ប្រឡង​វិញ្ញាបនបត្រ​ធម្ម​វិន័យ​គឺ​គ្រហស្ថ​ជា​ពលរដ្ឋ​ទូទៅ​ក៏​អាចដាក់​ពាក្យ​ប្រឡង​បាន​ដូច​ព្រះសង្ឃ​ដែរ​

451
ចែករម្លែក

ដោយ​: គង់​ហេង​/​កំពង់ចាម​: សម័យ​ប្រឡង​យក​វិញ្ញាបនបត្រ​ធម្ម​វិន័យ រៀបចំ​ដោយ​ក្រសួង​ធម្មការ និង​សាសនា​ដែល​បាន​ប្រព្រឹត្ត​ទៅជា​ទៀងទាត់​នា​ចុងឆ្នាំ​សិក្សា​នៃ​ឆ្នាំ​នីមួយៗ​ដែលមាន​សមណ​សិស្ស​ប្រឡង​ចាប់ពី​ថ្នាក់​ត្រី ដល់​ថ្នាក់​ឯក​នោះ គឺ​គ្រហស្ថ ជា​ប្រជាពលរដ្ឋ​ទូទៅ​ក៏​អាចដាក់​ពាក្យ​ប្រឡង បាន​ដូច​ព្រះសង្ឃ​ដែរ​គឺ​ឲ្យ​តែមាន​ចំណេះដឹង​ខាង​ធម្ម​វិន័យ របស់​ព្រះពុទ្ធសាសនា​។​

​លោក ស្រី​សុភ័ក្ត្រ​ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្តកំពង់ចាម​បាន​ប្រាប់​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​៦​ខែមករា ឆ្នាំ​២០១៩​ថា​ជាក់ស្តែង​សម្រាប់​សម័យ​ឆ្នាំ​សិក្សា​២០១៨​និង​២០១៩​នេះ​គឺ​សមណ​សិស្ស​ដែល​បានដាក់​ពាក្យ​ចូលរួម​ប្រឡង​យក​វិ​ញ្ញាប​ប​ត្រ​ធម្ម​វិន័យ​សរុប​ចំនួន ២.១២៧ អង្គ និង​នាក់​។ ក្នុងនោះ​មាន​គ្រហស្ថ ជា​ប្រជាពលរដ្ឋ​ចំនួន ៧៦ នាក់ ពិសេស​ក្នុងចំណោម​នោះ​ទៀតសោត​មាន​ជា​ស្ត្រី​ចំនួន ៥៣ នាក់​។​

​លោក​ប្រធាន​មន្ទីរ​បាន​ឲ្យ​ដឹង​ទៀតថា ក្នុង​ការយក​ប្រឡង​វិញ្ញាបនបត្រ​នេះ មាន​ចំនួន បី ថ្នាក់ គឺ​ថ្នាក់​ត្រី​, ថ្នាក់​ទោ និង​ថ្នាក់​ឯក​។ លើ​មុខវិជ្ជា​ចំនួន បួន គឺ​មុខវិជ្ជា​ប្រជុំ​កងធម៌ , មុខវិជ្ជា​ពុទ្ធប្បវត្តិ , មុខវិជ្ជា​ព្រះ​វិន័យ និង​មុខវិជ្ជា​សាសនា​សុភាសិត​។​លោក សុភ័ក្ត្រ បាន​បន្តថា មុខវិជ្ជា​ចំនួន បួន នេះ ការប្រឡង​យើង​មិន​សំដៅ ឬ​ប្រកាន់​ថា លុះត្រាតែ​ព្រះសង្ឃ​ទើប​អាច​ប្រឡង​បាន​នោះទេ​។

គ្រហស្ថ​ដែលជា​ប្រជាពលរដ្ឋ ក៏​អាចដាក់​ពាក្យ​ប្រឡង​បាន​ដូចគ្នា​។ សំខាន់​ឲ្យ​តែ​អ្នកនោះ មានចំណេះដឹង និង​ពូកែ​ខាង​ធម្ម​វិន័យ​របស់​ព្រះពុទ្ធ គឺអាច​ចូលរួម​ប្រឡង​វិញ្ញាបនបត្រ​ធម្ម​វិន័យ ក្លាយជា​ធម្ម​កុសល គឺជា​អ្នក​ប៉ិនប្រសព្វ​ខាង​ធម៌​អា​។​

​គួរបញ្ជាក់​ថា​នៅ​ថ្ងៃអាទិត្យ​ថ្ងៃទី​៦​មករា​នេះ​ក្រសួង​ធម្មការ​និង​សាសនា​បានរៀបចំ​ប្រឡង​វិញ្ញាបនបត្រ​ធម្ម​វិន័យ ឆ្នាំ​សិក្សា ២០១៨-២០១៩ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​។ ក្នុង​ខេត្តកំពង់ចាម​មាន​សម​ណ​សិស្ស​និមន្ត និង​អញ្ជើញ​ចូលរួម​ប្រឡង​ចំនួន ២១២៧ អង្គ និង​នាក់ គឺ​នៅតាម​មណ្ឌល នៃ​ស្រុក​ទាំង​ប្រាំបួន​៕S/


​រូប​:​ប្រឡង​វិញ្ញាបនបត្រ​ធម្ម​វិន័យ​គឺ​គ្រហស្ថ​ជា​ប្រជាពលរដ្ឋ​ទូទៅ​ក៏​អាចដាក់​ពាក្យ​ប្រឡង​បាន​ដូច​ព្រះសង្ឃ​ដែរ​។ សកម្មភាព​ប្រឡង​វិញ្ញាបនបត្រ​ធម្ម​វិន័យ នៅ​មណ្ឌល​វត្ត​ថ្មគោល​ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​។​