ប្រាសាទ​ប្រាំបួន​ល្វែង​នៅ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​មានតែ​ឈ្មោះ​អត់​អ្នក​ថែទាំ​

478

​(​ស្ទឹងត្រែង​)៖​ស្ថិតនៅ​ភាគខាងត្បូង​សាលាស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ចម្ងាយ​៥០០​ម៉ែត្រ​មាន​ប្រាសាទ​មួយ​អ្នកស្រុក​នៅ​ទីនោះ​ហៅ​ឈ្មោះថា សាលា​ប្រាំបួន​ល្វែង ឬ​ប្រាសាទ​ប្រាំបួន​ល្វែង​។​ខ្លះទៀត​ហៅថា​ប្រាសាទ​ប្រុស​។​ឯកសារ​បាន​កត់​ត្រាតៗ​មក​។ នៅក្នុង​សៀវភៅ​ទឹកដី នៃ​វប្បធម៌​ខេត្តស្ទឹងត្រែង​បាន​បញ្ជាក់ថា​ប្រាសាទ​ដែល​ស្រុក​ហៅ​ឈ្មោះ​ខាងលើនេះ​គឺជា​ប្រាសាទ​ប្រាំបី​ល្វែង​ទៅវិញ​។​

ទោះបីជា​យ៉ាងណាក្តី​គេ​មើលឃើញ​ផ្ទាំងសិលា​ខ្លះៗ​ដែលមាន​រូបចម្លាក់​ឆ្លាក់​នៅលើ​ផ្ទាំង​ថ្ម​ត្រូវបាន​គេ​ទុកចោល​និង​មាន​ស្មៅ​គុម្ព​ប្ញ​ស្សី​ដុះ​ជុំជិត​គ្មាន​ការថែទាំ​ទាល់តែសោះ​។​
ប្រាសាទ​ខាងលើនេះ​ស្ថិតនៅ​ភូមិ​កាំ​ង​តេ​ជោ​ឃុំ​ថា​ឡា​បរិ​វ៉ា​ត់​។​ហើយក៏​ជា​ប្រាសាទ​មួយ​ដែលមាន​អាយុ កាល​រាប់រយឆ្នាំ ក្នុងចំណោម ប្រាសាទ​ជាច្រើន​រាប់មិនអស់​ទៀត​នៅក្នុង​ស្រុក​នោះ​។​សព្វថ្ងៃនេះ គេ​សង្កេតឃើញ​ប្រាសាទ​ទាំងមូល បាន​ដួលរលំ​បែកបាក់​នៅសល់​គ្រឹះ​និង​ទ្វារ​ប្រាសាទ​តែប៉ុណ្ណោះ​។​
​ ​
​យោងតាម​ឯកសារ​ទឹកដី​វប្បធម៌​ខេត្តស្ទឹងត្រែង​បានបង្ហាញ​ថា​ប្រាសាទ​ប្រាំបី​ល្វែង​ស្ថិតក្នុង​ភូមិ​កាំ​ង​តេ​ជោ​ឃុំ​ថា​ឡា​បរិ​វ៉ា​ត់​ត្រូវបាន​គេ​សាងសង់ឡើង​នៅ​សតវត្ស​ទី​(​សម័យ​ចេនឡា​រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័ន​ទី​១​ឆ្នាំ​៥៦៧​និង​៦៨១)​។​ប្រាសាទ​នេះ​សង់​អំពី​ឥដ្ឋ​ថ្មភក់​និង​ថ្មបាយក្រៀម​។​សង់​នៅលើ​ដី​ទួល​ខ្ពស់​បែរមុខ​ទៅ​ទិសខាងកើត​(​គឺ​បែរមុខ​ទៅរក​ស​កន្លែង​ប្រសព្វ​គ្នា​រវាង​ដង​ទន្លេមេគង្គ​និង​សេកុង​)​។​

មាន​កំពែង​ព័ទ្ធជុំវិញ​មួយ​ជាន់​តែ​កំពែង​នោះ​ត្រូវបាន​ដួលរលំ​នៅសល់តែ​ឃឿន​ប៉ុណ្ណោះ​ទេ​។​ក្រៅពី​មាន​កំពែង​ព័ទ្ធជុំវិញ​នៅមាន​ស្រះ​ទឹក​នៅ​ខាងក្រៅ​(​គូរ​ទឹក​)​តែ​ត្រូវ​ដី​រលប់​អស់​មួយចំនួនធំ​ទៅហើយ​។​បើ​យើង​ទៅដល់​ទីនោះ​នឹង​ឃើញ​មាន​សល់​វត្ថុ​បុរាណ​ជាច្រើន​ដូចជា​ផ្តែ​រទាំង​ផ្ទាំងៗ​សរសរ​ពេជ្រ​និង​មេ​ទ្វារ​នៅ​ឈរ​ជាប់​នឹង​ដី​។​ក្រៅពីនេះ​នៅមាន​ផ្ទាំង​ថ្មភក់​ជាច្រើន​ទៀត​។​

អ្នកស្រុក​នៅ​ទី​នោះបាន​ប្រាប់ថា​កាលពី​យូរ​ឆ្នាំកន្លងមក​ប្រាសាទ​ប្រាំបួន​ល្វែង​ត្រូវ​មនុស្ស​បាន​ជីក​គាស់កកាយ​រក​វត្ថុ​មានតម្លៃ​ធ្វើឱ្យ​ប្រាសាទ​ខូច​ទ្រង់ទ្រាយ​ដើម​។​ក្រោយមក​អាជ្ញាធរ​ស្រុក​និង​មន្ទីរ​វប្បធម៌​ខេត្តស្ទឹងត្រែង​បាន​សម្អាត​ទីធ្លា​ទួលប្រាសាទ​យ៉ាង​ល្អ​ឡើងវិញ​។​ជាច្រើន​ឆ្នាំ​កន្លងផុតទៅ​ក៏​បោះបង់​ប្រាសាទ​នោះ​ចោល​ឃើញតែ​ស្មៅ​ដុះ​ជុំជិត​បាត់​រួប​រាង​ទួលប្រាសាទ​អស់​។​

​អ្នកស្រុក​នៅ​ទីនោះ​សូម​អំពាវនាវ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​និង​ខាង​មន្ទីរ​វប្បធម៌​ខេត្ត​មេត្តា​ចុះទៅ​សម្ពាត​ព្រៃ​ឬក៏​ធ្វើ​របង​ព័ទ្ធជុំវិញ​រក្សាទុក​និង​ផ្សព្វផ្សាយ​ដល់​សាធារណៈជន​ឱ្យបាន​ដឹង​ពី​ប្រវត្តិ​ទាក់ទង​នឹង​ប្រាសាទ​ប្រាំបួន​ល្វែង​។​សកម្មភាព​នេះ​នឹងធ្វើ​ឱ្យ​ភ្ញៀវទេសចរ​បានដឹង​ស្គាល់​កាន់តែច្បាស់ ចូលទៅ​ទស្សនា​នៅ​ទីនោះ​។​ហើយ​អ្នកភូមិ ក៏​អាច​រកប្រាក់​ចំណូល​បាន​តាម​សេវាកម្ម​ណាមួយ​ម្យ៉ាងដែរ​។​មិនគួរណា ទុក​ប្រាសាទ​ចោល នៅក្នុង​ព្រៃ​ដុះ​ជុំជិត​បែបនេះ​តទៅទៀត​ទេ​៕S/​ដោយៈ​សុខុម​

​ផ្ទាំង​ថ្ម​ចម្លាក់​ប្រាសាទ​ប្រាំបួន​ល្វែង​លាក់ខ្លួន​ក្នុង​គុម្ព​ប្ញ​ស្សី​គ្មាន​អ្នក​ថែទាំ​។​(​រូបភាពៈ​សុខុម​)