ប្រើ​ទឹក​ខ្ពុរមាត់​ជាប្រចាំ​ ធ្វើ​ឲ្យ​កើន​ហានិភ័យ​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២

542
ចែករម្លែក

ការស្រាវជ្រាវ​ថ្មីៗ​នេះរបស់​ពួក​អ្នកវិទ្យាសាស្ត្រ​នៅ​សកល​វិទ្យាល័យ​វេជ្ជសាស្ត្រ​ហា​វ៉ាដ នៅ​សហរដ្ឋអាម៉េរិក ដែល​គេ​បានប្រកាស​លើ​ទស្សនា​វ​ដ្តី​មួយ​បាន​ឲ្យ​ដឹងថា ការប្រើ​ទឹក​ខ្ពុរមាត់​២​ដង​ក្នុង​១​ថ្ងៃ នឹងធ្វើ​ឲ្យ​កើន​ហានិភ័យ​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ ឡើងដល់ ៥៥% ក្នុង​រង្វង់ ៥ ឆ្នាំ ។​

​អត្រា​កើត​ជំងឺ​ទឹកនោមផ្អែម​កាន់តែ​ខ្ពស់ ពេល​ប្រើប្រាស់​ទឹក​ខ្ពុរមាត់​ច្រើនដង​ក្នុង​១​ថ្ងៃ ហើយ​ពិសេស​ចំពោះ​មនុស្ស​ធាត់ ជា​មុខសញ្ញា​មាន​ហានិភ័យ​កើត​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​២ ។​

​សាស្ត្រាចារ្យ កា​មូ​ឌី ចូ​ស៊ី​ពូ​រ៉ា ( Kamudi Joshipura ) អ្នកដឹកនាំ​ក្រុម​ស្រាវជ្រាវ​ឲ្យ​ដឹងថា ពពួក​បាក់តេរី​មាន​ប្រយោជន៍​ក្នុង​មាត់​ជួយ​សរីរាង្គ​បង្កើត​អុកស៊ីត​នី​ទ្រី​ក ជា​សារជាតិ​មាន​ប្រសិទ្ធភាព​សម្រួល​បរិមាណ​អាំង​ស៊ុយ​លីន​ក្នុង​សរីរាង្គ ជួយ​បង្ការ​ជំងឺទឹកនោមផ្អែម​ប្រភេទ​២ ។

ដោយសារ​ក្នុង​សមាស​ធាតុទឹក​ខ្ពុរមាត់​តែងមាន​ផ្ទុក​សារជាតិ​កម្ចាត់​បាក់តេរី​ខ្លាំង​ដូចជា Chlorhexidine, hexidine… ដែល​វា​មាន​ឥទ្ធិពល​សម្លាប់​បាក់តេរី​មិន​រើសមុខ​, ពុំ​ត្រឹមតែ​កម្ទេច​បាក់តេរី​មាន​គ្រោះថ្នាក់ តែ​នៅ​សម្លាប់​ទាំង​បាក់តេរី​មាន​ប្រយោជន៍​ក្នុង​មាត់ ។ ដូច្នេះហើយ បរិមាណ​អុកស៊ីតនី​ទ្រី​ក​បង្កើត​ចេញ​នឹងត្រូវ​ថយចុះ ។ នេះ​ជា​មូលហេតុ​ចម្បង​ធ្វើ​ឲ្យ​កើន​ហានិភ័យ​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ ចំពោះ​អ្នក​ប្រើ​ទឹក​ខ្ពុរមាត់​ជាប្រចាំ ។​

​ពី​លទ្ធផល​ស្រាវជ្រាវ​នេះ ពួក​អ្នកវិទ្យាសាស្ត្រ​បាន​ទូន្មាន​ថា ការប្រើ​ទឹក​ខ្ពុរមាត់​ជាប្រចាំ​ច្រើនដង​ក្នុង​១​ថ្ងៃ នឹង​បង្ក​គ្រោះថ្នាក់​ច្រើន​សម្រាប់​សរីរាង្គ​ជាង​ផ្តល់​ផលប្រយោជន៍ ។ ហេតុនេះ ចៀសវាង​ប្រើ​ជាប្រចាំ និង​ល្អ​បំផុតគួរប្រើ​តែម្តង​ក្នុង​១​ថ្ងៃ ។​

​ក្រៅពីនេះ ពួក​អ្នកវិទ្យាសាស្ត្រ​បាន​ទូន្មាន​ថែម​ទៀតថា អុកស៊ីត​នី​ទ្រី​ក ជា​សារជាតិ​មាន​ឥទ្ធិពល​ពង្រីក​សរសៃឈាម​​បញ្ចុះ​សម្ពាធ​ឈាម ហេតុនេះ ពេល​ប្រើ​ទឹក​ខ្ពុរមាត់​ជាប្រចាំ នឹងធ្វើ​ឲ្យ​ថយ​បរិមាណ​អុកស៊ីត​នី​ទ្រិ​ក និង​បង្ក​ជា​ហានិភ័យ​លើសឈាម​ឲ្យ​អ្នកប្រើប្រាស់ ៕ ប្រែ​សម្រួលៈ រតនៈ/Ha