ប្រេងម៉ាស៊ីន​អ៊ី​ណូ​ស គាំទ្រ និង​លើកកម្ពស់​គម្រោង​សុវត្ថិភាព​ចរាចរណ៍​

1682
ចែករម្លែក

​ដោយ​: សុផល / ភ្នំពេញ​: ប្រេងម៉ាស៊ីន​ជប៉ុន​ម៉ាក អ៊ី​ណូ​ស (ENEOS) បាន​កំពុង​ចូលរួមចំណែក​សកម្មភាព​គាំពារ​សង្គម​នៅ​ប្រទេស​កម្ពុជា តាមរយៈ​ការផ្តល់​ជា​សម្ភារៈ​ជាច្រើន​សម្រាប់​ជួយ​ដល់​ការកាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ដូចជា​មួកសុវត្ថិភាព ស្លាក​សញ្ញា​របាំង​សម្រួល​ចរាចរណ៍​ជាដើម ហើយ​បាន​សន្យា​នឹង​បន្តសកម្មភាព​មនុស្សធម៌​ជា​បន្តបន្ទាប់​ទៀត​។ នេះ​ជាការ​លើកឡើង​របស់លោក តូ​រុ កូ​នី​ស៊ី​(Toru Konoshi) អនុប្រធាន​ក្រុមហ៊ុន ប្រេងម៉ាស៊ីន អ៊ី​ណូ​ស នៃ​សម្ព័ន្ធ​ក្រុមហ៊ុន JXTG Nippon Oil & Energy នៅក្នុង​ពិធីជប់លៀង​ប្រចាំឆ្នាំ​២០១៨​កាលពី​ល្ងាច​ថ្ងៃទី​២៨ មេសា​ឆ្នាំ​២០១៨​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​។​

​គម្រោង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ទៅលើ​សិស្សានុសិស្ស ថ្នាក់បឋមសិក្សា មាន​គោលបំណង​ពីរ សំខាន់ៗ រួមមាន​ទី​១ លើកកម្ពស់​ការគោរព​ច្បាប់​ចរាចរណ៍ ក្នុងចំណោម​សិស្សានុសិស្ស​ប្រជាពលរដ្ឋ​មូលដ្ឋាន សហគមន៍​និង​អ្នកបើកបរ​ទូទៅ និង​ទី​២ បណ្ដុះ​គំនិត​ក្នុងការ​ពាក់មួក​សុវត្ថិភាព​ពី​កុមារភាព ដើម្បី​បង្កើតឱ្យមាន​ទំលាប់ និង​ភាពស៊ាំ​ទៅនឹង​មួកសុវត្ថិភាព ។​

​សូមជម្រាបថា​៖​ប្រេងម៉ាស៊ីន​ជប៉ុន អ៊ី​ណូ​ស ឆ្នាំ​២០១៧​កន្លងមក​បាន​ផ្តល់ជូន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្តកំពង់ស្ពឺ នូវ​មួកសុវត្ថិភាព​សម្រាប់​កុមារ​ចំនួន​៣.៥០០​មួក​និង​របាំង​សម្រាប់​សម្រួល​ចរាចរណ៍ ឱ្យ​សិស្សានុសិស្ស​ឆ្លងកាត់​ផ្លូវ​មាន​ចំនួន ១៥០ របាំង ដែល​សរុប​ជា​ទឹកប្រាក់​ចំនួន ៨០​លាន​៦០​ម៉ឺន​រៀល ។​សម្រាប់​ឆ្នាំ​២០១៨​នេះ ក្រុមហ៊ុន​នឹង​បន្ត​អនុវត្តន៍​គម្រោង​ចែក​មួកសុវត្ថិភាព​នេះ​នៅ​ខេត្តក្រចេះ ដើម្បី​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​យុទ្ធនាការ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​ចំនួន​អ្នកស្លាប់​ដោយសារ​គ្រោះថ្នាក់​នេះ ឱ្យបាន​ក្នុង​កម្រិត​ជា​អតិបរិមា និង​ប្រកបដោយ​ប្រិ​សិទ្ធិ​ភាព និង​ទទួល​ការខុសត្រូវ​ខ្ពស់​។​

​ទាក់ទង​នឹង​ការជួបជុំ​ប្រចាំ​ឆ្នាំនេះ លោក សូ សុខ​ប៊ុន​ថេត នាយក​ប្រតិបត្តិ ក្រុមហ៊ុន Professional Trader (Cambodia) Co., Ltd ដែលជា​អ្នក​ចែកចាយ​ប្រេងម៉ាស៊ីន​អ៊ី​ណូ​ស បាន​ថ្លែងឱ្យដឹងថា​នេះ​គឺជា​ការជួបជំ​ប្រចាំឆ្នាំ​លើក​ទី​២ របស់​ក្រុមហ៊ុន Professional Trader (Cambodia) បន្ទាប់ពី​ប្រតិបត្តិការ លក់​ផលិតផល​ប្រេងម៉ាស៊ីន​ម៉ាក ENEOS អស់​រយៈពេល​ជិត​បី​ឆ្នាំកន្លងមក ហើយ​ប្រារព្ធ​ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​ផ្តល់​ឳ​កាស​ដល់​អតិថិជន ដែលជា​ប្រតិបត្តិ​ករ​ទីផ្សារ ស្វែងយល់​អោយ​កាន់តែច្បាស់ នូវ​លក្ខណៈ​ស្តង់ដារ​បច្ចេកទេស និង​បទដ្ឋាន​ប្រើប្រាស់​របស់​ផលិតផល ក៏ដូចជា​បង្កើតឱ្យមាន​បរិយាកាស និង​ទំនាក់ទំនង​ស្និត​ស្នាល​រវាង អតិថិជន និង​អតិថិជន របស់​ក្រុមហ៊ុន​ផងដែរ​។​

​លោក​បានឱ្យដឹងថា​ក្រុមហ៊ុន​Professional Trader (Cambodia) បានទទួល​សិទ្ធិ​ចែកចាយ​ផ្តាច់មុខ​នូវ​ផលិត​ប្រេងម៉ាស៊ីន​ម៉ាក ENEOS សម្រាប់​ទីផ្សារ​ប្រទេស​កម្ពុជា ពី​ក្រុមហ៊ុន JX Nippon Oils & Energy Asia ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន JXTG Nippon Oils & Energy Cooperation ដែលមាន​ដើមកំណើត​នៅ​ប្រទេស​ជប៉ុន និង​បាន​កំពុង​ឈានមុខ​គេ​នៅក្នុង​ទីផ្សារ​ថាមពល​នៅ​ទូទាំងប្រទេស​ជប៉ុន​។​

​ផលិតផល​ប្រេងម៉ាស៊ីន​ម៉ាក ENEOS បាន​មាន​វត្តមាន នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា ចាប់តាំងពី​ដើមឆ្នាំ ២០១៦ និង​បាន​កំពុង​ចែកចាយ​នៅ​ទូទាំងប្រទេស តាមរយះ​អតិថិជន​លក់ដុំ និង​រាយ ជិត​៨០០ កន្លែង ហើយ​បាន​នឹង​កំពុង​ផ្គត់ផ្គង់​នូវ​ផលិតផល​ជាច្រើន​ប្រភេទ ដែល​រួមមាន ប្រេងម៉ាស៊ីន​សំរាប់​ម៉ូតូ​ធុន​តូច ម៉ូតូ​ស្ព័ត​ធុន​ធំ ម៉ូតូ​លេខ​ស្វ័យប្រវត្តិ ប្រេងម៉ាស៊ីន ប្រេង​ប៉ុង ប្រេង​ប្រអប់លេខ សម្រាប់​រថយន្ត​ទេសចរណ៍ រថយន្ត​ដឹកទំនិញ​ធន់​ស្រាល ធុន​មធ្យម​និង​ធុន​ធ្ងន់ ព្រមទាំង​ប្រេងម៉ាស៊ីន​គ្រប់​ប្រភេទ សម្រាប់​គ្រឿ​ចក្រ​ធន់​ធ្ងន់ បម្រើឱ្យ​វិស័យ​សាធារណការ កសិឧស្សាហកម្ម និង​វិស័យ​សំណង់ ព្រមទាំង​ផលិត​ពាក់ព័ន្ធ​មួយចំនួន​ផ្សេងទៀត​។​

​សម្រាប់​ឆមាស​ទី​២ ឆ្នាំ​២០១៨​នេះ ក្រុមហ៊ុន​រំពឹង​បង្កើន​ចំនួន​អតិ​ជន​រហូតដល់​១០០០ កន្លែង និង​រំពឹង​ការលក់​ក្នុង​ប្រមាណ ៤០០ តោន​។ កំណើន​ប្រតិបត្តិការ​នេះ នឹង​បន្ត​ជំរុញ​ក្នុង​កម្រិត​អប្បរ​មា​ប្រមាណ​២០ ភាគរយ​ជា​រៀងរាល់ឆ្នាំ​នា​ឆ្នាំ​បន្តបន្ទាប់​ទៅមុខទៀត​៕