ប្រិមប្រិយ បែកបាក់​ជាមួយ​គូដណ្តឹង​ទាំង​អាល័យ​និង​តាំងចិត្ត​សាង​ជីវិត​ថ្មី​

1507
ចែករម្លែក

(​ភ្នំពេញ​)៖ តារា​កំប្លែង​ស្រី​រូប​ស្រស់​កញ្ញា ប្រិមប្រិយ បាន​ទម្លាយ​រឿងរ៉ាវ​ស្នេហា​បែកបាក់​ជាមួយ​គូរ​ដណ្តឹង​ដែល​ទើប​ភ្ជាប់​ពាក្យថ្មីៗ​នេះ ក្រោយ​ខំ​សាង​ស្នេហ៍​ជាមួយគ្នា​អស់​៧​ឆ្នាំ​ទាំង​អាល័យ​ជាមួយ​ក្តី​សោកសៅ​សម្រាប់​រូបនាង​ដែល​សង្ឃឹមថានឹង​បានជា​ដៃគូ​ជីវិត​ពិត​។​

​តារា​ល្បី​រូបនេះ​បាន​និយាយ​ទាំង​ក្រៀមក្រំ​ប្រាប់ថា រឿងនេះ​ជាការ​ពិត​ដែល​នាង​ត្រូវ​ទទួលយក​ដែលជា​ការបង្ខំចិត្ត​ចែកផ្លូវ​ជាមួយគ្នា​​ដោយ​នាង​ចាត់ទុកជា​រឿង​ភ្លាមៗ​និង​នឹកស្មាន​ដល់ ក្រោយ​បាន​ភ្ជាប់ពាក្យ​ជាមួយគ្នា​ថ្មីៗ​នេះ​។ សម្រាប់​ជីវិត​មនុស្ស​គ្រប់គ្នា​គ្មានអ្វី​ដែល​​អាច​ស្ថិត​ថេរ​នោះទេ ហើយ​រឿង​របស់​នាង​លើក​នេះ​នាង​ទទួលយក​ការចែក​ផ្លូវ​គ្នា​នេះ​ដោយសារ​មិនអាច​បន្តទៅ​មុខ​បាន​ទៀត​។ ក្នុង​​ចិត្ត​របស់​នាង​ពេលនេះ មានតែ​ពាក្យ​ថា​ការស្រលាញ់​មនុស្ស​ម្នាក់​គួរ​កើតចេញ​ដោយហេតុ​ផល​ត្រឹមត្រូវ​កុំ​សម្រេចចិត្ត​គ្រាន់តែ​ស្រលាញ់​​នោះ​។

​កញ្ញា ប្រិមប្រិយ បាន​បញ្ជាក់ថា ការបែកបាក់​គ្នា​ជា​មួយគូ​ដណ្ដឹង​របស់​នា​ង​ដែលជា​អាណិកជន​អាមេរិក និង​ជា​តារាចម្រៀង​ផង​នោះ គឺ លោក សៅ រ៉ានី​ត បានកើត​ឡើង​ដោយ​អ្នក​ទាំងពីរ​យល់ព្រម​និង​ឯកភាព​ថា មិនអាច​រួមរស់​នៅ​ជាមួយគ្នា​បន្តទៀត​បានឡើយ​។​រឿង​របស់​នាង​លើក​នេះ ក៏បាន​ប្រាប់​ដល់​ក្រុមគ្រួសារ​ទាំងសងខាង ជាពិសេស​ម្ដាយ​របស់​នាង និង​បងស្រី​ទី​២​ដែល​នាង​គោរព​ស្រលាញ់​។​

​មុន​ការបែកបាក់​នេះ​នាង​ក៏បាន​គិតថា អតីត​គូ​ដណ្តឹង​រូបនេះ​ជា​បុរស​ម្នាក់​ដែល​នាង​បាន​រកឃើញ​សមជា​គូ​អនាគត​ល្អ​ដែល​នាង​អាច​ទុកចិត្តបាន ទៅ​ថ្ងៃ​អនាគត ហើយ​ចង់​រស់​ជាមួយ​បុរស​ខាងលើ រហូតដល់​ចាស់​កោង​ខ្នង​។​

​តារា​កំប្លែង​របស់​ក្រុម​នាយ កុយ បាន​បង្ហើប​ថា សម្រាប់​ពេលវេលា​ទៅមុខទៀត ឬ អតីត​គូ​ដណ្តឹង​ចង់​វិលត្រឡប់​នោះ​ប្រហែលជា​គ្រប់​​យ៉ាង​នឹង​មិនអាច​ដូចដើម​ឡើយ​។​ក្រោយ​ទទួល​ការឈឺចាប់​បែកបាក់​ស្នេហា​លើក​នេះ​ ​សម្រាប់​នាងៗ​នឹង​តាំងចិត្ត​យក​ពេលវេលា​ទៅ​​មុខ​ខំប្រឹង​ធ្វើឱ្យ​ជីវិត​របស់​នាង​ឱ្យ​ប្រសើរ និង​កាន់តែ​ខ្ពស់​មុខ​ជាង​នេះ ដោយ​នាង​មិន​ចង់​គិត​រឿង​បាក់បែក​ស្នេហ៍​ដែល​ឈឺចាប់​បែប​​នេះ​បន្ត​ទៀតឡើយ​។​

​សូម​រំលឹកថា កញ្ញា ប្រិមប្រិយ ដែលជា​តារា​កំប្លែង​ល្បី​និង​ស្រស់ស្អាត​ប្រចាំ​ក្រុម​កំប្លែង នាយ កុយ​ទើបតែ​ភ្ជាប់ពាក្យ​កាលពីពេល​ថ្មីៗ​នេះ​នៅ​ខេត្ត បាត់ដំបង ជាមួយ​អណិកជន​អាមេរិក លោក សៅ រ៉ានី​ត ដែល​បាន​ស្រលាញ់គ្នា​ជាង​៧​ឆ្នាំ ។ ប៉ុន្តែ​គម្រោង​ត្រៀម​រៀបចំ​មង្គលការ​​បែរជា​រលាយបាត់​ទៅវិញ ដោយបាន​ត្រឹម​សម្រេចចិត្ត​ផ្ដាច់​ពាក្យ​ជា​មួយគូ​ដណ្ដឹង​របស់ខ្លួន ដែល​សល់​ត្រឹម​ពាក្យ “​មិនអាច​រួមរស់​ជាមួយគ្នា​” ៕​ដោយ​៖​បូ​រិ​ន​/sn