ប្រឡង​ជ្រើសរើស​ក្របខណ្ឌ​មន្ត្រីរាជការ​ស៊ីវិល​ចូល​បំរើ​ការងារ​ឆ្នាំ​២០១៧​ចំនួន​៥៥០​នាក់​

3648
ចែករម្លែក

(​ភ្នំពេញ​)៖​រដ្ឋបាល​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​ក្រសួងមហាផ្ទៃ​បានរៀបចំ​ការប្រឡង​ជ្រើសរើស​ក្របខណ្ឌ​មន្ត្រីរាជការ​ស៊ីវិល​និង​ក្រប​​ខណ្ឌ​ពន្ធនាគារ​ក្រសួងមហាផ្ទៃ​សម្រាប់​ឆ្នាំ​២០១៧​ដែល​ត្រូវ​ជ្រើសរើស​ចំនួន​៥៥០​នាក់​ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​។​
​ ​
​មន្ត្រី​ក្រសួងមហាផ្ទៃ​បានឱ្យដឹងថា​៖​សម្រាប់​រាជធានី​ភ្នំពេញ​បានកំណត់​យក​វិទ្យាល័យ​ជា ស៊ីម សន្ធរម៉ុក​ជា​មណ្ឌល​ប្រឡង​កាលពី​ព្រឹក​​ថ្ងៃទី​២៣​ខែកក្កដា​ឆ្នាំ​២០១៧​នេះ​។​លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​,​លោក ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​បាន​​អញ្ជើញ​កាត់​វិញ្ញាសារ​ប្រឡង​នាឱកាស​នោះ​។​

​មន្ត្រី​បន្តថា​៖​សម្រាប់​រាជធានី​ភ្នំពេញ​មាន​បេក្ខជន​ដាក់ពាក្យ​ប្រឡង​សរុប​ចំនួន​២.៨១៩​នាក់​។​ក្នុងនោះ​បេក្ខជន​ដែល​ត្រូវ​ជ្រើសរើស​មាន​​ក្របខណ្ឌ​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់​ចំនួន​២៧​នាក់​,​ក្របខណ្ឌ​មន្ត្រី​ក្រមការ​ចំនួន​៣៣​នាក់​,​ក្របខណ្ឌ​លេខាធិការ​រដ្ឋបាល​ចំនួន​២៧​នាក់​និង​​ក្របខណ្ឌ​មន្ត្រី​ពន្ធនាគារ​ត្រូវ​ជ្រើសរើស​ចំនួន​២៥​នាក់​។​

​ដោយឡែក​សម្រាប់​ឆ្នាំ​២០១៧ បេក្ខជន​ដែល​ត្រូវ​ជ្រើសរើស​មាន​ចំនួន​៥៥០​នាក់​ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​។​ចែកចេញជា​៤​ក្របខ័ណ្ឌ ក្នុងនោះ ក្របខ័ណ្ឌ​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់ ជ្រើសរើស​ចំនួន​១១៥​នាក់ បេក្ខជន​ដាក់ពាក្យ​ប្រឡង​ចំនួន ២៣០៤​នាក់ ។​ក្របខ័ណ្ឌ​មន្ត្រី​​ក្រមការ ជ្រើសរើស​ចំនួន ១៤៥​នាក់ បេក្ខជន​ដាក់ពាក្យ​ប្រឡង ២៧២២​នាក់ ។ មន្ត្រី​ក្របខ័ណ្ឌ​លេខាធិការ​រដ្ឋបាល ជ្រើសរើស ចំនួន ២០០​នាក់ បេក្ខជន​ដាក់ពាក្យ ប្រឡង ចំនួន ៦៣៩៤​នាក់ ។ ក្របខ័ណ្ឌ​មន្ត្រី​ពន្ធនាគារ​ជ្រើសរើស​ចំនួន ៩០​នាក់ បេក្ខជន​ដាក់ពាក្យ​ប្រឡង ចំនួន ៧៨៩​នាក់ ៕​ដោយ​៖​រ៉ា​ម៉ន​