ប្រឡង​គូរគំនូរ ដើម្បី​បណ្តុះ​គំនិត​កុមារ​ឱ្យ​ស្រឡាញ់​វិស័យ​គំនូរ​និង​បរិស្ថាន​

276
ចែករម្លែក

ដោយ​: សុផល​
​កំពង់ស្ពឺ​:
សិស្សានុសិស្ស​ជាង​៣០០​នាក់ មកពី​ថ្នាក់​ទី​១​ដល់​ថ្នាក់​ទី​៦ នៅ​សាលាបឋមសិក្សា​សំបួរ ដែល​ស្ថិតនៅ​ភូមិ​សំបួរ សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ បាន​ចូលរួម​ប្រកួតប្រជែង​គូរគំនូរ​រូប​«​អង្គរវត្ត​» ក្នុង​គោលបំណង​បំផុស​និង​បង្កើត​គំនិត​កុមារ​ឱ្យ​ចេះ​ស្រឡាញ់​វិស័យ​គំនូរ និង​បរិស្ថាន​។​

​គំនូរ​របស់​កុមារ​ទាំងអស់​នឹងត្រូវ​យកទៅ​តាំងពិព័រណ៍​នៅ​មជ្ឈមណ្ឌល​ប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន នា​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៨ ព្រមទាំង​នឹង​យកទៅ​តាំងពិព័រណ៍​នៅក្រៅ​ប្រទេស​ដើម្បីឱ្យ​អន្តរជាតិ​ស្គា​ល់ពី​កម្ពុជា និង​ស្នាដៃ​របស់​កុមារ​កម្ពុជា​។​

​កម្មវិធី​ការប្រកួតប្រជែង​គូរគំនូរ​នេះ រៀបចំឡើង​ដោយ​លោក​សាស្ត្រាចារ្យ តា​ខា​ខា​ហ្ស៊ឹ យ៉ាម៉ា​ដាក់​(Takakazu Yamada)​នាយក​សាលា​គំនូរ​យ៉ាម៉ា​ដាក់ និង​គ្រូបង្រៀន​និង​និស្សិត​សាកលវិទ្យាល័យ SHOWA WOMEN’S University នៃ​ប្រទេស​ជប៉ុន ជាង​១០​រូប​។​

​លោក​សាស្ត្រាចារ្យ តា​ខា​ខា​ហ្ស៊ឹ យ៉ាម៉ា​ដាក់ នាយក​សាលា​គំនូរ​យ៉ាម៉ា​ដាក់ ដែលមាន​មូលដ្ឋាន​នៅ​ភ្នំពេញ បាន​មានប្រសាសន៍ថា​៖ ការប្រកួតប្រជែង​គូរគំនូរ​នេះ គឺ​ចង់​បណ្តុះ​គំនិត​កុមារ​ឱ្យ​ចេះ​ស្រឡាញ់​វិស័យ​គំនូរ និង​បរិស្ថាន​ជុំវិញខ្លួន និង​ចង់ឱ្យ​សិស្សានុសិស្ស​បាន​បញ្ចេញស្នាដៃ​របស់ខ្លួន ក៏ដូចជា​ចង់រក​កុមារ​ដែលមាន​ទេពកោសល្យ​ផ្នែក​សិល្បៈ​គំនូរ​។​

​លោក​សាស្ត្រាចារ្យ បាន​បន្ត​ឱ្យដឹងថា​៖ ប្រធានបទ​នៃ​ការប្រឡង​គូរគំនូរ​នេះ​គឺ «​ប្រាសាទអង្គរវត្ត​» ដែលជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ដ៏​ល្បីល្បាញ​របស់​ខ្មែរ​។​

​លោក តា​ដា​ម៉ូ​រី ហ្វ៊ូ​ជី​សាវ៉ា​(Tadamori Fujisawa)​ជំនួយការ​សាស្ត្រាចារ្យ​សាកលវិទ្យាល័យ SHOWA WOMEN’S University​នៃ​ប្រទេស​ជប៉ុន បានឱ្យដឹងថា​៖ រូបគំនូរ​ដែល​សិស្សានុសិស្ស​គូរ​ទាំងអស់ នឹងត្រូវ​យកទៅ​តាំងពិព័រណ៍​នៅ​មជ្ឈមណ្ឌល​ប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន នា​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៨​ព្រមទាំង​និង​ចងក្រង​ទុកជា​អនុស្សាវរីយ៍​ផងដែរ​។​ជាងនេះទៅទៀត នឹងត្រូវ​យកទៅ​តាំងពិព័រណ៍​នៅក្រៅ​ប្រទេស​និង​ផ្សព្វផ្សាយ​តាម​អ៊ី​ន​ធើ​ណិ​ត​ផងដែរ ដើម្បីឱ្យ​អន្តរជាតិ​បាន​ស្គា​ល់ពី​ស្នាដៃ​និង​ទេពកោសល្យ​របស់​កុមារ​កម្ពុជា​។​

​លោក ឯក ប៊ុន​ថា អគ្គនាយករង​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​ជា​អ្នកសម្របសម្រួល​កម្មវិធី​ប្រកួត​គូរគំនូរ​នេះ បាន​មានប្រសាសន៍ថា​៖ កម្មវិធី​នេះ​មាន​គោលបំណង​ចង់ឱ្យ​កុមារ​បាន​បញ្ចេញ​សមត្ថភាព ទេ​ព្យ​កោសល្យ​ដែល​ពួកគាត់​មាន​ពី​កំណើត​និង​ជាការ​បណ្តុះ​គំនិត លើកស្ទួយ​វិស័យ​សិល្បៈ​គំនូរ​។​

​ចំណែក​លោកស្រី មៀ​ច សុ​ខិ​ណា នាយិកា​សាលាបឋមសិក្សា​សំបួរ បានឱ្យដឹងថា​៖ កុមារ​ចូលរួម​ការប្រឡង​គំនូរ​នេះ មាន​៣២០​នាក់​ពី​ថ្នាក់​ទី​១​ដល់​ថ្នាក់​ទី​៦​។ នេះ​ជា​ផ្នែក​មួយ​នៃ​បំ​ណិ​ន​ជីវិត និង​ជាការ​បណ្តុះ​គំនិត​ឱ្យ​ស្រឡាញ់​វិស័យ​គំនូរ និង​បរិស្ថាន​ជុំវិញ ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​៕ ល​