ប្រើ កាត ក្រេ​ឌី​ត របស់​មិត្ត​ប្រុស​ឆូត​ឱ្យ​ធីប​អ្នករត់​តុ ៥.០០០ ដុល្លារ ក្លាយជា​ក្ដីក្ដាំ​ឡើងដល់​តុលាការ​

296
ចែករម្លែក

​ប៉ូលិស​បានឱ្យដឹងថា នារី​ម្នាក់​មកពី​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាម៉េរិក ត្រូវបាន​ចាប់ខ្លួន ខណៈ​កំពុង​ដើរលេង​កំ​ហែ​កាយ​ជាមួយ​មិត្ត​ប្រុស​នៅ​រដ្ឋ​ផ្លរីដា បន្ទាប់ពី​នាង​លួច​ប្រើប្រាស់​ប័ណ្ណឥណទាន​ឬ​ក្រេ​ឌី​ត កាត (Credit card) របស់​មិត្ត​ប្រុស​ឆូត​ឱ្យ​លុយ​ធីប​រហូតដល់​ទៅ ៥.០០០ ដុល្លារ​ដល់​នារី​អ្នករត់​តុ​ម្នាក់​នៅ​ភោជនីយដ្ឋាន Clear Sky Beachside Café លើ​ឆ្នេរ​ខ្សាច់ Clearwater Beach​ក្នុង​រដ្ឋ​នេះ​កាលពី​ថ្ងៃទី​២៧ ខែមិថុនា​។​

​រឿងនេះ​កើតឡើង​ដោយ​ការ​សងសឹក ដោយសារតែ​ពេលនោះ​នាង​ស្រវឹង និង​ដោយសារ​នាង​ខឹង​ដែល​គាត់​មិន​ព្រម​ចេញ​លុយ​ទិញ​សំបុត្រ​យន្តហោះ ឱ្យ​នាង​ជិះ​ទៅផ្ទះ​វិញ ទើបបានជា​រឿង​បែបនេះ​កើតឡើង​។ ដោយ​ក្ដៅ​ចិត្តនឹង​ទង្វើ​មិន​ស្មោះត្រង់​របស់​មិត្តស្រី ម៉ៃ​ឃើ​ល ក្រេ​ន (Michael Crane) វ័យ ២៩ ឆ្នាំ​ក៏បាន​ដាក់ពាក្យ​បណ្ដឹង​មិត្តស្រី​ឈ្មោះ សេរី​ណា វ៉ូ​ល​ហ្វ៍ (Serina Wolfe) អាយុ ២៤​ឆ្នាំ​ពីបទ​ឆបោក​ដែលជា​បទ​ព្រហ្មទណ្ឌ​ហើយ​ជា​លទ្ធផល​នាង​ក៏​ត្រូវបាន​ឃាត់ខ្លួន​ប​ញ្ជូ​ល​ចូល​មន្ទីរឃុំឃាំង​ភ្លាមៗ​តាំងពី​ពេលនោះ រង់ចាំ​ការស៊ើបអង្កេត​បន្ត​។

ទោះជា​យ៉ាងណា​កាលពីពេល​ថ្មីៗ​នេះ​តុលាការ​បានសម្រេច​ដក​ការចោទប្រកាន់​បទ​ព្រហ្មទណ្ឌ​លើ​នាង​ដោយសារ​គ្មាន​អង្គហេតុ​គ្រប់គ្រាន់ ។​ចំណែកឯ​លុយ​ធីប ៥.០០០ ដុល្លារ​ត្រូវបាន​ដកហូត​ប្រគល់​ឱ្យទៅ​ម្ចាស់​លុយ​វិញ ដោយ​ទុកឱ្យ​អ្នករត់​តុ​នោះ​តែ ៣០០ ដុល្លារ​ប៉ុណ្ណោះ​៕ ប្រែ​សម្រួលៈ​ខុម​