ប្រើ​បច្ចេកវិជ្ជា​ថ្មី​មួយ​ក្នុងការ​ខួង​ដី​ដោយ​ស្វ័យប្រវត្តិ​ដាក់លូ​ក្រោម​ដី​​ដោយ​មិនបាច់​ប្រើ​មនុស្ស​ក្នុង​ជម្រៅ​៨​ម៉ែត្រ​ទៅក្នុង​ដី​

153
ចែករម្លែក

ដោយ​:រ៉ា​ម៉ន​/ភ្នំពេញ​ ៖ មកដល់ពេលនេះ​នៅ​រាជធានី​ភ្នំពេញ​បាន​ប្រើ​បច្ចេកវិទ្យា​ថ្មី​មួយទៀត ដោយ​អង្គការ​ចៃ​កា បាន​សហការ​ជាមួយនឹង រដ្ឋបាល​រាជធានី ប្រើប្រាស់​គ្រឿងចក្រ​ប្រភេទ​ថ្មី​ទំនើប​និង​ស្វ័យប្រវត្តិ​ដោយ​មិនបាច់​ប្រើ​មនុស្ស​ចុះទៅ​ជីក​ឬ​ខួង​ដី​នោះទេ​គឺ​ជម្រៅ​ទៅក្នុង​ដី​៨​ម៉ែត្រ​។​ បច្ចេកវិទ្យា​ថ្មី​ដោយ​ប្រើ​គ្រឿងចក្រ​ទំនើប​ដោយ​ខួង​ដី​ជែក ឃី​ង​នេះ​បានចាប់ផ្ដើម បើក​ការដ្ឋាន​ឱ្យ​ដំណើរការ​នា​ព្រឹក​ថ្ងៃទី១០​ ខែកញ្ញា ​ឆ្នាំ ២០១៩​នេះ ​នៅមុខ​វិទ្យាល័យ​ប៊ុន រ៉ានី​ហ៊ុនសែន​វត្តភ្នំ ខណ្ឌដូនពេញ​ក្រោម​វត្តមាន​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​និង តំណាង​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា និង​តំណាង​អង្គការ​ចៃ​កា​។​

ក្នុងឱកាស​នោះ​លោក សាំ ពិសិដ្ឋ បានបញ្ជាក់​ឲ្យ​ដឹងថា​ គម្រោង​ខួង​ដី​ជែក ឃី​ង ដាក់លូ ស្វ័យប្រវត្តិ​ដោយ​មិនបាច់​ប្រើប្រាស់​មនុស្ស​ចុះទៅ​ក្នុង​ការដ្ឋាន​នេះ ទើបតែ​មាន​ជា​លើក​ទី​១​នៅ​រាជធានី​ភ្នំពេញ។ ​ចំពោះ​ការ​ខួង​ដី​ជែក ឃី​ង ដាក់លូ ជា​ស្វ័យប្រវត្តិ​នេះ យើង​គ្រោង​នឹង​ខួង​ក្រោម​ដី​ចម្ងាយ​ប្រវែង​១៥៦០​ម៉ែត្រ ក្នុង​ជម្រៅ​ក្រោម​ដី ៨​ម៉ែត្រ​ដោយ​ខួង​ចាប់​ចេញពី​មុខ​ស៊ី​ឌី​ស៊ី​រហូតដល់​ផ្លូវ​លេខ​៧០ (​ទំនប់ទួលគោក​)​កាត់​ក្រោម​រង្វង់​មូល​គួច​កាណុង។ គម្រោង​នេះ​ក្នុងដំណាក់កាល​ទី​១ មាន ប្រវែង​៥០០​ម៉ែត្រ ដោយ​ប្រើប្រាស់​រយៈពេល​៥​ខែ​។​

លោក​ប្រធាន​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា ការប្រើប្រាស់​បច្ចេកវិជ្ជា​ថ្មី​មួយ​នេះ​វា​មិន​រំខាន​ទៅដល់​ការកកស្ទះ​ចរាចរណ៍ និង​ប៉ះពាល់​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​នានា ព្រោះ​វា​ខួង​នៅក្រោម​ដី​ជម្រៅ​រហូតដល់​៨​ម៉ែត្រ ហើយ​នេះ​ក៏​ជា​គម្រោង​ការពារ​ទឹកជំនន់​និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​លូ ក្នុង​រាជធានី​ភ្នំពេញ​ជំហាន​ទី​៤​ផងដែរ ។​លោក​បញ្ជាក់​ផងដែរ​ថា ម្ចាស់​គម្រោង​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ អ្នកអនុវត្ត​គម្រោង មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ទីប្រឹក្សាបច្ចេកទេស ក្រុមហ៊ុន​ស៊ី​ធី​អាយ​វិស្វកម្ម​អន្តរជាតិ និង​ក្រុមហ៊ុន​ម៉ៅការ​សាងសង់ ក្រុមហ៊ុន​សំណង់ ភូ​អាខប​ភើ​រេ​សិន​។​

គួរ​បញ្ជាក់ថា​ គម្រោង​ការពារ​ទឹកជំនន់ និង​កែលំអ​ប្រព័ន្ធ​ប្រឡាយ​លូ​ក្នុង​រាជធានី​ភ្នំពេញ ជំហាន​ទី​៤ នេះ មាន​ទឹកប្រាក់​សរុប​ប្រមាណ ៣០​លាន​ដុល្លារ​អាមេរិក ដែលជា​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ជប៉ុន​តាម​រយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន JICA។ គម្រោង​នេះ​នឹងត្រូវ​អនុវត្ត​ការដ្ឋាន ដូចខាងក្រោម ក្នុងនោះ​រួមមាន​៖ ១-​ដាក់​បណ្តាញ​លូ​មេ នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌទួលគោក ប្រវែង ៨.២​គីឡូម៉ែត្រ​។ ២-​ដាក់​បណ្តាញ​លូ​មេ នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌដូនពេញ ប្រវែង ៤.៤​គីឡូម៉ែត្រ​។ ៣-​សាងសង់​អាង​ស្តុក​ទឹក​ក្រោម​ដី និង​សាងសង់​ស្ថានីយ៍​បូមទឹក នៅ​សួនច្បារ​មុខ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា CDC​។​៤-​តម្លើង​របា​មេកានិច​ស្វ័យប្រវត្តិ ដើម្បី​ប្រមូល​សំរាម​នៅមុខ​ផ្លូវ​បង្ហូរទឹក​នៅ​ស្ថានីយ៍​បូមទឹក​ចតុមុខ ព្រះ​គ​ន្ល​ង់​១ ព្រះ​គ​ន្ល​ង់​២ និង​ផ្សារ​ចាស់​។ ៥-​ផ្តល់​រថយន្ត​បូមទឹក​ចល័ត ចំនួន ២​គ្រឿង​៕​B/

#