស់ ណា​ឡា បាន​យក​រូបថត​បងស្រី ណា​ឡា ជា​ពេទ្យឆ្មប​ហែក​ចោល និង​បោះចោល​នៅក្បែរ​ត្រពាំងទឹក​មួយ ព្រោះ​បងស្រី​របស់ ណា​ឡា មានមុខមាត់​ស្រដៀង​នឹង ណា​ឡា ហេតុដូច្នេះ​ម្តាយ​របស់ ណា​ឡា ខ្លាច​អង្គការ​មានការ​ភាន់ច្រឡំ​។ ណា​ឡា បាន​បន្តថា ពេលនោះ​ប្រហែល​ជាមាន​អ្នកភូមិ​បានឃើញ និង​បាន​រាយការណ៍​ប្រាប់​អង្គការ ទើប​គាត់​ឮស្នូរ​ជើងមនុស្ស​ដើរមក​ស៊ើបការណ៍​ក្រោមផ្ទះ​របស់គាត់​រៀងរាល់​យប់​។ ទន្ទឹម​នោះ មាន​អ្នកភូមិ​ម្នាក់​ដែលមាន​សន្តាន​ចិត្តល្អ បាន​លួច​ប្រាប់​គាត់​ឲ្យ​ប្រុងប្រយ័ត្ន​ដែរ ព្រោះ​គ្រួសារ​របស់គាត់​កំពុងស្ថិត​នៅក្រោម​ការតាមដាន​របស់​ឈ្លប​។​

​ការជម្លៀស​លើក​ទី​ពីរ ទៅ​ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ​
​នៅ​រដូវវស្សា ឆ្នាំ​១៩៧៦ គ្រួសារ​របស់ ណា​ឡា ត្រូវបាន​ខ្មែរក្រហម​ជម្លៀស​ចេញពី​សហករណ៍​បត់​រកា ខេត្តតាកែវ តាម​រថយន្ត​សំដៅទៅ​ខេត្តពោធិ៍សាត់ ដើម្បី​រង់ចាំ​រថភ្លើង​ជិះ​បន្តទៅ​តំបន់​៤ ខេត្តបន្ទាយមានជ័យ​។ ជារឿយៗ ណា​ឡា បានឃើញ​មនុស្ស​ស្លាប់​នៅតាម​ផ្លូវ​។ មកដល់​ចំណត​រថភ្លើង ប្រជាជន​តម្រូវ​ឲ្យ​ស្វែងរក​អាហារ​ហូប​ដោយ​ខ្លួនឯង​។ ប៉ុន្តែ គាត់​ហូប​មិន​ចូល​ទេ ដោយសារតែ​ក្លិនស្អុយ និង​ឆ្អេះឆ្អាប​។ នៅពេល​ប្រជាជន​ឡើង​ជិះ​ពេញ​រថភ្លើង ខ្មែរក្រហម​បាន​ដឹក​ប្រជាជន​ជម្លៀស​ទាំងនោះ​ឆ្ពោះទៅ​សេរី​សោភ័ណ​។ បន្ទាប់មក ខ្មែរក្រហម​បាន​ដឹក ណា​ឡា ម្តាយ និង​ប្អូនស្រី​របស់គាត់​តាម​រទេះគោ​ទៅ​ស្រុក​ភ្នំស្រុក​។ ដោយឡែក ប្តី​របស់​អ្នកគ្រូ​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ជិះរទេះ​នោះទេ​។ ប្តី​របស់គាត់​ត្រូវ​ដើរ​តាម​ក្រោយ​រទេះ តែដោយសារ​រទេះ​បរ​លឿន ទើប​ប្តី​របស់គាត់​ដើរ​មិនទាន់​។ ប្តី​របស់គាត់​បាន​ដើរ​តាម​រទេះ​ផ្សេង​វិញ ព្រោះ​រទេះ​ទាំងនោះ​មាន​ទិសដៅ​ទៅ​ភ្នំស្រុក​ដូចគ្នា​។ ណា​ឡា បានធ្វើ​ដំណើរ​ទៅដល់​តំបន់​ព្រៃ​កញ្ជរ ក្នុងស្រុក​ភ្នំស្រុក ដែលជា​តំបន់​គ្រុនចាញ់​។ ប្តី​របស់ ណា​ឡា បាន​ទៅរក​គាត់​ឃើញ​នៅ​ទីនោះ ចំណែក ណា​ឡា បាន​វង្វេង ម្តាយ និង​ប្អូនស្រី ដែល​បាន​ឡើង​ជិះ​រទេះគោ​ផ្សេង​។ ណា​ឡា បាន​រលូត​កូន​នៅក្នុង​ផ្ទៃ​នៅពេលដែល​គាត់​ធ្វើដំណើរ​តាម​រទេះគោ​ដែល​រលាក់​នោះ​។ សំណាងល្អ​មួយ​សប្តាហ៍​ក្រោយមក ណា​ឡា ក៏បាន​ជួប​ម្តាយ និង​ប្អូនស្រី​ពីរ​នាក់​នៅក្នុង​ភូមិ​វិញ​។​

​ថ្ងៃមួយ​មាន​ខ្យល់ព្យុះ​បោកបក់​មក​យ៉ាងខ្លាំង បណ្តាល​ឲ្យ​ខ្ទមរ​លំបាក់​សង្កត់​លើ​ម្តាយ​របស់គាត់​ស្លាប់​។ ប្អូនស្រី​របស់ ណា​ឡា បាន​រត់​មក​ប្រាប់ ណា​ឡា ពី​ដំណឹង​អកុសល​នេះ ហើយ​ប្តី​របស់គាត់​ក៏បាន​ទៅ​ជួយ​រុំ​សព​ម្តាយ​យកទៅ​បញ្ចុះ​។ ចំណែក ណា​ឡា មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ជួយ​ប្តី​របស់គាត់​ទេ​។ បន្ទាប់ពី​ម្តាយ​ស្លាប់ ប្អូនស្រី​ពីរ​នាក់​របស់ ណា​ឡា បានមក​រស់នៅ​ជាមួយ ណា​ឡា វិញ​។​

​ណា​ឡា បាន​រំឭកថា នៅ​ស្រុក​ភ្នំស្រុក គាត់​បាន​ឈឺ​ជំងឺគ្រុនចាញ់ រហូតដល់​កោរសក់​។ មុខ និង​ក្បាលជង្គង់​របស់គាត់​ហើម​ធំ ចំណែក ដៃជើង​ប្រែជា​ស្គមកំព្រឹង​។ ណា​ឡា មិនបាន​ទៅធ្វើ​ការ​ដូច​ប្រជាជន​ដទៃ​ទេ ចំណែក​ប្តី​របស់​ចេញទៅ​ធ្វើការ​ដូច​ធម្មតា​។ នៅពេល​សម្រាក​ពី​ការងារ ប្តី​របស់គាត់​បាន​ត្រឹម​មក​លួច​មើល​គាត់​ពី​ចម្ងាយ​។ ចំណែក​ប្រជាជន​ដែល​ខ្មែរក្រហម​ជម្លៀស​មក​ភ្នំស្រុក​ដូចគ្នា បាន​ឆ្លៀត​មក​សួរសុខទុក្ខ ណា​ឡា មុននឹង​ដើរ​ត្រឡប់​ទៅ​ខ្ទម​ដើម្បី​សម្រាក​។ ប្រជាជន​ជាច្រើន​នៅ​ទីនោះ បាន​ស្លាប់ ដោយសារ​ជំងឺគ្រុនចាញ់​។ សាកសព​របស់​អ្នក​ដែល​បាន​ស្លាប់​ត្រូវ បាន​កប់​នៅក្បែរៗ​ខ្ទម​របស់​ប្រជាជន​ស្នាក់នៅ​។​

ជម្លៀស​លើក​ទី​បី (​សហករណ៍​តា​ភរ​)
​នៅ​រដូវ​ច្រូតកាត់ ឆ្នាំ​១៩៧៧ ខ្មែរក្រហម​បាន​ជម្លៀស ណា​ឡា ប្តី និង​ប្អូនស្រី​ទាំងពីរ តាម​រទេះ​ទៅកាន់​សហករណ៍​តា​ភរ ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​។ ប្តី​របស់ ណា​ឡា បាន​ដើររក​ថ្នាំ​មក​ឆ្អើរ​ព្យាបាល​ប្អូនស្រី​ទាំងពីរ​របស់គាត់​ដែល​បានកើត​ដំបៅងារ​។ នៅ​សហករណ៍​តា​ភរ អង្គការ​បាន​បញ្ជា​ឲ្យ​ប្រជាជន​ធ្វើស្រែ និង​ត្រូវ​ស្មោះត្រង់​ជាមួយ​អង្គការ​។ ក្រៅ​អំពី​ការងារ​ស្រែចម្ការ អង្គការ​បាន​ចាត់តាំង​ឲ្យ ណា​ឡា បង្រៀន​របាំ​ដល់ កុមារ​នៅក្នុង​សហករណ៍ ដែលជា​កូន​របស់​ប្រជាជន​មូលដ្ឋាន​។ នៅ​ទីនោះ ណា​ឡា បាន​ជួប​លោកតា​ម្នាក់​ដែល​ធ្វើការ​ខាង​សង្គមកិច្ច​។ គាត់​បាន​ប្រាប់ ណា​ឡា ថា “​អ្នកគ្រូ​មាន​ជំងឺ​ទាស់​”​។ លោកតា​ម្នាក់​នោះបាន​ឲ្យ​ថ្នាំ ណា​ឡា ផឹក​រហូតដល់​អកា​រៈ​ជំងឺ​របស់​ណា​ឡា​បាន​ធូរស្រាល​ជាង​មុន​។​

នៅពេលនោះ កងឈ្លប​តែងតែ​ឡើងទៅ​ឆែកឆេរ​ផ្ទះ​របស់ ណា​ឡា ជា​ញឹកញាប់​ដើម្បី​ស៊ើបរក​ឯកសារ និង​របស់របរ​ដែល​ពាក់ព័ន្ធ​នឹង​ប្រវត្តិ​សាវតារ​គ្រួសារ​របស់គាត់ ព្រោះ​គ្រួសារ​គាត់​ទើបនឹង​ជម្លៀស​មក​។ ពេលខ្លះ ឈ្លប​បានមក​ហៅ​ប្តី​របស់គាត់​ទៅ​សួរនាំ​អំពី​ប្រវត្តិរូប​ទាំងយប់​។ នៅក្នុង​សហករណ៍​តា​ភរ ប្អូនស្រី​ម្នាក់​របស់គាត់​ត្រូវបាន​ឈ្លប​ខ្មែរក្រហម​សម្លាប់ ដោយសារ​ប្អូនស្រី​របស់គាត់​បាន​លួច​ពងមាន់​មួយគ្រា​ប់​ទុក​ហូប​។ ក្រោយមក មាន​អ្នកភូមិ​ម្នាក់ (​អតីត​ធ្លាប់បាន​បួស​រៀន​) បានមក​លួចខ្សឹប​ប្រាប់ ណា​ឡា ថា​ឈ្មោះ​ប្តី​របស់គាត់​ស្ថិតនៅក្នុង​បញ្ជី​ឈ្មោះ​តាមដាន​របស់​ឈ្លប​។ ហេតុដូច្នេះ ប្រសិនបើ​អង្គការ​ជម្លៀសចេញ ត្រូវតែ​ចេញ​តាម​បញ្ជា​កុំ​នៅ​ភូមិ​នេះ​តទៅទៀត​។​

ជម្លៀស​លើក​ទី​បួន (​សហករណ៍​កាប់​ចោរ​)
​មិនយូរប៉ុន្មាន អង្គការ​បាន​ជម្លៀស​គ្រួសារ ណា​ឡា ពី​សហករណ៍​តា​ភរ ទៅ​ភូមិ​កាប់​ចោរ ក្នុងស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​វិញ​។ ខ្មែរក្រហម​បាន​បំបែក​ប្អូនស្រី​របស់ ណា​ឡា ឲ្យ​ទៅ​នៅក្នុង​កងកុមារ ព្រមទាំង​បាន​ណែនាំ​ឲ្យ​ប្អូនស្រី​របស់គាត់​ឲ្យ​តាមដាន និង​រាយការណ៍​អំពី​សកម្មភាព​របស់គាត់​ទៀតផង​។ ណា​ឡា មិនដឹងថា ប្អូនស្រី​របស់គាត់​បាន​រាយការណ៍​ឬ​យ៉ាងណាទេ បានជា​ឈ្លប​ខ្មែរក្រហម​ដឹងថា គាត់​បាន​លួច​ដាំបាយ​នៅលើផ្ទះ​។ ល្ងាច​នោះ ណា​ឡា បាន​យក​អង្ករ​ដែល​បានមកពី​ការដោះដូរ​ជាមួយ​របស់របរ​ដែល​គាត់​មាន មក​ដាំបាយហូប​។ នៅពេលដែល​បាយ​ឆ្អិន ស្រាប់តែ​កងឈ្លប​បានមក​ដល់ ហើយ​បម្រុង​នឹង​យក​ឆ្នាំងបាយ​នោះមក​វាយ​គាត់​ថែមទៀត​។ ជា​គុណបុណ្យ ណា​ឡា តែងតែ​ជួប​មនុស្ស​ល្អ ដោយមាន​បុរស​មូលដ្ឋាន​ម្នាក់​ឈ្មោះ នឿ​ម បាន​រំឭក​គ្រួសារ​របស់គាត់​ឲ្យ​ប្រុងប្រយ័ត្ន​ព្រោះ​អង្គការ​កំពុង​តាមដាន​។​

​នៅ​ទីនោះ មានរឿង​រ៉ាវ​ច្រើន​តែងតែ​មក​ញ៉ាំ​ញី​ក្រុមគ្រួសារ​របស់ ណា​ឡា​។ ថ្ងៃមួយ វេលា​ម៉ោង​ប្រហែល​ប្រាំ​ល្ងាច ឈ្លប​បានមក​ចាប់​ប្តី​របស់ ណា​ឡា បន្ទាប់ពី​ស្ងោរដំឡូង​មី​ឆ្អិន ដោយ​ចោទថា “​ប្តី​របស់គាត់​បាន​លួច​ដក​ដំឡូង​” រួច​ហើយក៏​យកប្តី​គាត់​ទៅ​ឃុំ​នៅក្នុង​វត្ត​មួយ​។ ពេល​ឃើញ​ហេតុការណ៍​ដូច្នោះ ណា​ឡា ក៏បានរ​ត់ទៅ​ពឹង​មិត្ត​នារី​នៅក្នុង​សហករណ៍​ម្នាក់​ឲ្យ​ជួយ​។ ណា​ឡា បាន​ប្រាប់​មិត្ត​នារី​នោះ​ថា ប្តី​របស់ខ្លួន​ត្រូវបាន​ឈ្លប​ចាប់យក​ទៅហើយ​។ ណា​ឡា បាន​ឲ្យ​ដឹងថា មិត្ត​នារី​ម្នាក់​នោះ​ប្រហែល​មាន​ស្រុកកំណើត​នៅ​ខេត្តកំពត​ដូច​បី្ត​របស់គាត់ បាន​ជួយ​ប្តី​គាត់​ឲ្យ​បាន​រស់រានមានជីវិត​។ លុះ​ទៀបភ្លឺ ប្តី​របស់គាត់​បាន​ត្រឡប់មក​ដល់ផ្ទះ​វិញ​។ ណា​ឡា បាន​ស្ទុះ​ទៅ​ឱប​ប្តី ព្រមទាំង​ប្រាប់​ប្តី​របស់គាត់​ឲ្យ​ឈប់​លួច​ដក​ដំឡូង​ទៀត ដើម្បី​ជៀសវាង​ឈ្លប​មក​ចាប់​យកទៅ​សម្លាប់​។​

​នៅ​សហករណ៍​កាប់​ចោរ ណា​ឡា ត្រូវបាន​អង្គការ​ចាត់តាំង​ឲ្យ​ធ្វើការ​ជា​អ្នកដាំបាយ នៅ​ការដ្ឋាន​លើក​ទំនប់​។ ណា​ឡា តែងតែ​គិតគូរ​ដល់​ប្រជាជន​ជម្លៀស​ដូចគ្នា​។ ជួនកាល ណា​ឡា បាន​លួច​ដួស​បបរ​ដែល​នៅសល់​ដាក់​ទៅក្នុង​ឆ្នាំង ហើយ​យកទៅ​ឲ្យ​ប្រជាជន​ជម្លៀស​ដូចគ្នា ដោយ​យក​លេស​ថា​ប្រជាជន​ទាំងនោះ​ខ្ចី​ឆ្នាំង​។​

​នៅ​ឆ្នាំ​១៩៧៨ ខ្មែរក្រហម​បាន​ចាប់​ប្តី​របស់ ណា​ឡា យកទៅ​ឃុំឃាំង​នៅក្នុង​សាលារៀន​មួយ​។ ពេលនោះ ណា​ឡា ក៏បាន​លួច​បេះ​ផ្ទី​យកមក​ស្ងោរ​ឲ្យ​ប្តី​ហូប​។ បន្ទាប់ពី​ស្ងោរ​ឆ្អិន ណា​ឡា បាន​ពឹង​ប្អូនស្រី​របស់គាត់​ឲ្យ​យក​ម្ហូប​ទៅ​ឲ្យ​ប្តី​របស់គាត់​។ នៅពេល ណា​ឡា ផ្ញើ​ម្ហូប​តាម​ប្អូនស្រី ណា​ឡា បាន​ផ្តាំ​ប្អូន​របស់គាត់​ឲ្យ​ស្តាប់​សំឡេង​បងថ្លៃ មុននឹង​ហុច​កញ្ចប់​អាហារ​តាម​ប្រឡោះ​ជញ្ជាំង​ទៅ​ឲ្យ​។ ប៉ុន្តែ​ពេលខ្លះ​បី្ត​របស់គាត់ មិនបាន​ទទួល​អាហារ​នោះទេ ដោយសារតែ​អ្នកទោស​ផ្សេងទៀត​បាន​បន្លំ​សំឡេង​ប្តី​របស់គាត់​។​

​វត្តមាន​កងទ័ព​រំដោះ និង​ការចាប់ផ្តើម​ជីវិត​ថ្មី​
​ខ្មែរក្រហម​បាន​ផ្តើម​រត់គេចខ្លួន នៅពេលដែល​កងទ័ពរ​ណ​សិរ្ស​សាមគ្គី​ស​ង្រោះ​ជាតិ​កម្ពុជា​បាន​វាយ​ចូលមក ដែល​ធ្វើ​ឲ្យ​ស្ថានការណ៍​នៅពេលនោះ​ច្របូកច្របល់​យ៉ាងខ្លាំង​។ ណា​ឡា បាន​ជួប​ប្តី និង​ប្អូនស្រី បន្ទាប់មក​គាត់​បាន​ដើរ​ប្រមូលស្រូវ​សម្រាប់​ទុក​ហូប​។ គ្រួសារ​របស់ ណា​ឡា បាននាំគ្នា​រត់ចេញ​ពីស​ហក​រណ៍​សំដៅទៅ​ផ្លូវជាតិ​។ នៅតាម​ផ្លូវ​គាត់​បាន​ជួប​ប្រជាជន​មូលដ្ឋាន និង​ប្រជាជន​ជម្លៀស​ដែល​ធ្លាប់​ធ្វើការ​ជាមួយគ្នា​ពីមុនមក​។ ប្រជាជន​ទាំងនោះ​គិតថា ណា​ឡា និង​ក្រុមគ្រួសារ​បាន​ស្លាប់​អស់ហើយ​។ ពេលធ្វើ​ដំណើរ​ទៅដល់​សេរី​សោភ័ណ ណា​ឡា បាន​ជួប​ម្តាយមីង​ខាង​ប្តី ហើយ​បាននាំគ្នា​រង់ចាំ​រថយន្ត​ជិះ​ត្រឡប់មក​ក្រុងភ្នំពេញ​វិញ​។ នៅពេលនោះ ម្តាយមីង ប្អូនស្រី និង ណា​ឡា បាន​ឡើង​ជិះ​រថយន្ត​មួយ​។ ចំណែក ប្តី​របស់គាត់​មិនបាន​ឡើង​ជិះ​ជាមួយ​ទេ ដោយសារ​តែមាន​មនុស្ស​ជិះ​ពេញ​។ ហេតុដូច្នេះ ណា​ឡា ព្រមទាំង​សាច់ញាតិ​បានសម្រេច​ចិត្ត​ចុះ​ពីលើ​រថយន្ត​នោះ ដើម្បី​រងចាំ​រថយន្ត​បន្ទាប់​ជាមួយ​ប្តី​របស់គាត់​។ បន្ទាប់ពី​ឡើង​ជិះ​រថយន្ត​ទាំងអស់គ្នា​ហើយ ណា​ឡា បានឮ​អ្នកជិះ​ជាមួយ​ប្រាប់ថា មនុស្ស​ដែល​ឡើង​រថយន្ត​ទៅមុន បាន​ស្លាប់​អស់ ដោយសារតែ​រថយន្ត​កិន​មីន​កប់​ក្នុង​ដី នៅ​ម្តុំ​ស្រុក​ព្រះនេត្រព្រះ​។ ណា​ឡា បន្តថា នេះ​ជា​សំណាង​របស់គាត់ និង​គ្រួសារ​ដែល​បាន​ចុះ​ពី​រថយន្ត​នោះ បើ​មិន​ដូច្នេះ​ទេ​ក្រុមគ្រួសារ​គាត់​ប្រហែល​ស្លាប់​អស់ហើយ​។​

​នៅពេល​ធ្វើដំណើរ​ទៅដល់​ខេត្តសៀមរាប ណា​ឡា និង​ក្រុមគ្រួសារ តម្រូវ​ឲ្យ​ដើ​តរក​មធ្យោបាយ​ផ្សេងទៀត​ដើម្បី​ធ្វើដំណើរ​បន្ត​មក​ភ្នំពេញ​។ ណា​ឡា បាន​សុំ​រថយន្ត​កងទ័ព​វៀតណាម​ជិះ​ជាមួយ​រហូតមកដល់​ស្គន់ គាត់ និង​ក្រុមគ្រួសារ​ក៏បាន​ចុះ​ពីលើ​រថយន្ត​ធ្វើដំណើរ​បន្ត​ដោយ​ថ្មើរជើង​។ មកដល់​ភ្នំពេញ គាត់​បាន​ទៅ​រស់នៅក្នុង​ផ្ទះមួយ​នៅ​ម្តុំ​ផ្សារ​ដើមថ្កូវ​។ នៅមុន​ខែមេសា ឆ្នាំ​១៩៧៩ អ្នកភូមិ​នាំគ្នា​វាយ​ស្គរ​រាំលេង​កម្សាន្ត​មុន​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​។ នៅពេលដែល​អ្នកគ្រូ​កំពុង​រាំ រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​ព័ត៌មាន លោក កែវ ចិន្តា បាន​ទៅ​ទស្សនកិច្ច​នៅ​ម្តុំ​នោះ​។ គាត់​បានឃើញ​អ្នកគ្រូ​រាំ​។ ហេតុដូច្នេះ​លោក កែវ ចិន្តា បាន​សួរ​អ្នកគ្រូ ទើប​ដឹងថា​គាត់​ជា​អ្នករបាំ និង​មាន​ប្តី​ជា​អ្នក​គំនូរ​បុរាណ​។ បន្ទាប់​ដឹង​ព័ត៌មាន​នេះ នៅ​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​១៩៧៩ លោក កែវ ចិន្តា បាន​ចាត់​លោក ប៉ែន យ៉េត ឲ្យ​មក​ហៅ ណា​ឡា ឲ្យ​ចូលធ្វើការ​នៅ​ក្រសួង​វប្បធម៌​។ នៅពេលនោះ ក្រសួង​បានរៀបចំ​ក្រុម​សិល្បៈ​នៅផ្ទះ​កាកបាទក្រហម​ចាស់ នៅ​កាច់ជ្រុង​អតីត​ផ្ទះ​លោក សម សារី ដោយ​អ្នកគ្រូ ជា សា​ម៊ី រស់នៅ​ផ្ទះ​ខាងលើ​។ ក្រោយពី​រៀបចំ​ក្រុម​សិល្បៈ​រួចហើយ សិល្បករ​បាននាំគ្នា​ដើរ​ប្រមូល​សម្ភារ និង​ឧបករណ៍​សិល្បៈ​ពី​អគារ​ចាស់ៗ​មក​រៀបចំ​សម្រាប់​ហ្វឹកហាត់​ឡើងវិញ​។ បន្ទាប់មកទៀត លោក កែវ ចិន្តា បាន​ប្រមូល​សិល្បករ​ឲ្យ​ទៅ​រស់នៅ​អគារ​ប៉ូ​ឌី​ញ ក្បែរ​អតីត​សាល​មហោស្រព​ព្រះ​សុរាម្រិត​វិញ​។​

​នៅ​ឆ្នាំ​១៩៧៩ ណា​ឡា បាន​ចេញទៅ​សម្តែង​នៅ​ប្រទេស​វៀតណាម និង​សូ​វៀត​។ នៅ​ខែមករា ឆ្នាំ​១៩៨០ ណា​ឡា សម្រាល​បានកូន​ស្រី​មួយ​។ ណា​ឡា បានដាក់​ឈ្មោះ កូនស្រី​របស់គាត់​ថា «​វិចិត្រ​ណា​» ដោយសារតែ​គាត់​ស្រឡាញ់ និង​ចូលចិត្ត​សិល្បៈ​។ នៅ​ឆ្នាំ​ដដែល ណា​ឡា បានសម្រេច​ចិត្ត​ចូល​បង្រៀន​សិស្ស​នៅ​សាលា​រចនា បន្ទាប់ពី​អ្នកគ្រូ ជា សាមី បាន​ណែនាំ​។ ណា​ឡា បានធ្វើ​ស្មៀន​អ្នកគ្រូ ជា សា​ម៊ី ដោយ​ជួយ​កត់ត្រា ផ្ទៀងផ្ទាត់​ឃ្លា​ចុងចួន​នៃ​សាច់រឿង​។ នៅ​ឆ្នាំ​១៩៩៦ ណា​ឡា ត្រូវបានតែងតាំង​ជា​ព្រឹទ្ធបុរស​រង​មហាវិទ្យាល័យ​សិល្បៈ នាដ​សាស្ត្រ​។

​សព្វថ្ងៃ ណា​ឡា បង្រៀន​របាំ​បុរាណ ដឹកនាំ​រឿង និង​ដឹកនាំ​ការសម្តែង ព្រមទាំង​ណែនាំ​និស្សិត​ប្រឡង​បញ្ចប់​ការសិក្សា​។ ណា​ឡា មាន​អារម្មណ៍​សប្បាយរីករាយ នៅពេលដែល​បាន​ចូលរួម​បណ្តុះបណ្តាល និង​ផ្ទេរ​ចំណេះដឹង​ដល់​និស្សិត​ជំនាន់​ក្រោយ​។ ណា​ឡា មានប្រសាសន៍ថា ប្រសិនបើ​គ្មាន​របប​ខ្មែរក្រហម ប្រហែលជា​ជីវភាព​គ្រួសារ​របស់គាត់​អាច​ប្រសើរ​ជាង​បច្ចុប្បន្ន ព្រមទាំង​អាច​រស់នៅ​ជួបជុំគ្នា​៕ ដោយ ៖ ម៉ែន ពិចិត្រ បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​