ប្រាសាទ​មួយទៀត​ត្រូវបាន​ចាប់​ផ្តើម​សាងសង់​នៅ​មជ្ឈមណ្ឌល​វប្បធម៌​ព្រះពុទ្ធសាសនា​កម្ពុជា​

2314
ចែករម្លែក
  • 5
    Shares

​ដោយៈ មេសា​/​ភ្នំពេញៈ ប្រាសាទ​មួយទៀត​គឺ មហាប្រាសាទ​ពុទ្ធចេតិយ តម្កល់​ព្រះ​ពុទ្ធរូប ៨៤.០០០ ព្រះអង្គ នឹង​ផុស​ឡើង​កណ្តាល​ព្រៃ នៃ តំបន់​ឧទ្យាន​ជាតិ​គិរី​រម្យ ខេត្ត កំពង់ស្ពឺ ដោយ​ប្រាសាទ​នេះ​បាន​ត្រូវ​បញ្ចុះបឋមសិលា​សាងសង់​ហើយ កាលពី​ថ្ងៃ​សុក្រ សប្តាហ៍​មុន ។ នាឱកាស​នោះ ក៏មាន​ការដាំ​កូនឈើ​ប្រណីត ដូចជា​កូន​ក្រញូង បេង និង នាងនួន រាប់រយ​ដើម​ផងដែរ ។​


មហាប្រាសាទ​ពុទ្ធចេតិយ​ តម្កល់​ព្រះ​ពុទ្ធរូប ៨៤.០០០ ព្រះអង្គ មាន​ទំហំ ៣០០ ម៉ែត្រ ៤ ជ្រុង មាន​ថែវ ៩ ជាន់ កំពូល​ចំនួន ២៩ យក​ក្បាច់ចម្លាក់​តាម​ចម្លាក់​ប្រាសាទ​អង្គរ ហើយ ព្រះពុទ្ធ​បដិមា​ចំនួន ៨៤.០០០ ព្រះអង្គ ឆ្លាក់​ពី​ថ្មភ្នំ ដែលជា​តំណាង​ព្រះធម៌​ទាំង ៨៤.០០០ ព្រះ​ធម្មក្ខន្ធ ប្រាសាទ​នេះ ធ្វើឡើង​ដើម្បី​តម្កល់​នៅក្នុង​ប្រាសាទ​នេះ ។ ប្រាសាទ​នេះ​គឺជា​ប្រាសាទ​ទី ២ ហើយ​បន្ទាប់ពី ប្រាសាទ ព្រះ​ធម្ម​បិដក ដែល​កំពុង​ត្រូវបាន​សាងសង់​នៅក្នុង​បរិវេណ​មជ្ឈមណ្ឌល​វប្បធម៌​ព្រះពុទ្ធ​សស​នា​កម្ពុជា សម្រាប់​តម្កល់​ផ្ទាំង​សិលាចារឹក​ព្រះ​ត្រៃ​បិ​ដិ​ក​ទាំង ៨៤.០០០ ធ្ម​ក្ខ​ន្ធ ។​

​មជ្ឈមណ្ឌល​វប្បធម៌​ព្រះពុទ្ធ​សស​នា​កម្ពុជា ត្រូវបាន​ផ្តួចផ្តើម និង ឈរ​ជា​បង្គោល​សាងសង់​ដោយ ឧកញ៉ា​មហា​ឧ​បា​សិ​ក ញ៉ឹក ប៊ុន​ថា សាងសង់​នៅលើ​ផ្ទៃដី ១២៦ ហិកតា ដែលជា​ដី​សម្បទាន​ពី​រាជរដ្ឋាភិបាល ស្ថិតនៅក្នុង​តំបន់​ឧ​ទ្យា​ជាតិ គិរី​រម្យ ខេត្តកំពង់ស្ពឺ ដោយ​គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ​ជា ១០០ លាន​ដុល្លារ​អាមេរិក ដែល​អាច​ចាត់ទុកថា គឺជា​មជ្ឈមណ្ឌល​វប្បធម៌​ព្រះពុទ្ធសាសនា​ដ៏​ធំជាងគេ​បំផុត​ពុំ​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា ហើយក៏​នឹង​ក្លាយជា​សម្បត្តិ​ជាតិ​ដ៏​មហិមា នៃ កម្ពុជា​ផង និង ជា​សម្បត្តិ​របស់​ព្រះពុទ្ធសាសនា​ពិភពលោក​ផង ។​

​​ប្រាសាទ​តម្កល់​ព្រះ​ពុទ្ធរូប ៨៤.០០០ ព្រះអង្គ គឺជា​គម្រោង​ដ៏​សំខាន់​មួយ ក្នុងចំណោម​គម្រោង​ដ៏​សំខាន់ៗ​ទាំង ៤១ នៃ មជ្ឈមណ្ឌល​វប្បធម៌​ព្រះពុទ្ធ​សស​នា​កម្ពុជា ។ មជ្ឈមណ្ឌល​នេះ មិនមែន​គ្រាន់តែ​ជា​កន្លែង​ផ្ទុក​ទៅដោយ​មត៌ក​វប្បធម៌​ព្រះពុទ្ធសាសនា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​នឹង​ក្លាយជា​តំបន់​ទេសចរ​វប្បធម៌ និង ធម្មជាតិ​យ៉ាង​ស្រស់ស្អាត​ផងដែរ ដោយនៅ​ទីនោះ មាន​ព្រៃភ្នំ នៃ ឧទ្យាន​ជាតិ​គិរី​រម្យ​យ៉ាង​ស្រស់បំព្រង ហើយ​រាល់​ការស្ថាបនា​ស្ថាបត្យកម្ម​មួយៗ ត្រូវបាន​អភិរក្ស​យ៉ាង​យកចិត្តទុកដាក់​ជាទីបំផុត ៕

 

ប្រាសាទព្រះធម្មបិដក គឹជាប្រាសាទទី ១ ដែលកំពុងត្រូេះបានសាងសង់នៅក្នុងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា សម្រាប់តម្កល់ផ្ទាំងសិលាចារឹកព្រះត្រៃបិដក (រូបៈ មេសា)

#