ប្រេង​ឡើងថ្លៃ​ភ្លាម បន្ទាប់​ពី​យន្តហោះ​អាម៉េរិក​ត្រូវ​អ៊ីរ៉ង់​បាញ់​ទម្លាក់​

868
ចែករម្លែក

​ថ្លៃ​ប្រេង​បាន​ឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២០​មិថុនា ខណៈ​ភាព​តានតឹង​បន្ត​កើន​ឡើង​នៅ​មជ្ឈិម​បូព៌ា ចំ​ពេល​មន្ត្រី​អាម៉េរិក​ម្នាក់​បាន​និយាយ​ថា​យន្តហោះ​គ្មាន​មនុស្ស​បើក​(​ដ្រូ​ន​)​មួយ​របស់​យោធា​អាម៉េរិក​ត្រូវបាន​បាញ់​ទម្លាក់​ដោយ​កាំជ្រួច​អ៊ីរ៉ង់​។​ប្រេង​ឆៅ​Brent​បាន​ឡើង​១,៩៣​ភាគរយ ដល់​៦៣,៧៥​ដុល្លារ​ក្នុង​មួយ​បារ៉ែល​រីឯ​ប្រេង​WTI​នៅ​ផ្សារ​អាម៉េរិក​​ឡើង​១,៧៣​ភាគរយ​ដល់​៥៥,៤៩​ដុល្លារ​ក្នុង​មួយ​បារ៉ែល​។​

​មន្ត្រី​អាម៉េរិក​សុំ​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​បាន​បញ្ជាក់​កាលពី​ថ្ងៃ​២០​មិថុនា​ថា ដ្រូ​ន​អាម៉េរិ​ក​ត្រូវបាន​បាញ់​ទម្លាក់​ក្នុង​ដែនអាកាស​អន្តរជាតិ​លើ​ច្រក​សមុទ្រហ័​រមូស​ដោយ​កាំជ្រួច​​ពី​ដី​ទៅ​អាកាស​របស់​អ៊ីរ៉ង់​។​

​អនុសេនីយ៍ឯក ប៊ី​ល អឺ​បាន អ្នកនាំពាក្យ​បញ្ជាការ​កណ្តាល​អាម៉េរិក បាន​បដិសេធ​មិន​និយាយ​នៅពេល​ត្រូវ​បាន​សួរ​អំពី​យន្តហោះ​ដ្រូ​ន​អាម៉េរិក​ត្រូវ​បាន​បាញ់​ទម្លាក់ តែ​ថា​«​មិន​មាន​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​អាម៉េរិក​ហោះ​លើ​ទឹកដី​អ៊ីរ៉ង់​ទេ​»​។​

​មុន​នេះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២០​មិថុនា កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ បាន​និយាយថា​ខ្លួន​បាន​បាញ់​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​(​ដ្រូ​ន​)​របស់​អាម៉េរិក​មួយ នៅពេល​វា​ហោះចូល​ដែន​​អាកាស​របស់​អ៊ីរ៉ង់​នៅ​ស្រុក​មួយ​ក្នុង​ខេត្តហ័​រ​ម៉ូស​ហ្កា​ន់​នៅ​ចម្ងាយ​ប្រមាណ​១.២០០​គីឡូម៉ែត្រ​ពី​រដ្ឋធានី​តេ​អេ​រ៉ង់​និង​នៅជាប់​ច្រក​សមុទ្រហ័​រ​ម៉ូស​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​អ៊ីរ៉ង់​IRNA បាន​និយាយថា យន្តហោះ​ដែល​ត្រូវ​បាញ់​ទម្លាក់​នោះ​គឺ RQ-4 Global Hawk​។​

​ការអះអាង​អំពី​ការបាញ់​ទម្លាក់​យន្តហោះ​ឈ្លបយកការណ៍​RQ-4 Global Hawk កើត​ឡើង​បន្ទាប់ពី​យោធា​អាម៉េរិក​មុន​នោះ​បាន​ចោទប្រកាន់​អ៊ីរ៉ង់​ថា​បាន​បាញ់​កាំជ្រួច​​ដាក់ដ្រូន​មួយ​ទៀត​កាលពី​សប្តាហ៍​មុន ដែល​ឆ្លើយតប​នឹង​ការ​វាយប្រហារ​លើ​នាវា​ដឹក​ប្រេង​២​នៅ​ជិត​ឈូង​សមុទ្រ​អូ​ម៉ង់​។​

​អាម៉េរិក​បន្ទោស​អ៊ីរ៉ង់​ចំពោះ​ការ​វាយប្រហារ​លើ​នាវា​ដឹក​ប្រេង តែ​អ៊ីរ៉ង់​បដិសេធ​។​

​ក្នុងពេល​ជាមួយគ្នា អ្នកនាំពាក្យ​សេត​វិមាន​លោក​សា​រ៉ា ស៊ែ​ន​ឌឺ បាន​និយាយថា លោក​ត្រាំ ត្រូវ​បាន​ជូន​ព័ត៌មាន​អំពី​ការវាយប្រហារ​ដោយ​កាំជ្រួច​មួយ​នៅក្នុង​អា​រ៉ាប៊ីសាអូឌីត​និង​​ថា​«​យើង​តាមដាន​សភាពការណ៍​នេះ​យ៉ាង​ដិត​ដល់​ហើយ​បន្ត​ប្រឹក្សា​យោបល់​ជាមួយ​បណ្តា​ភាគី​និង​សម្ពន្ធ​មិត្ត​»​។​

​សេត​វិមាន​បាន​និយាយថា ខ្លួន​ដឹង​របាយការណ៍​ស្តី​ពី​ការវាយប្រហារ​ដោយ​កាំជ្រួច​មួយ​លើ​អា​រ៉ាប៊ីសាអូឌីត ចំ​ពេល​មាន​យុទ្ធនាការ​វាយប្រហារ​ផ្តោត​លើ​ព្រះរាជាណាចក្រ​នេះ​ដោយ​​ពួក​ឧទ្ទាម​ហូ​ទី​ដែល​អ៊ីរ៉ង់​គាំទ្រ​។​

​នៅ​ប៉ុន្មាន​សប្តាហ៍​មក​នេះ អាម៉េរិក​បាន​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ​មួយ​ទៅ​កាន់​មជ្ឈិម​បូព៌ា និង​ទ័ព​បន្ថែម​លើ​ទ័ព​រាប់ពាន់​នាក់​ដែល​នៅ​តំបន់​នោះ​ជា​ស្រេច​។​ការវាយប្រហារ​ដោយ​​អាថ៌កំបាំង​លើ​នាវា​ដឹក​ប្រេង នៅ​ពេល​ពួក​ឧទ្ទាម​ហូ​ទី​វាយប្រហារ​តាមដ្រូន​លើ​អារ៉ាប៊ី​សា​អូឌីត​។​កក្តា​គួបផ្សំ​ទាំងនេះ បង្ក​ការភ័យខ្លាច​ថា ការគិតគូរ​ខុស​ណាមួយ ឬ​កំណើន​ភាព​​តានតឹង​អាច​រុញ​អាម៉េរិក​និង​អ៊ីរ៉ង់​អោយ​ឈាន​ទៅ​រក​ជម្លោះ​បើក​ចំហ​មួយ​៕​ដោយ​៖​វាសនា​