ប្រេង​ឡើងថ្លៃ​ភ្លាម បន្ទាប់​ពី​អាមេរិក​ដើរចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែ​រ​

1024
ចែករម្លែក

​ថ្លៃ​ប្រេង​បាន​ឡើង​ជាង​២​ភាគរយ​កាលពី​ថ្ងៃ​ពុធ​ទី​៩​ឧសភា បន្ទាប់​ពី​ប្រធានាធិបតី​អាមេរិក​បោះបង់​ចោល​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អន្តរជាតិ​មួយ​ជាមួយ​អ៊ីរ៉ង់ ដែល​វា​ទំនង​​ជា​បង្ក​ជា​ឧបសគ្គ​ក្នុង​ការនាំ​ប្រេង​ចេញ​របស់​សមាជិក​របស់​អង្គការ​ប្រទេស​នាំចេញ​ប្រេង​មួយ​នេះ​(​អ៊ីរ៉ង់​) ចូលក្នុង​ទីផ្សារ​ដែល​មាន​លក្ខណៈ​ចង្អៀត​រួចជាស្រេច​ទៅហើយ​។​

​ប្រេង​ឆៅ​Brent បាន​ឡើងដល់​៧៦,៧៥​ដុល្លារ​ក្នុង​មួយ​បារ៉ែល ជា​កំរិត​ថ្លៃ​ខ្ពស់​បំផុត​ចាប់តាំងពី​ខែវិច្ឆិកា​ឆ្នាំ​២០១៤ ។​

​វីលៀម អូ​លូ​លីន អ្នកវិភាគ​ការវិនិយោគ​នៅ​ក្រុមហ៊ុន​Australia’s Rivkin Securities​បាន​និយាយថា​” ព្រឹត្តិការណ៍​ធំ​កាល​ពី​យប់មិញ គឺ​ប្រធានាធិបតី​ត្រាំ​លុប​ចោលការ​​អនុវត្ត​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​។​ដូច្នេះ​ទណ្ឌកម្ម​ទំនង​ជា​ដាក់​លើ​អ៊ីរ៉ង់​ជាថ្មី ដែល​នៅ​ទីបំផុត​នឹង​ប៉ះពាល់​ការនាំចេញ​ប្រេង​របស់​អ៊ីរ៉ង់​”​។​

​សូមបញ្ជាក់​ថា អ៊ីរ៉ង់​បាន​ក្លាយជា​ប្រទេស​នាំចេញ​ប្រេង​ឈានមុខ​មួយ​ឡើងវិញ​នៅ​ឆ្នាំ​២០១៦​បន្ទាប់​ពី​ទណ្ឌកម្ម​លើ​ខ្លួន​ត្រូវបាន​ដកចេញ ជា​ថ្នូរ​នឹង​ការទប់ស្កាត់​កម្មវិធី​​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ ហើយ​កាលពី​ខែ​មេសា​មុន​នេះ អ៊ីរ៉ង់​នាំចេញ​ប្រេង​លើ​២,៦​លាន​បារ៉ែល​ក្នុង​មួយថ្ងៃ​។​ចំនួន​នេះ​ធ្វើអោយ​អ៊ីរ៉ង់​ជា​ប្រទេស​នាំចេញ​ប្រេង​ធំ​បំផុត​ទី​៣​នៅក្នុង​អង្គការ​នាំចេញ​ប្រេង​(OPEC) នៅ​ពីក្រោយ​តែ​ប្រទេស​អា​រ៉ាប៊ី សា​អូឌីត និង​អ៊ីរ៉ាក់​។​

​ការ​ដើរចេញ​ពី​កិច្ចព្រមព្រៀង​នេះ​មានន័យថា អាមេរិក​នឹង​ទំនង​ជា​ដាក់ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​ឡើងវិញ​ក្រោយ​ការសំរេច​ដើរចេញ​១៨០​ថ្ងៃ បើ​មិន​មាន​កិច្ចព្រមព្រៀង​ណា​​ផ្សេង​មក​ជំនួស​មុន​ពេល​នេះ​ទេ​។​

​អាស៊ី​ដែល​ក៏​ជា​អ្នក​នាំ​ចូល​ប្រេង​អ៊ីរ៉ង់​ផងដែរ រង​ផលប៉ះពាល់​ផងដែរ​។​

​តូ​ម៉ូ​មី​ជិ អា​គូ​តា អ្នក​សេដ្ឋកិច្ច​នៅ​វិទ្យាស្ថាន​សិក្សា​ស្រាវជ្រាវ​និង​ប្រឹក្សា​យោបល់​នៅ​តូ​ក្យូ បាន​និយាយថា​” មាន​ការព្រួយបារម្ភ​ថា ការនាំ​ចេញ​ប្រេង​អ៊ីរ៉ង់​ធ្លាក់​ដល់​ប្រមា​​ណ​១​លាន​បារ៉ែល​ក្នុង​មួយថ្ងៃ​ពី​កំរិត​បច្ចុប្បន្ន​”​។​

​បើ​តាម​ការវិភាគ ការនាំ​ចេញ​ប្រេង​អ៊ីរ៉ង់​ទៅកាន់​ចិន អឺរ៉ុប​និង​ប្រទេស​ដទៃ​ទៀត​នឹង​ធ្លាក់ចុះ​នៅ​ឆ្នាំនេះ រហូតដល់​ឆ្នាំ​២០១៩ បើ​អាមេរិក​ដាក់ទណ្ឌកម្ម​ជា​ថ្មី​លើ​អ៊ីរ៉ង់​។​ដំណើរ​​នេះ​អាច​ដូចគ្នា​នឹង​អ្វី​បាន​កើតឡើង​បន្ទាប់ពី​លោក​ខាងលិច​ដាក់ទណ្ឌកម្ម​អ៊ីរ៉ង់​នៅ​ឆ្នាំ​២០១២​។​ការលក់​ប្រេង​របស់​អ៊ីរ៉ង់​ពេលនោះ​ធ្លាក់​ចុះ​ដល់​ជាង​១​លាន​បារ៉ែល​ក្នុង​មួយថ្ងៃ​​។​

​បច្ចុប្បន្ន អ្នកទិញ​ប្រេង​ធំ​បំផុត​របស់​អ៊ីរ៉ង់​គឺ ចិន ដែល​បាន​នាំ​ចូល​ប្រមាណ​៩​សែន​បារ៉ែល​ក្នុង​មួយថ្ងៃ​នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៦ តែ​ធ្លាក់​មក​នៅ​៦០០.០០០​បារ៉ែល​នៅ​ឆ្នាំ​២០១៨​។​បណ្តា​ក្រុមហ៊ុន​ចម្រាញ់​ប្រេង​ចិន បាន​និយាយថា អ៊ីរ៉ង់​បច្ចុប្បន្ន​ជា​ចំណែក​តូច​មួយ​ខាង​ការផ្គត់ផ្គង់​ប្រេង​ឆៅ និង​ទីផ្សារ​ជំនួស​ផ្សេង​អាច​រុស្ស៊ី អា​រ៉ាប៊ី សា​អូឌីត អា​​ហ្វ្រិ​កខាង​លិច​និង​អាមេរិក​។​

​ក្រុមហ៊ុន​ចម្រាញ់​ប្រេង​ខ្លះ​នៅ​ជប៉ុន​និង​កូរ៉េខាងត្បូង បាន​និយាយថា​ពួកគេ​បាន​ចាត់វិធានការ​ត្រៀម​ទុក​រួច​ហើយ​សម្រាប់​ករណី​ការនាំ​ចេញ​ប្រេង​របស់​អ៊ីរ៉ង់​ត្រូវ​ហាម​​ឃាត់​។​

​មើលឃើញ​ចលាចល​ក្នុង​ទីផ្សារ​ប្រេង​ដូច្នេះ អា​រ៉ាប៊ី សា​អូឌីត កាលពី​ថ្ងៃ​ពុធ​ទី​៩​ឧសភា បានបង្ហាញ​ថា ខ្លួន​អាច​បង្កើន​ទិន្នផល​ប្រេង​ដើម្បី​បំពេញ​ការខ្វះខាត​ដែល​អាច​កើត​​មាន​ដោយសារ​ទណ្ឌកម្ម​ថ្មី​លើ​ក្រុងតេអេ​រ៉ង់​។​

​មន្ត្រី​ក្រសួង​ថាមពល​អា​រ៉ាប៊ី សា​អូឌីត ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា​” អា​រ៉ាប៊ី សា​អូឌីត នឹង​ធ្វើការ​ជាមួយ​អ្នក​ផលិត​និង​អ្នកប្រើប្រាស់​ធំៗ​នៅក្នុង​និង​នៅក្រៅ OPEC​ដើ​​ម្បី​កំហិត​ផល​ប៉ះពាល់​ពី​ការផ្គត់ផ្គង់​មិន​គ្រប់គ្រាន់​។​បន្ទាប់​ពី​ការសំរេចចិត្ត​របស់​អា​មេរិក​ក្នុង​ការដកខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ជាមួយ​អ៊ីរ៉ង់ អា​រ៉ាប៊ី សា​អូឌីត តាំង​​ចិត្ត​ទ្រោល​ស្ថេរភាព​ទីផ្សារ​ប្រេង​ដើម្បី​ជា​ប្រយោជន៍​អ្នក​ផលិត​និង​អ្នក​ប្រើ ព្រមទាំង​ចីរភាព​នៃ​កំណើន​សេដ្ឋកិច្ច​សកល​”៕​ដោយ​៖​វាសនា​