ប្រាក់ចំណូល​របស់ Apple កើនឡើង​ហួសការ​រំពឹងទុក ខណៈដែល​ក្រុមហ៊ុន​នេះ​នៅតែ​លក់ដាច់​ទូរស័ព្ទ iPhone តម្លៃ​ថ្លៃ​

1368
ចែករម្លែក

​ការលក់​របស់​ក្រុមហ៊ុន Apple Inc ដែល​នាំមុខ​ដោយ​ទូរស័ព្ទ iPhone X បាន​រុញ​លទ្ធផល​ប្រចាំត្រីមាស​ឱ្យ​ហួស​ឆ្ងាយ​ពី​គោលដៅ​របស់ Wall Street កាលពី​ថ្ងៃ​អង្គារ​ទី​៣១​កក្កដា ជាមួយ​ការ​ជាវ​ពី App Store, Apple Music និង​សេវាកម្ម iCloud សុទ្ធតែ​បាន​ជំរុញ​ដល់​អាជីវកម្ម​របស់​ក្រុមហ៊ុន​។​

​ក្រុមហ៊ុន Apple ក៏​ព្យាករណ៍​ពី​ប្រាក់ចំណូល​ខ្ពស់ជាង​ការរំពឹងទុក​សម្រាប់រ​ដូ​វ​ស្លឹកឈើ​ជ្រុះ​នាពេលខាងមុខ​ផងដែរ នៅពេលដែល​ក្រុមហ៊ុន​បង្ហាញ​ជា​លើកដំបូង​នូវ​ម៉ូ​ដែល​ទូរស័ព្ទ iPhone ថ្មី ដោយ​ធានា​ឡើងវិញ​ដល់​វិស័យ​បច្ចេកវិជ្ជា​ដ៏​ភិតភ័យ ដែល​ឃើញ​ការលក់​ចេញ​ហ៊ុន​យ៉ាងច្រើន​កាលពី​សប្តាហ៍​មុន​នៅក្នុង​ក្រុមហ៊ុន Facebook Inc ក្រុមហ៊ុន Twitter Inc និង​ក្រុមហ៊ុន Netflix Inc ដោយសារតែ​ការបារម្ភ​អំពី​កំណើន​ប្រាក់ចំណូល​អនាគត​រប​ស់ Apple​។ ក្រុមហ៊ុន Apple ក៏​ទទួលបាន​កំណើន​ការលក់​ផងដែរ​នៅ​ប្រទេស​ចិន កន្លែង​ដែល​ការ​លក់បាន​កើនឡើង ១៩ ភាគរយ​។​

​ក្រុមហ៊ុន Apple បាន​ឆ្លើយតប​ទៅនឹង​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ជាប់​ទ្រឹង​ទូទាំង​សកលលោក​ដោយ​ដាក់លក់​ទូរស័ព្ទ​ដែលមាន​តម្លៃ​ថ្លៃ​ជាង​មុន និង​ធ្វើ​ពិពិធ​កម្ម​ទៅក្នុង​សេវាកម្ម​របស់ខ្លួន​។ នាយក​ប្រតិបត្តិ​លោក ធី​ម ឃុ​គ បាន​និយាយថា ឧបករណ៍ “​អាច​ពាក់បាន​” ដែល​រួមបញ្ចូល​ទាំង​កាស​ឥត​ខ្សែ និង នាឡិកា Apple Watch បាន​ជួយ​រួមចំណែក​ដល់​កំណើន​នេះ​។​

​ក្រុមហ៊ុន Apple បាន​លក់​ទូរស័ព្ទ iPhone ចំនួន ៤១,៣ លាន​គ្រឿងក្នុង​ត្រីមាស​ទី ៣ នៃ​ឆ្នាំសារពើពន្ធ គឺ​ទាប​ជាង​ការរំពឹងទុក​ចំនួន ៤១,៨ លាន​គ្រឿង ប៉ុន្តែ​តម្លៃ​លក់ iPhone ជា​មធ្យម​បាន​ឡើងដល់ ៧២៤ ដុល្លារ​អាមេរិក​ក្នុង​មួយគ្រឿង ដែល​លើសពី​ការរំពឹងទុក ៦៩៤ ដុល្លារ​របស់​អ្នកវិភាគ​។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី FactSet ។

iPhone X លក់ដាច់​ជាងគេ​ក្នុង​ទីផ្សារ​ស្មា​ត​ហ្វូ​ន ហើយ​តម្លៃ​របស់​វា​នៅលើ​សកលលោក គឺ​ជាង ១០០០ ដុល្លារ​។​

​ក្រុមហ៊ុន Apple បានបង្ហាញ​ប្រាក់ចំណូល​ត្រីមាស​ទី ៣ ចំនួន ៥៣,៣ ពាន់​លាន​ដុល្លារ និង​ប្រាក់ចំណេញ ២,៣៤ ដុល្លារ​ក្នុង​មួយ​សន្លឹក​ហ៊ុន ធៀប​នឹង​ការព្យាករណ៍​គឺ​ត្រឹម ៥២,៣ ពាន់​លាន​ដុល្លារ និង​ប្រាក់ចំណេញ ២,១៨ ដុល្លារ​ក្នុង​មួយ​សន្លឹក​ហ៊ុន​។ នេះ​បើ​យោងតាម Thomson Reuters I/B/E/S​។

​ក្រុមហ៊ុន​ព្យាករណ៍​ថា នៅ​ត្រីមាស​ទី ៤ ប្រាក់ចំណូល​របស់ខ្លួន​នឹង​កើនឡើង​ពី ៦០ ទៅ ៦២ ពាន់​លាន​ដុល្លារ ដែល​រួមទាំង​ការលក់​ទូរស័ព្ទ​ថ្មី​ដែល​នឹង​ចេញលក់​នៅ​ខែកញ្ញា​ខាងមុខ​៕ ដោយ៖ កញ្ញាដាលីស

(​ពីឆ្វេង​ទៅ​ស្តាំ​) iPhone 8 Plus, iPhone X និង iPhone 8