ប្រឡង​រើស​អ្នកខ្លាំង​ខាង​ឆុង​កាហ្វេ​ប្រចាំឆ្នាំ​២០១៩

441
ចែករម្លែក

ដោយ​: មូល​សម្បត្តិ​
​ភ្នំពេញ​:
ក្រសួងទេសចរណ៍​បានប្រកាស​ជាមួយ​ដៃគូ​ឯកជន​ខាង​ជំនាញ​សេវាកម្ម​មុខវិជ្ជា​ម្ហូប និង​ភេសជ្ជៈ បើក​ឲ្យ​មាន​បេក្ខជន​ចូល​ប្រឡងប្រណាំង​ឆុង​កាហ្វេរក​អ្នក​ជើង​ខ្លាំង​ខាង​ឆុង​ពូកែ​ប្រចាំឆ្នាំ​ចំនួន​៣​នាក់ (​លេខ​១- លេខ​២-​និង​លេខ​៣) ដើម្បី​លើក​កំពស់​មុខជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ ក្នុងការ​ពង្រឹងគុណភាព​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​។​

​លោក មាន វណ្ណ​ដេ​ត ប្រធាន​នាយកដ្ឋាន​បណ្តុះបណ្តាល​មុខជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ បាន​ឲ្យ​រស្មី​កម្ពុជា​ដឹង​នៅថ្ងៃនេះ​ថា យើង​គ្រោង​បើក​ការប្រកួតប្រជែង​នៅ​ថ្ងៃទី​២៥-២៦​ខែកក្កដា​នេះ​។ បេក្ខភាព​សុំចូល​ប្រឡង​មកដល់ពេលនេះ បាន​ប្រមាណ​៣០​នាក់​ហើយ ហើយ​វគ្គ​ជំ​រុះ​ចុងក្រោយ​នឹងធ្វើ​នៅ​ចុងខែ​សីហា​ខាងមុខនេះ នា​ផ្សារ​អ៊ី​អន​១​។ យើង​រើស​បាន​អ្នកឈ្នះ គឺជា​ការលើក​កំពស់​នូវ​មុខជំនាញ​មួយ​ខាង​សេវាកម្ម​ម្ហូបអាហារ និង​ភេ​ជ្ជៈ​។​

​លោក វណ្ណ​ដេ​ត ថា អ្នកឈ្នះ​បាន​លេខ​១ លេខ​២ និង​លេខ​៣ បានទទួល​រង្វាន់​ជា​ឧបករណ៍ សំភារៈ​ប្រដាប់​ឆុង​កាហ្វេ សំរាប់​ជា​ឱកាស​យកទៅ​ធ្វើ​អាជីវកម្ម​ផ្ទាល់ខ្លួន​ផង ឬ​អាចជា​ឱកាស​ធ្វើការ​ឆុង​កាហ្វេ​នៅតាម​ហាង​ណា​ក៏បាន​។ ពួកគេ​អាចមាន​សិទ្ធិ​ចេញទៅ​ប្រឡង​នៅ​ថ្នាក់​តំបន់​ថែមទៀត ឬ​អាច​ចេញ​បំលាស់​ទី​ទៅ​ធ្វើការ​នៅ​ប្រទេសក្រៅ​ក៏បាន​។​

​សូមជម្រាបថា នេះ​ជា​លើក​ទី​៤​ហើយ ដែល​ផ្នែក​ឯកជន​បាន​រើស​ការប្រឡង​ឆុង​កាហ្វេ​បែបនេះ​។ ទើបតែ​ឆ្នាំនេះ ក្រុមហ៊ុន kofi សមាគម​ភោជនីយដ្ឋាន និង​សហព័ន្ធ​ទេសចរណ៍​កម្ពុជា គេ​បាន​សហការ​ជាមួយ​ក្រសួងទេសចរណ៍​នាពេលនេះ​។​

​ការ​ឆុង​កាហ្វេ គឺជា​មុខជំនាញ​ខ្នាតតូច និង​មធ្យម​មួយ​ទាមទារ​ឲ្យ​ចំណេះដឹង និង​បច្ចេកទេស​ឆុង​មាន​បទដ្ឋាន​ច្បាស់លាស់​។ ហើយក៏​ជា​មុខជំនាញ​មួយ​ប្រកួតប្រជែង​ទីផ្សារ​យ៉ាងខ្លាំង​ក្លា​បំផុត​។ ពីព្រោះ​អ្នក​ផឹក​កាហ្វេ​បច្ចុប្បន្ន​ក៏​ច្រើន​ណាស់ដែរ​៕ ល​