ប្រសិន​ខ្ជិល​ហាត់ប្រាណ អ្នក​គ្រាន់តែ​ឈរ​ឲ្យ​បាន​៣​ម៉ោង​ក្នុង​១​ថ្ងៃ​ក៏​ប្រសើរ​

995
ចែករម្លែក

ការ​ឈរ ៣ ម៉ោង ក្នុង​១​ថ្ងៃ មាន​ប្រយោជន៍​សម្រាប់​សុខភាព​ប្រហាក់ប្រហែល​នឹង​ការរត់​ម៉ា​រ៉ា​តុង​ចំនួន ១០ ក្នុង​១​ឆ្នាំ នេះ​បើតាម ពួក​អ្នកវិទ្យាសាស្ត្រ​បាន​ឲ្យ​ដឹង ។​

​បណ្ឌិត ម៉ា​យ ឡូ​សេ​ម័ ( Mike Loosemore )​ជំនាញការ​ប្រឹក្សា​ជួរមុខ​ផ្នែក​កាយសម្បទា នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​កីឡា​, អប់រំ​កាយ និង​សុខភាព​អង់គ្លេស​បាន​ឲ្យ​ដឹងថា បណ្តា​ការណែនាំ​ផ្លូវការ​អំពី​ការហាត់​ប្រាណ គឺ​មិន​ជាក់ស្តែង និង​អាច​លំបាក​អនុវត្ត​ចំពោះ​មនុស្ស​ជាច្រើន ។ «​ប្រសិន​អ្នក​ពុំមាន​ពេលវេលា ឬ ថាមពល ដើម្បី​ហាត់ប្រាណ​, អ្នក​គ្រាន់តែ​ឈរ ៣ ម៉ោង ក្នុង​១​ថ្ងៃ គឺ​ល្អ​សម្រាប់​អ្នក​ដូច​រត់​ម៉ា​រ៉ា​តុង​ចំនួន ១០ ដង​ក្នុង​១​ឆ្នាំ​», ។​

​លោក ក៏​អះអាងថា ដោយ​គ្រាន់តែ​ហាត់ប្រាណ​បន្តិច​ប៉ុណ្ណោះ ក៏​នាំមក​នូវ​ផលប្រយោជន៍​សុខភាព​សម្រាប់​អ្នក ។ លោក និង​ពួក​អ្នកជំនាញការ​បាន​ទូន្មាន​គ្រប់គ្នា​គួរតែ​លៃ​ពេល​កន្លះ​ម៉ោង​ក្នុង​១​ថ្ងៃ និង ៥ ថ្ងៃ ក្នុង​១​សប្តាហ៍ ដើម្បី​ហាត់ប្រាណ​ក្នុង​កម្រិត​ល្មម នឹង​ល្អ​បំផុត​សម្រាប់​សុខភាព ។​

​លោក​បណ្ឌិត​ឲ្យ​ដឹង​បន្ថែមថា គ្រប់គ្នា​នឹង «​ភាន់ច្រឡំ​ទាំងស្រុង​» ពេល​គិតថា ការប្រែប្រួល​តូចៗ​ពេល​ឈរ គឺ​គ្មាន​ន័យ ។ តាមពិត វា​នឹង​កែប្រែ​ឲ្យ​ប្រសើរ​សុខភាព​របស់​អ្នក​, វា​នឹង​បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង​, ទឹកនោមផ្អែម​, មហារីក​, បន្ថយ​កូ​ឡេ​ស្តេ​រ៉ូ​ល ហើយ​វា​ក៏​នឹងធ្វើ​ឲ្យ​យើង​ស្គម ។​

​លោក​បាន​ទូន្មាន​ថា អ្នក​មិនចាំបាច់​ត្រូវតែ​ឈរ​ជាប់ ៣ ម៉ោង ក្នុង​១​ថ្ងៃ​នោះឡើយ​, តែ​ចូរ​ឈរ​ពេលណា​ដែលមាន​ឱកាស ឬ ពេល​អ្នក​បាន​អង្គុយ​ធ្វើការ​យូរពេក ៕ ប្រែ​សម្រួល​: រតនៈ​