ប្រាំ​ឆ្នាំក្រុមហ៊ុន​ជប៉ុន​មួយ​ជួយ​ស៊ីម៉ាក់ និង​ក្រសួងកសិកម្ម បោសសំអាត​គ្រាប់មីន យក​ដី​ឲ្យ​កសិករ​ដាំដំឡូង​មី​

201

ភ្នំពេញៈ ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៧​នេះ គឺមាន​រយៈពេល ៥​ឆ្នាំ​គត់ (៧ ធ្នូ ២០១២- ៥ ធ្នូ ២០១៧) ដែល​អង្គភាព​ស៊ីម៉ាក់ បាន​សហការ​ជាមួយ​ក្រុមហ៊ុន Idemitsu (​ជា​ក្រុមហ៊ុន​យក្ស​មួយ​របស់​ជប៉ុន​)​និង​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដើម្បី​សិក្សា​ស្រាវជ្រាវ និង​លើក​មតិរួម​ចំណែក បង្កើត​គោលនយោបាយ​ជាតិ ស្តីពី ប្រេង​ជីវ​ចំណុះ​។គោលបំណង គឺ​សិក្សា​ការដាំដុះ​ដំឡូង​នៅ​តំបន់​បោសសំអាត​គ្រាប់មីន​រួច នៅ​ទឹកដី​ខេត្​តបាត់ដំបង ដើម្បី​ជួយ​ដល់​គ្រួសារ​រងគ្រោះ​ដោយសារ​មីន​ផង និង​សិក្សា​ស្រាវជ្រាវ​ផងដែរ​។ នេះ​បើតាម​លោក​ហេង​រតនា​។​

​តំណាង​ស៊ីម៉ាក ក្រុមហ៊ុន​ជប៉ុន និង​ក្រសួងកសិកម្ម ចុះ​ពិនិត្យ​ដំឡូង​មី នៅ​កន្លែង​បោសសំអាត​មីន ( រូបភាព​ពី​ស៊ីម៉ាក់ )

​លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា ហៅ​កាត់​ថា ស៊ីម៉ាក់ ( CMAC ) បាន​បន្តថា “​យើង​យល់ថា គោលនយោបាយ​ជាតិ​នៃ​ការផលិត​ប្រេង​ជីវចំរុះ (Bio-ethanol National Policy) មាន​សារ​​សំខាន់​ចំនួន​៤ គឺ ១. ដើម្បី​អភិវឌ្ឍន៍​វិស័យ​កសិកម្ម (agricultural development), ២. ពង្រឹង​សន្តិសុខ​ថាមពល (Energy Security Improvement), ៣. ពង្រឹង​តុល្យភាព​ខាង​ពាណិជ្ជកម្ម (Balance Trade Improvement) ,៤. កាត់បន្ថយ​បំពុលបរិស្ថាន (environmental load reduction)”​។​
​លោក​អគ្គនាយក​ស៊ីម៉ាក់ បន្តថា ប្រទេស​ថៃ និង​វៀតណាម មាន​គោលនយោបាយ​ជាតិ​លើ​បញ្ហា​នេះ បាន​ជួយ​គាំពារ​កសិករ​របស់គេ ហើយ​ទីផ្សា​ដំណាំ​កសិកម្ម​មួយចំនួន​របស់​យើង​ដូចជា​ដំឡូង​មី ពោត ជាដើម ជាពិសេស​ដំឡូង​មី​គឺ​ពឹង​ផ្អែកលើ​ការនាំចេញ​វត្ថុធាតុដើម​របស់​យើង​ទៅកាន់​ទីផ្សា​អន្តរជាតិ​ប្រមាណ​៦៦​ភាគរយ​ទៅ​៧០​ភាគរយ​។

គេ​ពិនិត្យឃើញថា មានការ​សន្យា​ធ្វើ​រោងចក្រ ធានា​ទិញ​ដំបូង​មី​ពី​អ្នកនេះ​ពី​អ្នកនោះ ប៉ុន្តែ​អ្នកណា​ក៏ដោយ​ក៏​សម្លឹង​រកមើល​នូវ​និរន្ត​ភាព និង​សុវត្ថិភាព​នៃ​ការវិនិយោគ​ដែរ (​ការផ្គត់ផ្គង់​រយៈពេល​វែង​) តាម​របាយការណ៍​អង្កេត និង​ស្រាវជ្រាវ​ជាមួយ​កសិករ​ដាំដំឡូង​មី​ចំនួន​ជាង ២៤៧០​គ្រួសារ ដែល​ជប៉ុន​គាំទ្រ ឃើញថា ពួកគាត់​មានការ​ខ្វះខាត​ខាង​បច្ចេកទេស និង​ចំណេះដឹង លទ្ធភាព​ថវិកា និង​ជាពិសេស​សហគមន៍​កសិក​រ ជា​យន្តការ​ក្បាលម៉ាស៊ីន​ដឹកនាំ​។​
​លោក ហេង រតនា បាន​គូសបញ្ជាក់ថា ក្នុង​រយៈពេល​ចំនួន​ប្រាំ​ឆ្នាំ (២០១១-២០១៥) នេះ បរិមាណ​ការដាំដុះ​ដំឡូង​មី​កើន ដែលមាន​ផលិតកម្ម​ពី​ប្រមាណ​ប្រាំបី​លាន​តោន ក្នុង​ឆ្នាំ​២០១១ ដល់​ជិត ១៤​លាន​តោន​នៅ​ឆ្នាំ​២០១៥ ។​ដោយឡែក​នៅ​ខេត្តបាត់ដំបង មានការ​កើនឡើង​ពីរដង (​ជិត ៥​លាន​តោន​ក្នុង​ឆ្នាំ​២០១៥)​។ តម្លៃ​តំឡូង​រយៈពេល​ប្រាំ​ឆ្នាំ មានការប្រែប្រួល​ដោយ​ធ្លាក់ចុះ​តម្លៃ​មាន​កសិករ​ជាច្រើន​បាន​ខាតបង់​ថវិកា មាន​វិ​ប​តិ្ត​ហិរញ្ញវត្ថុ​ក្នុង​គ្រួសារ និង​បោះបង់ចោល​។​

​ជាមួយគ្នានេះ លោក ហេង រតនា បន្ថែមថា “​ករណី​មាន​គោលនយោបាយ​ជាតិ ឬ​តំបន់​មួយ​ច្បាស់លាស់ នឹង​ធានាបាន​និរន្ត​ភាព​ផលិតកម្ម​ដំណាំ​ក​សិ​-​ឧស្សាហកម្ម​ប្រភេទ​នេះ កំណត់​ភូមិសាស្ត្រ លក្ខ​ណះ​បច្ចេកទេស​និង​ចំណេះដឹង​សំរាប់​កសិករ កត្តា​នេះ​នឹង​ជួយ​ទាក់ទាញ​វិនិយោគិន​ធំៗ​កាន់តែខ្លាំង​ក្លា​ឡើង ហើយ​វា​អាចជា​បច្ច័យ​ធានាបាន​ទីផ្សា​រឹងមាំ
​ក្នុងស្រុក និង​អន្តរជាតិ​!!”​។​​លោក​បន្តថា “​ឥឡូវនេះ ខាង​ភាគី​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ជប៉ុន បាន​បន្ត​ជួយ​ជំរុញ​រៀបចំ​គោលនយោបាយ​ជាតិ ហើយ​ខាង​ក្រសួង​ជំនាញ ក៏បាន​ខិតខំ​បន្ត​ពិភាក្សា និង​វាយតម្លៃ​គ្រប់​ជ្រុងជ្រោយ ដោយ​នៅក្នុង​ឆ្នាំ​២០១៧ មានការ​ប្រជុំ​ច្រើនលើកច្រើនសារ​ដែរ​។​សង្ឃឹមថា មិន​ចំណាយពេល​យូរ​ឆ្នាំ​ទៀត​ទេ ក្នុងការ​បង្កើត​គោលនយោបាយ​ជាតិ​មួយ​នេះ ដើម្បី​ទាក់ទាញ​វិនិយោគិន និង​ការពារ​ផលប្រយោជន៍​កសិករ​ខាង​ធ្វើ​ចំការ​ដំណាំ​ពោត និង​ដំឡូង ជាដើម​នោះ​”៕MN/ដោយៈម៉េងឆៃ