ប្រឡង​សញ្ញាបត្រ​បាក់​ឌុប​ឆ្នាំ​២០១៨​នឹង​ប្រកាស​លទ្ធផល​នៅ​ថ្ងៃទី​៩​ខែកញ្ញា​

914
ចែករម្លែក

​ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​ក្រសួង​អប់រំ យុវជន និង​កីឡា​បានចេញ​សេចក្តីជូនដំណឹង​ពី​ការ ប្រកាស​ផ្សព្វផ្សាយ​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា ឬ​ហៅ​បាក់​ឌុប​នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី​៩​ខែកញ្ញា​ឆ្នាំ​២០១៨​ថ្ងៃស្អែក​នេះ​។​
​ ​
តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​អប់រំ​បានឱ្យដឹងថា​ការប្រឡង​បាក់​ឌុប​ឆ្នាំ​២០១៨​ដែល​នឹង​ប្រព្រឹត្តិ​ទៅនា​ថ្ងៃទី​២០- ២១​ខែ សីហា​ឆ្នាំ​២០១៨​កន្លងមក​នឹងត្រូវ​ប្រកាស​លទ្ធផល​ជា​ផ្លូវការ​
​នៅ​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០១៨ សម្រាប់​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល ។​ដោយឡែក​នៅ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ សម្រាប់​ខេត្ត​ផ្សេងៗ​ទៀត​។​
​ ​
លោក​ហង់​ជួនណា​រ៉ុ​ន​បានឱ្យដឹង​នា​កន្លងមក​ថា​ចំពោះ​ពិន្ទុ​ខ្ពស់បំផុត​ក្នុងពេល​ប្រឡង​បាក់​ឌុប​នៅ​ឆ្នាំនេះ​គឺ​៥០០ និង​ចំពោះ​បេក្ខជន​ដែល​ធ្វើ​ពិន្ទុ​បាន​ត្រឹម​២៣៧​នឹងត្រូវ​ជាប់​ហើយ ។​
​គួរ​បញ្ជាក់ថា​កាលពីមុន​មកនេះ ក្រសួង​អប់រំ​យុវជន​និង​កីឡា​គ្រោង​នឹង​ប្រកាស​លទ្ធផល ការប្រឡង​សញ្ញាបត្រ​បាក់​ឌុប​នេះ នៅ​ថ្ងៃទី​១១ និង​១២ ខែកញ្ញា ឆ្នាំ​២០១៨ ។​ប៉ុន្តែ​ពេលនេះ​ត្រូវបាន​កែសម្រួល មុនពេល​កំណត់​មួយថ្ងៃ​វិញ​។​

​បើតាម​ក្រសួង​អប់រំ​បានឱ្យដឹង​ដែរ​ថា​ចំពោះ លទ្ធផល​នៃ​ការប្រឡង​បាក់​ឌុប ឆ្នាំ​២០១៨​នេះ មាន​ផ្សាយ​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ក្រសួង​អប់រំ Facebook.com/moeys.gov.kh ។​
​សូម​រំលឹកថា​បេក្ខជន​ដែល​ប្រឡង​ជាប់​សញ្ញាបត្រ​ទុតិយភូមិ ឬ​បាក់​ឌុប ឆ្នាំ​២០១៧​កន្លងមក មាន​ចំនួន​៦៣.៦៦៨​នាក់ ត្រូវជា​៦៣.៨៤​ភាគរយ នៃ​បេក្ខជន​វត្តមាន​៩៩ ៧២៨​នាក់​។

ដោយឡែក​បើ​ធ្វើការ​ប្រៀបធៀប​កាលពី​ឆ្នាំ​២០១៦​បេ​ក្ច​ជន​ដែល​ប្រឡង​ជាប់​មាន​ចំនួន​៥៥.៧៥៣​នាក់ ត្រូវ​ជាជាង ៦២​ភាគរយ​នៃ​បេក្ខជន​វត្តមាន​ចំនួន​ជិត​៩​ម៉ឺន​នាក់​( ៨៩ ៦៦១​នាក់​)​។​
​ក្នុង​ឆ្នាំ​ដដែល​នេះ​បេក្ខជន​ដែល​ប្រឡង​ជាប់ និទ្ទេស A មាន​ចំនួន ៤២៤​នាក់ , និទ្ទេស B មាន​២ ៤៦៤​នាក់ , និទ្ទេស​C មាន​ចំនួន​៥០០០​នាក់ , និទ្ទេស​D ៩១២៣​នាក់ និង​និទ្ទេស E មាន​៤៦ .៦៥៧​នាក់​៕S/