ប្រើ​កាំបិតប៉័ងតោ ប្លន់​យក​ទូរស័ព្ទដៃ​បានសម្រេច យកទៅ​ទិញ​គ្រឿងញៀន​ជក់​អស់ ចេញមក​វិញ​ជាប់​ខ្នោះ​

416
ចែករម្លែក

​ដោយ : ​ចាន់តូ​/​ភ្នំពេញ : នគរបាល​ប៉ុស្តិ៍​និរោធ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ​ដែល​ធ្វើ​សកម្មភាព​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ប្រើ​កាំបិតប៉័ងតោ​គម្រាម​ប្លន់​យក​ទូរស័ព្ទដៃ​)​។

​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ៦​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០១៨ ចំណុច​មុខ​វត្ត​និរោធ តាមផ្លូវ​ជាតិ​លេខ​១ ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​។​

​សមត្ថកិច្ច​បាន​ប្រាប់ថា​ជនរងគ្រោះ​ឈ្មោះ អ៊ុក ច​ន្និ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​នៅផ្ទះ ស្នាក់​នៅផ្ទះ​លេខ​៤ ផ្លូវលំ ភូមិ​ក្តី​តា​កុយ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ​។ ​ចំណែក​ជនសង្ស័យ​ឈ្មោះ ទឹម វ​ឌ្ឃ​នៈ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​។​

​សមត្ថកិច្ច​ប៉ុស្តិ៍​បាន​ប្រាប់​អោយដឹងថា​កាលពី​វេលា​ម៉ោង ២​និង​៣០​នាទី​យប់ ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០១៨ បុរស ជនរងគ្រោះ​បាន​ដើរ​ចេញពីផ្ទះ​មិត្តភក្តិ​នៅ​សង្កាត់ ច្បារអំពៅ​ទី​២ ដោយ​ត្រលប់​ទៅផ្ទះ​នៅ​ភូមិ​ក្តី​តា​កុយ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ ខណៈពេល​មកដល់​ចំណុចកើតហេតុ​ខាងមុខ​វិទ្យាល័យ​ច្បារអំពៅ ស្រាប់​តែមាន​ជនសង្ស័យ​ម្នាក់​បាន​យក​កាំបិតប៉័ងតោ មក​គម្រាម​ប្លន់​យក​ទូរស័ព្ទ​មួយគ្រឿង​ម៉ាក I Phone 6 ពណ៌​ទឹកមាស បានសម្រេច​រួច​គេចខ្លួនបាត់​។​

​ប្រភព​ដដែល​បាន​បន្តថា ក្រោយពី​ជនសង្ស័យ​ធ្វើ​សកម្មភាព​ប្លន់​បានសម្រេច បាន​យក​ទូរស័ព្ទ​ទៅ​បញ្ចាំ​នៅ​ម្តុំ​ច្បារអំពៅ ក្នុងតម្លៃ​២០​ម៉ឺន​រៀល និង យកទៅ​ទិញ​គ្រឿងញៀន​ជក់ ស៊ីចាយ​អស់​។ លុះដល់​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៨​និង​៣០​នាទី ជនរងគ្រោះ​ឃើញ​ជនសង្ស័យ​នៅមុខ​វត្ត​និរោធ ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ក៏​មក​រាយការណ៍​ប្រាប់​សមត្ថកិច្ច​យើង​ចុះទៅ ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ​តែម្តង​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​នគរបាល​ប៉ុស្តិ៍​សួរនាំ និង កសាង​សុំ​ណុំ​រឿង​បញ្ជូន​ខ្លួន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ​ចាត់ការ​តាម​និតិ​វិធី​បន្ត​៕​B