ប្រេងសាំង​ប្រែជា​ឈើ​ក្រញូង​!

916
ចែករម្លែក

(​ភ្នំពេញ​)៖​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ចាប់បាន​រថយន្ត​ដឹក​ប្រេង​១​គ្រឿង លួច​បង្កប់​ឈើ​ក្រញូង​ក្នុង​ស៊ីទែន​ជំនួស​ប្រេងសាំង​ដើម្បី​​បន្លំ​ភ្នែក​សមត្ថកិច្ច​និង​មហាជន​ទូទៅ​។

​ការចាប់​រថយន្ត​ដឹកឈើ​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០១៧ ត្រង់ចំណុច​ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ​។​

​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ បានធ្វើការ​ស្រាវជ្រាវ​តាមដាន ស្វែងរក​រថយន្ត​ដឹក​ប្រេង​០១​គ្រឿង ដែល​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ថា ជា​រថយន្ត​គួរ​ឲ្យ​សង្ស័យ​ខុស​ប្រក្រតី​។ លុះដល់​ពេល​រសៀល​សម​ត្ថ​កិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ប្រទះឃើញ រថយន្ត​ខាងលើ​ធ្វើ​ចរាចរណ៍​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ ក៏​ធ្វើការ​ត្រួតពិនិត្យ​ជាក់ស្តែង ឃើញថា​រថយន្ត​នេះ ពិតជា​បាន​ប្រព្រឹត្ត​ល្មើសច្បាប់ ដោយ​លួច​ដឹកឈើ​ក្រញូង​ជំនួស​ប្រេងសាំង​បន្លំ​ភ្នែក​សមត្ថកិច្ច​ក៏បាន​ឃាត់​យកមក​កាន់​ទីបញ្ជាកា​រ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​សុំ​ការអនុញ្ញាត​ពី​លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បង្កើត​​គណៈកម្មការ ដោយមាន​ការចូលរួម​ពី មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ មន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ចំការមន​មន្ត្រីសង្កាត់​រដ្ឋបាល​ព្រៃ​​ឈើ​ដង្កោ និង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​ឆែកឆេរ រុះរើ​កំណាត់ឈើ រាប់​និង​ថ្លឹង​។ ជា​លទ្ធផល​ទទួលបាន​គឺ រថយន្ត​ម៉ាក HYUNDAI ពណ៌​សលាយ​ខៀវ មាន​ស៊ី​តែ​ន​ចំណុះ​៣៣០០​លីត្រ ពាក់​ស្លាក​លេខ ភ្នំពេញ 3B-3538 មិនមាន​ផ្ទុក​ប្រេង​ទេ តែ​លួច​បង្កប់​ឈើ​ក្រញូង ចំនួន​២៣១៥​ដុំ ទម្ងន់​២៤១០​គីឡូក្រាម ។

​បន្ទាប់ពី​បានធ្វើ​កំណត់ហេតុ​ត្រួតពិនិត្យ​ចប់សព្វគ្រប់ នៅ​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០១៧ សមត្ថកិច្ច អាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏បាន​ផ្ទេរ​សំណុំរឿង​និង​វត្ថុតាង ប្រគល់ជូន​សមត្ថកិច្ច​ជំនាញ​នៃ​រដ្ឋបាល​ព្រៃឈើ ដើម្បី​បន្ត​និតិ​វិធី​តាមផ្លូវ​ច្បាប់​៕​ ​ដោយ ៖មុនី​រ័ត្ន