ប្រាសាទ​ខ្សាច់​ខ្ពស់បំផុត​លើ​ពិភពលោក​ត្រូវបាន​បង្ហាញ​នៅ​អាល្លឺម៉ង់

733
ចែករម្លែក

​ប្រាសាទ​ខ្សាច់​នេះ​មើលទៅ​ប្រហាក់ប្រហែល​នឹង​ទីក្រុង​បែប​ស្រមើល​ស្រមៃ​ក្នុង​រឿង Lord of the Ring ឬ រឿង Game of Thrones ជាមួយ​នាគ​មួយ​ក្បាល​ឈរ​ការពារ​ច្រកទ្វារ និង​ប៉ម​ខ្ពស់ៗ​ជាច្រើន​ផុសចេញ​ពី​ជាន់​នីមួយៗ​។​

​ប៉ុន្តែ​ប្រាសាទ​ដូច​ក្នុង​រឿងព្រេង​និទាន​នេះ ត្រូវបាន​សាងសង់​ទាំងស្រុង​ចេញពី​ខ្សាច់​សម្រាប់​ពិធីបុណ្យ​រូបចម្លាក់​ខ្សាច់​ប្រចាំឆ្នាំ​នៅ​ទីក្រុង​ប៊ី​ន (Binz) នៅលើ​កោះ​រូ​ហ្គេ​ន​របស់​អាល្លឺម៉ង់​នៅ​សមុទ្រ​បាល់​ទិ​ក​។​

​ស្ថាបត្យកម្ម​ដ៏​ធំ​សម្បើម​នេះ​ត្រូវបាន​ប្រគល់ជូន​នូវ​កំណត់ត្រា​ពិភពលោក​ហ្គី​ណេ​ស​សម្រាប់​ប្រាសាទ​ខ្សាច់​ខ្ពស់បំផុត​មិន​ធ្លាប់​សាងសង់​ពីមុនមក បន្ទាប់ពី​ចៅក្រម​បានធ្វើ​ដំណើរ​ពី​ទីក្រុង​ឡុង​ដ៍​និង​រួមជាមួយ​អ្នក​អង្កេត​ក្នុងស្រុក បានកំណត់​កម្ពស់​រប​ស់​ប្រាសាទ​នេះ​កាលពី​ថ្ងៃ​ពុធ ទី​៥​មិថុនា​។​

​ដោយមាន​កម្ពស់ ១៧,៦៦ ម៉ែត្រ ប្រាសាទ​ខ្សាច់​នៅ​ទីក្រុង​ប៊ី​ន គឺ​ខ្ពស់ជាង​ប្រាសាទ​កំណត់ត្រា​ពីមុន​តែ​១​ម៉ែត្រ​ប៉ុណ្ណោះ​។ ប្រាសាទ​ជាប់​កំណត់ត្រា​ពីមុន​គឺមាន​កម្ពស់ ១៦,៣៨ ម៉ែត្រ​នៅ​ទីក្រុង​ឌី​ស្បឺ​ក នៅ​ភាគ​ខាងលិច​ប្រទេស​អាល្លឺម៉ង់​ក្នុង​ឆ្នាំ ២០១៧​។​

​លោក ថូ​ម៉ាស វ៉ាន់ ដាន់​ហ្គិ​ន អ្នករៀបចំ​កម្មវិធី​នេះ​បានទទួល​វិ​ញ្ញាប​ន​ប័ត្រ​កំណត់ត្រា​ពិភពលោក​ហ្គី​ណេ​ស​ក្នុងការ​ទទួលស្គាល់​ការច្នៃប្រឌិត​របស់គាត់ ដែល​ចំណាយពេល​សាងសង់​១០​ថ្ងៃ វិចិត្រករ​២០​នាក់ និង​ខ្សាច់​ចំនួន ១១.០០០​តោន​ដើម្បី​សាងសង់​។​

​ប្រភេទ​ខ្សាច់​ពិសេស​ត្រូវបាន​នាំចូល​ពី​ប្រទេស​ហូ​ឡង់​សម្រាប់​លក្ខណៈ​ងាយស្រួល​ក្នុងការ​ឆ្លាក់​និង​ភាព​ធន់​នឹង​សម្ពាធ​ទឹក ហើយ​ត្រូវបាន​ដឹក​ទៅ​កន្លែង​ស្ថាបនា​តាម​ឡានធំៗ​។​

​ការប្រកួតប្រជែង​សាងសង់​ប្រាសាទ​ខ្សាច់​នៅលើ​កោះ​នេះ​ត្រូវបាន​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ​ចាប់តាំងពី​ឆ្នាំ ២០១០ ប៉ុន្តែ​ក្រុម​ដែល​ឈ្នះ​ឆ្នាំនេះ​ត្រូវ​រង់ចាំ​ជាច្រើន​ឆ្នាំ​ដើម្បី​ឈ្នះ​កំណត់ត្រា​ពិភពលោក​។​

​នៅ​ឆ្នាំ ២០១៧ ប្រាសាទ​ខ្សាច់​របស់​ពួកគេ​បាន​ដួលរលំ​បន្ទាប់ពី​សង់​រួច​បានតែ ៣ ថ្ងៃ ហើយ​ក្នុង​ឆ្នាំ ២០១៨ ក្រុម​នេះ​បាន​រកឃើញថា​ប្រភេទ​សត្វ​បក្សី​ជាច្រើន​បាន​កសាង​សម្បុក​របស់​ពួកវា​នៅក្នុង​ប្រាសាទ​ខ្សាច់​ដែល​រលំ​កាលពី​ឆ្នាំមុន​នោះ​។​

​ស្នាដៃ​សិល្បៈ​នេះ​នឹង​បើក​ស្វាគមន៍​ដល់​សាធារណជន​រហូតដល់​ថ្ងៃទី​៣​វិច្ឆិកា​។ សំបុត្រ​ចូល​ទស្សនា​គឺ ៩,៥០ ដុល្លារ​សម្រាប់​មនុស្ស​ធំ និង ៤,៩០ ដុល្លារ​សម្រាប់​កុមារ​៕ ដោយ៖ កញ្ញាដាលីស

#