ប្រាសាទភ្នំ​ឈ្ងោក​៖ ភ្ញៀវ​ជាតិ​មិន​ចាប់អារម្មណ៍​បែរជា​ទេសចរ​បរទេស​យកចិត្ត​ទុកដាក់​

406

(​កំពត​)៖ ខណៈដែល​ភ្ញៀវ​ជាតិ​ហាក់​មិនសូវ​អើពើ រមណីយដ្ឋាន​វប្បធម៌​ប្រាសាទភ្នំ​ឈ្ងោក ស្ថិតនៅ​ភាគ​ខាងកើត នៃ​ទី​រួម​ខេត្តកំពត ប្រមាណ​ប្រហែល​ដប់​គីឡូម៉ែត្រ បានទទួល​ការចាប់អារម្មណ៍​ខ្លាំង ពី​ទេសចរ​បរទេស ដោយ​នាំគ្នា​ចូល​កម្សាន្ត​ជា​រៀងរាល់ថ្ងៃ​។​

​ដើម្បី​បាន​ដល់​រមណីយដ្ឋាន​មួយ​នេះ ទេសចរ​ទាំងឡាយ​អាចធ្វើ​ដំណើរ​ដោយ​ទោច​ក្រ​យាន្ត ទោចក្រយានយន្ត គ្រប់​ប្រភេទ​តាមផ្លូវ​ជាតិ​លេខ​៣៣ ក្នុងទិសដៅ​កំពត​-​កែប​។ លុះ​ធ្វើដំណើរ​ប្រមាណ​ជាង​ប្រាំ​គីឡូម៉ែត្រ ដល់​ចំណុច​ខ្លោងទ្វារ​សាលាស្រុក​ទឹកឈូ ត្រូវ​បត់​ចុះ​តាម​ផ្លូវលំ​អភិវឌ្ឍន៍ ឆ្ពោះទៅ​ផ្នែក​ខាងជើង ក្នុង​ចម្ងាយ​ប្រាំមួយ​គីឡូម៉ែត្រ នឹង​ប្រទះឃើញ​ភ្នំ​មួយ​កម្ពស់​ប្រហែល​៤០​ម៉ែត្រ​មាន​ឈ្មោះថា ភ្នំ​ឈ្ងោក​ជា​រមណីយដ្ឋាន​ដែលមាន​ប្រាសាទ​សាងសង់​នា​សតវត្ស​ទី​ប្រាំមួយ ក្នុង​រូង​នៃ​កំពូលភ្នំ​តែម្តង​។ រមណីយដ្ឋាន​នេះ​ស្ថិតនៅ​ភូមិ​បុស្ស​ត្របែក ឃុំ​ត្រពាំង​ព្រីង ស្រុក​ទឹកឈូ​។​

លោក ស៊ិន សារី​ម មន្ត្រី​មន្ទីរ​ទេសចរណ៍​ខេត្តកំពត ដែល​ប្រចាំការ​នៅ​រមណីយដ្ឋាន​វប្បធម៌​ប្រាសាទ ភ្នំ​ឈ្ងោក​បាន​រៀបរាប់ថា ជា​មធ្យម​ក្នុង​មួយថ្ងៃៗ ជនបរទេស​ពី​២០​នាក់ ទៅ​៣០​នាក់ បានធ្វើ​ដំណើ​មកកាន់ នៅ​រមណីយដ្ឋាន​ប្រាសាទភ្នំ​ឈ្ងោក​។

​ដោយឡែក​ភ្ញៀវ​ជាតិ ក្នុង​ថ្ងៃ​ធម្មតា ក្រៅពី​មគ្គុទេសក៍​ដែល​នាំ​ភ្ញៀវ​ដើរ កម្សាន្ត គឺ​មិនមាន​អ្នកណា​ចាប់អារម្មណ៍​មក​ដើរលេង​នៅ​រមណីយដ្ឋាន​នេះ​ទេ លើកលែង​តែមាន​ពិធីបុណ្យ​ផ្សេងៗ ដូចជា​ចូលឆ្នាំ​ខ្មែរ ភ្ជុំបិណ្ឌ ហើយ​ចំនួន​តិចតួច​បំផុត​។ ជា​មធ្យម​ក្នុង​មួយឆ្នាំៗ មាន​ទេសចរ​បរទេស​មក កម្សាន្ត​ទីនេះ​ប្រហែល​បី​ពាន់​នាក់​។

​មន្ត្រី​ដដែល​បាន​បន្តថា ពេល​ឡើងដល់​លើ​ភ្នំ​ភ្ញៀវ​នឹង​បាន​សប្បាយ​ពេល​គយគន់​មើលទៅ​ទី​ឆ្ងាយ ដោយ​ឃើញ​ទេស​ភាពល្អ​ត្រកាល​នៃ​ភូមិឋាន​អ្នកស្រុក និង​ចម្ការ​ដំណាំ​នានា​។ នៅលើ​កំពូលភ្នំ​មាន​រូង​ជាច្រើន ដោយ​ភ្ញៀវ​ទាំងឡាយ​អាច​ចូល​ដើរ​សម្លឹង មើល​លំនាំ​រូបសំណាក​សត្វ​ផ្សេងៗ ដូចជា សត្វ​ដំរី ឥន្ទ្រី អណ្តើក ក្រពើ ពស់​ជាដើម ដែល​កើត​ពី​ការ​សឹក ព្រោះ​ដំណក់ទឹក នៃ​ផ្ទាំង​ថ្ម​រាប់រយឆ្នាំ​មក​នោះ​។

លោក ស៊ិន សារី​ម បញ្ជាក់ទៀតថា អ្វីដែល​រឹតតែ​ពិសេស ក្នុង​រូងភ្នំ​នេះ​មាន​ប្រាសាទបុរាណ​ទៀតផង​។ សម្រាប់​ទេសចរ​បរទេស​ត្រូវ​ទិញ​សំបុត្រ​ចូលក្នុង​ម្នាក់ តម្លៃ​មួយ​ដុល្លារ តែ​ភ្ញៀវ​ខ្មែរ​មិន​យកលុយ​ទេ​។​

​លោក លឹម សម្បត្តិ មន្ត្រីនគរបាល​ទេសចរណ៍ ប្រចាំការ​នៅ​រមណីយដ្ឋាន​ភ្នំ​ឈ្ងោក បាន​រៀបរាប់ថា នៅទីនេះ មិន​ធ្លាប់​កើតមាន​នូវ​បញ្ហា​អ្វីមួយ​សម្រាប់​ភ្ញៀវ​ទេ ពោលគឺ​សន្តិសុខ​សុវត្ថិភាព​ល្អប្រសើរ​មួយរយ ភាគរយ សូម្បី​ទ្រព្យសម្បត្តិ​ភ្ញៀវ​ក៏​មិន​ធ្លាប់​បាត់បង់​ដែរ​។

​មន្ត្រីនគរបាល​ដដែល​បាន​បន្តថា រឿង​គួរឱ្យ​សោកស្តាយ​បំផុត​នោះ គឺ​ភ្ញៀវ​ជាតិ​ដូចជា​មិន​ចាប់អារម្មណ៍​មក​កម្សាន្ត នៅ​រមណីយដ្ឋាន​នេះ​សោះ ខណៈពេលដែល​ភ្ញៀវ​បរទេស​គេ​ហាក់​មានការ​ពេញចិត្ត​គ្រប់ៗ​គ្នា ដោយ​ចំណាយពេល​យូរៗ មុននឹង​ត្រឡប់​ទៅវិញ​។​

​ចំណែក​អ្នកភូមិ​រស់នៅ​ជុំវិញ​តំបន់​រមណីយដ្ឋាន​ភ្នំ​ឈ្ងោក បាន​រៀបរាប់ថា ដោយសារ​ក្នុង​មួយថ្ងៃៗ មាន​ភ្ញៀវទេសចរ​បរទេស​ច្រើន​នាក់​មកលេង និង​ដើរ​មើល​ប្រាសាទ ព្រមទាំង​កន្លែង​សំខាន់ៗ ក្នុង​រូងភ្នំ​នេះ ធ្វើឱ្យ​កូនចៅ​ពួកគាត់​រកលុយ​បាន​គ្រាន់​រួច​ទៅ​រៀន​ដែរ​។ ក្នុង​ថ្ងៃ​ខ្លះ​អាច​រកបាន​រហូតដល់​ដប់​ដុល្លារ​ផង​។ បើ​មិនសូវមាន​ភ្ញៀវ យ៉ាងហោច​ក៏បាន​ពីរ​ដុល្លារ​ដែរ​។

​ជាមួយគ្នានេះ អ្នកភូមិ​បាន​សំណូមពរ​ចំពោះ អាជ្ញាធរ សូមជួយ​ធ្វើ​ផ្លូវ​ចូលទៅ​កាន់​រមណីយដ្ឋាន​ឱ្យបាន​ល្អ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ផង ព្រោះ​ពួកគាត់​តែង​ឃើញ​ភ្ញៀវ​ជិះ​ម៉ូតូ​ដួល​ជា​ញឹកញយ​។​

​សូមបញ្ជាក់ថា លក្ខណៈពិសេស​នៃ​រមណីយដ្ឋាន​ភ្នំ​ឈ្ងោក គឺមាន​ប្រាសាទបុរាណ​ក្នុង​រូងភ្នំ​ដែល​បាន សាងសង់ឡើង​អំពី​ឥដ្ឋ​នា​អំឡុង​សតវត្ស​ទី​ប្រាំមួយ​។ ភ្នំ​នេះ​កម្ពស់​ប្រមាណ​ប្រហែល​៤០​ម៉ែត្រ​ដែលមាន ជណ្តើរ​ឡើងរ​បត់បែន​ចំនួន​២០៩​កាំ​។ ប្រាសាទភ្នំ​ឈ្ងោក​មាន​មហិទ្ធិឫទ្ធិ និង​កេរ្តិ៍ឈ្មោះ​ដ៏​ល្បីល្បាញ​ក្នុង​អតីតកាល​។ រមណីយដ្ឋាន​ប្រាសាទភ្នំ​ឈ្ងោក​ជា​បូជនីយដ្ឋាន​យ៉ាងសំខាន់​ក្នុងសម័យ​មួយ​ដែល​ជនជាតិ ខ្មែរ​កាន់​ព្រហ្មញ្ញសាសនា​។ ការស្ថាបនា​ប្រាសាទ​ក្នុង​រូងភ្នំ ជាការ​បង្ហាញ​នូវ​ទស្សន​សំយោគ​នៃ​មនោគមវិជ្ជា​រវាង​ជំនឿ​ខ្មែរ​ក្នុង​ភូមិភាគ​នេះ និង​ជំនឿ​បែប​ឥណ្ឌា​និយម​៕L ដោយ​៖ បូកគោ​