ប្រាប់​មិន​ស្តាប់​ឃាត់ទុក​មួយ​យប់​ជា​សារ​ព្រមាន​,​មេការ​សំណង់​ចេញមុខ​សុំទោស​និង​សន្យា​ឈប់​ធ្វើ​ខុសច្បាប់

687
ចែករម្លែក

ដោយៈ​ប​.​ខុន​ភ្នំពេញៈ​កម្មករសំណង់​ជនជាតិ​ចិន​ចំនួន​ពីរ​នាក់​បាន​បន្ត​ធ្វើការ​ងារ​នៅក្នុង​អគារ​មួយ​នៃ​អគារ​ចំនួន​បី​ដែល​អាជ្ញាធរខេត្ត​ព្រះសីហនុ​បានឱ្យ​ផ្អាក​ជា​បណ្តោះអាសន្ន​ត្រូវបាន​ឃាត់ខ្លួន​ដោយ​រដ្ឋបាល​ក្រុងព្រះសីហនុ ដើម្បី​ជា​សារ​ព្រមាន​ដល់ សំណង់ មិនទាន់​ស្របច្បាប់​ផ្សេងៗ​ទៀត​។​

​លោក​គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹង​នៅ​ថ្ងៃទី​៤​ខែកក្កដា​ឆ្នាំ​២០១៩​ថា កម្មករសំណង់​ជនជាតិ​ចិន​ចំនួន​ពីរ​នាក់​ដែល​មិន​ស្តាប់​តាម​ការណែនាំ​របស់​អាជ្ញា​ធរ​ដោយ​នៅតែ​បន្តធ្វើ​ការសាងសង់​អគារ ហាមឃាត់​បណ្តោះអាសន្ន​ត្រូវបានធ្វើ​ការឃាត់ខ្លួន​ដើម្បី​ជា​សារ​ព្រមាន​ជាទូទៅ​ឱ្យ មាន ការ គោរព​ច្បាប់​ក្នុងការ​សាងសង់​នៅ​ខេត្ត​ព្រះសីហនុ​។​

​លោក​អភិបាលខេត្ត​ដែល​សម្តេច​តេ​ជោ​បាន​ថ្លែង​ជា​សាធារណៈ​ថា​ជា​មន្ត្រី​ខ្លាំង​អាចដឹកនាំ​ខេត្ត​ព្រះសីហនុ​បាន​នេះ​បាន​បញ្ជាក់ថា​កាលពី​ថ្ងៃទី​២​ខែកក្កដា​លោក​រួម​ជាមួយនឹង​ក្រុមការងារ​បានសម្រេច​ឱ្យ​ការដ្ឋាន​សំណង់​ចំនួន​បី​កន្លែង​ដែល​មិនទាន់​មានច្បាប់​គ្រប់គ្រាន់​ផ្អាក​សកម្ម​ភាពជា​បណ្តោះអាសន្ន ។

ការដ្ឋាន សំណង់​មួយ​នៅក្នុង​ចំណោម​ការដ្ឋាន​ទាំងបី​ដែល​បានឱ្យ​ផ្អាកបាន​លបលួច​ធ្វើ បន្ត មិន​ស្តាប់​តាម​ការណែនាំ​យើង​(​គួច​ចំរើន​)​បានសម្រេច​ធ្វើការ​ឃាត់ខ្លួន​ក្រុម​ជាង​ទាំងនោះ​ដើម្បីឱ្យ​ម្ចាស់​ការដ្ឋាន​ចេញមក​ទទួលខុសត្រូវ​។​កម្មករសំណង់​ជនជាតិ​ចិន​ដែល​ត្រូវបាន​ឃាត់ខ្លួន​នៅក្នុង​ការដ្ឋាន​សំណង់​ក្បាលដី​លេខ​១១​ភូមិ​៤​សង្កាត់​លេខ​៤​ក្រុងព្រះសីហនុ ដោយ​រដ្ឋបាល​ក្រុង​ព្រះ​សី ហ​នុ មានឈ្មោះ សាំង​ហុង​វ៉ាង​ភេទ​ប្រុស​និង​ឈ្មោះ​លីវ​ស៊ា​វ​ភីង​ភេទ​ប្រុស​។​​បន្ទាប់ពី​ឃាត់ខ្លួន​អស់​រយៈពេល​ជាច្រើន​ម៉ោង​ដើម្បី​ជា​សារ​ព្រមាន​រួចមក​ជន​ទាំងពីរ​ក៏ត្រូវ​បាន​ដោះលែង​វិញ​ដោយមាន​លោក​លី ដាលីន មេការ​សំណង់​ជនជាតិ​ចិន​ចេញមុខ​ធ្វើលិខិត​ធានា​និង​កិច្ចសន្យា​។​

លោក​លីដា​លីន​(LiDaLun)​បាន​សរសេរ​នៅក្នុង​លិខិត​កំណត់ហេតុ​ធានាថា​កាលពី​ថ្ងៃទី​២​ខែកក្កដា​ឆ្នាំ​២០១៩​ក្រុមការងារ​ចម្រុះ​បច្ចេកទេស​សាង សង់ ថ្នាក់ ក្រសួង ថ្នាក់​ខេត្ត ថ្នាក់ក្រុង​។ ជាពិសេស ឯកឧត្តម​(​គួច​ចំរើន​)​អភិបាលខេត្ត​ផ្ទាល់​បាន​ចុះ​មកដល់​ការដ្ឋាន​របស់ខ្ញុំ​បាទ​ដោយបាន​ពន្យល់​ពី​ការសាងសង់​ខុស បច្ចេក ទេស​និង​គ្មាន​ការអនុញ្ញាត ។​ក្នុង​រយៈពេល​នោះ ខ្ញុំ​បាន​យល់ព្រម​ចុះ​កិច្ច សន្យា​ឈប់​សាងសង់​បណ្តោះអាសន្ន​ដោយ​រង់ចាំ​ច្បាប់​អនុញ្ញាត​ថ្មី​។​ស្អែក​ឡើង​ថ្ងៃទី​៣​ខែកក្កដា​២០១៩ មានកូន​ជាង​ពីរ​នាក់​នៅតែ​ធ្វើ​រំលោភ​លើ​កិច្ច សន្យា​ពិត ប្រាកដ​មែន​។

​ហេតុដូច្នេះ​ក្នុងនាម​ខ្ញុំ​ជា​មេការ​ទទួលខុសត្រូវ​លើ​ការងារ​។​ខ្ញុំ​សុំទោស​ចំពោះមុខ​សមត្ថកិច្ច​និង​ឈប់​សាងសង់​បន្ត​ចាប់ពីពេលនេះ​តទៅ​គឺ​ថ្ងៃទី ៣ ខែកក្កដា​២០១៩ វេលា​ម៉ោង​២០​និង​៣០​នាទី​នេះ​តទៅ​។ ក្នុងករណី​ខ្ញុំ​មិន​គោរព​តាម​ការណែនាំ​របស់​ក្រុមការងារ​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ហើយ​នៅតែ​បន្ត​ការសាងសង់​ដោយ​ពុំមាន​លិខិតអនុញ្ញាត​សាងសង់​ខ្ញុំបាទ​សុខចិត្ត​ទទួលទោស​តាមច្បាប់​នៅ​ប្រទេស​កម្ពុជា​៕S/


លោក​គួច​ចំរើន​អភិបាលខេត្ត​ព្រះសីហនុ​ក្នុងពេល​ពិនិត្យ​សំណង់​ខុសច្បាប់​​កម្មករសំណង់​និង​មេការ​សំណង់​ចិន​សន្យា​ឈប់​ធ្វើ​ខុសច្បាប់​

#