ប្រាក់​យ័ន​ចិន​ធ្លាក់​ថ្លៃ​ទាប​បំផុត​ទៀតហើយ ចំ​ពេល​មាន​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​អាម៉េរិក​

409
ចែករម្លែក

​រូបិយប័ណ្ណ​ចិន​កាលពី​ថ្ងៃ​ចន្ទ​ទី​២៦​សីហា បាន​ធ្លាក់​ថ្លៃ​ដល់​កំរិត​ទាប​បំផុត​របស់​ខ្លួន ក្នុង​រយៈពេល​ជាង​១១​ឆ្នាំ​មកនេះ នៅពេល​មាន​ការព្រួយបារម្ភ​អំពី​សង្គ្រាម​ពាណិជ្ជកម្ម​និង​លទ្ធ​​ភាព​នៃ​ការដើរថយក្រោយ​នៃ​សេដ្ឋកិច្ច​សកល​ដែល​នឹង​ជះឥទ្ធិពល​លើ​ទីផ្សារ​។​

​ប្រាក់​យ័ន​ចិន​នៅ​ថ្ងៃ​ចន្ទ បាន​ធ្លាក់​ដល់​៧,១៤៨៧​យ័ន ក្នុង​មួយ​ដុល្លារ​អាម៉េរិក ជា​ចំណុច​ទាប​បំផុត​ធៀប​នឹង​តំលៃ​របស់​វា​នានា​ចាប់តាំងពី​ដើមឆ្នាំ​២០០៨​។​

​សូមបញ្ជាក់​ថា ភាព​តានតឹង​សេដ្ឋកិច្ច​សកល​កាន់តែ​កើន​សម្ទុះ​នៅ​ប៉ុន្មាន​ថ្ងៃ​មកនេះ ដោយ​អាម៉េរិក​និង​ចិន​ដំឡើង​ពន្ធ​លើ​ទំនិញ​ផង​គ្នា ហើយ​ប្រធានាធិបតី​អាម៉េរិក​ថែម​​ទាំង​គំរាម​បញ្ជា​អោយ​បណ្តា​ក្រុមហ៊ុន​អាម៉េរិក​វេច​បង្វេច​ចាកចេញ​ពី​ចិន​ថែម​ទៀត​។​

​ប្រាក់​យ័ន​ចិន​នៅ​ថ្ងៃ​ចន្ទ បាន​ធ្លាក់​ដល់​៧,១៤៨៧​យ័ន ក្នុង​មួយ​ដុល្លារ​អាម៉េរិក ក្នុង​ការជួញដូរ​នៅ​អាស៊ី

​ប្រាក់​យ័ន​មិន​អាច​ដោះដូរ​ដោយ​សេរី​ទេ ហើយ​រដ្ឋាភិបាល​ចិន​កំហិត​ចលនា​របស់​វា​ត្រឹម​កំរិត​២​ភាគរយ​ទល់​នឹង​ប្រាក់​ដុល្លារ ។​ធនាគារ​កណ្តាល​ចិន​កំណត់​វា​រាល់ថ្ងៃ​ដើម្បី​ឆ្លុះបញ្ចាំង​​ទិន្នាការ​ទីផ្សារ​និង​គ្រប់គ្រង​ការប្រែប្រួល​ចុះឡើង​នៃ​តំលៃ​របស់​វា​។​

​បើតាម​សារព័ត៌មាន​បរទេស ធនាគារ​កណ្តាល​ចិន​បាន​កំណត់​អត្រា​ដោះដូរ​ប្រាក់​យ័ន​កាន់តែ​ថោក​ទៅៗ​នៅ​ប៉ុន្មាន​សប្តាហ៍​មក​នេះ និង​នៅ​ថ្ងៃ​ចន្ទ ខ្លួន​បាន​កំណត់​ត្រឹម​៧,០៥៧​យ័ន ក្នុង​មួយ​ដុល្លារ​។​

​ជា​គោក​ការណ៍ ការ​បន្ទាប​ថ្លៃ​ប្រាក់​យ័ន​ធ្វើអោយ​ទំនិញ​នាំ​ចេញ​របស់​ចិន​ថោក​ឡើង​ដែល​អាច​ទូរ​ទាត់​បន្ទុក​ពី​ការដំឡើង​ពន្ធ​ទំនិញ​ចិន​នាំចូល​អាម៉េរិក​បាន​មួយចំណែក​។​

​មុននេះ កាលពី​ខែ​សីហា​ដដែល ប្រាក់​យ័ន​ចិន​បាន​ចុះ​ដល់​កំរិត​៧​យ័ន​ក្នុង​១​ដុល្លារ​ជា​លើក​ដំបូង​ក្នុង​រយៈពេល​ជាង​១១​ឆ្នាំ នៅ​ពេល​តែ​ប៉ុន្មាន​ថ្ងៃក្រោយ​អាម៉េរិក​ប្រកាស​វាយ​​ពន្ធ​ពិន័យ​ថ្មី​លើ​ទំនិញ​ចិន ដែល​ត្រូវ​ចាប់​អនុវត្ត​នៅ​ថ្ងៃ​០១​កញ្ញា​តទៅ ជាហេតុ​នាំ​អោយ​មាន​ការ​ចោទប្រកាន់​ពី​អាម៉េរិក​ថា ចិន​លេង​ល្បិចកល​រូបិយប័ណ្ណ​ក្នុង​សង្គ្រាម​ពាណិជ្ជ​​កម្ម តែ​ចិន​បដិសេធ​៕​ដោយ​៖​វាសនា​

#