ប្រើប្រាស់​ឱសថ​NIAO SUPER និង lINGZHI IMMUNITY អាច​គ្រោះថ្នាក់​ដល់​ជីវិត​

260
ចែករម្លែក

ដោយៈ មេសា​/​ភ្នំពេញៈ​សូម​សាធារណជន​ទាំងអស់​ជ្រាបថា ឱសថ NIAO SUPER និង lINGZHI IMMUNITY ដែល​កំពុង​ផ្សព្វផ្សាយ​លក់​នៅលើ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ សុខភាព និង សុភមង្គល គឺជា​ឱសថគ្មាន​ចុះបញ្ជី​ការ​ គ្មាន​ការពិនិត្យ​គុណភាព ​គ្មាន​ក្រុមហ៊ុន​នាំចូល​ត្រឹមត្រូវ​និង​គ្មាន​ច្បាប់​ពី​ក្រសួងសុខាភិបាល​ឡើយ​។​ក្នុងនោះ​ព្រមទាំង​ផ្សព្វផ្សាយ​ភូតកុហក​និង​បំផ្លើស​ហួស​ពី​ការពិត​ដោយ​គ្មាន​មូលដ្ឋាន​វិទ្យាសាស្ត្រ​ត្រឹមត្រូវ​ដូចជា​៖ ​ព្យាបាល​ជំងឺ​បញ្ចុះ​ជាតិ​អាស៊ីត ​ហើម​ដៃ​ហើមជើង​និង​ឈឺសន្លាក់​ដៃជើង​ ព្យាបាល​ជំងឺលើសឈាម ​ទឹកនោមផ្អែម​ជាដើម​។​នេះ​គឺជា​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល​នៅតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​។​

​សេចក្តីប្រកាស​ដដែល​ប​ន្ថែ​ម​ថា​ ដើម្បី​ចៀសវាង​ការខាតបង់​ប្រាក់កាស​និង​ប៉ះពាល់ដល់​សុខភាព​ឬ​អាច​ឈានដល់​បាត់បង់​អាយុជីវិត​អ្នកប្រើប្រាស់​ទៀត​នោះ ​ក្រសួងសុខាភិបាល​សូម​ជូនដំណឹង​ដល់​សា​ធារណ​ជន​ទាំងអស់​ឈប់​ប្រើប្រាស់​ផលិតផល​ឱសថ​នេះ​ជា​បន្តទៀត​។​ក្រសួងសុខាភិបាល​តម្រូវ​ឱ្យ​ម្ចាស់​គ​ណី​ហ្វេ​ស​ប៊ុ​ក​ខាងលើ​ត្រូវ​បញ្ឈប់​ការនាំ​ចូល​លក់​ឬ​ចែកចាយ​និង​ផ្សព្វផ្សាយ​ផលិតផល​ឱសថ​ទាំងនេះ​ជាបន្ទាន់​ ព្រមទាំង​ប្រមូល​មក​កម្ទេចចោល​។​

​ក្រសួងសុខាភិបាល​នឹងមាន​វិធានការ​តឹងរ៉ឹង​ចំពោះ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​សុខភាព​និង​សុភមង្គល​ដែល​នាំចូល​លក់​ចែកចាយ​និង​ផ្សព្វផ្សាយ​ផលិតផល​ឱសថ​ខាងលើនេះ​ទៅតាម​ផ្លូវច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ ស្តីពី​ការគ្រប់គ្រង​ឱសថ​ជា​ធរមាន ។​សេចក្តីប្រកាស​ដដែល​ស​ង្ក​ត់​ធ្ងន់​ថា ករណី​បាន​ជួប ឬ ប្រទះឃើញ​ជន​ណា​កំពុង លក់ ចែកចាយ ឬ ផ្សព្វផ្សាយ​ផ្សព្វផ្សាយ ផលិតផល​ឱសថ​ខាងលើ សូម​ប្រញាប់​ផ្តល់ព័ត៌មាន ឬ ត្រូវការ​ព័ត៌មាន​បន្ថែម​ពី នាយកដ្ឋាន​ឱសថ ចំណីអាហារ បរិក្ខា​រពេទ្យ និង គ្រឿងសម្អាង សូម​ទំនាក់ទំនង​តាម​ទូរស័ព្ទ​លេខ ០១១ ៥៧៤ ៧៨៧ និង ០១២ ៩៨៣ ៣៣៤ ៕S/Ha

  • ចំណងជើង​រូបៈ ឱសថ​ឈ្មោះ NIAO SUPER និង LINGZHI IMMUNITY ដែល​ក្រសួង​សុខា ភិ​បាល ប្រកាស​ឱ្យ​ឈប់​ចែកចាយ និង ប្រើប្រាស់ (​សុខភាព និង សុភមង្គល 2)(​រូបៈ ក្រសួងសុខាភិបាល​)​