ប្រា​យុទ្ធ ចាន​អូ​ចា មានឈ្មោះ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​នៅក្នុង​គណបក្ស​សំខាន់​មួយ​

493
ចែករម្លែក

​គណបក្សនយោបាយ​ថ្មី​មួយ​ដែល​បង្កើតឡើង​ដោយ​សមាជិក​គណៈរដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាលយោធា​បច្ចុប្បន្ន បានដាក់​ឈ្មោះ​នាយករដ្ឋមន្ត្រី​ប្រា​យុទ្ធ ចាន​អូ​ចា ជា​បេក្ខជន​​សំរាប់​នាយករដ្ឋមន្ត្រី​នាពេលខាងមុខ បើ​គណបក្ស​នេះ​ឈ្នះឆ្នោត​អាចបង្កើត​រដ្ឋាភិបាល​ក្រោយ​ការបោះឆ្នោត​នា​ខែមីនា​។​

​គណបក្ស​ផា​ឡាង ប្រ​ចា​រ៉ា​ត បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​៣០​មករា​ថា គណៈនាយក​របស់ខ្លួន​នឹង​តែងតាំង​លោក​ប្រា​យុទ្ធ ជាមួយ​ប្រធាន​បក្ស​លោក អ៊ុត​តា​ម៉ា សាវ៉ា​ណា​​យ៉ាណា និង​ឧបនាយករដ្ឋមន្ត្រី សំ​ឃី​ត ចា​ទូ​ស្រ៊ី​ពី​តាក ជា​បេក្ខជន​៣​រូប សំរាប់​ការបោះឆ្នោត​សកល​នា​ថ្ងៃ​២៤​មីនា​។​

​ប្រា​យុទ្ធ ដែល​ពេលនោះ​ជា​មេបញ្ជាការ​កងទ័ព បាន​ដឹកនាំ​ធ្វើ​រដ្ឋប្រហារ​ឆ្នាំ​២០១៤ បណ្តេញ​រដ្ឋាភិបាល​ជាប់ឆ្នោត​និង​ប្រកាស​ខ្លួនឯង​ជា​នាយករដ្ឋមន្ត្រី​។​លោក​នៅ​មិន​​ទាន់​បញ្ជាក់ថា​តើ​លោក​នឹង​ឈរឈ្មោះ​ដែរ​ឬ​អត់​។​លោក​នៅតែ​អាច​ក្លាយជា​«​នាយករដ្ឋមន្ត្រី​ក្រៅ​ការបោះឆ្នោត​»​នៅក្រោម​រដ្ឋធម្មនុញ្ញ​ចុងក្រោយ​របស់​ប្រទេស ដែល​​មិន​តំរូវអោយ​នាយករដ្ឋមន្ត្រី​ចាំបាច់​ជា​សមាជិកសភា​។​

​យោធា​បាន​និយាយថា​ខ្លួន​ធ្វើ​រដ្ឋប្រហារ​ដើម្បី​កែ​ទំរង់​នយោបាយ និង​លោក​ប្រា​យុទ្ធ ដំបូង​បាន​អះអាងថា​លោក​មិនមាន​មហិច្ឆតា​នយោបាយ​ទេ​។​តែ​នៅពេល​បក្ស​ផា​ឡាង​​ប្រា​ចា​រ៉ា​ត ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំមុន វា​ត្រូវបាន​គេ​មើលឃើញថា​ជា​តំណាងអោយ​ក្រុម​យោធា​។​

​នៅ​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ ប្រា​យុទ្ធ បានធ្វើ​ដំណើរ​ពាសពេញ​ផ្ទៃ​ប្រទេស​ក្នុងការ​បំពេញការងារ​រដ្ឋ​របស់លោក តែ​ត្រូវបាន​គេ​យល់ឃើញថា​ជា​យុទ្ធនាការ​នយោបាយ​។​

​ជាមួយនឹង​ប្រៀប​របស់​ក្រុម​កំពុង​កាន់អំណាច គណបក្ស​ផា​ឡាង ប្រា​ចា​រ៉ា​ត អាច​នឹង​ជាប់​ចំណាត់ថ្នាក់​ទី​១​ឬ​ទី​២​ក្នុងការ​បោះឆ្នោត​នាពេលខាងមុខ​៕ដោយ៖វាសនា