ប្រាក់រីយ៉ាល់អ៊ីរ៉ង់​ធ្លាក់​ថ្លៃ​ទាប​បំផុត​មិន​ធ្លាប់មាន​ពីមុនមក ដោយ​១០២.០០០​រៀល​ដូរ​បាន​១​ដុល្លារ​

802
ចែករម្លែក

​រូបិយវត្ថុ​របស់​អ៊ីរ៉ង់​បាន​ធ្លាក់​ថ្លៃ​ដល់​កម្រិត​ទាប​បំផុត​កាលពី​ថ្ងៃអាទិត្យ​ទី​២៩​កក្កដា ដោយ​ប្រាក់​អ៊ីរ៉ង់​ខ្ទង់ ១០០.០០០ រៀល​ស្មើនឹង​១​ដុល្លារ ស្របពេល​កំពុងមាន​វិបត្តិ​សេដ្ឋកិច្ច​កាន់តែ​ជ្រាលជ្រៅ និង​ការវិល​ត្រឡប់មកវិញ​នូវ​ទណ្ឌកម្ម​អាមេរិក​ពេញលេញ​។​

​យោងតាម​វេ​ប​សាយ​តាមដាន​រូបិយវត្ថុ​គួរឱ្យ​ទុកចិត្ត​របស់​រដ្ឋ Bonbast អត្រា​ក្រៅផ្លូវការ​គឺ ១០២.០០០ រីយ៉ាល់​ដូរ​បាន​១​ដុល្លារ​។​

​អត្រា​នេះ​ត្រូវបាន​បញ្ជា​ក់ដោយ​ពាណិជ្ជករ​ម្នាក់ ដែល​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ទៅកាន់​ទីភ្នាក់ងារសារព័ត៌មាន​បារាំង (AFP)​។​

​ប្រាក់រីយ៉ាល់​បាន​បាត់បង់​តម្លៃ​របស់ខ្លួន​ពាក់កណ្តាល​ធៀប​នឹង​ប្រាក់​ដុល្លារ​ក្នុង​រយៈពេល​ត្រឹមតែ ៤ ខែ ដែល​បាន​បំបែក​កំណត់ត្រា​លើស ៥០.០០០ រៀល ជា​លើកដំបូង​កាលពី​ខែមីនា​។​

​រដ្ឋាភិបាល​បាន​ព្យាយាម​កំណត់​អត្រា​ប្រាក់រីយ៉ាល់​ត្រឹម ៤២.០០០ រៀល​កាលពី​ខែមេសា​ហើយ​បាន​គំរាម​បង្ក្រាប​អ្នកជួញដូរ​លើ​ទីផ្សារងងឹត​។​

​ប៉ុន្តែ​ការជួញដូរ​ក្នុង​ទីផ្សារងងឹត​នៅតែ​បន្ត ខណៈ​ប្រជាជន​អ៊ីរ៉ង់​ដែល​ព្រួយបារម្ភ​អំពី​ការធ្លាក់ចុះ​សេដ្ឋកិច្ច​យូរអង្វែង​បាន​ងាក​ទៅរក​ប្រាក់​ដុល្លារ​ជា​មធ្យោបាយ​សុវត្ថិភាព​ដើម្បី​រក្សាទុក​ប្រាក់​សន្សំ​របស់​ពួកគេ ឬ​ជាការ​វិនិយោគ ដោយសារ​រំពឹងថា​ប្រាក់រីយ៉ាល់​នឹង​បន្ត​ធ្លាក់ចុះ​។​

​ជាមួយ​ធនាគារ​ជាច្រើន​បាន​បដិសេធ​មិន​លក់​ប្រាក់​ដុល្លារ​របស់ខ្លួន​ក្នុង​អត្រា​ទាប​បំផុត​នោះ រដ្ឋាភិបាល​បាន​បង្ខំចិត្ត​បន្ធូរបន្ថយ​វិធានការ​របស់ខ្លួន​កាលពី​ខែមិថុនា ដោយ​អនុញ្ញាត​ឱ្យមាន​ភាពបត់បែន​បន្ថែមទៀត​សម្រាប់​ក្រុម​អ្នក​នាំចូល​មួយចំនួន​។​

​ការដោះស្រាយ​វិបត្តិ​នេះ​គឺជា​ហេតុផល​មួយ​ក្នុងចំណោម​ហេតុផល​ជាច្រើន​ដែល​នៅ​ពីក្រោយ​ការសម្រេចចិត្ត​កាល​ពីស​ប្តា​ហ៍​មុន​ដោយ​ប្រធានាធិបតី ហាស​សាន់ រូ​ហា​នី ដើម្បី​ជំនួស​តំណែង​អគ្គទេសាភិបាល​ធនាគារ​កណ្តាល លោក វ៉ា​លី​អូ​ល​ឡា សេ​អ៊ី​ហ្វ​។​

​ការដួលរលំ​រូបិយវត្ថុ​នេះ​ត្រូវបាន​ជំរុញ​ដោយ​ការប្រកាស​របស់​អាមេរិក​កាលពី​ខែឧសភា​ថា​ខ្លួន​បាន​ដក​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ២០១៥ ដែល​បាន​លុបចោល​ទណ្ឌកម្ម​ខ្លះ​ដើម្បី​ជា​ថ្នូរ​នឹង​ការទប់ស្កាត់​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​។​

​សហរដ្ឋអាមេរិក​គ្រោង​នឹងដាក់​ទណ្ឌកម្ម​ពេញលេញ​របស់ខ្លួន​នៅ​ដំណាក់កាល​២ គឺ​នៅ​ថ្ងៃទី ៦ ខែសីហា​និង​ថ្ងៃទី ៤ ខែវិច្ឆិកា ដោយ​ជំរុញ​ឱ្យ​ក្រុមហ៊ុន​បរទេស​ជាច្រើន​កាត់បន្ថយ​ពាណិជ្ជកម្ម​ជាមួយ​អ៊ីរ៉ង់​៕ ដោយ៖ កញ្ញាដាលីស

ប្រាក់​អ៊ីរ៉ង់ ១០២.០០០ រីយ៉ាល់ដូរ​បាន​១​ដុល្លារ