ប្រេង​ឡើងដល់​៨០​ដុល្លារ​ក្នុង​មួយ​ធុង ជា​តំលៃ​ខ្ពស់​បំផុត​ចាប់តាំងពី​ឆ្នាំ​២០១៤

1494
ចែករម្លែក

ថ្លៃប្រេងនៅថ្ងៃព្រហស្បតិ៍នេះបានហក់ឡើងដល់៨០ដុល្លារក្នុងមួយបារ៉ែល(មួយធុងចំណុះ១៥៩លីត្រ)ជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៤ ដោយសារតែមានការព្រួយបារម្ភថា ការនាំចេញប្រេងរបស់អ៊ីរ៉ង់អាចធ្លាក់ចុះដោយសារទណ្ឌកម្មថ្មីរបស់អាមេរិកនិងការកាត់បន្ថយការផ្គត់ផ្គង់នៅក្នុងទីផ្សារដែលតានតឹងស្រាប់។

ប្រេងឆៅBrent បានឡើងដល់៨០,១៨ដុល្លារ ចំណែកប្រេងឆៅអាមេរិកWTIបានឡើង៥៧សេនមកនៅត្រឹម៧២,០៦ដុល្លារក្នុងមួយបារ៉ែល ដែលជាកំរិតថ្លៃខ្ពស់បំផុតចាប់តាំងពីខែវិច្ឆិកាឆ្នាំ២០១៤។

ការសំរេចចិត្តរបស់ប្រធានាធិបតីដូណាល់ ត្រាំនៅខែនេះដើម្បីដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអន្តរជាតិមួយជាមួយអ៊ីរ៉ង់ និងការបន្តដាក់ទណ្ឌកម្មសាជាថ្មីដែលអាចកំហិតការនាំចេញប្រេងរបស់ប្រទេសនាំចេញប្រេងធំបំផុតទី៣ក្នុងអង្គការនាំចេញប្រេងOPEC(អ៊ីរ៉ង់)ជំរុញអោយប្រេងឡើងថ្លៃ។

កាលពីថ្ងៃពុធម្សិលមិញ ក្រុមហ៊ុនTotalរបស់បារាំងបានព្រមានថាខ្លួនអាចបោះបង់គំរោងហ្គាសតំលៃរាប់ពាន់លានដុល្លារ នៅអ៊ីរ៉ង់ បើខ្លួនមិនអាចធានាបានការលើកលែងពីទណ្ឌកម្មអាមេរិក ។

ទោះជាយ៉ាងណា ក្រុមហ៊ុនប្រេងប្រេងរដ្ឋចិនCNPCអាចចូលជំនួសTotalសំរាប់គំរោងធ្វើអាជីវកម្មទាញយកហ្គាសនៅអ៊ីរ៉ង់បើក្រុមហ៊ុនបារាំងនេះដកខ្លួនដោយសារតែទណ្ឌកម្មអាមេរិក,នេះបើតាមការអះអាងរបស់រដ្ឋមន្រ្តីប្រេងអ៊ីរ៉ង់។

ការធ្លាក់ចុះភ្លាមៗនៃផលិតកម្មប្រេងឆៅវេនេស៊ុយអេឡា ក៏កាន់តែអង្រួនទីផ្សារប្រេងនៅប៉ុន្មានខែមកនេះ។

សូមបញ្ជាក់ថា ស្តុកប្រេងឆៅសកលលោកបានផលិតផលប្រេងចម្រាញ់រួចបានធ្លាក់ចុះជាខ្លាំងនៅប៉ុន្មានខែនេះ ដោយសារតំរូវការខ្លាំងនិងការកាត់បន្ថយផលិតកម្មពីសំណាក់បណ្តាប្រទេសផលិតប្រេងកំពូលៗក្នុងលោក។

តំរូវការប្រេងនៅអាស៊ីស្ថិតក្នុងកំរិតខ្ពស់បំផុតមិនដែលធ្លាប់មានហើយជាមួយនឹងថ្លៃប្រេងកាន់តែឡើង ថ្លៃទិញប្រេងសរុបអាចឡើងដល់១លានលានដុល្លារនៅឆ្នាំនេះគឺប្រហែល២ដងនៃការចំណាយលើប្រេងក្នុងឆ្នាំ២០១៥ឬ២០១៦៕ដោយ៖វាសនា