ប្រើប្រាស់​ថវិកាជាតិ​ជួសជុល​ផ្លូវ​លេខ​៧១​ស្រុក​កំពង់សៀម​-​ស្រុក​ចម្ការលើ​ប្រវែង​ជាង​បី​គីឡូម៉ែត្រ​

760
ចែករម្លែក

ដោយ ​: គង់​ហេង​/កំពង់ចាម ​: មន្ទីរ​សាធារណការ និង​ដឹក​ជ​ញ្ជួ​ន​ខេត្តកំពង់ចាម បាន​ប្រើប្រាស់​ថវិកាជាតិ​ប្រចាំឆ្នាំ ២០១៨ ដើម្បី​ជួសជុល ថែទាំ ផ្លូវជាតិ​លេខ​៧១ ស្រុក​កំពង់សៀម​-​ស្រុក​ចម្ការលើ​ចម្ងាយ ៣.៥០ គ​ឡូ​ម៉ែត្រ​ក្នុង​ប្រវែង​សរុប​ប្រមាណ​ជាង ៤០ គីឡូម៉ែត្រ​។​

លោក សុខ ស្រ៊ុន ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជ​ញ្ជួ​ន ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី ២៣ ខែសីហា នេះ​ថា សកម្មភាព​បាន និង​កំពុង​ជួសជុល​ផ្លូវជាតិ​លេខ​៧១ របស់​យើង​ក្នុងស្រុក​ចម្ការលើ​នាពេលនេះ គឺ​ស្ថិតក្នុង​គម្រោង​ផ្លូវ​ជួសជុល​ថែទាំ​ខួប ប្រចាំឆ្នាំ​២០១៨​។​

លោក​ប្រធាន​មន្ទីរ​បាន​ឲ្យ​ដឹង​ទៀតថា គម្រោង​មួយ​នេះ​យើង​ប្រើប្រាស់​ថវិកាជាតិ ក្រោយពី​ខាង​លោក​បាន​ដាក់សំណើ​គម្រោង​សុំ​ជួស​ជុស​ទៅ​ក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ជួ​ន ហើយ​គណ​:​កម្ម​ការ​បាន​ចុះ​សិក្សា​វាយតម្លៃ​ជាក់ស្តែង​។ ប៉ុន្តែ​មិនអាច​កំណត់​ការចំណាយ​ក្នុងការ​ជួសជុល​ឲ្យ​បានច្បាស់លាស់​ថា មួយ គីឡូម៉ែត្រ ត្រូវ​ចំណាយ​ក្នុងការ​ជួសជុល​ប្រចាំ និង​ជួសជុល​ថែទាំ​ខួប​នោះបានទេ​។ ដោយសារ​ថា វា​អាស្រ័យ​លើ​ស្ថានភាព នៃ​ការខូចខាត​របស់​ផ្លូវ​តែប៉ុណ្ណោះ​។​

លោក កែវ ម៉ារ​ឌី ប្រធាន​ការដ្ឋាន​ជួសជុល​ផ្លូវ​លេខ​៧១ បាន​ឲ្យ​ដឹងថា ខណ​:​នេះ​ខាង​លោក​បាន​ជួសជុល​ផ្លូវ​បាន​ប្រវែង ពីរ គីឡូម៉ែត្រ ក្នុង​ប្រវែង​ផ្លូវ​ដែល​ត្រូវ​ជួសជុល​ទាំងអស់​ប្រវែង ៣,៥០ គីឡូម៉ែត្រ​។ ប៉ុន្តែ​នៅសល់​ជាង មួយ គីឡូម៉ែត្រ​ទៀត​នោះ​ទំនង​ត្រូវ​ចំណាយពេល​ប្រហែល ពីរ​សប្តាហ៍​ទៀត គឺ​ក្នុងករណី គ្មាន​ការរំខាន​ពី​បញ្ហា​អាកាសធាតុ​ភ្លៀង​ធ្លាក់​ប៉ះពាល់​ដល់​ការជួសជុល​នេះ​។​

លោក​ប្រធាន​ការដ្ឋាន​បាន​ឲ្យ​ដឹង​ទៀតថា ធាតុពិត​ខាង​លោក​បាន​ចុះ​បើក​ការដ្ឋាន​ជួសជុល​ផ្លូវជាតិ​លេខ​៧១​ស្រុក​កំពង់សៀម​-​ស្រុក​ចម្ការលើ ប្រវែង​ដូចខាងលើ ក្នុង​ប្រវែង​សរុប​ជាង​៤០​គីឡូម៉ែត្រ​នេះ​តាំងពី រយ​:​ពេល​ជាង​មួយខែ​មុន​។ តែ​ដោយ​ស្ថានភាព​ផ្លូវជាតិ​លេខ​៧១ C (​សេ​) ស្រុក​ចម្ការលើ​-​ស្រុក​ស្ទឹងត្រង់ គឺ​ត្រូវ​ជួសជុល​បន្ទាន់​ប្រវែង ៤,៥០ គីឡូម៉ែត្រ ក្នុង​ប្រវែង​សរុប​ជាង ៣០ គីឡូម៉ែត្រ​នោះ​។ ក៏បាន​ពន្យារពេល​ជួសជុល​ផ្លូវ​លេខ​៧១​មកដល់ពេលនេះ​៕​B