ប្រុងប្រយ័ត្ន​ផង​អ្នកធ្វើដំណើរ​ឆ្លងកាត់​ខេ​ត្ត​ក្រចេះ​!

1342
ចែករម្លែក

ដោយ​: សុខុម / ស្ទឹងត្រែង​: ម្សិលមិញ​វេលា​ម៉ោង​៥​ព្រឹក​ថ្ងៃទី​៩​ខែមេសា​ឆ្នាំ​២០១៨​មាន​ហេតុការណ៍​មួយ​មិន​នឹកស្មាន​ទាល់តែសោះ បង្កឡើង​ដោយ​ក្រុម​រថយន្ត​ដឹកឈើ ក្នុង​ខេត្តក្រចេះ​។ យើង​បានធ្វើ​ដំណើរ តាមផ្លូវ​ជាតិ​លេខ​៧ ពី​ខេត្តស្ទឹងត្រែង​ឆ្លងកាត់​ខេត្តក្រចេះ ស្រាប់តែ​ឃើញ​មាន​រថយន្ត​ប្រភេទ​សាំង​យ៉ុង ដឹកឈើ​ជាច្រើន​គ្រឿង​ហូរហែ នៅតាម​ដងផ្លូវ​វេលា​ទៀបភ្លឺ​។​

​ឃើញ​មាន​រថយន្ត ដឹកឈើ​ទៅដល់​ប៉ុស្តិ៍ ដែលមាន​សមត្ថកិច្ច​ឈរ​រង់ចាំ ក៏បាន​ឈប់​បើកទ្វារ​បង់លុយ​ឱ្យ​។ កន្លែង​ខ្លះ រថយន្ត​ដឹកឈើ​មិនបាន​ឈប់ នៅ​កន្លែង​ត្រូវ​បង់លុយ​នោះទេ ទំនងជា​មានការ​ទាក់ទង​គ្នា តាម​ទូរស័ព្ទ​ត្រូវរ៉ូវ​អស់ហើយ​។​

​ពេល​កំពុងធ្វើដំណើរ​ចេញពី​ខេត្តស្ទឹងត្រែង ចូល​ក្រុង​ក្រចេះ ឆ្លងកាត់​ស្ពានដែក​ដ៏​វែង​មួយ​(​ឈ្មោះ​ស្ពាន​តេ​) ហួស​ពី​ទី​រួម​ខេត្តក្រចេះ ទៅ​បន្តិច​បាន​ជួបនឹង​រថយន្ត​ដឹកឈើ កំពុង​ឆ្ពោះទៅកាន់ ស្រុក​ឆ្លូង​និង​ខេត្ត​ត្បូងឃ្មុំ​។ ភ្លាមនោះ​មេឃ ចាប់ផ្តើម​ភ្លឺ​ម្តង​បន្តិចៗ ក៏​ស្រាប់តែ​រថយន្ត​សាំង​យ៉ុង​កំពុង​ដឹកឈើ ឆ្ពោះទៅមុខ​ជាច្រើន​គ្រឿង​មិនឱ្យ​រថយន្ត​អ្នកដំណើរ​ទៅ​ពីក្រោយ​ជែង​ទៅមុខ​បានទេ​។​
​ក្រុម​រថយន្ត​ដឹកឈើ បើក​ជែង​ពេញ​ផ្លូវ​តែម្តង​។ ហើយ​ក៏មាន​រថយន្ត​សាំង​យ៉ុង​ដឹកឈើ​មួយគ្រឿង​ទៀត បើក​យ៉ាង​លឿន ទៅ​ពីក្រោយ​បើក​ទន្ទឹមគ្នា​ជាមួយ​រថយន្ត​ដឹកឈើ​នៅ​ពីមុខ​។ អ្នកធ្វើដំណើរ​តាមផ្លូវ​នោះ គ្មាន​អ្នកណា​អាច​បើក​ជែង​ទៅមុន​បាន គឺ​ទុកឱ្យ​រថយន្ត​ដឹកឈើ​ឆ្លងកាត់​ពី​ប៉ុស្តិ៍​សមត្ថកិច្ច​មួយកន្លែង ទៅមួយ​កន្លែង​បាត់ស្រមោល​។ សកម្មភាព ក្រុម​រថយន្ត​ដឹកឈើ បើក​ជែង​ពេញ​ផ្លូវ គឺជា​សញ្ញា​គ្រោះថ្នាក់​សម្រាប់​អ្នកធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​ពី​ក្រុង​ក្រចេះ​ទៅ​ស្រុក​ឆ្លូង​ខេត្តក្រចេះ​។​

​អ្នកដំណើរ​ឆ្លងកាត់ ឃើញបែបនេះ ហួសចិត្ត​ចំពោះ​ក្រុម​រថយន្ត​ដឹកឈើ​ធ្វើ​សញ្ញា​គ្រោះថ្នាក់​ដល់​អ្នកដទៃ​។ មូលហេតុ​ក្រុម​អ្នកដឹកឈើ​បើកបរ​មិន​ឱ្យមាន​អ្នកដំណើរ​តាមផ្លូវ​ទៅជិត​ទំនង ជា​ខ្លាច​ក្រុម​សមត្ថកិច្ច ឬ​អ្នកសារព័ត៌មាន​ដេញ​ស្ទាក់​រថយន្ត​ដឹកឈើ​របស់ខ្លួន​បានជា​កើតឡើង​បែបនេះ​។​

​សូម​លោក ស ចំ​រ៉ុង អភិបាលខេត្ត​ក្រចេះ មាន​វិធានការ​ផង​ចំពោះ​ក្រុម​ឈ្មួញ​រកស៊ី​បទល្មើស ដើម្បី​កុំឱ្យ​ក្រុម​ឈ្មួញ​រកស៊ី​ខុសច្បាប់​ធ្វើ​ព្យុះភ្លៀង​អាច​នឹង​គ្រោះថ្នាក់​ដល់​ជីវិត​អ្នកដទៃ ជាយថាហេតុ​ថ្ងៃ​ណាមួយ​ក៏​ថា​បានដែរ​៕